៣
អ្នកបំរើព្រះជាម្ចាស់ ក្នុងសម្ពន្ធមេត្រីថ្មី
១ តើយើងចាប់ផ្ដើមតែងតាំងខ្លួនឯងសាជាថ្មីទៀតឬ? ឬមួយក៏យើងត្រូវតែធ្វើដូចអ្នកខ្លះ គឺត្រូវការយកលិខិតតែងតាំងមកជូនបងប្អូន ឬសុំលិខិតតែងតាំងពីបងប្អូនវិញ?
២ បងប្អូនហ្នឹងហើយជាលិខិតរបស់យើង ជាលិខិតសរសេរនៅក្នុងដួងចិត្តរបស់យើងដែលមនុស្សទាំងអស់អាចស្គាល់ និងអានបាន។
៣ បងប្អូនពិតជាលិខិតរបស់ព្រះគ្រិស្ដ*មែន ជាលិខិតដែលព្រះអង្គសរសេរផ្ញើ មកតាមកិច្ចការដែលយើងបំពេញ។ លិខិតនេះមិនមែនសរសេរដោយទឹកខ្មៅទេ គឺសរសេរឡើងដោយព្រះវិញ្ញាណរបស់ព្រះជាម្ចាស់ដ៏មានព្រះជន្មរស់ មិនមែនជាលិខិតសរសេរនៅលើផ្ទាំងថ្មទេ គឺសរសេរក្នុងសាច់ក្នុងដួងចិត្តរបស់បងប្អូន។
៤ យើងមានសេចក្ដីទុកចិត្តដ៏មុតមាំនៅចំពោះព្រះភក្ត្រព្រះជាម្ចាស់បែបនេះ ក៏ព្រោះតែព្រះគ្រិស្ដនេះហើយ។
៥ យើងមិនអាចចាត់ទុកថា ខ្លួនយើងមានសមត្ថភាពនឹងធ្វើកិច្ចការអ្វីមួយបានដោយខ្លួនយើងផ្ទាល់ឡើយ គឺព្រះជាម្ចាស់ឯណោះដែលប្រទានអោយយើងមានសមត្ថភាពអាចធ្វើបាន។
៦ ព្រះអង្គក៏ប្រទានអោយយើងមានសមត្ថភាពធ្វើជាអ្នកបំរើសម្ពន្ធមេត្រី*ថ្មីដែរ ជាសម្ពន្ធមេត្រីដែលមិនមែនចងឡើង ដោយសរសេរជាលាយលក្ខណ៍អក្សរនោះទេ គឺចងឡើងដោយព្រះវិញ្ញាណវិញ ដ្បិតក្រឹត្យវិន័យ*ដែលសរសេរជាលាយលក្ខណ៍អក្សរបណ្ដាលអោយស្លាប់ រីឯព្រះវិញ្ញាណទ្រង់ប្រទានជីវិត។
៧ ក្រឹត្យវិន័យដែលចារឹកលើផ្ទាំងសិលា មានសិរីរុងរឿងយ៉ាងខ្លាំង រហូតដល់ទៅជនជាតិអ៊ីស្រាអែលមិនអាចសម្លឹងមើលមុខលោកម៉ូសេបាន ព្រោះតែសិរីរុងរឿងភ្លឺចាំងពីផ្ទៃមុខលោក ហើយជាសិរីរុងរឿងស្ថិតនៅតែមួយរយៈប៉ុណ្ណោះ។ ប្រសិនបើមុខងារបំរើក្រឹត្យវិន័យដែលបណ្ដាលអោយស្លាប់នេះ មានសិរីរុងរឿងយ៉ាងហ្នឹងទៅហើយ
៨ ចុះទំរាំបើមុខងារបំរើព្រះវិញ្ញាណវិញ តើនឹងមានសិរីរុងរឿងលើសនេះយ៉ាងណាទៅទៀត?
៩ ប្រសិនបើមុខងារដែលធ្វើអោយមនុស្សទទួលទោស មានសិរីរុងរឿងយ៉ាងហ្នឹងទៅហើយ ចុះទំរាំបើមុខងារដែលធ្វើអោយមនុស្សបានសុចរិត*វិញ តើនឹងរឹងរឹតតែមានសិរីរុងរឿង ប្រសើរលើសលប់យ៉ាងណាទៅទៀត?
១០ ប្រសិនបើយើងប្រៀបធៀបសិរីរុងរឿងពីសម័យដើម និងសិរីរុងរឿងដ៏ខ្ពង់ខ្ពស់បំផុតនាបច្ចុប្បន្នកាលនេះ យើងនឹងឃើញថាសិរីរុងរឿងពីដើម ដូចជាមិនរុងរឿងទាល់តែសោះ។
១១ ដូច្នេះ ប្រសិនបើអ្វីៗដែលមិនស្ថិតស្ថេរមានសិរីរុងរឿងទៅហើយ ចុះទំរាំបើអ្វីៗដែលនៅស្ថិតស្ថេរវិញ តើនឹងរឹតតែមានសិរីរុងរឿងយ៉ាងណាទៅ?
១២ ដោយយើងមានសេចក្ដីសង្ឃឹមយ៉ាងនេះ យើងក៏មានចិត្តរឹងប៉ឹងឥតរង្គើដែរ។
១៣ យើងមិនធ្វើដូចលោកម៉ូសេទេ គឺលោកបានយកស្បៃមកបាំងមុខ កុំអោយជនជាតិអ៊ីស្រាអែលសម្លឹងមើលរស្មីដែលមិនស្ថិតស្ថេរនោះ ចេញបាត់ពីផ្ទៃមុខលោក។
១៤ ប៉ុន្តែ គំនិតរបស់ជនជាតិអ៊ីស្រាអែលនៅងងឹតសូន្យ ដ្បិតរហូតមកទល់សព្វថ្ងៃ ពេលគេអានគម្ពីរសម្ពន្ធមេត្រី*ចាស់ ស្បៃដដែលនោះនៅបាំងគំនិតរបស់គេ។ ស្បៃនៅបាំងគេដដែល លុះដល់គេចូលរួមជាមួយព្រះគ្រិស្ដ ទើបស្បៃនោះរសាត់បាត់ទៅ។
១៥ មកទល់សព្វថ្ងៃនេះ ពេលគេអានគម្ពីររបស់លោកម៉ូសេ មានស្បៃមួយនៅបាំងចិត្តគេមិនអោយយល់
១៦ ក៏ប៉ុន្តែ «នៅពេលគេបែរចិត្តគំនិតរកព្រះអម្ចាស់ ស្បៃនោះចេញពីគេបាត់ទៅ»
១៧ ដ្បិតព្រះអម្ចាស់ជាព្រះវិញ្ញាណ នៅទីណាមានព្រះវិញ្ញាណរបស់ព្រះអម្ចាស់នៅទីនោះ ក៏មានសេរីភាពដែរ។
១៨ យើងទាំងអស់គ្នា ដែលគ្មានស្បៃនៅបាំងមុខ យើងបញ្ចេញសិរីរុងរឿងរបស់ព្រះអម្ចាស់ដែលចាំងមកលើយើង ហើយយើងនឹងផ្លាស់ប្រែអោយបានដូចព្រះអង្គ គឺមានសិរីរុងរឿងកាន់តែភ្លឺឡើងៗ។ នេះហើយជាស្នាព្រះហស្ដរបស់ព្រះវិញ្ញាណនៃព្រះអម្ចាស់។