ព្រះគ្រិស្ដ​ជួយ​គាំពារ​អ្នក​ផ្សាយ​ដំណឹងល្អ
១ បើ​ព្រះជាម្ចាស់​មាន​ព្រះហឫទ័យ​មេត្តាករុណា ប្រគល់​មុខងារ​នេះ​មក​អោយ​យើង​បំពេញ យើង​មិន​បាក់​ទឹក​ចិត្ត​ឡើយ។ ២ យើង​បដិសេធ​មិន​ប្រព្រឹត្ត​ការ​លួច​លាក់​ណា​ដែល​គួរ​អោយ​អៀន​ខ្មាស​នោះ​ទេ ហើយ​យើង​ក៏​មិន​បោក​បញ្ឆោត​គេ ឬ​ក្លែង​បន្លំ​ព្រះបន្ទូល​របស់​ព្រះជាម្ចាស់​ដែរ។ ផ្ទុយ​ទៅ​វិញ យើង​បង្ហាញ​អោយ​មនុស្ស​លោក​ស្គាល់​សេចក្ដី​ពិត ទាំង​នាំ​គេ​អោយ​ទុក​ចិត្ត​លើ​យើង នៅ​ចំពោះ​ព្រះភក្ត្រ​ព្រះជាម្ចាស់។ ៣ ប្រសិន​បើ​អត្ថន័យ​នៃ​ដំណឹងល្អ*​នៅ​តែ​លាក់​កំបាំង គឺ​លាក់​កំបាំង​តែ​ចំពោះ​អស់​អ្នក​ដែល​ត្រូវ​វិនាស​អន្តរាយ​ប៉ុណ្ណោះ ៤ ជា​អ្នក​មិន​ជឿ​ដែល​ត្រូវ​ព្រះ​នៃ​លោកីយ៍​នេះ​ធ្វើ​អោយ​ចិត្ត​គំនិត​របស់​គេ​ទៅ​ជា​ងងឹត មិន​អោយ​គេ​ឃើញ​ពន្លឺ​រស្មី​ដ៏​រុងរឿង​នៃ​ដំណឹងល្អ របស់​ព្រះគ្រិស្ដ​ជា​តំណាង​ របស់​ព្រះជាម្ចាស់​នោះ​ឡើយ។ ៥ យើង​មិន​ប្រកាស​អំពី​ខ្លួន​យើង​ទេ គឺ​យើង​ប្រកាស​អំពី​ព្រះយេស៊ូគ្រិស្ដ​ជា​ព្រះអម្ចាស់ ហើយ​យើង​ដាក់​ខ្លួន​ជា​អ្នក​បំរើ​បង​ប្អូន ព្រោះ​តែ​ព្រះយេស៊ូ​នេះ​ហើយ។ ៦ ព្រះជាម្ចាស់​ដែល​មាន​ព្រះបន្ទូល​ថា «ចូរ​អោយ​មាន​ពន្លឺ​ភ្លឺ​ចេញ​ពី​ងងឹត!» ទ្រង់​ក៏​បាន​បំភ្លឺ​ចិត្ត​គំនិត​របស់​យើង​អោយ​ស្គាល់​យ៉ាង​ច្បាស់ នូវ​សិរីរុងរឿង​របស់​ព្រះជាម្ចាស់ ដែល​ភ្លឺ​ចាំង​ពី​ព្រះភក្ត្រ​របស់​ព្រះគ្រិស្ដ​ដែរ។
៧ យើង​មាន​មុខងារ​ដ៏​ប្រសើរ​​នេះ ប្រៀប​បី​ដូច​ជា​ឆ្នាំង​ដី​ដែល​មាន​កំណប់​នៅ​ខាង​ក្នុង ដើម្បី​អោយ​មនុស្ស​លោក​ឃើញ​ថា ឫទ្ធានុភាព​ដ៏​ប្រសើរ​ខ្ពង់ខ្ពស់​នេះ​ជា​ឫទ្ធានុភាព​របស់​ព្រះជាម្ចាស់ មិន​មែន​ជា​របស់​យើង​ទេ។ ៨ គេ​សង្កត់សង្កិន​យើង​គ្រប់​យ៉ាង​មែន តែ​យើង​មិន​ភ័យ​បារម្ភ​អ្វី​ឡើយ យើង​ទ័លច្រក​មែន តែ​យើង​នៅ​តែ​ទៅ​មុខ​រួច ៩ គេ​បៀតបៀន​យើង​មែន តែ​ព្រះជាម្ចាស់​មិន​បោះ​បង់​យើង​ចោល​ឡើយ គេ​វាយដំ​យើង​មែន តែ​យើង​មិន​ស្លាប់​បាត់​បង់​ជីវិត​ឡើយ។ ១០ ក្នុង​រូប​កាយ​យើង យើង​ផ្ទុក​សេចក្ដី​ឈឺ​ចាប់​​របស់​ព្រះយេស៊ូ​ជានិច្ច ដើម្បី​អោយ​គេ​ឃើញ​ព្រះជន្ម​របស់​ព្រះអង្គ​នៅ​ក្នុង​រូប​កាយ​យើង។ ១១ ព្រោះ​តែ​ព្រះយេស៊ូ យើង​ដែល​កំពុង​រស់ តែងតែ​ប្រឈម​មុខ​ទល់​នឹង​សេចក្ដី​ស្លាប់​ជានិច្ច ដើម្បី​អោយ​គេ​ឃើញ​ព្រះជន្ម​របស់​ព្រះអង្គ​នៅ​ក្នុង​រូប​កាយ​យើង​ដែល​តែងតែ​ស្លាប់។ ១២ ដូច្នេះ សេចក្ដី​ស្លាប់​ចេះ​តែ​យាយី​យើង រីឯ​បង​ប្អូន​វិញ បង​ប្អូន​ចេះ​តែ​មាន​ជីវិត​ចំរើន​ឡើង។
១៣ ដោយ​យើង​មាន​វិញ្ញាណ​ដែល​នាំ​អោយ​ជឿ ស្រប​តាម​សេចក្ដី​ដែល​មាន​ចែង​ទុក​មក​ថា «ខ្ញុំ​ជឿ ហេតុ​នេះ​ហើយ​បាន​ជា​ខ្ញុំ​និយាយ» យើង​ក៏​ជឿ​ដែរ ហេតុ​នេះ​ហើយ​បាន​ជា​យើង​និយាយ។ ១៤ យើង​ដឹង​ថា ព្រះអង្គ​ដែល​បាន​ប្រោស​ព្រះអម្ចាស់​យេស៊ូ​អោយ​មាន​ព្រះជន្ម​រស់​ឡើង​វិញ ទ្រង់​ក៏​នឹង​ប្រោស​យើង​អោយ​រស់​ឡើង​វិញ រួម​ជា​មួយ​ព្រះយេស៊ូ​ដែរ ព្រម​ទាំង​នាំ​យើង​ទៅ​នៅ​ក្បែរ​ព្រះអង្គ រួម​ជា​មួយ​បង​ប្អូន​ថែម​ទៀត​ផង។ ១៥ ហេតុការណ៍​ទាំង​នេះ​កើត​ឡើង ជា​ប្រយោជន៍​ដល់​បង​ប្អូន គឺ​អោយ​ព្រះគុណ​បាន​ចំរើន​កាន់​តែ​ច្រើន​ឡើងៗ ដើម្បី​អោយ​មាន​គ្នា​មួយ​ចំនួន​ធំ អរ​ព្រះគុណ​ព្រះជាម្ចាស់​កាន់​តែ​ច្រើន​ឡើង និង​លើក​តម្កើង​សិរីរុងរឿង​របស់​ព្រះអង្គ។
លំនៅ​ដែល​ស្ថិតស្ថេរ​អស់កល្ប​ជានិច្ច
១៦ ហេតុ​នេះ​ហើយ​បាន​ជា​យើង​មិន​បាក់​ទឹក​ចិត្ត​ឡើយ ទោះ​បី​រូប​កាយ​របស់​យើង​ចេះ​តែ​ទ្រុឌទ្រោម​ទៅៗ​ក៏​ដោយ ក៏​ជំរៅ​ចិត្ត​យើង​កាន់​តែ​ចំរើន​ឡើង​ជា​រៀង​រាល់​ថ្ងៃ​ដែរ ១៧ ដ្បិត​ទុក្ខ​លំបាក​បន្តិចបន្តួច​ដែល​យើង​ជួប​ប្រទះ​ម្ដងម្កាល​នោះ ធ្វើ​អោយ​យើង​មាន​សិរីរុងរឿង​ដ៏​ប្រសើរ​លើសលប់ ជា​សិរីរុងរឿង​នៅ​ស្ថិតស្ថេរ​អស់កល្ប​ជានិច្ច ដែល​រក​អ្វី​មក​ប្រៀប​ផ្ទឹម​ពុំ​បាន។ ១៨ ដូច្នេះ យើង​មិន​ចាប់​អារម្មណ៍​នឹង​អ្វីៗ ដែល​ភ្នែក​មើល​ឃើញ​ឡើយ គឺ​យើង​ចាប់​អារម្មណ៍​នឹង​អ្វីៗ ដែល​ភ្នែក​មើល​មិន​ឃើញ​នោះ​វិញ ដ្បិត​អ្វីៗ​ដែល​ភ្នែក​មើល​ឃើញ​នៅ​ស្ថិតស្ថេរ​តែ​មួយ​រយៈ​ប៉ុណ្ណោះ តែ​អ្វីៗ​ដែល​ភ្នែក​មើល​មិន​ឃើញ​នៅ​ស្ថិតស្ថេរ​អស់កល្ប​ជានិច្ច។