៦០
ពាក្យទូលអង្វររបស់ប្រជាជាតិក្រោយពេលបរាជ័យ
ទំនុកពីសៀវភៅរបស់គ្រូចំរៀង។ បទ «ផ្កាម្លិះបន្ទាល់»។ បទចំរៀងរបស់ស្ដេចដាវីឌសំរាប់ប្រៀនប្រដៅ។ រំលឹកពីគ្រាដែលព្រះអង្គធ្វើសឹកជាមួយជនជាតិស៊ីរីនៅស្រុកមេសូប៉ូតាមា និងជនជាតិស៊ីរីនៅស្រុកសូបា ហើយនៅពេលដែលលោកយ៉ូអាប់វិលមកពីច្បាំងឈ្នះទ័ពអេដុមមួយម៉ឺនពីរពាន់នាក់ នៅវាលទំនាបអំបិល។
១ ឱព្រះជាម្ចាស់អើយ
ព្រះអង្គបានបោះបង់ចោលយើងខ្ញុំ
ព្រះអង្គបានធ្វើអោយយើងខ្ញុំបាក់ទ័ព
ទោះបីព្រះអង្គទ្រង់ព្រះពិរោធនឹងយើងខ្ញុំក៏ដោយ
ព្រះអង្គអើយ
សូមស្រោចស្រង់យើងខ្ញុំឡើងវិញផង។
២ ព្រះអង្គបានធ្វើអោយផែនដីរញ្ជួយ
និងប្រេះចេញពីគ្នា
ឥឡូវនេះ សូមទ្រង់ផ្សារភ្ជាប់ឡើងវិញផង
ព្រោះផែនដីកំពុងរង្គើ។
៣ ព្រះអង្គបានធ្វើអោយប្រជារាស្ត្ររបស់ព្រះអង្គ
ជួបនឹងទុក្ខវេទនាដ៏សែនពិបាក
ព្រះអង្គបានដាក់ទោសយើងខ្ញុំ
ស្ទើរតែវង្វេងស្មារតី។
៤ ព្រះអង្គប្រទានទង់ជ័យជាសញ្ញាអោយអស់អ្នក
ដែលគោរពកោតខ្លាចព្រះអង្គ
អាចគេចផុតពីបរាជ័យ។
- សំរាក
៥ សូមយាងមកសង្គ្រោះយើងខ្ញុំ
ដោយឫទ្ធិបារមីរបស់ព្រះអង្គ
សូមឆ្លើយតបនឹងយើងខ្ញុំផង
ដើម្បីអោយប្រជាជនជាទីស្រឡាញ់
របស់ព្រះអង្គបានរួចជីវិត។
៦ ព្រះជាម្ចាស់មានព្រះបន្ទូល
ពីទីសក្ការៈរបស់ព្រះអង្គមកថា:
«យើងនឹងយកជ័យជំនះ
យើងនឹងបែងចែកស្រុកស៊ីគែម
យើងនឹងវាស់ជ្រលងភ្នំស៊ូកូត
ចែកប្រជារាស្ត្ររបស់យើង។
៧ កាឡាតជាទឹកដីរបស់យើង
ហើយម៉ាណាសេក៏ជាទឹកដីរបស់យើងដែរ
អេប្រាអ៊ីមប្រៀបដូចជាមួកដែករបស់យើង
ហើយយូដាជាដំបងរាជ្យរបស់យើង។
៨ ទឹកដីម៉ូអាប់ជាកន្លែងដែលយើងលាងជើង
យើងបោះស្បែកជើងយើងលើទឹកដីអេដុម
ដើម្បីបញ្ជាក់ថាយើងជាម្ចាស់លើទឹកដីនេះ។
យើងនឹងស្រែកប្រកាសសង្គ្រាមប្រឆាំងនឹងស្រុកភីលីស្ទីន!»។
៩ តើនរណាអាចនាំខ្ញុំចូលទៅ
ក្នុងទីក្រុងដ៏មាំមួនបាន?
តើនរណាអាចនាំខ្ញុំចូលទៅស្រុកអេដុម?
១០ ឱព្រះជាម្ចាស់អើយ!
មានតែព្រះអង្គទេដែលអាចនាំយើងខ្ញុំ
ក៏ប៉ុន្តែ ព្រះអង្គបានបោះបង់ចោលយើងខ្ញុំ
ព្រះអង្គឈប់យាងទៅជាមួយ
កងទ័ពយើងខ្ញុំទៀតហើយ។
១១ សូមជួយយើងខ្ញុំអោយប្រឆាំងតទល់
នឹងពួកសត្រូវផង
ដ្បិតការសង្គ្រោះមកពីមនុស្សលោក ឥតប្រយោជន៍អ្វីសោះ។
១២ បើព្រះជាម្ចាស់គង់នៅជាមួយយើង
នោះយើងនឹងមានជ័យជំនះ
ដ្បិតព្រះអង្គនឹងបង្ក្រាបបច្ចាមិត្ត
របស់យើងអោយរាប។