៩
ព្រះអម្ចាស់វិនិច្ឆ័យទោស និងសង្គ្រោះប្រជាជាតិជិតខាងអ៊ីស្រាអែល
១ នេះជាព្រះបន្ទូលយ៉ាងធ្ងន់នៃព្រះយេហូវ៉ា ពីដំណើរស្រុកហាត្រាក ព្រះបន្ទូលនោះនឹងស្ថិតលើក្រុងដាម៉ាស ដ្បិតព្រះនេត្រនៃព្រះយេហូវ៉ា ទតមើលអស់ទាំងមនុស្សជាតិដូចជាទតមើលពូជអំបូរអ៊ីស្រាអែលទាំងប៉ុន្មានដែរ ២ ព្រមទាំងស្រុកហាម៉ាត ជាស្រុកដែលជាប់ព្រំដែននឹងគេ ហើយក្រុងទីរ៉ុស និងក្រុងស៊ីដូនផង ទោះបើមានប្រាជ្ញាជាច្រើនក៏ដោយ ៣ ក្រុងទីរ៉ុសបានធ្វើទីមាំមួនសំរាប់ខ្លួន ក៏បានប្រមូលប្រាក់គរទុក ដូចជាធូលីដី និងមាសយ៉ាងវិសេសដូចជាភក់នៅក្នុងផ្លូវ ៤ តែមើល ព្រះអម្ចាស់ ទ្រង់នឹងទំលាក់គេចេញ ព្រមទាំងវាយកំឡាំងរបស់គេដែលនៅក្នុងសមុទ្រ ហើយទីក្រុងនោះនឹងត្រូវឆេះដោយភ្លើង ៥ ឯក្រុងអាសកាឡូន ក៏នឹងឃើញដែរ ហើយនឹងមានសេចក្តីភ័យ ព្រមទាំងក្រុងកាសាផង នោះគេនឹងមានសេចក្តីឈឺចាប់ជាខ្លាំងនឹងក្រុងអេក្រុន ដ្បិតទីសង្ឃឹមរបស់គេនឹងទៅ ជាទីអាម៉ាស់ខ្មាសវិញ ឯស្តេចនឹងវិនាសបាត់ពីក្រុងកាសា ហើយក្រុងអាសកាឡូន នឹងឥតមានមនុស្សអាស្រ័យនៅទៀត ៦ នឹងមានសុទ្ធតែពួកកូនកាត់នៅក្នុងក្រុងអាសដូឌ ហើយអញនឹងបំផ្លាញសេចក្តីអំនួតរបស់សាសន៍ភីលីស្ទីន ៧ អញនឹងដកយកឈាមចេញពីមាត់គេ ព្រមទាំងសាច់ដែលគួរស្អប់ខ្ពើម ចេញពីកណ្តាលធ្មេញគេដែរ នោះគេនឹងបានសល់នៅសំរាប់គោរពដល់ព្រះនៃយើង ហើយនឹងបានដូចជាចៅហ្វាយនៅស្រុកយូដា ឯពួកក្រុងអេក្រុននឹងដូចជាពួកក្រុងយេប៊ូសវិញ ៨ អញនឹងបោះទ័ពនៅព័ទ្ធជុំវិញវិហាររបស់អញ ទាស់នឹងពលទ័ព ដើម្បីមិនឲ្យមានគេដើរកាត់ ឬវិលមកវិញឡើយ និងគ្មានពួកសង្កត់សង្កិនណាដើរកាត់ពួកគេទៀតឡើយ ដ្បិតឥឡូវនេះ ភ្នែកអញបានឃើញហើយ។
ព្រះអម្ចាស់សង្គ្រោះក្រុងយេរូសាឡិម
៩ ឱកូនស្រីស៊ីយ៉ូនអើយ ចូររីករាយជាខ្លាំងឡើង ឱកូនស្រីយេរូសាឡិមអើយ ចូរស្រែកហ៊ោចុះ មើល ស្តេចរបស់នាង ទ្រង់យាងមកឯនាង ទ្រង់ជាអ្នកសុចរិត ហើយមានជ័យជំនះ ទ្រង់ក៏សុភាព ទ្រង់គង់លើសត្វលា គឺជាលាជំទង់ ជាកូនរបស់មេលា ១០ អញនឹងកាត់រទេះចំបាំងចេញពីស្រុកអេប្រាអិម និងសេះចេញពីក្រុងយេរូសាឡិមដែរ ឯធ្នូចំបាំងនឹងត្រូវកាត់ចេញ ហើយទ្រង់នឹងមានព្រះបន្ទូលជាសេចក្តីសន្តិសុខដល់អស់ទាំងសាសន៍ ឯអំណាចគ្រប់គ្រងរបស់ទ្រង់ នឹងបានចាប់តាំងពីសមុទ្រម្ខាងដល់សមុទ្រម្ខាង ហើយពីទន្លេធំ រហូតដល់ចុងផែនដីបំផុត។
១១ ឯនាងដែរ អញបានលែងពួកជាប់គុករបស់នាង ឲ្យរួចចេញពីរណ្តៅដែលគ្មានទឹក ដោយព្រោះឈាមនៃសេចក្តីសញ្ញារបស់ឯង ១២ ឱពួកអ្នកជាប់គុក ដែលមានសេចក្តីសង្ឃឹមអើយ ចូរវិលមកឯទីមាំមួនចុះ នៅថ្ងៃនេះឯង អញប្រកាសថា អញនឹងសងឯង១ជា២ ១៣ ដ្បិតអញបានដំឡើងយូដាដូចជាធ្នូ ហើយដាក់អេប្រាអិមនៅធ្នូ អញទុកដូចជាព្រួញ ឱស៊ីយ៉ូនអើយ អញនឹងដាស់តឿនកូនប្រុសរបស់ឯង ឲ្យទាស់នឹងកូនប្រុសរបស់សាសន៍ក្រេក ហើយនឹងធ្វើឲ្យឯង បានដូចជាដាវរបស់មនុស្សខ្លាំងពូកែ ១៤ គេនឹងឃើញព្រះយេហូវ៉ា ស្ថិតពីលើពួកកូនប្រុសរបស់ឯង ព្រួញទ្រង់នឹងហោះចេញទៅដូចជាផ្លេកបន្ទោរ ហើយព្រះអម្ចាស់យេហូវ៉ាទ្រង់នឹងផ្លុំត្រែ ក៏នឹងចេញទៅក្នុងខ្យល់កួចពីខាងត្បូង ១៥ ព្រះយេហូវ៉ានៃពួកពលបរិវារទ្រង់នឹងការពារគេ គេនឹងលេបបំបាត់ ហើយឈ្នះគ្រាប់ក្រួសដែលបាញ់មក គេនឹងផឹក ហើយធ្វើសូរសព្ទ ដូចជាសូរដែលកើតដោយសារស្រាទំពាំងបាយជូរ គេនឹងបានពេញដូចជាចាន គឺជាចាននៅជ្រុងអាសនា ១៦ នៅថ្ងៃនោះ ព្រះយេហូវ៉ា ជាព្រះនៃគេ ទ្រង់នឹងជួយសង្គ្រោះគេ ទុកដូចជាហ្វូងចៀម ជារាស្ត្ររបស់ទ្រង់ ដ្បិតគេនឹងបានដូចជាត្បូងដាំនៅមកុដដែលភ្លឺផ្លេក នៅលើស្រុករបស់ទ្រង់ ១៧ ដ្បិតសេចក្តីចំរើនរបស់គេធំណាស់ហ្ន៎ ហើយសេចក្តីលំអរបស់គេក៏ខ្លាំងក្លាណាស់ហ្ន៎ ឯស្រូវនឹងធ្វើឲ្យពួកកំឡោះៗចំរើនកំឡាំងឡើង ហើយទឹកទំពាំងបាយជូរឲ្យពួកក្រមុំៗបានចំរើនដូចគ្នា។