និមិត្តហេតុ​អស្ចារ្យ​អំពី​ខ្សែ​រង្វាស់
១ ខ្ញុំ​ក៏​ងើប​ភ្នែក​ឡើង​ក្រឡេក​មើល​ទៅ ឃើញ​មនុស្ស​ដែល​កាន់​ខ្សែ​រង្វាស់​នៅ​ដៃ ២ ខ្ញុំ​បាន​សួរ​ថា តើ​អញ្ជើញ​ទៅ​ឯ​ណា​ហ្នឹង អ្នក​នោះ​ឆ្លើយ​មក​ខ្ញុំ​ថា ទៅ​វាស់​ក្រុង​យេរូសាឡិម ដើម្បី​ឲ្យ​ដឹង​ទទឹង និង​បណ្តោយ​នៃ​ទី​ក្រុង​ជា​ប៉ុន្មាន ៣ នោះ​ឃើញ​ទេវតា​ដែល​ពោល​នឹង​ខ្ញុំ​ក៏​ចេញ​ទៅ ហើយ​ទេវតា​១​ទៀត​បាន​មក​ជួប​គ្នា ៤ ដោយ​ប្រាប់​ថា ចូរ​រត់​ទៅ​ប្រាប់​មនុស្ស​កំឡោះ​នោះ​ថា ក្រុង​យេរូសាឡិម​នឹង​មាន​មនុស្ស​អាស្រ័យ​នៅ ដូច​ជា​នៅ​អស់​ទាំង​ភូមិ​ដែល​ឥត​មាន​កំផែង ដោយ​ព្រោះ​មាន​មនុស្ស និង​សត្វ​យ៉ាង​សន្ធឹក​នៅ​ក្នុង​នោះ ៥ ដ្បិត​អញ​នឹង​បាន​ជា​កំផែង​ភ្លើង​ដល់​ទី​ក្រុង​នៅ​ព័ទ្ធ​ជុំវិញ ហើយ​នឹង​ជា​សិរីល្អ​នៅ​កណ្តាល​នេះ​ដែរ នេះ​ជា​ព្រះបន្ទូល​នៃ​ព្រះយេហូវ៉ា។
ព្រះអម្ចាស់​ហៅ​អ្នក​ជាប់​ជា​ឈ្លើយ​ត្រឡប់​មក​វិញ
៦ ហឺយៗ ព្រះយេហូវ៉ា​ទ្រង់​មាន​ព្រះបន្ទូល​ថា ចូរ​រត់​ចេញ​ពី​ស្រុក​ខាង​ជើង​មក ដ្បិត​អញ​បាន​បែងចែក​ឯង​រាល់​គ្នា​ទៅ​ដូច​ជា​ខ្យល់​ទាំង​៤​នៅ​លើ​អាកាស នេះ​ជា​ព្រះបន្ទូល​នៃ​ព្រះយេហូវ៉ា ៧ ហឺយ ពួក​ស៊ីយ៉ូន ដែល​នៅ​ជា​មួយ​នឹង​កូន​ស្រី​ក្រុង​បាប៊ីឡូន​អើយ ចូរ​ដោះ​ខ្លួន​ឲ្យ​រួច​ចុះ ៨ ដ្បិត​ព្រះយេហូវ៉ា​នៃ​ពួក​ពលបរិវារ ទ្រង់​មាន​ព្រះបន្ទូល​ដូច្នេះ​ថា ក្រោយ​សិរីល្អ នោះ​ទ្រង់​បាន​ចាត់​អញ​ទៅ​ឯ​សាសន៍​ដទៃ ដែល​ប្លន់​ឯង​រាល់​គ្នា ពី​ព្រោះ​អ្នក​ណា​ដែល​ពាល់​ឯង​រាល់​គ្នា នោះ​គឺ​ជា​ពាល់​ដល់​ប្រស្រី​ព្រះនេត្រ​នៃ​ទ្រង់​ហើយ ៩ ដ្បិត​មើល​អញ​នឹង​ងា​ដៃ​ពី​លើ​គេ ហើយ​គេ​នឹង​ត្រឡប់​ជា​របឹប​ដល់​ពួក​អ្នក​ដែល​បំរើ​គេ​វិញ នោះ​ឯង​រាល់​គ្នា​នឹង​ដឹង​ថា ព្រះយេហូវ៉ា​នៃ​ពួក​ពលបរិវារ ទ្រង់​បាន​ចាត់​អញ​មក ១០ ឱ​កូន​ស្រី​ស៊ីយ៉ូន​អើយ ចូរ​ច្រៀង ហើយ​មាន​ចិត្ត​អរ​សប្បាយ​ឡើង ដ្បិត​ព្រះយេហូវ៉ា​ទ្រង់​មាន​ព្រះបន្ទូល​ថា មើល អញ​មក​ហើយ អញ​នឹង​នៅ​កណ្តាល​ឯង​រាល់​គ្នា ១១ នៅ​គ្រា​នោះ សាសន៍​ជា​ច្រើន​នឹង​ចូល​ពួក​ខាង​ព្រះយេហូវ៉ា គេ​នឹង​បាន​ជា​រាស្ត្រ​របស់​អញ ហើយ​អញ​នឹង​នៅ​កណ្តាល​ឯង​រាល់​គ្នា នោះ​ឯង​នឹង​ដឹង​ថា ព្រះយេហូវ៉ា​នៃ​ពួក​ពលបរិវារ ទ្រង់​បាន​ចាត់​ឲ្យ​អញ​មក​ឯ​ឯង ១២ ព្រះយេហូវ៉ា​ទ្រង់​នឹង​បាន​ស្រុក​យូដា​ទុក​ជា​ចំណែក​មរដក​នៃ​ទ្រង់ នៅ​ក្នុង​ស្រុក​បរិសុទ្ធ ហើយ​ទ្រង់​នឹង​រើស​យក​ក្រុង​យេរូសាឡិម​ទៀត ១៣ មនុស្ស​ទាំងឡាយ​អើយ ចូរ​នៅ​ស្ងៀម​ចំពោះ​ព្រះយេហូវ៉ា​ចុះ ដ្បិត​ទ្រង់​បាន​តើនឡើង ចេញ​ពី​ទី​លំនៅ​បរិសុទ្ធ​របស់​ទ្រង់​ហើយ។