វិវរណៈ
នៃ​ព្រះយេស៊ូវគ្រីស្ទ
សេចក្តី​ផ្តើម
១ នេះ​ជា​សេចក្តី ដែល​ព្រះយេស៊ូវគ្រីស្ទ បាន​បើក​ឲ្យ​ឃើញ ជា​សេចក្តី​ដែល​ព្រះ​បាន​ប្រទាន​មក​ទ្រង់ ដើម្បី​នឹង​បង្ហាញ​ដល់​ពួក​បាវ​បំរើ​ទ្រង់ ឲ្យ​ដឹង​ពី​អស់​ទាំង​ការ ដែល​បន្តិច​ទៀត​ត្រូវ​កើត​មាន​មក ទ្រង់​ក៏​បាន​សំដែង​ឲ្យ​ឃើញ ដោយ​ចាត់​ទេវតា​ទ្រង់​មក​ឯ​យ៉ូហាន ជា​បាវ​បំរើ​ទ្រង់ ២ គាត់​បាន​ធ្វើ​បន្ទាល់​ប្រាប់​តាម​ព្រះបន្ទូល និង​សេចក្តី​បន្ទាល់​នៃ​ព្រះយេស៊ូវគ្រីស្ទ គឺ​ពី​គ្រប់​ទាំង​សេចក្តី​ដែល​គាត់​បាន​ឃើញ ៣ មាន​ពរ​ហើយ អ្នក​ណា​ដែល​មើល និង​អស់​អ្នក​ដែល​ស្តាប់​ពាក្យ​ទំនាយ​ទាំង​នេះ ហើយ​ប្រព្រឹត្ត​តាម​សេចក្តី​ទាំង​ប៉ុន្មាន ដែល​កត់​ទុក​នេះ​ដែរ ដ្បិត​ឯ​ពេល​វេលា នោះ​ជិត​ដល់​ហើយ។
ពាក្យ​ជំរាប​សួរ
៤ សំបុត្រ​យ៉ូហាន​ខ្ញុំ ផ្ញើ​មក​ពួក​ជំនុំ​ទាំង​៧ នៅ​ស្រុក​អាស៊ី សូម​ឲ្យ​អ្នក​រាល់​គ្នា​បាន​ប្រកប​ដោយ​ព្រះគុណ និង​សេចក្តី​សុខ​សាន្ត អំពី​ព្រះ​ដ៏​គង់​នៅ ក៏​គង់​នៅ​តាំង​តែ​ពី​ដើម ហើយ​ត្រូវ​យាង​មក​ទៀត និង​អំពី​ព្រះវិញ្ញាណ​ទាំង​៧ ដែល​នៅ​ចំពោះ​បល្ល័ង្ក​ទ្រង់ ៥ ហើយ​អំពី​ព្រះយេស៊ូវគ្រីស្ទ​ជា​ស្មរ​បន្ទាល់​ស្មោះត្រង់ ដែល​កើត​ពី​ពួក​ស្លាប់​មក​មុន​គេ​បង្អស់ ជា​អធិបតី​លើ​អស់​ទាំង​ស្តេច​នៅ​ផែនដី រីឯ​ព្រះអង្គ​ដែល​ទ្រង់​ស្រឡាញ់​យើង​រាល់​គ្នា ហើយ​បាន​លាង​យើង​ដោយ​ព្រះលោហិត​ទ្រង់ ឲ្យ​បាន​រួច​ពី​បាប ៦ ព្រម​ទាំង​តាំង​យើង​រាល់​គ្នា​ឡើង​ជា​នគរ ហើយ​ជា​ពួក​សង្ឃ​ថ្វាយ​ព្រះ​ដ៏​ជា​ព្រះវរបិតា នោះ​សូម​ឲ្យ​ទ្រង់​បាន​សិរីល្អ និង​ព្រះចេស្តា​នៅ​អស់​កល្ប​ជានិច្ច​រៀងរាប​ត​ទៅ អាម៉ែន។
៧ មើល ទ្រង់​យាង​មក​តាម​ពពក នោះ​គ្រប់​ទាំង​ភ្នែក​នឹង​ឃើញ​ទ្រង់ ព្រម​ទាំង​ពួក​អ្នក​ដែល​ចាក់​ទ្រង់​ផង រួច​គ្រប់​ទាំង​ពូជ​មនុស្ស​នៅ​ផែនដី​នឹង​យំ​សោក ដោយ​ព្រោះ​ទ្រង់ អើ មែន​ហើយ អាម៉ែន។
៨ ព្រះអម្ចាស់​ដ៏​ជា​ព្រះ ដែល​ទ្រង់​គង់​នៅ ក៏​គង់​នៅ​តាំង​តែ​ពី​ដើម ហើយ​ត្រូវ​យាង​មក​ទៀត គឺ​ជា​ព្រះ​ដ៏​មាន​ព្រះចេស្តា​បំផុត ទ្រង់​មាន​ព្រះបន្ទូល​ថា អញ​ជា​អាលផា និង​ជា​អូមេកា គឺ​ជា​ដើម ហើយ​ជា​ចុង។
លោក​យ៉ូហាន​និមិត្ត​ឃើញ​ព្រះយេស៊ូវ
៩ យ៉ូហាន​ខ្ញុំ ដែល​ជា​បង​ប្អូន​នៃ​អ្នក​រាល់​គ្នា ហើយ​ជា​អ្នក​មាន​ចំណែក​ក្នុង​សេចក្តី​ទុក្ខ​លំបាក និង​ក្នុង​នគរ ហើយ​ក្នុង​សេចក្តី​អត់ធ្មត់​របស់​ព្រះយេស៊ូវគ្រីស្ទ ជា​មួយ​នឹង​អ្នក​រាល់​គ្នា​ដែរ ខ្ញុំ​បាន​នៅ​ឯ​កោះ​ឈ្មោះ​ប៉ាត់ម៉ុស ដោយ​ព្រោះ​ព្រះបន្ទូល និង​សេចក្តី​បន្ទាល់​ពី​ព្រះយេស៊ូវគ្រីស្ទ ១០ ហើយ​នៅ​ថ្ងៃ​នៃ​ព្រះអម្ចាស់ ខ្ញុំ​បាន​ត្រឡប់​ជា​នៅ​ដោយ​វិញ្ញាណ នោះ​ក៏​ឮ​សំឡេង​បន្លឺ​ឡើង ដូច​ជា​សូរ​ត្រែ នៅ​ខាង​ក្រោយ​ខ្ញុំ​ថា ១១ ការ​អ្វី​ដែល​ឯង​ឃើញ នោះ​ចូរ​កត់​ទុក​ក្នុង​សៀវភៅ​ចុះ រួច​ផ្ញើ​ទៅ​ពួក​ជំនុំ​ទាំង​៧ ដែល​នៅ​ស្រុក​អាស៊ី​ផង គឺ​នៅ​ក្រុង​អេភេសូរ ក្រុង​ស្មឺន៉ា ក្រុង​ពើកាម៉ុស ក្រុង​ធាទេរ៉ា ក្រុង​សើដេស ក្រុង​ភីឡាដិលភា ហើយ​នៅ​ក្រុង​ឡៅឌីសេ​ដែរ។
១២ ខ្ញុំ​ក៏​បែរ​ខ្លួន​ទៅ​មើល​សំឡេង ដែល​មាន​ព្រះបន្ទូល​មក​ខ្ញុំ​នោះ លុះ​បែរ​ខ្លួន​ទៅ​ហើយ នោះ​ក៏​ឃើញ​ជើង​ចង្កៀង​មាស​៧ ១៣ នៅ​ត្រង់​កណ្តាល​ជើង​ចង្កៀង​ទាំង​៧​នោះ ឃើញ​មាន​១​អង្គ ដូច​ជា​កូន​មនុស្ស ទ្រង់​ព្រះពស្ត្រ​វែង​ដល់​ព្រះបាទ ហើយ​មាន​ខ្សែ​មាស​រឹត​ត្រង់​ព្រះឧរា ១៤ ព្រះសិរសា និង​ព្រះកេសា​ទ្រង់​ស ដូច​ជា​រោម​ចៀម​ដែល​ស គឺ​ដូច​ហិមៈ ព្រះនេត្រ​ទ្រង់ ដូច​ជា​អណ្តាត​ភ្លើង ១៥ ព្រះបាទ​ទ្រង់​ដូច​ជា​លង្ហិន​រលីង ដែល​ភ្លឺផ្លេកៗ ដូច​ជា​ដុត​ក្នុង​គុក​ភ្លើង ព្រះសូរសៀង​ទ្រង់​ដូច​ជា​សូរ​នៃ​ទឹក​ច្រើន ១៦ នៅ​ព្រះហស្ត​ស្តាំ​ទ្រង់​កាន់​ផ្កាយ​៧ ក៏​មាន​ដាវ​មុខ​២​ដ៏​មុត ចេញ​ពី​ព្រះឱស្ឋ​ទ្រង់​មក ហើយ​ព្រះភក្ត្រ​ទ្រង់ ដូច​ជា​ថ្ងៃ​ភ្លឺ​ពេញ​អំណាច ១៧ កាល​ខ្ញុំ​ឃើញ​ទ្រង់ នោះ​ខ្ញុំ​ដួល​នៅ​ទៀប​ព្រះបាទ​ទ្រង់​ដូច​ជា​ស្លាប់ តែ​ទ្រង់​ដាក់​ព្រះហស្ត​ស្តាំ​លើ​ខ្ញុំ ដោយ​ព្រះបន្ទូល​ថា កុំ​ខ្លាច​អ្វី​ឡើយ អញ​ជា​ដើម ហើយ​ជា​ចុង ១៨ ជា​ព្រះ​ដ៏​រស់​នៅ អញ​បាន​ស្លាប់ តែ​មើល អញ​រស់​នៅ​អស់​កល្ប​ជានិច្ច​រៀង​រាប​ត​ទៅ​វិញ អញ​ក៏​មាន​កូន​សោ​នៃ​សេចក្តី​ស្លាប់ និង​ស្ថាន​ឃុំ​ព្រលឹង​មនុស្ស​ស្លាប់​ដែរ ១៩ ដូច្នេះ ចូរ​ឲ្យ​ឯង​កត់​អស់​ទាំង​សេចក្តី​ដែល​ឯង​បាន​ឃើញ ព្រម​ទាំង​សេចក្តី​ដែល​មាន​សព្វ​ថ្ងៃ​នេះ និង​សេចក្តី​ទាំង​ប៉ុន្មាន ដែល​ត្រូវ​កើត​មក​តាម​ក្រោយ​ទៀត​ផង ២០ ឯ​សេចក្តី​អាថ៌កំបាំង​ពី​ផ្កាយ​ទាំង​៧ ដែល​ឯង​បាន​ឃើញ​នៅ​ដៃ​ស្តាំ​អញ ហើយ​ពី​ជើង​ចង្កៀង​មាស​ទាំង​៧ នោះ​ស្រាយ​ថា ផ្កាយ​ទាំង​៧​នោះ គឺ​ជា​ទេវតា​របស់​ពួក​ជំនុំ​ទាំង​៧ ហើយ​ជើង​ចង្កៀង​ទាំង​៧ នោះ​គឺ​ជា​ពួក​ជំនុំ​ទាំង​៧​នោះ​ឯង។