១០
ទេវតាប្រគល់ក្រាំងមួយតូចឲ្យយ៉ូហាន
១ ខ្ញុំក៏ឃើញទេវតាដ៏ពូកែ១ទៀត ចុះមកពីលើមេឃ មានពពកហ៊ុំ ហើយមានឥន្ទធនូនៅលើក្បាលទេវតានោះដូចជាថ្ងៃ ហើយជើងដូចជាបង្គោលភ្លើង
២ មានកាន់ក្រាំង១តូចបើកនៅដៃ ក៏ឈានជើងស្តាំទៅលើសមុទ្រ ហើយជើងឆ្វេងទៅលើដីគោក
៣ រួចបន្លឺឡើង ដោយសំឡេងយ៉ាងខ្លាំង ដូចជាសំឡេងនៃសត្វសិង្ហដែលគ្រហឹម លុះបានបន្លឺស្រេចហើយ នោះក៏មានឮសំឡេងផ្គរលាន់៧
៤ កាលបានឮផ្គរលាន់ទាំង៧នោះរួចហើយ នោះខ្ញុំរៀបនឹងសរសេរ តែមានសំឡេងចេញពីលើមេឃប្រាប់ខ្ញុំថា ចូរបំបិទសេចក្តីដែលផ្គរលាន់ទាំង៧បានថ្លែងនោះទៅ កុំឲ្យកត់សេចក្តីទាំងនោះឡើយ
៥ រួចទេវតាដែលខ្ញុំឃើញឈរលើសមុទ្រ ហើយលើដីគោក ក៏លើកដៃស្តាំទៅលើមេឃ
៦ ទាំងស្បថនឹងព្រះដ៏មានព្រះជន្មរស់អស់កល្បជានិច្ចរៀងរាបតទៅ ជាព្រះដែលបង្កើតមេឃ ដី សមុទ្រ និងរបស់ទាំងប៉ុន្មាន ដែលនៅស្ថានទាំងនោះថា គ្មានពេលបង្អង់ទៀតឡើយ
៧ តែនៅគ្រាដែលឮសំឡេងទេវតាទី៧ ក្នុងកាលដែលរៀបនឹងផ្លុំត្រែ នោះសេចក្តីអាថ៌កំបាំងនៃព្រះនឹងបានសំរេច ដូចជាទ្រង់បានផ្សាយដំណឹងល្អមកប្រាប់ពួកហោរា ជាពួកបាវបំរើរបស់ទ្រង់ដែរ។
៨ ឯសំឡេងដែលខ្ញុំឮពីលើមេឃ នោះក៏និយាយមកខ្ញុំម្តងទៀតថា ចូរទៅយកក្រាំងតូចដែលបើកនៅដៃទេវតាដែលឈរលើសមុទ្រ ហើយលើដីគោកនោះចុះ
៩ ខ្ញុំក៏ទៅឯទេវតានោះ និយាយថា សូមឲ្យក្រាំងតូចនោះមកខ្ញុំ ទេវតាឆ្លើយថា ចូរយកទៅបរិភោគចុះ ក្រាំងនេះនឹងធ្វើឲ្យពោះឯងល្វីង តែនៅក្នុងមាត់នឹងបានផ្អែមដូចទឹកឃ្មុំទេ
១០ នោះខ្ញុំយកក្រាំងតូចពីដៃទេវតាមកទទួលទានឯនៅក្នុងមាត់ខ្ញុំ ក៏ផ្អែមដូចទឹកឃ្មុំមែន តែកាលខ្ញុំបានទទួលទានរួចទៅហើយ នោះពោះខ្ញុំបានទៅជាល្វីងវិញ
១១ រួចទេវតាប្រាប់ខ្ញុំថា ឯងត្រូវទាយម្តងទៀត គឺទាយពីដំណើរគ្រួសារ និងពីពួកសាសន៍ ពីភាសាផ្សេងៗ ហើយពីស្តេចជាច្រើន។