១០
១ បងប្អូនអើយ បំណងចិត្តខ្ញុំ និងសេចក្តីដែលខ្ញុំអង្វរដល់ព្រះ ឲ្យសាសន៍អ៊ីស្រាអែល នោះគឺឲ្យគេបានសង្គ្រោះ ២ ដ្បិតខ្ញុំធ្វើបន្ទាល់ពីគេថា គេមានសេចក្តីឧស្សាហ៍ដល់ព្រះ ប៉ុន្តែ មិនមែនដោយប្រាជ្ញាទេ ៣ ពីព្រោះគេមិនបានចុះចូល តាមសេចក្តីសុចរិតនៃព្រះ ដោយគេរកតាំងសេចក្តីសុចរិតរបស់ខ្លួនគេ ឥតស្គាល់សេចក្តីសុចរិតរបស់ទ្រង់ឡើយ ៤ ដ្បិតព្រះគ្រីស្ទជាចុងបំផុតនៃក្រឹត្យវិន័យ សំរាប់ជាសេចក្តីសុចរិតដល់អស់អ្នកណាដែលជឿ។
ការសង្គ្រោះតាមរយៈជំនឿលើព្រះអម្ចាស់
៥ លោកម៉ូសេបានចែងពីសេចក្តីសុចរិត ដែលមកដោយសារក្រឹត្យវិន័យថា «មនុស្សណាដែលបានប្រព្រឹត្តតាមសេចក្តីទាំងនោះ នឹងរស់នៅដោយសារការខ្លួនប្រព្រឹត្តនោះឯង» ៦ តែសេចក្តីសុចរិតដែលមកដោយសេចក្តីជំនឿ នោះថាដូច្នេះវិញ គឺកុំឲ្យគិតក្នុងចិត្តថា «តើអ្នកណានឹងឡើងទៅឯស្ថានសួគ៌» គឺដើម្បីនឹងនាំព្រះគ្រីស្ទចុះមក ៧ ឬ «តើអ្នកណានឹងចុះទៅក្នុងជង្ហុកធំ» គឺដើម្បីនឹងនាំព្រះគ្រីស្ទពីពួកស្លាប់ឡើងមកនោះឡើយ ៨ តែសេចក្តីសុចរិតនោះ តើថាដូចម្តេច នោះថា «ព្រះបន្ទូលនៅជិតឯង ក៏នៅក្នុងមាត់ ហើយក្នុងចិត្តឯងផង» នោះគឺជាព្រះបន្ទូលនៃសេចក្តីជំនឿ ដែលយើងខ្ញុំកំពុងតែប្រកាសប្រាប់ថា ៩ បើមាត់អ្នកនឹងទទួលថ្លែងប្រាប់ពីព្រះអម្ចាស់យេស៊ូវ ហើយអ្នកជឿក្នុងចិត្តថា ព្រះបានប្រោសឲ្យទ្រង់រស់ពីស្លាប់ឡើងវិញ នោះអ្នកនឹងបានសង្គ្រោះពិត ១០ ដ្បិតយើងបានសុចរិតដោយមានចិត្តជឿ ហើយក៏បានសង្គ្រោះដោយមាត់ទទួលថ្លែងប្រាប់ ១១ ពីព្រោះគម្ពីរថា «អស់អ្នកណាជឿដល់ទ្រង់ នោះនឹងគ្មានហេតុនាំឲ្យខ្មាសឡើយ» ១២ ហើយសាសន៍យូដា និងសាសន៍ក្រេកមិនខុសអំពីគ្នាឡើយ ដ្បិតព្រះអម្ចាស់ដដែលនៃគ្រប់គ្នា ទ្រង់មានជាបរិបូរ សំរាប់អស់អ្នកណា ដែលអំពាវនាវរកទ្រង់ ១៣ ហើយគ្រប់គ្នា គឺអស់អ្នកណាដែលអំពាវនាវដល់ព្រះនាមព្រះអម្ចាស់ នោះនឹងបានសង្គ្រោះ ១៤ ដូច្នេះ បើគេមិនជឿ ធ្វើដូចម្តេចឲ្យគេអំពាវនាវដល់ព្រះបាន ហើយបើគេមិនបានឮនិយាយ នោះធ្វើដូចម្តេចឲ្យគេជឿដល់ព្រះបាន ហើយធ្វើដូចម្តេចឲ្យគេឮនិយាយបាន បើគ្មានអ្នកណាប្រាប់សោះ ១៥ មួយទៀត ធ្វើដូចម្តេចឲ្យមានអ្នកណាប្រាប់បាន លើកតែមានអ្នកណាចាត់ឲ្យគេទៅ ដូចជាមានសេចក្តីចែងទុកមកថា «ជើងនៃពួកអ្នក ដែលប្រកាសប្រាប់ដំណឹងល្អ ពីសេចក្តីសុខសាន្ត ហើយថ្លែងប្រាប់ពីសេចក្តីដែលបណ្តាលឲ្យរីករាយចិត្ត នោះល្អប្រពៃយ៉ាងណាហ្ន៎»។
១៦ ប៉ុន្តែ គេមិនបានស្តាប់តាមដំណឹងល្អទាំងអស់គ្នាទេ ដ្បិតលោកអេសាយមានប្រសាសន៍ថា «ឱព្រះអម្ចាស់អើយ តើមានអ្នកណាខ្លះ បានជឿសេចក្តី ដែលយើងខ្ញុំប្រាប់» ១៧ ដូច្នេះ សេចក្តីជំនឿកើតឡើងដោយឮ ហើយដែលឮនោះ គឺដោយសារព្រះបន្ទូលនៃព្រះ ១៨ តែខ្ញុំសួរថា តើគេមិនបានឮទេឬអី បានឮមែន «សំឡេងនោះបានចេញទៅដល់គ្រប់លើផែនដី ហើយពាក្យនោះបានឮទៅដល់ចុងលោកីយ៍បំផុត» ១៩ ប៉ុន្តែ ខ្ញុំសួរទៀតថា តើសាសន៍អ៊ីស្រាអែលមិនបានដឹងទេឬអី លោកម៉ូសេមានប្រសាសន៍ជាមុនថា «អញនឹងបណ្តាលឲ្យឯងរាល់គ្នាមានចិត្តច្រណែន ដោយសារពួកមនុស្ស ដែលមិនមែនជាសាសន៍ណាទេ ហើយនាំឲ្យឯងខឹង ដោយសារសាសន៍១ដែលឥតប្រាជ្ញា» ២០ លោកអេសាយក៏មានចិត្តក្លាហានណាស់ និងមានប្រសាសន៍ថា «ពួកអ្នកដែលមិនស្វែងរកអញ នោះបានឃើញអញហើយ អញបានសំដែងមកច្បាស់ឲ្យពួកអ្នក ដែលមិនសួររកអញបានឃើញ» ២១ ក៏មានប្រសាសន៍ពីដំណើរសាសន៍អ៊ីស្រាអែលថា «អញបានលូកដៃអញវាល់ព្រឹកវាល់ល្ងាច ទៅឯសាសន៍១ដែលមិនស្តាប់បង្គាប់ ហើយចេះតែនិយាយទាស់ទទឹង»។