១ ដោយ​យើង​ធ្វើ​ការ​រួម​ជា​មួយ​ព្រះជាម្ចាស់ យើង​សូម​ទូន្មាន​បង​ប្អូន​ថា កុំ​ទទួល​ព្រះគុណ​របស់​ព្រះអង្គ យក​មក​ទុក​ចោល​ជា​អសារ​ឥត​ការ​ឡើយ ២ ដ្បិត​ព្រះជាម្ចាស់​មាន​ព្រះបន្ទូល​ថា:
«យើង​បាន​ឆ្លើយ​តប​មក​អ្នក
នៅ​គ្រា​ណា​ដែល​យើង​គាប់​ចិត្ត
យើង​បាន​ជួយ​អ្នក​នៅ​ថ្ងៃ​ណា​ដែល​យើង
សង្គ្រោះ​មនុស្ស​លោក​»។
គ្រា​ដែល​ព្រះជាម្ចាស់​គាប់​ព្រះហឫទ័យ គឺ​ឥឡូវ​នេះ​ហើយ! គឺ​ឥឡូវ​នេះ​ហើយ ជា​ថ្ងៃ​ដែល​ព្រះជាម្ចាស់​សង្គ្រោះ​មនុស្ស​លោក!
៣ យើង​មិន​ចង់​អោយ​កើត​មាន​រឿង​អ្វី​មួយ ដែល​បណ្ដាល​អោយ​នរណា​ម្នាក់​ជំពប់​ចិត្ត បាត់​ជំនឿ​ឡើយ ដើម្បី​កុំ​អោយ​គេ​បន្ទោស​មុខងារ​របស់​យើង។ ៤ ផ្ទុយ​ទៅ​វិញ យើង​តាំង​ខ្លួន​ជា​អ្នក​បំរើ​របស់​ព្រះជាម្ចាស់ ក្នុង​គ្រប់​កាលៈទេសៈ​ទាំង​អស់ ដោយ​ស៊ូ​ទ្រាំ​យ៉ាង​ខ្លាំង ដោយ​ជួប​នឹង​ទុក្ខ​លំបាក​ខ្វះ​ខាត ភ័យ​បារម្ភ ៥ គេ​វាយដំ​យើង គេ​ឃុំឃាំង​យើង គេ​លើក​គ្នា​មក​ប្រឆាំង​នឹង​យើង។ យើង​ធ្វើ​ការ​ធ្ងន់ អត់​ងងុយ អត់​អាហារ។ ៦ យើង​តាំង​ខ្លួន​ជា​អ្នក​បំរើ​របស់​ព្រះជាម្ចាស់ ដោយ​មាន​ចិត្ត​បរិសុទ្ធ* ដោយ​ស្គាល់​ព្រះជាម្ចាស់ ដោយ​មាន​ចិត្ត​អត់ធ្មត់ ចិត្ត​សប្បុរស ដោយ​ព្រះវិញ្ញាណ​ដ៏វិសុទ្ធ* ដោយ​មាន​ចិត្ត​ស្រឡាញ់​ឥត​ពុតត្បុត ៧ ដោយ​ប្រកាស​សេចក្ដី​ពិត ដោយ​ឫទ្ធានុភាព​របស់​ព្រះជាម្ចាស់។ យើង​យក​សេចក្ដី​សុចរិត*​ធ្វើ​ជា​អាវុធ​វាយ​ប្រយុទ្ធ និង​ការពារ ៨ ទាំង​ទ្រាំទ្រ នៅ​ពេល​គេ​គោរព​យើង​ក្ដី បន្ទាប​បន្ថោក​យើង​ក្ដី នៅ​ពេល​គេ​និយាយ​អាក្រក់ ឬ​និយាយ​ល្អ​ពី​យើង​ក្ដី។ គេ​ចាត់​ទុក​យើង​ថា​ជា​ជន​បោក​ប្រាស់ តែ​យើង​ជា​មនុស្ស​ទៀង​ត្រង់។ ៩ គេ​ចាត់​ទុក​យើង​ដូច​ជា​អ្នក​ដែល​គ្មាន​នរណា​ស្គាល់ តែ​មនុស្ស​ទាំង​អស់​ស្គាល់​យើង​យ៉ាង​ច្បាស់។ គេ​ចាត់​ទុក​យើង​ដូច​ជា​មនុស្ស​ហៀប​នឹង​ស្លាប់ តែ​យើង​ពិត​ជា​នៅ​មាន​ជីវិត។ គេ​ធ្វើ​ទារុណកម្ម​យើង តែ​យើង​គ្មាន​ទោស​ដល់​ស្លាប់​ទេ។ ១០ គេ​ធ្វើ​អោយ​យើង​មាន​ទុក្ខ​ព្រួយ តែ​យើង​សប្បាយ​ចិត្ត​ជានិច្ច។ យើង​ដូច​ជា​អ្នក​ក្រ តែ​យើង​បាន​ធ្វើ​អោយ​មនុស្ស​ជា​ច្រើន​ទៅ​ជា​អ្នក​មាន យើង​ដូច​ជា​គ្មាន​អ្វី​សោះ តែ​យើង​មាន​សព្វ​គ្រប់​ទាំង​អស់​វិញ។
១១ បង​ប្អូន​អ្នក​ក្រុង​កូរិនថូស​អើយ យើង​និយាយ​មក​បង​ប្អូន​ដោយ​ស្មោះ​អស់​ពី​ចិត្ត ឥត​លាក់លៀម​អ្វី​ឡើយ ១២ យើង​មិន​ចង្អៀតចង្អល់​ចំពោះ​បង​ប្អូន​ទេ គឺ​បង​ប្អូន​ទេ​តើ ដែល​មាន​ចិត្ត​ចង្អៀតចង្អល់។ ១៣ ខ្ញុំ​និយាយ​មក​បង​ប្អូន ដូច​និយាយ​ទៅ​កាន់​កូន​ចៅ​របស់​ខ្ញុំ ដូច្នេះ សូម​បង​ប្អូន​មាន​ចិត្ត​ទូលាយ​ជា​មួយ​យើង ដូច​ជា​យើង​មាន​ចិត្ត​ទូលាយ​ចំពោះ​បង​ប្អូន​ដែរ។
ការ​ញែក​ខ្លួន​ចេញ​ពី​អំពើ​អាក្រក់
១៤ សូម​កុំ​សេពគប់​ជា​មួយ​អ្នក​មិន​ជឿ​ឡើយ។ តើ​សេចក្ដី​សុចរិត និង​សេចក្ដី​ទុច្ចរិត​ចូល​រួម​ជា​មួយ​គ្នា​កើត​ឬ​ទេ? តើ​ពន្លឺ និង​ភាព​ងងឹត ចូល​រួម​ជា​មួយ​គ្នា​កើត​ឬ​ទេ? ១៥ តើ​ព្រះគ្រិស្ដ* និង​មារ*​សាតាំង​ចុះ​សំរុង​គ្នា​កើត​ឬ​ទេ? តើ​អ្នក​ជឿ និង​អ្នក​មិន​ជឿ​មាន​ទំនាក់ទំនង​អ្វី​នឹង​គ្នា? ១៦ តើ​ព្រះវិហារ*​របស់​ព្រះជាម្ចាស់ និង​ព្រះក្លែងក្លាយ​ចូល​គ្នា​ចុះ​ឬ​ទេ? យើង​ទាំង​អស់​គ្នា​ជា​ព្រះវិហារ​របស់​ព្រះជាម្ចាស់​ដ៏​មាន​ព្រះជន្ម​រស់ ដូច​ព្រះអង្គ​មាន​ព្រះបន្ទូល​ថាៈ
«យើង​នឹង​ស្ថិត​នៅ​ជា​មួយ​ពួក​គេ
ព្រម​ទាំង​រស់​នៅ​ជា​មួយ​ពួក​គេ​ដែរ។
យើង​នឹង​ធ្វើ​ជា​ព្រះ​របស់​គេ
ហើយ​គេ​នឹង​ធ្វើ​ជា​ប្រជារាស្ត្រ
របស់​យើង»​។
១៧ ហេតុ​នេះ​ហើយ​បាន​ជា​ព្រះអម្ចាស់​មាន​ព្រះបន្ទូល​ថាៈ
«ចូរ​ចេញ​ពី​ចំណោម​អ្នក​ទាំង​នោះ
ហើយ​ញែក​ខ្លួន​ចេញ​អោយ​ដាច់​ពី​ពួក​គេ
កុំ​ប៉ះពាល់​អ្វី​ដែល​មិន​បរិសុទ្ធ*​ឡើយ
នោះ​យើង​នឹង​ទទួល​អ្នក​រាល់​គ្នា
១៨  យើង​នឹង​ធ្វើ​ជា​ឪពុក​របស់​អ្នក​រាល់​គ្នា
ហើយ​អ្នក​រាល់​គ្នា​ក៏​ធ្វើ​ជា​កូន​ប្រុស​កូន​ស្រី
របស់​យើង​ដែរ»។
នេះ​ជា​ព្រះបន្ទូល​របស់​ព្រះអម្ចាស់
ដ៏​មាន​ឫទ្ធានុភាព​ខ្ពង់ខ្ពស់​បំផុត​។