២
១ ដូច្នេះ ខ្ញុំសំរេចថាខ្ញុំមិនវិលមករកបងប្អូនវិញ ទាំងព្រួយចិត្តនោះឡើយ។
២ បើខ្ញុំធ្វើអោយបងប្អូនព្រួយចិត្តទៅហើយ តើនរណានឹងធ្វើអោយខ្ញុំសប្បាយ ក្រៅពីអ្នកដែលខ្ញុំបានធ្វើអោយព្រួយចិត្តនោះ?
៣ សំបុត្រដែលខ្ញុំបានសរសេរមកជូនបងប្អូន មានគោលបំណងចៀសវាងកុំអោយខ្ញុំព្រួយចិត្ត នៅពេលខ្ញុំមកដល់ គឺកុំអោយខ្ញុំកើតទុក្ខព្រួយ ពីអស់អ្នកដែលត្រូវធ្វើអោយខ្ញុំមានអំណរនោះឡើយ។ ខ្ញុំជឿជាក់ថា ពេលខ្ញុំមានអំណរបងប្អូនទាំងអស់គ្នាក៏មានអំណររួមជាមួយខ្ញុំដែរ។
៤ ខ្ញុំសរសេរមកបងប្អូន ទាំងតឹងទ្រូង ទាំងពិបាកចិត្ត ទាំងស្រក់ទឹកភ្នែក តែមិនមែនចង់ធ្វើអោយបងប្អូនព្រួយចិត្តទេ គឺចង់សំដែងអោយបងប្អូនដឹងអំពីសេចក្ដីស្រឡាញ់ដ៏លើសលប់របស់ខ្ញុំចំពោះបងប្អូន។
លោកប៉ូលអត់ទោសអោយអ្នកដែលប្រព្រឹត្តខុស
៥ ប្រសិនបើនរណាម្នាក់បង្កើតអោយមានទុក្ខព្រួយ មិនមែនធ្វើអោយខ្ញុំព្រួយចិត្តទេ គឺគាត់ធ្វើអោយបងប្អូនទាំងអស់គ្នាព្រួយចិត្ត ឬយ៉ាងហោចណាស់ ក៏អោយបងប្អូនមួយចំនួនព្រួយចិត្ត (ខ្ញុំថាដូច្នេះ មកពីមិនចង់បំផ្លើស)។
៦ បើបងប្អូនភាគច្រើនបានដាក់ទោសមនុស្សបែបនេះ ល្មមហើយ។
៧ សូមបងប្អូនអត់ទោសអោយគាត់ និងលើកទឹកចិត្តគាត់ផងទៅ ក្រែងលោគាត់ពិបាកចិត្តខ្លាំងពេករហូតដល់ទៅអស់សង្ឃឹម។
៨ ដូច្នេះ ខ្ញុំសូមទូន្មានបងប្អូនធ្វើយ៉ាងណា បង្ហាញអោយឃើញថាបងប្អូនស្រឡាញ់គាត់។
៩ ខ្ញុំសរសេរមក ដើម្បីលចិត្តបងប្អូនមើល ចង់ដឹងថា តើបងប្អូនពិតជាស្ដាប់តាមសេចក្ដីទាំងអស់ដែលខ្ញុំបានបង្គាប់ឬយ៉ាងណា។
១០ បើបងប្អូនលើកលែងទោសអោយអ្នកណា ខ្ញុំក៏លើកលែងទោសអោយអ្នកនោះដែរ។ ចំពោះខ្លួនខ្ញុំផ្ទាល់ (ប្រសិនបើមានហេតុដែលខ្ញុំត្រូវអត់ទោសអោយនរណាម្នាក់) ខ្ញុំលើកលែងទោសអោយគេ ព្រោះតែបងប្អូន ដោយខ្ញុំយល់ដល់ព្រះគ្រិស្ដ
១១ ដើម្បីកុំអោយយើងចាញ់បោកមារ*សាតាំង ដ្បិតយើងស្គាល់គំរោងការរបស់វាស្រាប់ហើយ។
លោកប៉ូលខ្វល់ខ្វាយក្នុងចិត្ត
១២ ពេលខ្ញុំបានទៅដល់ក្រុងត្រូអាស ដើម្បីផ្សព្វផ្សាយដំណឹងល្អ*របស់ព្រះគ្រិស្ដ ទោះបីព្រះអម្ចាស់បានបើកឱកាសអោយខ្ញុំក៏ដោយ ក៏ចិត្តខ្ញុំពុំបានស្ងប់ដែរព្រោះរកលោកទីតុសមិនឃើញ។
១៣ ហេតុនេះ ខ្ញុំក៏លាពួកបងប្អូននៅក្រុងត្រូអាសធ្វើដំណើរឆ្ពោះទៅស្រុកម៉ាសេដូន។
១៤ សូមអរព្រះគុណព្រះជាម្ចាស់ ដែលប្រទានអោយយើងមានជ័យជំនះ រួមជាមួយព្រះគ្រិស្ដជានិច្ច។ ព្រះអង្គប្រោសប្រទានអោយមនុស្សនៅគ្រប់ទីកន្លែងបានស្គាល់ព្រះអង្គ តាមរយៈយើង ដែលប្រៀបបីដូចជាក្លិនក្រអូបសាយគ្រប់ទិសទី!។
១៥ ចំពោះព្រះជាម្ចាស់ គឺយើងនេះហើយជាក្លិនក្រអូបរបស់ព្រះគ្រិស្ដ ក្នុងចំណោមអស់អ្នកដែលបានទទួលការសង្គ្រោះ និងក្នុងចំណោមអស់អ្នកដែលកំពុងតែវិនាសអន្តរាយ។
១៦ ចំពោះអ្នកវិនាស យើងជាក្លិននៃសេចក្ដីស្លាប់ដែលនាំអោយគេស្លាប់ ចំពោះអ្នកដែលបានទទួលការសង្គ្រោះយើងជាក្លិននៃជីវិត ដែលនាំអោយគេមានជីវិត។ តើនរណាមានសមត្ថភាព អាចនឹងបំពេញកិច្ចការនេះបាន?
១៧ យើងមិនមែនជាអ្នកក្លែងបន្លំព្រះបន្ទូលរបស់ព្រះជាម្ចាស់ ដូចមនុស្សមួយចំនួនធំនោះឡើយ គឺយើងនិយាយដោយសុទ្ធចិត្ត ក្នុងនាមព្រះជាម្ចាស់ នៅចំពោះព្រះភក្ត្រព្រះជាម្ចាស់ និងនៅក្នុងអង្គព្រះគ្រិស្ដ។