ជំនួយ​ផ្ញើ​ទៅ​ជូន​ពួក​បង​ប្អូន
១ ចំពោះ​រឿង​ផ្ញើ​ជំនួយ​ទៅ​ជូន​ប្រជាជន​ដ៏វិសុទ្ធ​នោះ មិន​បាច់​អោយ​ខ្ញុំ​សរសេរ​ជំរាប​បង​ប្អូន​ទេ ២ ខ្ញុំ​ស្គាល់​ឆន្ទៈ​ល្អ​របស់​បង​ប្អូន​ស្រាប់​ហើយ ហើយ​ខ្ញុំ​ក៏​បាន​និយាយ​សរសើរ​ពី​បង​ប្អូន​ប្រាប់​អ្នក​ស្រុក​ម៉ាសេដូន​ថា «បង​ប្អូន​នៅ​ស្រុក​អាខៃ​បាន​រៀបចំ​ខ្លួន​ជា​ស្រេច តាំង​ពី​ឆ្នាំ​ទៅ​ម៉្លេះ»។ ចិត្ត​ខ្នះខ្នែង​របស់​បង​ប្អូន​បាន​ជំរុញ​អ្នក​ឯ​ទៀត​ជា​ច្រើន អោយ​មាន​ចិត្ត​ស្ទុះស្ទា​ឡើង។ ៣ ខ្ញុំ​បាន​ចាត់​ពួក​បង​ប្អូន​ខ្លះ​មក ដើម្បី​អោយ​ឃើញ​ថា​ពាក្យ​ដែល​យើង​និយាយ​សរសើរ​ពី​បង​ប្អូន​ត្រង់​ចំណុច​នេះ មិន​មែន​ខុស​ទេ គឺ​បង​ប្អូន​ពិត​ជា​រៀបចំ​ខ្លួន​ជា​ស្រេច​ដូច​ខ្ញុំ​និយាយ​មែន។ ៤ ប្រសិន​បើ​បង​ប្អូន​នៅ​ស្រុក​ម៉ាសេដូន​មក​ជា​មួយ​ខ្ញុំ ហើយ​ឃើញ​ថា​បង​ប្អូន​មិន​ទាន់​រៀបចំ​ខ្លួន​ទេ​នោះ មិន​ត្រឹម​តែ​យើង​ប៉ុណ្ណោះ​ទេ ដែល​ត្រូវ​អាម៉ាស់​មុខ បង​ប្អូន​ក៏​នឹង​ត្រូវ​អាម៉ាស់​មុខ​ដែរ មក​ពី​យើង​ទុក​ចិត្ត​លើ​បង​ប្អូន​ខ្លាំង​ពេក។ ៥ ហេតុ​នេះ​ហើយ​បាន​ជា​ខ្ញុំ​យល់​ឃើញ​ថា ត្រូវ​តែ​សុំ​អោយ​បង​ប្អូន​នៅ​ទី​នោះ​ធ្វើ​ដំណើរ​មក​រក​បង​ប្អូន​មុន​ខ្ញុំ ដើម្បី​រៀបចំ​ប្រាក់​ជំនួយ​ដែល​បង​ប្អូន​សន្យា​នោះ​អោយ​បាន​រួច​រាល់។ ការ​នេះ ស​អោយ​ឃើញ​ថា បង​ប្អូន​បាន​ចូល​ប្រាក់​ដោយ​ចិត្ត​ទូលាយ មិន​មែន​ដោយ​ចង្អៀតចង្អល់​ទេ។
៦ សូម​ចង​ចាំ​ថា អ្នក​ណា​ព្រោះ​តិច អ្នក​នោះ​ក៏​ច្រូត​បាន​ផល​តិច​ដែរ រីឯ​អ្នក​ដែល​ព្រោះ​ច្រើន​បរិបូណ៌ ក៏​ច្រូត​បាន​ផល​ច្រើន​បរិបូណ៌​ដែរ។ ៧ ហេតុ​នេះ ម្នាក់ៗ​ត្រូវ​តែ​ចូល​ប្រាក់​តាម​តែ​ខ្លួន​សំរេច​ចិត្ត ដោយ​មិន​នឹក​ស្ដាយ ឬ​ទើស​ទ័ល​ឡើយ ដ្បិត​ព្រះជាម្ចាស់​សព្វ​ព្រះហឫទ័យ​នឹង​អ្នក​ណា​ដែល​ធ្វើ​អំណោយ​ដោយ​ចិត្ត​រីករាយ។ ៨ ព្រះអង្គ​អាច​នឹង​ប្រទាន​ពរ​ដ៏​ហូរហៀរ​គ្រប់​យ៉ាង​ដល់​បង​ប្អូន ដើម្បី​អោយ​បង​ប្អូន​មាន​អ្វីៗ​ទាំង​អស់​ដែល​បង​ប្អូន​ត្រូវ​ការ​ដ៏​ចាំបាច់​នោះ​ជានិច្ច ហើយ​ថែម​ទាំង​នៅ​សល់​បរិបូណ៌​សំរាប់​ចែក​ទាន​ផង ៩ ដូច​មាន​ចែង​ទុក​មក​ថាៈ
«ព្រះអង្គ​ចែក ព្រះអង្គ​ប្រទាន​អោយ​អ្នក​ក្រ
សេចក្ដី​សុចរិត​របស់​ព្រះអង្គ​នៅ​ស្ថិតស្ថេរ
រហូត​ត​រៀង​ទៅ»
១០ ព្រះអង្គ​ដែល «ប្រទាន​គ្រាប់​ពូជ​ដល់​អ្នក​សាប​ព្រោះ និង​ប្រទាន​ចំណី​អាហារ​អោយ​គេ​ផង​នោះ»​ ទ្រង់​ក៏​ផ្គត់ផ្គង់​គ្រាប់​ពូជ​អោយ​បង​ប្អូន និង​អោយ​គ្រាប់​ពូជ​នោះ​កើន​ចំនួន​ឡើង​ដែរ ហើយ​ព្រះអង្គ​នឹង​ធ្វើ​អោយ​សេចក្ដី​សុចរិត​របស់​បង​ប្អូន បង្កើត​ផល​បាន​ច្រើន​ឡើង​ថែម​ទៀត។ ១១ ព្រះអង្គ​នឹង​ធ្វើ​អោយ​បង​ប្អូន​ទៅ​ជា​អ្នក​មាន​គ្រប់​វិស័យ​ទាំង​អស់ ដើម្បី​អោយ​បង​ប្អូន​មាន​ចិត្ត​សទ្ធា​ជ្រះថ្លា​គ្រប់​ចំពូក និង​អោយ​អ្នក​ឯ​ទៀតៗ​អរ​ព្រះគុណ​ព្រះជាម្ចាស់​ដោយ​យើង​ជួយ​គេ ១២ ដ្បិត​មុខងារ​ប្រមូល​ប្រាក់​នេះ មិន​ត្រឹម​តែ​ជួយ​ផ្គត់ផ្គង់​សេចក្ដី​ត្រូវ​ការ​របស់​អ្នក​ជឿ​ប៉ុណ្ណោះ​ទេ គឺ​ថែម​ទាំង​ជួយ​គេ​អោយ​អរ​ព្រះគុណ​ព្រះជាម្ចាស់​កាន់​តែ​ច្រើន​ឡើង​ទៀត​ផង។ ១៣ ពេល​គេ​យល់​តម្លៃ​នៃ​កិច្ចការ​ដែល​បង​ប្អូន​ធ្វើ​នេះ គេ​នាំ​គ្នា​លើក​តម្កើង​សិរីរុងរឿង​របស់​ព្រះជាម្ចាស់ ព្រោះ​បង​ប្អូន​សំដែង​អោយ​គេ​ឃើញ​ថា បង​ប្អូន​ពិត​ជា​ប្រតិបត្តិ​តាម​ដំណឹងល្អ*​របស់​ព្រះគ្រិស្ដ​ដែល​បង​ប្អូន​ប្រកាស ហើយ​បង​ប្អូន​មាន​ចិត្ត​ទូលាយ ដោយ​យក​របស់​របរ​មក​ចែក​ជា​មួយ​ពួក​គេ និង​ជា​មួយ​មនុស្ស​ទាំង​អស់។ ១៤ គេ​ទូលអង្វរ​ព្រះជាម្ចាស់​អោយ​បង​ប្អូន​ដោយ​ចិត្ត​ស្រឡាញ់ ព្រោះ​តែ​ព្រះគុណ​ដ៏​ច្រើន​លើស​លុប​ដែល​ព្រះជាម្ចាស់​ប្រទាន​មក​បង​ប្អូន។ ១៥ សូម​អរ​ព្រះគុណ​ព្រះជាម្ចាស់ ចំពោះ​ព្រះអំណោយ​ទាន​ដ៏​ប្រសើរ​បំផុត​របស់​ព្រះអង្គ​រក​ថ្លែង​ពុំ​បាន។