១៦
ពាក្យ​សួរ​សុខ​ទុក្ខ
១ ខ្ញុំ​ទុក​ដាក់​នាង​ភីបេ ជា​បង​ប្អូន​យើង​នឹង​អ្នក​រាល់​គ្នា នាង​ជា​អ្នក​ជំនួយ​ដល់​ពួក​ជំនុំ នៅ​ក្រុង​កេងគ្រា ២ ដើម្បី​ឲ្យ​អ្នក​រាល់​គ្នា​បាន​ទទួល​នាង​ក្នុង​ព្រះអម្ចាស់ តាម​បែប​ដែល​គួរ​ឲ្យ​ពួក​បរិសុទ្ធ​ធ្វើ ហើយ​ឲ្យ​អ្នក​រាល់​គ្នា​បាន​ជួយ​នាង ក្នុង​ការ​អ្វី​ដែល​នាង​ត្រូវ​ការ​នឹង​អ្នក​រាល់​គ្នា​ដែរ ដ្បិត​នាង​បាន​ជួយ​គេ​ជា​ច្រើន ព្រម​ទាំង​ខ្ញុំ​ផង។
៣ សូម​ជំរាប​សួរ​ដល់​នាង​ព្រីស៊ីល និង​អ្នក​អ័គីឡា ជា​អ្នក​ដែល​ធ្វើ​ការ​ជា​មួយ​នឹង​ខ្ញុំ ក្នុង​ព្រះគ្រីស្ទយេស៊ូវ ៤ គេ​បាន​ប្រថុយ​ជីវិត​ដោយ​ព្រោះ​ខ្ញុំ មិន​មែន​តែ​ខ្ញុំ​ដែល​អរគុណ​ដល់​គេ​ប៉ុណ្ណោះ គឺ​ទាំង​ពួក​ជំនុំ​សាសន៍​ដទៃ​ទាំង​ប៉ុន្មាន​ថែម​ទៀត ៥ សូម​ជំរាប​សួរ​ពួក​ជំនុំ ដែល​ប្រជុំ​នៅ​ផ្ទះ​គេ​ដែរ សូម​ជំរាប​សួរ​អ្នក​អេប៉ាយនេត ជា​ស្ងួនភ្ងា​ខ្ញុំ ដែល​ជា​ផល​ដំបូង​ថ្វាយ​ព្រះគ្រីស្ទ​ពី​ស្រុក​អាស៊ី ៦ សូម​ជំរាប​សួរ​នាង​ម៉ារា ដែល​បាន​នឿយ​ហត់​ជា​ច្រើន ប្រយោជន៍​នឹង​ជួយ​យើង ៧ សូម​ជំរាប​សួរ​អ្នក​អាន់ត្រូនីក និង​អ្នក​យូនាស ជា​ញាតិ​ខ្ញុំ គឺ​ជា​អ្នក​ជាប់​គុក​ជា​មួយ​នឹង​ខ្ញុំ ដែល​មាន​កេរ្តិ៍​ឈ្មោះ​ក្នុង​ពួក​សាវ័ក ក៏​ជឿ​ដល់​ព្រះគ្រីស្ទ​មុន​ខ្ញុំ​ដែរ ៨ សូម​ជំរាប​សួរ​អ្នក​អាំភ្លាស ជា​ស្ងួនភ្ងា​ខ្ញុំ​ក្នុង​ព្រះអម្ចាស់ ៩ សូម​ជំរាប​សួរ​អ្នក​អ៊ើបាន់ ដែល​ធ្វើ​ការ​ជា​មួយ​នឹង​យើង ក្នុង​ព្រះគ្រីស្ទ និង​អ្នក​ស័តាឃីស ជា​ស្ងួនភ្ងា​ខ្ញុំ​ដែរ ១០ សូម​ជំរាប​សួរ​អ្នក​អ័ពេលេស ដែល​ជា​អ្នក​ខ្ជាប់ខ្ជួន​ក្នុង​ព្រះគ្រីស្ទ ហើយ​សូម​ជំរាប​សួរ​ពួក​ផ្ទះ​អើរិស្តូប៊ូល ១១ សូម​ជំរាប​សួរ​អ្នក​ហេរ៉ូឌាន ជា​ញាតិ​ខ្ញុំ សូម​ជំរាប​សួរ​ពួក​ផ្ទះ​ណើគីស ដែល​នៅ​ក្នុង​ព្រះអម្ចាស់ ១២ សូម​ជំរាប​សួរ​នាង​ទ្រីភេន និង​នាង​ទ្រីផូស ដែល​ធ្វើ​ការ​ក្នុង​ព្រះអម្ចាស់ សូម​ជំរាប​សួរ​នាង​ពើស៊ីស ជា​អ្នក​ស្ងួនភ្ងា ដែល​ធ្វើ​ការ​នឿយ​ហត់​ជា​ច្រើន​ក្នុង​ព្រះអម្ចាស់ ១៣ សូម​ជំរាប​សួរ​អ្នក​រូភូស ដែល​ព្រះអម្ចាស់​បាន​រើស​តាំង និង​ម្តាយ​គាត់​ដែល​រាប់​ជា​ម្តាយ​ខ្ញុំ​ដែរ ១៤ សូម​ជំរាប​សួរ​អ្នក​អ័ស៊ីងគ្រីត អ្នក​ភ្លេកូន អ្នក​ហ៊ើម៉ាស អ្នក​ប៉ាត្រូបាស អ្នក​ហ៊ើមេស និង​ពួក​បង​ប្អូន​ដែល​នៅ​ជា​មួយ​នឹង​អ្នក​ទាំង​នោះ ១៥ សូម​ជំរាប​សួរ​អ្នក​ភីឡូឡូក និង​នាង​យូលាស អ្នក​នេរើស និង​ប្អូន​ស្រី​គាត់ ហើយ​អ្នក​អូលីមប៉ាស និង​ពួក​បរិសុទ្ធ ដែល​នៅ​ជា​មួយ​នឹង​អ្នក​ទាំង​នោះ ១៦ សូម​អ្នក​រាល់​គ្នា​ជំរាប​សួរ​គ្នា​ទៅ​វិញ​ទៅ​មក ដោយ​ការ​ថើប​យ៉ាង​បរិសុទ្ធ ពួក​ជំនុំ​នៃ​ព្រះគ្រីស្ទ​ទាំង​អស់ សូម​ជំរាប​សួរ​មក​អ្នក​រាល់​គ្នា។
ពាក្យ​ដាស់តឿន​ចុង​បញ្ចប់
១៧ ឱ​បង​ប្អូន​អើយ ខ្ញុំ​ទូន្មាន​អ្នក​រាល់​គ្នា ឲ្យ​ចំណាំ​មើល​អស់​អ្នក​ដែល​បណ្តាល​ឲ្យ​បាក់​បែក​គ្នា ហើយ​នាំ​ឲ្យ​មាន​សេចក្តី​រវាត​ចិត្ត ខុស​នឹង​សេចក្តី​ដែល​អ្នក​រាល់​គ្នា​បាន​រៀន​មក ត្រូវ​ឲ្យ​បែរ​ចេញ​ពី​អ្នក​ទាំង​នោះ ១៨ ដ្បិត​មនុស្ស​បែប​យ៉ាង​នោះ មិន​មែន​គោរព​ប្រតិបត្តិ​ដល់​ព្រះគ្រីស្ទ ជា​ព្រះអម្ចាស់​នៃ​យើង​រាល់​គ្នា​ទេ គេ​បំរើ​តែ​ពោះ​ខ្លួន​គេ​វិញ ទាំង​បញ្ឆោត​ចិត្ត​មនុស្ស​ស្លូតត្រង់ ដោយ​ពាក្យ​ផ្អែម​ពីរោះ និង​ពាក្យ​បញ្ចើច​ផង ១៩ ដ្បិត​មនុស្ស​ទាំង​អស់​បាន​ដឹង ពី​បែប​ដែល​អ្នក​រាល់​គ្នា​ស្តាប់​បង្គាប់​ហើយ ដូច្នេះ ខ្ញុំ​ត្រេកអរ​ពី​ដំណើរ​អ្នក​រាល់​គ្នា​ណាស់ ប៉ុន្តែ ខ្ញុំ​ចង់​ឲ្យ​អ្នក​រាល់​គ្នា​មាន​ប្រាជ្ញា​ខាង​ឯ​សេចក្តី​ល្អ ហើយ​ល្ងង់​ខាង​ឯ​សេចក្តី​អាក្រក់​វិញ ២០ ឯ​ព្រះ​នៃ​សេចក្តី​សុខ​សាន្ត នៅ​បន្តិច​ទៀត​ទ្រង់​នឹង​កិន​អារក្ស​សាតាំង នៅ​ក្រោម​ជើង​អ្នក​រាល់​គ្នា​ហើយ សូម​ឲ្យ​អ្នក​បាន​ប្រកប ដោយ​នូវ​ព្រះគុណ​នៃ​ព្រះយេស៊ូវគ្រីស្ទ ជា​ព្រះអម្ចាស់​នៃ​យើង​ចុះ។
២១ អ្នក​ធីម៉ូថេ ជា​អ្នក​ធ្វើ​ការ​ជា​មួយ​នឹង​ខ្ញុំ ហើយ​អ្នក​លូគាស អ្នក​យ៉ាសុន និង​អ្នក​សូសិប៉ាត្រុស ជា​ញាតិ​ខ្ញុំ គេ​សូម​ជំរាប​សួរ​មក​អ្នក​រាល់​គ្នា​ដែរ ២២ ឯ​ខ្ញុំ ឈ្មោះ​ទើទាស​ដែល​សរសេរ​សំបុត្រ​នេះ ក៏​សូម​ជំរាប​សួរ​មក​អ្នក​រាល់​គ្នា​ក្នុង​ព្រះអម្ចាស់​ដែរ ២៣ អ្នក​កៃយុស ជា​អ្នក​ដែល​ទទួល​ខ្ញុំ និង​ពួក​ជំនុំ​ទាំង​អស់​ផង គាត់​សូម​ជំរាប​សួរ​មក​អ្នក​រាល់​គ្នា អ្នក​អេរ៉ាស្ទុស ជា​មេ​ត្រួត​ត្រា​ក្នុង​ទី​ក្រុង និង​អ្នក​ក្វើតុស ជា​ពួក​បង​ប្អូន គេ​ក៏​សូម​ជំរាប​សួរ​មក​អ្នក​រាល់​គ្នា​ដែរ ២៤ សូម​ឲ្យ​អ្នក​រាល់​គ្នា​បាន​ប្រកប ដោយ​នូវ​ព្រះគុណ​នៃ​ព្រះយេស៊ូវគ្រីស្ទ ជា​ព្រះអម្ចាស់​នៃ​យើង​រាប់​គ្នា​ទាំង​អស់ អាម៉ែន។
២៥ រីឯ​ព្រះ ដែល​អាច​នឹង​តាំង​អ្នក​រាល់​គ្នា ឲ្យ​ខ្ជាប់ខ្ជួន​តាម​ដំណឹង​ល្អ​ខ្ញុំ នឹង​តាម​ខ្លឹម​នៃ​លទ្ធិ​របស់​ព្រះយេស៊ូវគ្រីស្ទ ដែល​ត្រូវ​នឹង​សេចក្តី​បើក​សំដែង អំពី​ការ​អាថ៌កំបាំង ដែល​បាន​លាក់​ទុក​នៅ​អស់​ទាំង​កល្ប​រៀង​មក ២៦ តែ​ឥឡូវ​នេះ​បាន​បើក​សំដែង​មក ឲ្យ​គ្រប់​ទាំង​សាសន៍​ដឹង ដោយសារ​គម្ពីរ​ហោរា តាម​បង្គាប់​នៃ​ព្រះ​ដ៏​មាន​ព្រះជន្ម​រស់​អស់​កល្ប​ជានិច្ច ដើម្បី​ឲ្យ​គេ​បាន​ចុះ​ចូល​ជឿ ដោយសារ​ព្រះយេស៊ូវគ្រីស្ទ ២៧ ជា​ព្រះ​ដ៏​មាន​ប្រាជ្ញា​តែ​១​ព្រះអង្គ សូម​ឲ្យ​ទ្រង់​បាន​សិរីល្អ នៅ​អស់​កល្ប​រៀង​ទៅ។ អាម៉ែន។:៚