លិខិតទីពីររបស់លោកប៉ូលផ្ញើជូន
គ្រិស្ដបរិស័ទនៅក្រុងកូរិនថូស
១
សេចក្ដីផ្ដើម
១ ខ្ញុំប៉ូល ដែលព្រះជាម្ចាស់សព្វព្រះហឫទ័យតែងតាំងជាសាវ័ក*របស់ព្រះគ្រិស្ដយេស៊ូ ខ្ញុំ និងលោកធីម៉ូថេ សូមជំរាបមកក្រុមជំនុំរបស់ព្រះជាម្ចាស់នៅក្រុងកូរិនថូស និងជំរាបមកប្រជាជនដ៏វិសុទ្ធ*ទាំងអស់ នៅស្រុកអាខៃទាំងមូល។
២ សូមព្រះជាម្ចាស់ជាព្រះបិតារបស់យើង និងព្រះអម្ចាស់យេស៊ូគ្រិស្ដប្រទានព្រះគុណ និងសេចក្ដីសុខសាន្តដល់បងប្អូន!
លោកប៉ូល និងអ្នកជឿនៅក្រុងកូរិនថូសរួមសុខទុក្ខជាមួយគ្នា
៣ សូមលើកតម្កើងព្រះជាម្ចាស់ ជាព្រះបិតារបស់ព្រះយេស៊ូ ជាអម្ចាស់នៃយើង។ ព្រះអង្គជាព្រះបិតាប្រកបដោយព្រះហឫទ័យមេត្តាករុណា និងជាព្រះដែលជួយសំរាលទុក្ខគ្រប់បែបយ៉ាងទាំងអស់។
៤ ព្រះអង្គសំរាលទុក្ខយើង នៅពេលយើងមានទុក្ខវេទនាសព្វបែបយ៉ាង ដើម្បីអោយយើងអាចសំរាលទុក្ខអស់អ្នកដែលមានទុក្ខវេទនា ព្រោះព្រះជាម្ចាស់ប្រទានអោយយើងផ្ទាល់បានធូរស្បើយរួចហើយដែរ។
៥ យើងរួមទុក្ខលំបាកផ្សេងៗជាមួយព្រះគ្រិស្ដកាន់តែច្រើនយ៉ាងណា យើងក៏បានធូរស្រាលពីទុក្ខតាមរយៈព្រះគ្រិស្ដ កាន់តែច្រើនយ៉ាងនោះដែរ។
៦ បើយើងត្រូវរងទុក្ខវេទនា គឺដើម្បីអោយព្រះអង្គសំរាលទុក្ខ និងសង្គ្រោះបងប្អូន។ បើយើងបានធូរស្បើយក្នុងចិត្តហើយនោះ គឺដើម្បីអោយបងប្អូនបានធូរស្បើយក្នុងចិត្ត ធ្វើអោយបងប្អូនអាចស៊ូទ្រាំនឹងទុក្ខលំបាកផ្សេងៗដូចយើងដែរ។
៧ ដូច្នេះ កាលណាយើងគិតពីបងប្អូន យើងមានសង្ឃឹមយ៉ាងមុតមាំដោយដឹងថា បងប្អូនរងទុក្ខលំបាករួមជាមួយយើងយ៉ាងណា បងប្អូនក៏នឹងបានធូរស្រាល រួមជាមួយយើងយ៉ាងនោះដែរ។
៨ បងប្អូនអើយ យើងចង់អោយបងប្អូនជ្រាបយ៉ាងច្បាស់អំពីទុក្ខវេទនាដែលកើតមានដល់យើងនៅស្រុកអាស៊ីនេះ។ យើងបានរងទុក្ខយ៉ាងខ្លាំងហួសពីកម្លាំងដែលយើងអាចទ្រាំបាន រហូតដល់យើងអស់សង្ឃឹមថានឹងរស់រានមានជីវិតតទៅមុខទៀតផង។
៩ យើងនឹកក្នុងចិត្តថា គេនឹងដាក់ទោសយើងដល់ស្លាប់។ រឿងនេះកើតឡើង ដើម្បីកុំអោយយើងពឹងផ្អែកលើខ្លួនឯង គឺពឹងផ្អែកលើព្រះជាម្ចាស់ ដែលប្រោសមនុស្សស្លាប់អោយរស់ឡើងវិញ។
១០ ព្រះអង្គបានរំដោះយើងអោយរួចផុតពីការស្លាប់ដ៏សែនវេទនានេះ ហើយព្រះអង្គក៏នឹងរំដោះយើងតទៅមុខទៀតដែរ។ ពិតមែនហើយយើងសង្ឃឹមថា ព្រះអង្គនឹងរំដោះយើងទៀតជាមិនខាន។
១១ រីឯបងប្អូនវិញ បងប្អូនក៏បានជួយយើង ដោយទូលអង្វរព្រះជាម្ចាស់។ ហេតុនេះ ព្រះអង្គប្រោសប្រណីដល់យើង ដោយមានគ្នាច្រើនទូលអង្វរ ហើយក៏នឹងមានគ្នាជាច្រើនអរព្រះគុណព្រះអង្គអំពីយើងដែរ។
គំរោងការរបស់លោកប៉ូល
១២ សតិសម្បជញ្ញៈរបស់យើងបានបញ្ជាក់ប្រាប់យើងថា ឥរិយាបថដែលយើងប្រកាន់យកក្នុងលោកនេះពិតជាត្រូវមែន ជាពិសេស របៀបដែលយើងប្រព្រឹត្តចំពោះបងប្អូនដោយចិត្តស្មោះសរ និងដោយសុទ្ធចិត្តចេញមកពីព្រះជាម្ចាស់។ យើងមិនបានធ្វើតាមប្រាជ្ញារបស់លោកីយ៍ទេតែធ្វើតាមព្រះគុណរបស់ព្រះជាម្ចាស់វិញ ត្រង់នេះហើយដែលធ្វើអោយយើងបានខ្ពស់មុខ។
១៣ យើងមិនសរសេរសេចក្ដីណាផ្សេងទៀតមកជូនបងប្អូន ក្រៅពីសេចក្ដីដែលបងប្អូនអាន និងយល់ស្រាប់ហើយនោះឡើយ។ ខ្ញុំសង្ឃឹមថា បងប្អូនមុខជាយល់សេចក្ដីនេះជាក់ច្បាស់សព្វគ្រប់មិនខាន
១៤ ដូចបងប្អូនយល់មួយផ្នែករួចមកហើយថា យើងបានធ្វើអោយបងប្អូនខ្ពស់មុខ ហើយបងប្អូនក៏នឹងធ្វើអោយយើងខ្ពស់មុខនៅថ្ងៃព្រះអម្ចាស់យេស៊ូនៃយើងទ្រង់យាងមកនោះដែរ។
១៥ ដោយខ្ញុំមានសេចក្ដីសង្ឃឹមដ៏មុតមាំនេះហើយ បានជាខ្ញុំមានបំណងចង់មករកបងប្អូនជាមុនសិន ដើម្បីអោយព្រះជាម្ចាស់ប្រោសប្រណីបងប្អូនសាជាថ្មីម្ដងទៀត។
១៦ បន្ទាប់មក ខ្ញុំនឹងចាកចេញពីបងប្អូនឆ្ពោះទៅស្រុកម៉ាសេដូន ហើយវិលពីស្រុកម៉ាសេដូនមករកបងប្អូនវិញ ដើម្បីអោយបងប្អូនជួយខ្ញុំបន្តដំណើរទៅស្រុកយូដាទៀត។
១៧ ខ្ញុំសំរេចចិត្តធ្វើដូច្នេះ តើខ្ញុំសំរេចដោយឥតបើគិតឬ? ឬមួយគំរោងការរបស់ខ្ញុំកើតមកពីគំនិតលោកីយ៍ បានជាខ្ញុំនិយាយបាតដៃជាខ្នងដៃ ដូច្នេះ?
១៨ មានព្រះជាម្ចាស់ជាសាក្សីស្រាប់ហើយ យើងមិននិយាយមកកាន់បងប្អូន ដោយពោលពាក្យប្រែប្រួលបាតដៃជាខ្នងដៃនោះទេ
១៩ ដ្បិតព្រះគ្រិស្ដយេស៊ូជាព្រះបុត្រារបស់ព្រះជាម្ចាស់ដែលយើងប្រកាស គឺទាំងខ្ញុំ ទាំងលោកស៊ីលវ៉ាន និងលោកធីម៉ូថេប្រកាសក្នុងចំណោមបងប្អូននោះ ព្រះអង្គមិនប្រែប្រួលបាតដៃជាខ្នងដៃសោះឡើយ នៅក្នុងព្រះអង្គមានតែពាក្យសច្ចៈប៉ុណ្ណោះ។
២០ ព្រះគ្រិស្ដបានធ្វើអោយព្រះបន្ទូលសន្យាទាំងប៉ុន្មានរបស់ព្រះជាម្ចាស់បានសំរេចសព្វគ្រប់ទាំងអស់។ ហេតុនេះហើយបានជាយើងពោលពាក្យ«អាម៉ែន*»ទៅកាន់ព្រះជាម្ចាស់ តាមរយៈព្រះគ្រិស្ដ ដើម្បីលើកតម្កើងសិរីរុងរឿងរបស់ព្រះអង្គ។
២១ គឺព្រះជាម្ចាស់ហើយ ដែលប្រទានអោយយើង និងបងប្អូនមានជំនឿខ្ជាប់ខ្ជួនលើព្រះគ្រិស្ដ ព្រមទាំងបានចាក់ប្រេងលើយើងផង
២២ ហើយព្រះអង្គក៏បានដៅសញ្ញាសំគាល់របស់ព្រះអង្គលើយើង និងប្រទានព្រះវិញ្ញាណមកបញ្ចាំចិត្តយើងផងដែរ។
២៣ ខ្ញុំសូមជំរាបបងប្អូន ដោយមានព្រះជាម្ចាស់ជាសាក្សីថា ហេតុដែលខ្ញុំមិនទាន់បានទៅក្រុងកូរិនថូសនោះ គឺមកពីខ្ញុំយោគយល់ដល់បងប្អូន (បើមិនពិតទេសូមព្រះអង្គផ្ដាច់ជីវិតខ្ញុំចុះ)។
២៤ យើងមិនចង់ត្រួតត្រាលើជំនឿរបស់បងប្អូនទេ ដ្បិតជំនឿរបស់បងប្អូនមាំមួនរួចស្រេចទៅហើយ យើងគ្រាន់តែចង់ធ្វើការរួមជាមួយបងប្អូន ដើម្បីអោយបងប្អូនមានអំណរតែប៉ុណ្ណោះ។