កិច្ចការ
១
បុព្វកថា
១ សូមជំរាបមកឯកឧត្ដមថេវភីល សូមជ្រាប! ក្នុងសៀវភៅទីមួយរបស់ខ្ញុំ ខ្ញុំបានរៀបរាប់អំពីកិច្ចការទាំងប៉ុន្មានដែលព្រះយេស៊ូបានធ្វើ និងអំពីសេចក្ដីទាំងប៉ុន្មានដែលព្រះអង្គបានបង្រៀន តាំងពីដើមរៀងមក
២ រហូតដល់ថ្ងៃដែលព្រះជាម្ចាស់លើកព្រះអង្គឡើងទៅស្ថានបរមសុខ* គឺបន្ទាប់ពីព្រះអង្គបានផ្ដែផ្ដាំតាមរយៈព្រះវិញ្ញាណដ៏វិសុទ្ធ* ដល់ក្រុមសាវ័ក*ដែលព្រះអង្គបានជ្រើសរើស។
៣ ក្រោយពេលរងទុក្ខលំបាករួចហើយ ព្រះយេស៊ូបានបង្ហាញព្រះអង្គ តាមរបៀបផ្សេងៗអោយសាវ័កទាំងនោះឃើញថា ព្រះអង្គមានព្រះជន្មរស់ពិតប្រាកដមែន។ ព្រះអង្គបានអោយគេឃើញអស់រយៈពេលសែសិបថ្ងៃ ព្រមទាំងមានព្រះបន្ទូលអំពីព្រះរាជ្យរបស់ព្រះជាម្ចាស់ផង។
៤ ពេលព្រះអង្គកំពុងសោយព្រះស្ងោយជាមួយក្រុមសាវ័ក ទ្រង់ហាមគេមិនអោយចេញទៅណាឆ្ងាយពីក្រុងយេរូសាឡឹមឡើយ «គឺត្រូវរង់ចាំទទួលព្រះវិញ្ញាណ តាមព្រះបន្ទូលសន្យារបស់ព្រះបិតា ដូចខ្ញុំបានប្រាប់អ្នករាល់គ្នារួចមកហើយថា
៥ លោកយ៉ូហានបានធ្វើពិធីជ្រមុជ*អោយគេក្នុងទឹក ប៉ុន្តែ នៅប៉ុន្មានថ្ងៃទៀត អ្នករាល់គ្នានឹងទទួលពិធីជ្រមុជក្នុងព្រះវិញ្ញាណដ៏វិសុទ្ធវិញ»។
ព្រះយេស៊ូយាងឡើងទៅស្ថានបរមសុខ
៦ ពេលនោះ ក្រុមសាវ័ក*នៅជុំគ្នា គេទូលសួរព្រះយេស៊ូថា៖ «បពិត្រព្រះអម្ចាស់ តើព្រះអង្គនឹងតាំងរាជាណាចក្រអ៊ីស្រាអែលឡើងវិញនៅពេលនេះឬ?»។
៧ ព្រះអង្គមានព្រះបន្ទូលតបទៅគេវិញថា៖ «ត្រង់ឯពេលវេលាដែលព្រះបិតាបានកំណត់ទុក ដោយអំណាចព្រះអង្គផ្ទាល់នោះ អ្នករាល់គ្នាមិនបាច់ដឹងទេ។
៨ ប៉ុន្តែ អ្នករាល់គ្នានឹងទទួលឫទ្ធានុភាពមួយ គឺឫទ្ធានុភាពនៃព្រះវិញ្ញាណដ៏វិសុទ្ធមកសណ្ឋិតលើអ្នករាល់គ្នា។ អ្នករាល់គ្នានឹងធ្វើជាបន្ទាល់របស់ខ្ញុំ នៅក្នុងក្រុងយេរូសាឡឹម ក្នុងស្រុកយូដាទាំងមូល ក្នុងស្រុកសាម៉ារី និងរហូតដល់ស្រុកដាច់ស្រយាលនៃផែនដី»។
៩ លុះព្រះយេស៊ូមានព្រះបន្ទូលដូច្នោះរួចហើយ ហើយនៅពេលដែលក្រុមសាវ័កកំពុងតែមើលព្រះអង្គ នោះព្រះជាម្ចាស់ក៏លើកព្រះអង្គឡើងទៅលើមេឃ ព្រមទាំងមានពពក*មកបាំងព្រះអង្គបាត់ពីភ្នែកគេទៅ។
១០ កាលពួកគេកំពុងតែសម្លឹងមើលទៅលើមេឃ នៅពេលព្រះអង្គយាងឡើងទៅនោះ ស្រាប់តែមានបុរសពីរនាក់ស្លៀកសពាក់សចូលមកជិតគេ
១១ ពោលថា៖ «អ្នកស្រុកកាលីឡេអើយ! ហេតុដូចម្ដេចបានជាអ្នករាល់គ្នានៅតែឈរសម្លឹងមើលទៅលើមេឃដូច្នេះ?។ ព្រះយេស៊ូនោះ ព្រះជាម្ចាស់បានលើកពីកណ្ដាលចំណោមអ្នករាល់គ្នា ឡើងទៅស្ថានបរមសុខហើយ ព្រះអង្គនឹងយាងត្រឡប់មកវិញ តាមរបៀបដូចដែលអ្នករាល់គ្នាបានឃើញទ្រង់យាងឡើងទៅស្ថានបរមសុខដែរ»។
១២ ពេលនោះ ក្រុមសាវ័ក*នាំគ្នាវិលត្រឡប់ពីភ្នំដើមអូលីវ ទៅក្រុងយេរូសាឡឹមវិញ ដែលមានចម្ងាយផ្លូវប្រមាណមួយគីឡូម៉ែត្រ។
១៣ លុះបានមកដល់ផ្ទះហើយ គេឡើងទៅបន្ទប់ខាងលើ ជាកន្លែងដែលគេធ្លាប់ស្នាក់នៅ។ សាវ័កទាំងនោះ គឺលោកពេត្រុស លោកយ៉ូហាន លោកយ៉ាកុប លោកអនទ្រេ លោកភីលីព លោកថូម៉ាស លោកបារថូឡូមេ លោកម៉ាថាយ លោកយ៉ាកុបជាកូនលោកអាល់ផាយ លោកស៊ីម៉ូនហៅអ្នកជាតិនិយម និងលោកយូដាសជាកូនរបស់លោកយ៉ាកុប។
១៤ ពួកគេរួមចិត្តគំនិតគ្នាព្យាយាមអធិស្ឋាន*ដោយមានស្ត្រីឯទៀតៗ មាននាងម៉ារី ជាមាតារបស់ព្រះយេស៊ូ និងមានបងប្អូនរបស់ព្រះអង្គមកចូលរួមជាមួយផងដែរ។
ការជ្រើសរើសលោកម៉ាត់ធាសជាសាវ័ក ជំនួសយូដាសអ៊ីស្ការីយ៉ុត
១៥ នៅគ្រានោះ មានបងប្អូនប្រមាណមួយរយម្ភៃនាក់នៅជុំគ្នា លោកពេត្រុសក្រោកឈរឡើងនៅកណ្ដាលពួកគេហើយពោលថា៖
១៦ «បងប្អូនអើយ! ព្រះវិញ្ញាណដ៏វិសុទ្ធ*បានថ្លែងទុកជាមុន តាមរយៈព្រះបាទដាវីឌ អំពីយូដាស ជាអ្នកនាំគេមកចាប់ព្រះយេស៊ូ។ ហេតុការណ៍នេះត្រូវតែកើតឡើងស្របតាមសេចក្ដីដែលមានចែងទុកក្នុងគម្ពីរមែន។
១៧ យូដាសជាសមាជិកមួយរូបក្នុងក្រុមរបស់យើង ហើយបានទទួលចំណែកមុខងាររួមជាមួយយើងដែរ។
១៨ គាត់យកប្រាក់ដែលបានមកពីអំពើទុច្ចរិតទៅទិញដីចំការមួយកន្លែង បន្ទាប់មក គាត់ដួលផ្កាប់មុខធ្លាយពោះ ចេញពោះវៀនមកក្រៅ។
១៩ អ្នកក្រុងយេរូសាឡឹមដឹងរឿងនេះគ្រប់ៗគ្នា ហេតុនេះហើយបានជាគេហៅចំការនោះ តាមភាសារបស់គេថា “អាកិលដាម៉ា”មានន័យថា “ចំការឈាម”។
២០ ក្នុងគម្ពីរទំនុកតម្កើងមានចែងទុកអំពីហេតុការណ៍នេះថា៖
“ចូរអោយលំនៅរបស់អ្នកនោះ
ក្លាយទៅជាទីស្ងាត់ជ្រងំ
កុំអោយមាននរណារស់នៅទីនោះឡើយ”
និង“ត្រូវអោយម្នាក់ទៀតទទួល
យកតំណែងរបស់គាត់”។
២១ ហេតុនេះ ក្នុងចំណោមអស់អ្នកដែលបានមកតាមយើង នៅពេលព្រះយេស៊ូដឹកនាំយើង
២២ គឺចាប់តាំងពីគ្រាដែលលោកយ៉ូហានបានធ្វើពិធីជ្រមុជទឹក*ថ្វាយព្រះអង្គ រហូតដល់ពេលព្រះជាម្ចាស់លើកយកព្រះអង្គចេញពីយើងទៅ ត្រូវអោយមានម្នាក់ ធ្វើជាបន្ទាល់រួមជាមួយយើង អំពីព្រះអង្គមានព្រះជន្មរស់ឡើងវិញ»។
២៣ គេបាននាំសិស្ស*ពីររូបមក ម្នាក់ឈ្មោះយ៉ូសែប ហៅបារសាបាសផង យូស្ទូសផង និងម្នាក់ទៀតឈ្មោះម៉ាត់ធាស។
២៤ បន្ទាប់មក គេនាំគ្នាអធិស្ឋានដូចតទៅ៖ «បពិត្រព្រះអម្ចាស់! ព្រះអង្គជ្រាបចិត្តគំនិតរបស់មនុស្សទាំងអស់ ហេតុនេះ សូមបង្ហាញអោយយើងខ្ញុំដឹងផងថា ក្នុងចំណោមបងប្អូនទាំងពីររូបនេះ តើព្រះអង្គសព្វព្រះហឫទ័យជ្រើសរើសអ្នកណា
២៥ អោយបំពេញមុខងារជាសាវ័កជំនួសយូដាស ដ្បិតយូដាសបានបោះបង់មុខងារនេះ ទៅឯកន្លែងរបស់គាត់»។
២៦ សិស្សនាំគ្នាចាប់ឆ្នោតត្រូវលើលោកម៉ាត់ធាស ហើយលោកម៉ាត់ធាសក៏បានចូលរួមក្នុងក្រុមសាវ័កដប់មួយរូបទៀត។