សំបុត្រទី៣របស់
យ៉ូហាន
១
សេចក្តីផ្តើម
១ សំបុត្រអ្នកចាស់ទុំ ផ្ញើមកអ្នកកៃយុស ជាអ្នកស្ងួនភ្ងា ដែលខ្ញុំស្រឡាញ់ពិតប្រាកដ
២ អ្នកស្ងួនភ្ងាអើយ ខ្ញុំប្រាថ្នាចង់ឲ្យអ្នកបានចំរើនឡើងគ្រប់ជំពូក ហើយឲ្យបានសុខសប្បាយខាងរូបសាច់ ដូចជាព្រលឹងអ្នកបានចំរើនឡើងដែរ
៣ ដ្បិតខ្ញុំបានអរជាខ្លាំងណាស់ ដោយមានបងប្អូនមកធ្វើបន្ទាល់ ពីសេចក្តីពិតដែលនៅក្នុងអ្នក ដូចជាអ្នកធ្លាប់ប្រព្រឹត្តតាមសេចក្តីពិតនោះ
៤ គ្មានសេចក្តីណាដែលនាំឲ្យខ្ញុំអរសប្បាយ លើសជាងសេចក្តីនេះទេ គឺដែលឮនិយាយថា ពួកកូនខ្ញុំកំពុងតែប្រព្រឹត្តតាមសេចក្តីពិតនោះឯង។
ភក្តីភាពរបស់លោកកៃយុស
៥ អ្នកស្ងួនភ្ងាអើយ ការអ្វីដែលអ្នកធ្វើ សំរាប់ពួកបងប្អូន និងពួកដទៃដែរ នោះអ្នកក៏ធ្វើដោយស្មោះត្រង់គ្រប់ទាំងអស់ហើយ
៦ គេក៏បានធ្វើបន្ទាល់ពីសេចក្តីស្រឡាញ់របស់អ្នក នៅមុខពួកជំនុំផង បើអ្នកនឹងជួយដំរង់អ្នកទាំងនោះ តាមបែបគួរនឹងព្រះ នោះបានល្អហើយ
៧ ដ្បិតគេបានចេញដើរទៅ ដោយព្រោះព្រះនាមទ្រង់ ឥតមានទទួលអ្វីពីសាសន៍ដទៃឡើយ
៨ ដូច្នេះ យើងរាល់គ្នាត្រូវជួយទំនុកបំរុងដល់មនុស្សយ៉ាងនោះ ដើម្បីឲ្យយើងបានធ្វើការជាមួយនឹងគេក្នុងសេចក្តីពិត។
ឌីអូត្រេព និងដេមេទ្រាស
៩ ខ្ញុំបានធ្វើសំបុត្រផ្ញើមកពួកជំនុំ ប៉ុន្តែ អ្នកឌីអូត្រេពដែលចូលចិត្តចង់ធ្វើធំក្នុងពួកនោះ គាត់មិនទទួលយើងទេ
១០ ដូច្នេះ បើខ្ញុំមក ខ្ញុំនឹងនឹកចាំពីការដែលអ្នកនោះធ្វើ ដោយគាត់ពោលពាក្យអាក្រក់ និយាយដើមយើង ហើយមិនស្កប់ចិត្តនឹងសេចក្តីនោះតែប៉ុណ្ណោះ ថែមទាំងមិនព្រមទទួលពួកបងប្អូនទៀតផង ហើយបើមានអ្នកណាចង់ទទួលគេ នោះគាត់ក៏ហាមឃាត់មិនឲ្យទទួលវិញ ព្រមទាំងកាត់គេចេញពីពួកជំនុំផង។
១១ អ្នកស្ងួនភ្ងាអើយ ចូរត្រាប់តាមសេចក្តីល្អ កុំឲ្យតាមសេចក្តីអាក្រក់ឲ្យសោះ អ្នកណាដែលប្រព្រឹត្តល្អ នោះមកពីព្រះ តែអ្នកណាដែលប្រព្រឹត្តអាក្រក់ នោះមិនបានឃើញព្រះឡើយ
១២ មនុស្សទាំងអស់ ព្រមទាំងសេចក្តីពិត ក៏ធ្វើបន្ទាល់យ៉ាងល្អពីអ្នកដេមេទ្រាស យើងខ្ញុំក៏ធ្វើបន្ទាល់ដែរ ហើយអ្នករាល់គ្នាដឹងថា សេចក្តីបន្ទាល់របស់យើង នោះពិតប្រាកដមែន។
១៣ ខ្ញុំមានសេចក្តីជាច្រើននឹងសរសេរផ្ញើមក តែខ្ញុំមិនចង់សរសេរដោយស្លាបប្រកា និងទឹកខ្មៅទេ
១៤ ដោយខ្ញុំសង្ឃឹមថា នឹងមកសួរអ្នករាល់គ្នាយ៉ាងឆាប់ ហើយនិងនិយាយដោយផ្ទាល់មាត់វិញ
១៥ សូមឲ្យអ្នកបានប្រកបដោយសេចក្តីសុខ ពួកសំឡាញ់ខាងណោះ គេជំរាបសួរមកអ្នក សូមជំរាបសួរដល់ពួកសំឡាញ់ខាងណេះ តាមឈ្មោះគេរៀងខ្លួនផង។:៚