៣
១ ដ្បិតមើល នៅគ្រានោះ គឺនៅវេលានោះឯង កាលអញបាននាំពួកយូដា ហើយពួកក្រុងយេរូសាឡិម ដែលជាប់ជាឈ្លើយមកវិញ
២ នោះអញនឹងប្រមូលសាសន៍ទាំងអស់នាំគេចុះទៅក្នុងច្រកភ្នំយេហូសាផាត នៅទីនោះអញនឹងសំរេចតាមសេចក្តីយុត្តិធម៌ដល់គេ ដោយព្រោះរាស្ត្រអញ គឺអ៊ីស្រាអែលជាមរដករបស់អញ ដែលគេកំចាត់កំចាយទៅនៅអស់ទាំងសាសន៍ ព្រមទាំងបែងចែកស្រុករបស់អញផង
៣ គេបានបោះឆ្នោតឲ្យបានរាស្ត្រអញ គេបានដូរកូនប្រុស១ឲ្យបានស្រីសំផឹងវិញ ហើយបានលក់កូនស្រី១ឲ្យបានស្រាទំពាំងបាយជូរសំរាប់ផឹក
៤ ម្នាលក្រុងទីរ៉ុស ក្រុងស៊ីដូន និងក្រវល់ស្រុកភីលីស្ទីនអើយ តើឯងមានការអ្វីនឹងអញ តើឯងរាល់គ្នាគិតសងបំណាច់ដល់អញឬ បើឯងរាល់គ្នាសងអញ នោះអញនឹងទំលាក់ទៅលើក្បាលឯងវិញភ្លាម១រំពេច
៥ ពីព្រោះឯងរាល់គ្នាបានយកប្រាក់នឹងមាសរបស់អញ ដឹកនាំប្រដាប់វិសេសរបស់អញ ទៅទុកនៅក្នុងវិហាររបស់ឯង
៦ ក៏បានលក់ពួកកូនចៅយូដា និងកូនចៅក្រុងយេរូសាឡិម ឲ្យដល់ពួកសាសន៍ក្រេក ឲ្យគេបាននាំយកទៅឯទីឆ្ងាយពីដែនស្រុករបស់ខ្លួន
៧ មើល អញនឹងដាស់គេឡើង ឲ្យចេញពីទីកន្លែង ដែលឯងបានលក់គេទៅនៅនោះ ហើយនឹងសងអំពើនោះ ទៅលើក្បាលរបស់ឯងរាល់គ្នាវិញ
៨ អញនឹងលក់កូនប្រុសកូនស្រីរបស់ឯងរាល់គ្នា ទៅក្នុងកណ្តាប់ដៃ នៃពួកកូនចៅយូដាវិញ ពួកនោះនឹងលក់វាទៅឲ្យពួកសេបា គឺដល់សាសន៍១ដែលនៅឆ្ងាយ ដ្បិតព្រះយេហូវ៉ាទ្រង់បានចេញវាចាហើយ។
៩ ចូរប្រកាសប្រាប់សេចក្តីនេះ នៅកណ្តាលអស់ទាំងសាសន៍ថា ចូរត្រៀមគ្នាសំរាប់ចូលច្បាំង ត្រូវឲ្យដាស់ពួកខ្លាំងពូកែឡើង ចូរឲ្យអស់ទាំងមនុស្សថ្នឹកច្បាំងចូលមកជិតហើយឡើងមកចុះ
១០ ចូរដំដែកផាលរបស់ឯងរាល់គ្នាធ្វើជាដាវ ហើយដង្កាវរបស់ឯងធ្វើជាលំពែងទៅ ត្រូវឲ្យអ្នកខ្សោយពោលថា ខ្ញុំមានកំឡាំងដែរ
១១ ម្នាល សាសន៍ទាំងឡាយដែលនៅព័ទ្ធជុំវិញអើយ ចូរប្រញាប់មកប្រជុំគ្នាចុះ ឱព្រះយេហូវ៉ាអើយ សូមទ្រង់ឲ្យពួកខ្លាំងពូកែរបស់ទ្រង់ចុះទៅឯទីនោះដែរ
១២ ត្រូវឲ្យសាសន៍ទាំងប៉ុន្មានភ្ញាក់ឡើង ហើយមកឯច្រកភ្នំយេហូសាផាត ដ្បិតនៅទីនោះអញនឹងអង្គុយជំនុំជំរះអស់ទាំងសាសន៍ ដែលនៅព័ទ្ធជុំវិញ
១៣ ចូរលូកកណ្តៀវទៅ ត្បិតចំរូតទុំហើយ ចូរមកជាន់ផ្លែចុះ ត្បិតធុងសំរាប់ជាន់ បានពោរពេញ ធុងរងទឹកទាំងប៉ុន្មាន ក៏ពេញហៀរហើយ ពីព្រោះអំពើអាក្រក់របស់គេសំបើមណាស់។
១៤ មានមនុស្សទាំងហ្វូង អើ មានទាំងហ្វូងនៅច្រកភ្នំនៃការសំរេចទោស ដ្បិតថ្ងៃនៃព្រះយេហូវ៉ាជិតដល់ហើយនៅក្នុងច្រកភ្នំនៃការសំរេចទោស
១៥ ព្រះអាទិត្យនឹងព្រះចន្ទក៏ងងឹតទៅ ហើយផ្កាយទាំងប៉ុន្មានបានលែងភ្លឺទៅ
១៦ ព្រះយេហូវ៉ានឹងស្រែកគ្រហឹមពីស៊ីយ៉ូនមក ហើយបញ្ចេញព្រះសៀងពីក្រុងយេរូសាឡិម នោះទាំងផ្ទៃមេឃ ហើយផែនដីនឹងកក្រើករំពើកទៅ តែព្រះយេហូវ៉ានឹងធ្វើជាទីពំនាក់ ដល់រាស្ត្រទ្រង់ ហើយជាទីមាំមួន ដល់ពួកកូនចៅអ៊ីស្រាអែល
១៧ យ៉ាងនោះឯងរាល់គ្នានឹងដឹងថា អញនេះជាព្រះយេហូវ៉ាគឺជាព្រះនៃឯងរាល់គ្នា ដែលគង់នៅស៊ីយ៉ូន ជាភ្នំបរិសុទ្ធរបស់អញ គ្រានោះ ក្រុងយេរូសាឡិមនឹងបានបរិសុទ្ធឥតមានអ្នកដទៃណាដើរកាត់ទៀតឡើយ។
១៨ នៅគ្រានោះ អស់ទាំងភ្នំធំ នឹងស្រក់ទឹកទំពាំងបាយជូរផ្អែមមក ហើយអស់ទាំងភ្នំតូចនឹងហូរដោយទឹកដោះ អស់ទាំងជ្រោះនៅស្រុកយូដានឹងមានទឹកហូរ ហើយនឹងមានក្បាលទឹក១ ហូរចេញពីព្រះវិហារព្រះយេហូវ៉ាមានស្រោចស្រពច្រកភ្នំស៊ីទីម
១៩ ស្រុកអេស៊ីព្ទនឹងត្រូវស្ងាត់ច្រៀប ហើយស្រុកអេដំមនឹងទៅជាទីរហោស្ថាន ដោយព្រោះការច្រឡោតដែលបានធ្វើដល់ពួកកូនចៅយូដា ដ្បិតគេបានកំចាយឈាមឥតទោសនៅក្នុងស្រុកគេ
២០ ប៉ុន្តែយូដានឹងស្ថិតស្ថេរនៅជាដរាប ហើយក្រុងយេរូសាឡិមដែរ នៅអស់ទាំងដំណតរៀងទៅ
២១ អញនឹងលុបទោសគេចេញ គឺទោសដែលមិនទាន់បានលុបចេញនៅឡើយពីព្រោះព្រះយេហូវ៉ាទ្រង់គង់នៅក្រុងស៊ីយ៉ូន។:៚