១ មាន​ពេល​សំរាប់​គ្រប់​ទាំង​អស់ គឺ​មាន​ពេល​សំរាប់​គ្រប់​ការ ដែល​ចង់​ធ្វើ​នៅ​ក្រោម​មេឃ ២ មាន​ពេល​សំរាប់​កើត​មក នឹង​ពេល​សំរាប់​ស្លាប់​ទៅ មាន​ពេល​សំរាប់​ដាំ និង​ពេល​ដក​របស់​ដែល​បាន​ដាំ​នោះ ៣ មាន​ពេល​សំរាប់​សំឡាប់ ហើយ​ពេល​សំរាប់​មើល​ឲ្យ​ជា មាន​ពេល​សំរាប់​រំលំ​រំលាយ ហើយ​ពេល​សង់​ឡើង ៤ មាន​ពេល​យំ និង​ពេល​សើច មាន​ពេល​សំរាប់​សោយសោក និង​ពេល​សំរាប់​លោតកព្ឆោង ៥ មាន​ពេល​សំរាប់​បោះ​ថ្ម​ចោល និង​ពេល​ប្រមូល​ថ្ម​មក មាន​ពេល​ដែល​គួរ​ឱប​ថើប និង​ពេល​ដែល​គួរ​លែង​ឱប​ថើប ៦ មាន​ពេល​សំរាប់​ស្វែង​រក ហើយ​ពេល​សំរាប់​បាត់បង់​ទៅ មាន​ពេល​សំរាប់​រក្សា​ទុក ហើយ​ពេល​សំរាប់​បោះបង់​ចោល ៧ មាន​ពេល​សំរាប់​ហែក​ចោល ហើយ​ពេល​សំរាប់​ដេរ​ភ្ជាប់ មាន​ពេល​ដែល​គួរ​នៅ​ស្ងៀម ហើយ​ពេល​សំរាប់​និយាយ ៨ មាន​ពេល​សំរាប់​ស្រឡាញ់ ហើយ​ពេល​សំរាប់​ស្អប់ មាន​ពេល​សំរាប់​ចំបាំង ហើយ​ពេល​សំរាប់​សេចក្តី​សុខ ៩ តើ​មនុស្ស​មាន​ផល​ប្រយោជន៍​អ្វី​ពី​ការ​ដែល​គេ​ខំ​ធ្វើ ១០ យើង​បាន​ឃើញ​ការ​នឿយ​ហត់​ដែល​ព្រះ​បាន​ប្រគល់​ឲ្យ​មនុស្ស​ជាតិ​ប្រឹង​ធ្វើ ១១ ទ្រង់​បាន​បង្កើត​របស់​សព្វ​សារពើ​ឲ្យ​ល្អ​តាម​រដូវ​កាល ទ្រង់​ក៏​ធ្វើ​ឲ្យ​ចិត្ត​គេ​សង្ឃឹម​ដល់​អស់​កល្ប​ទៅ​មុខ យ៉ាង​នោះ​មនុស្ស​នឹង​រក​យល់​មិន​បាន ពី​កិច្ចការ​ដែល​ព្រះ​បាន​ធ្វើ តាំង​ពី​ដើម​ដរាប​ដល់​ចុង​នោះ​ឡើយ ១២ យើង​ដឹង​ហើយ ថា​គ្មាន​អ្វី​សំរាប់​គេ ដែល​វិសេស​ជាង​មាន​ចិត្ត​រីករាយ ហើយ​រក​បាន​សេចក្តី​ល្អ​ដល់​ខ្លួន អស់​វេលា​ដែល​មាន​ជីវិត​រស់​នៅ​នោះ​ទេ ១៣ ហើយ​ការ​ដែល​គ្រប់​មនុស្ស​បាន​ស៊ី​ហើយ​ផឹក ព្រម​ទាំង​រីករាយ​ដោយ​ផល​ល្អ ដែល​កើត​ពី​អស់​ទាំង​ការ​នឿយ​ហត់​របស់​ខ្លួន នោះ​ហើយ​ជា​អំណោយ​ទាន​នៃ​ព្រះ​ទេ ១៤ យើង​ក៏​ដឹង​ដែរ ថា​ការ​អ្វី​ដែល​ព្រះ​ទ្រង់​ធ្វើ នោះ​នឹង​ស្ថិតស្ថេរ​នៅ​ជា​ដរាប នឹង​បន្ថែម​អ្វី​ចូល ឬ​ដក​អ្វី​ចេញ​មិន​បាន​ឡើយ ១​ទៀត​ព្រះ​ទ្រង់​ធ្វើ​ការ​នោះ ដើម្បី​ឲ្យ​មនុស្ស​ទាំងឡាយ​បាន​កោតខ្លាច​នៅ​ចំពោះ​ទ្រង់ ១៥ អ្វីៗ​ដែល​មាន​នៅ នោះ​បាន​មាន​ជា​យូរអង្វែង​មក​ហើយ ឯ​អ្វីៗ​ដែល​មាន​ខាង​មុខ​ទៀត នោះ​ក៏​បាន​មាន​ជា​យូរ​មក​ហើយ​ដែរ ព្រះ​ទ្រង់​ស្វែង​រក​អ្វីៗ ដែល​កន្លង​បាត់​ហើយ​ឲ្យ​បាន​មក​វិញ។
១៦ ១​សោត​ទៀត យើង​បាន​ឃើញ​នៅ​ក្រោម​ថ្ងៃ​ថា នៅ​កន្លែង​វិនិច្ឆ័យ នោះ​មាន​សេចក្តី​ទុច្ចរិត ហើយ​នៅ​កន្លែង​នៃ​សេចក្តី​សុចរិត នោះ​មាន​សេចក្តី​អយុត្តិធម៌​វិញ ១៧ យើង​ក៏​នឹក​ក្នុង​ចិត្ត​ថា ព្រះ​ទ្រង់​ជំនុំជំរះ​ទាំង​ពួក​អ្នក​សុចរិត និង​ទុច្ចរិត​ផង ដ្បិត​មាន​ពេល​សំរាប់​គ្រប់​ទាំង​បំណង​ដែល​ប៉ង​ធ្វើ និង​បណ្តាការ​ទាំង​ពួង​ផង ១៨ យើង​បាន​នឹក​ក្នុង​ចិត្ត​ពី​មនុស្ស​ជាតិ​ថា នេះ​គឺ​ដោយ​ព្រោះ​ព្រះ​ទ្រង់​ចង់​ល្បង​ល​នឹង​គេ ហើយ​ឲ្យ​គេ​យល់​ឃើញ​ថា ខ្លួន​គេ​ជា​សត្វ​តិរច្ឆាន​ទេ ១៩ ពី​ព្រោះ​ការ​ដែល​កើត​ដល់​មនុស្ស​ជាតិ នោះ​ក៏​កើត​ដល់​សត្វ​តិរច្ឆាន​ដែរ មាន​ការ​ដដែល​កើត​ដល់​ទាំង​២​ពួក ពួក​១​ស្លាប់​យ៉ាង​ណា ពួក​១​ទៀត​ក៏​ស្លាប់​យ៉ាង​នោះ អើ គេ​មាន​ដង្ហើម​ជីវិត​ដូច​គ្នា​ទាំង​អស់ ហើយ​មនុស្ស​មិន​វិសេស​ជាង​សត្វ​ទេ ដ្បិត​គ្រប់​ទាំង​អស់​សុទ្ធ​តែ​ឥត​ប្រយោជន៍​ទទេ ២០ គ្រប់​ទាំង​អស់​ទៅ​ឯ​កន្លែង​តែ​១​ប៉ុណ្ណោះ ទាំង​អស់​កើត​មក​ពី​ធូលី​ដី ហើយ​ត្រូវ​ត្រឡប់​ទៅ​ឯ​ធូលី​ដី​វិញ​ទៀត ២១ តើ​មាន​អ្នក​ណា​ដឹង​បាន​ថា វិញ្ញាណនៃ​មនុស្ស​ឡើង​ទៅ​លើ ហើយ​វិញ្ញាណ​របស់​សត្វ​ចុះ​ទៅ​ក្នុង​ដី​វិញ​ឬ​ទេ ២២ ដូច្នេះ យើង​បាន​យល់​ឃើញ​ថា គ្មាន​អ្វី​ប្រសើរ​ដល់​មនុស្ស ជា​ជាង​ឲ្យ​គេ​មាន​ចិត្ត​រីករាយ ក្នុង​ការ​ដែល​គេ​ធ្វើ​នោះ​ទេ ដ្បិត​នោះ​ហើយ​ជា​ចំណែក​របស់​គេ ពី​ព្រោះ​តើ​អ្នក​ណា​នឹង​នាំ​មនុស្ស​មក​វិញ ដើម្បី​មើល​ការ​ដែល​នឹង​កើត​មក​ក្រោយ​គេ​បាន។