៦
ព្រះអង្គទ្រង់ព្រះពិរោធនឹងទូលបង្គំ តែសូមកុំដាក់ទោសទូលបង្គំឡើយ
ទំនុកពីសៀវភៅរបស់គ្រូចំរៀង។ កំដរដោយក្រុមតន្ត្រីមានខ្សែ និងពិណប្រាំបីខ្សែ។ ទំនុករបស់ស្ដេចដាវីឌ។
១ ឱព្រះអម្ចាស់អើយ ទោះបីព្រះអង្គ
ទ្រង់ព្រះពិរោធនឹងទូលបង្គំក្ដី
សូមកុំដាក់ទោសទូលបង្គំឡើយ
ទោះបីព្រះអង្គខ្ញាល់នឹងទូលបង្គំក្ដី
ក៏សូមកុំធ្វើទោសទូលបង្គំដែរ!
២ ព្រះអម្ចាស់អើយ សូមប្រណីសន្ដោសទូលបង្គំផង
ដ្បិតទូលបង្គំកាន់តែខ្សោយណាស់ហើយ
ព្រះអម្ចាស់អើយ សូមប្រោសទូលបង្គំអោយជាផង
ដ្បិតរូបកាយទូលបង្គំទាំងមូលញ័រញាក់។
៣ ចិត្តគំនិតទូលបង្គំតប់ប្រមល់ជាខ្លាំង
ព្រះអម្ចាស់អើយ តើទុកអោយទូលបង្គំនៅដូច្នេះ
ដល់កាលណាទៀត?
៤ ព្រះអម្ចាស់អើយ សូមទ្រង់យាងមកវិញ
ហើយសង្គ្រោះទូលបង្គំផង សូមរំដោះទូលបង្គំ
ដោយព្រះហឫទ័យសប្បុរស
៥ ដ្បិតពេលស្លាប់ផុតទៅហើយ
គ្មាននរណាអាចនឹកដល់ព្រះអង្គបានទៀតទេ
ពុំដែលមាននរណាសរសើរតម្កើងព្រះអង្គ
នៅក្នុងស្ថានមនុស្សស្លាប់ឡើយ។
៦ ទូលបង្គំស្រែកថ្ងូរ ហើយកាន់តែល្វើយទៅៗ។
រៀងរាល់យប់ ទូលបង្គំយំសោកនៅលើគ្រែ
ហើយបង្ហូរទឹកភ្នែកជោកខ្នើយ។
៧ ទុក្ខកង្វល់បានធ្វើអោយទូលបង្គំស្លក់មុខ
ភ្នែកទូលបង្គំក៏ប្រែទៅជាស្រវាំង
ព្រោះតែបច្ចាមិត្តរបស់ទូលបង្គំ។
៨ អស់អ្នកដែលប្រព្រឹត្តអំពើទុច្ចរិតអើយ
ចូរចៀសចេញអោយឆ្ងាយពីខ្ញុំទៅ
ដ្បិតព្រះអម្ចាស់ ទ្រង់ព្រះសណ្ដាប់ឮសំឡេង
យំសោករបស់ខ្ញុំហើយ។
៩ ព្រះអម្ចាស់ទ្រង់ព្រះសណ្ដាប់ឮពាក្យ
ទទូចអង្វររបស់ខ្ញុំ
ព្រះអម្ចាស់ទទួលពាក្យអធិស្ឋានរបស់ខ្ញុំហើយ។
១០ សូមអោយខ្មាំងសត្រូវទាំងប៉ុន្មានរបស់ខ្ញុំ
ត្រូវអាម៉ាស់ និងញ័ររន្ធត់
ហើយអោយគេដកខ្លួនថយទៅវិញ
ទាំងអៀនខ្មាសយ៉ាងខ្លាំង។