១ លុះ​ដល់​ថ្ងៃ​ទី​៣ នោះ​អេសធើរ​ក៏​ទ្រង់​គ្រឿង​មហេសី​ចូល​ទៅ ឈរ​ក្នុង​ព្រះរាជរោង​ខាង​ក្នុង ដែល​ទល់​មុខ​នឹង​ដំណាក់​ស្តេច ឯ​ស្តេច​ទ្រង់​គង់​លើ​បល្ល័ង្ករាជ្យ ក្នុង​មហាមន្ទីរ ប្រឈម​នឹង​ផ្លូវ​ចូល​ទៅ​ឯ​ព្រះរាជដំណាក់ ២ កាល​ស្តេច​ទ្រង់​ទត​ឃើញ​អេសធើរ ជា​អគ្គមហេសី ឈរ​ក្នុង​ព្រះរាជរោង​ដូច្នោះ នោះ​ទ្រង់​ក៏​ប្រោស​ដល់​ព្រះនាង ហើយ​ហុច​ព្រះដំបង​មាស ដែល​កាន់​នៅ​ព្រះហស្ត ទៅ​ឯ​ព្រះនាង រួច​ព្រះនាង​យាង​ចូល​ទៅ​ពាល់​ចុង​ព្រះដំបង​នោះ ៣ ស្តេច​ទ្រង់​មាន​ព្រះបន្ទូល​សួរ​ថា អេសធើរ អគ្គមហេសី​អើយ តើ​ព្រះនាង​មក​ចង់​បាន​អ្វី តើ​គិត​ចង់​សូម​អ្វី យើង​នឹង​បើក​ឲ្យ​តាម​ព្រះនាង​សូម ទោះ​បើ​ដល់​នគរ​១​ចំហៀង​ផង ៤ អេសធើរ​ទូល​ថា បើ​ព្រះករុណា​សព្វ​ព្រះហឫទ័យ នោះ​សូម​ព្រះករុណា និង​ហាម៉ាន​យាង​ទៅ​សោយ​លៀង ដែល​ខ្ញុំ​ម្ចាស់​បាន​រៀប​ថ្វាយ​នៅ​ថ្ងៃ​នេះ។
៥ ដូច្នេះ ស្តេច​ទ្រង់​ក៏​បង្គាប់​គេ​ថា ចូរ​ទៅ​ប្រាប់​ហាម៉ាន​ឲ្យ​ប្រញាប់​ឡើង ដើម្បី​បាន​សំរេច​ដូច​ព្រះនាង​បាន​ថា យ៉ាង​នោះ​ស្តេច​នឹង​ហាម៉ាន​បាន​មក​សោយ​លៀង ដែល​អេសធើរ​បាន​រៀបចំ​ថ្វាយ ៦ កំពុង​តែ​លៀង​ស្រា​ទំពាំងបាយជូរ នោះ​ស្តេច​មាន​ព្រះបន្ទូល​សួរ​អេសធើរ​ថា តើ​ព្រះនាង​ចង់​បាន​អ្វី យើង​នឹង​បើក​ឲ្យ តើ​គិត​សូម​អ្វី ទោះ​បើ​ដល់​នគរ​១​ចំហៀង​ក៏​ដោយ គង់​តែ​បាន​សំរេច​ឲ្យ​ព្រះនាង​ដែរ ៧ អេសធើរ​ទូល​ឆ្លើយ​ថា សេចក្តី​សំណូម​របស់​ខ្ញុំ​ម្ចាស់ និង​សេចក្តី​ដែល​ខ្ញុំ​ម្ចាស់​ចង់​បាន ៨ គឺ​បើ​ព្រះករុណា​ប្រោស​មេត្តា​ដល់​ខ្ញុំ​ម្ចាស់ ហើយ​បើ​ព្រះករុណា​សព្វ​ព្រះទ័យ​នឹង​ប្រោស​ប្រទាន​ដល់​ខ្ញុំ​ម្ចាស់ តាម​សេចក្តី​សំណូម ហើយ​សំរេច​តាម​សេចក្តី​ដែល​ខ្ញុំ​ម្ចាស់​ចង់​បាន​ដែរ នោះ​សូម​ព្រះករុណា និង​ហាម៉ាន​យាង​មក​សោយ​លៀង​ដែល​ខ្ញុំ​ម្ចាស់ និង​រៀបចំ​ថ្វាយ​នៅ​ថ្ងៃ​ស្អែក​ទៀត នោះ​ខ្ញុំ​ម្ចាស់​នឹង​ធ្វើ​តាម​ដែល​ព្រះករុណា​បាន​មាន​ព្រះបន្ទូល​ហើយ។ ៩ នៅ​ថ្ងៃ​នោះ ហាម៉ាន​ក៏​ចេញ​ទៅ ដោយ​មាន​ចិត្ត​អំណរ​អរ​រីករាយ តែ​កាល​លោក​ឃើញ​ម៉ាដេកាយ​នៅ​ត្រង់​មាត់​ទ្វារ​ព្រះរាជវាំង ដែល​មិន​ឈរ​ឡើង ឬ​កំរើក​គោរព​នៅ​មុខ​ខ្លួន នោះ​លោក​មាន​ពេញ​ដោយ​សេចក្តី​ឃោរឃៅ​ចំពោះ​ម៉ាដេកាយ ១០ ប៉ុន្តែ​លោក​ទ្រាំ​អត់​នៅ ហួស​ទៅ​ឯ​ផ្ទះ​ខ្លួន​ទៅ រួច​ចាត់​គេ​ឲ្យ​ទៅ​ហៅ​ពួក​មិត្រ​សំឡាញ់ និង​សេរែស ជា​ប្រពន្ធ​ខ្លួន​មក ១១ ហើយ​ថ្លែង​ពី​សេចក្តី​រុងរឿង​នៃ​ទ្រព្យ​សម្បត្តិ​ខ្លួន ពី​កូន​ចៅ​ដែល​មាន​ច្រើន​ដល់​ម៉្លេះ និង​ពី​ស្តេច​បាន​ដំកើង​ងារ​ខ្លួន ហើយ​តាំង​ឡើង​ខ្ពស់​ជាង​អស់​ពួក​អ្នក​ជា​ប្រធាន និង​ពួក​ជំនិត​ទ្រង់​ទាំង​ប៉ុន្មាន ១២ លោក​ក៏​ថ្លែង​នេះ​ទៀត​ថា អេសធើរ អគ្គមហេសី មិន​បើក​ឲ្យ​អ្នក​ណា​ចូល​ទៅ​ជា​មួយ​នឹង​ស្តេច ដើម្បី​បរិភោគ​លៀង ដែល​ព្រះនាង​រៀបចំ​នោះ​ទេ បើក​ឲ្យ​តែ​អញ​១​ប៉ុណ្ណោះ ហើយ​ដល់​ថ្ងៃ​ស្អែក ព្រះនាង​ក៏​អញ្ជើញ​អញ​ទៅ ជា​មួយ​នឹង​ស្តេច​ម្តង​ទៀត ១៣ ប៉ុន្តែ​ដែល​អញ​នៅ​ឃើញ​ម៉ាដេកាយ ជា​សាសន៍​យូដា​នោះ អង្គុយ​នៅ​មាត់​ទ្វារ​ព្រះរាជវាំង​ដរាប​ណា​នោះ​សគុណ​ទាំង​ប៉ុន្មាន​នេះ​មិន​ជា​អ្វី​ដល់​អញ​ទេ ១៤ នោះ​សេរែស ជា​ប្រពន្ធ​លោក និង​ពួក​សំឡាញ់​ទាំង​ប៉ុន្មាន​ក៏​និយាយ​ឡើង​ថា ត្រូវ​ឲ្យ​គេ​ដំឡើង​ឈើ​កំពស់​៥០​ហត្ថ រួច​ដល់​ព្រឹក​ឡើង ឲ្យ​ចូល​ទៅ​ទូល​សូម​ច្បាប់​ស្តេច ដើម្បី​យក​ម៉ាដេកាយ​នេះ​ទៅ​ចង​ក​ព្យួរ​ទៅ ដូច្នេះ លោក​នឹង​ចូល​ទៅ​ពិសា​លៀង​ជា​មួយ​នឹង​ស្តេច ដោយ​អំណរ​បាន ដំណើរ​នោះ​បាន​ពេញ​ចិត្ត​ដល់​ហាម៉ាន លោក​ក៏​ឲ្យ​គេ​ដំឡើង​ឈើ​សំរាប់​ព្យួរ​នោះ​ឡើង។