៤
និមិត្តហេតុអំពីជើងចង្កៀងមាស និងអូលីវពីរដើម
១ ឯទេវតាដែលពោលនឹងខ្ញុំ ក៏មកម្តងទៀត ដាស់ខ្ញុំឡើង ដូចជាគេដាស់មនុស្សឲ្យភ្ញាក់ពីដេក ២ រួចទេវតាសួរខ្ញុំថា ឯងឃើញអ្វីនោះ ខ្ញុំឆ្លើយថា ឃើញជើងចង្កៀងធ្វើពីមាសទាំងអស់ មានទាំងចានប្រេងនៅលើកំពូល និងចង្កៀង៧ ហើយបំពង់៧ សំរាប់បង្ហូរប្រេងដល់ចង្កៀងនីមួយៗ ដែលនៅលើជើងចង្កៀងនោះផង ៣ ក៏មានដើមអូលីវ២ នៅក្បែរនោះ មួយខាងស្តាំចានប្រេង ហើយមួយខាងឆ្វេង ៤ នោះខ្ញុំក៏សួរដល់ទេវតាដែលពោលនឹងខ្ញុំថា លោកម្ចាស់អើយ នេះតើជាអ្វី ៥ ទេវតាដែលពោលនឹងខ្ញុំក៏ឆ្លើយថា ឯងមិនស្គាល់របស់ទាំងនេះទេឬ ខ្ញុំតបថា លោកម្ចាស់អើយ មិនស្គាល់ទេ ៦ នោះទេវតាប្រាប់មកខ្ញុំថា នេះជាព្រះបន្ទូលដែលព្រះយេហូវ៉ាមានព្រះបន្ទូលដល់សូរ៉ូបាបិល គឺព្រះយេហូវ៉ានៃពួកពលបរិវារ ទ្រង់មានព្រះបន្ទូលថា មិនមែនដោយឥទ្ធិឫទ្ធិ ឬដោយអំណាចទេ គឺដោយសារវិញ្ញាណរបស់អញវិញ ៧ ឱភ្នំធំអើយ តើឯងជាអ្វី ឯងនឹងត្រូវត្រឡប់ជាដីរាបស្មើវិញ នៅចំពោះសូរ៉ូបាបិល ហើយលោកនឹងនាំយកថ្ម ជាកំពូលចេញមក ដោយមានសំរែកស្រែកហ៊ោថា សូមឲ្យបានប្រកបដោយព្រះគុណ អើ ដោយព្រះគុណចុះ ៨ រួចព្រះបន្ទូលនៃព្រះយេហូវ៉ាក៏មកដល់ខ្ញុំទៀតថា ៩ ដៃនៃសូរ៉ូបាបិលបានដាំឫសព្រះវិហារនេះ ហើយដៃលោកនឹងធ្វើបង្ហើយផង នោះឯងរាល់គ្នានឹងដឹងថា ព្រះយេហូវ៉ានៃពួកពលបរិវារ ទ្រង់បានចាត់អញមកឯឯង ១០ ដ្បិតតើអ្នកណាបានមើលងាយក្នុងថ្ងៃនៃការបន្តិចបន្តួចនោះ ពីព្រោះទាំង៧នាក់នោះនឹងរីករាយឡើង ហើយនឹងឃើញកូនតឹង នៅក្នុងដៃរបស់សូរ៉ូបាបិលផង ទាំងអស់នេះជាព្រះនេត្រនៃព្រះយេហូវ៉ា ដែលទតចុះឡើងនៅពេញលើផែនដីទាំងមូល។
១១ នោះខ្ញុំក៏សួរទេវតាថា ដើមអូលីវទាំង២ ដែលនៅខាងស្តាំ ហើយខាងឆ្វេងនៃជើងចង្កៀង នោះតើជាអ្វី ១២ ខ្ញុំក៏សួរម្តងទៀតថា ឯមែកអូលីវទាំង២នេះ នៅក្បែរបំពង់មាសទាំង២ ដែលបង្ហូរប្រេងសម្បុរមាសចេញនោះ តើជាអ្វី ១៣ រួចទេវតាក៏សួរតបមកថា តើឯងមិនស្គាល់របស់ទាំងនេះទេឬ នោះខ្ញុំឆ្លើយថា លោកម្ចាស់អើយមិនស្គាល់ទេ ១៤ ដូច្នេះ ទេវតាប្រាប់ខ្ញុំថា នេះគឺជាអ្នកទាំង២ ដែលបានចាក់ប្រេងតាំងឲ្យ ជាអ្នកដែលឈរនៅក្បែរព្រះអម្ចាស់នៃផែនដីទាំងដុំមូល។