២
ដង្វាយធញ្ញជាតិ 
  ១ បើអ្នកណាចង់ថ្វាយ ជាដង្វាយម្សៅដល់ព្រះយេហូវ៉ា នោះត្រូវយកម្សៅយ៉ាងម៉ដ្ត ហើយចាក់ប្រេង ព្រមទាំងដាក់កំញានផង   ២ ត្រូវឲ្យយកទៅឯពួកកូនអើរ៉ុនដ៏ជាសង្ឃ ហើយត្រូវឲ្យសង្ឃយកម្សៅយ៉ាងម៉ដ្តនោះ១ក្តាប់ជាមួយនឹងប្រេងខ្លះ ព្រមទាំងកំញានទាំងអស់ទៅដុត ទុកជាទីរំឭកនៅលើអាសនា គឺជាដង្វាយដែលដុតសំរាប់ជាក្លិនឈ្ងុយដល់ព្រះយេហូវ៉ា   ៣ ឯចំណែកដង្វាយម្សៅដែលសល់នៅ នោះគឺសំរាប់អើរ៉ុន និងពួកកូនលោក ជារបស់បរិសុទ្ធបំផុត ក្នុងអស់ទាំងដង្វាយ ដែលដុតថ្វាយព្រះយេហូវ៉ា។   
 ៤ ហើយបើថ្វាយដង្វាយម្សៅ ដែលចំអិននៅក្នុងឡ នោះត្រូវថ្វាយជានំឥតដំបែ ធ្វើពីម្សៅយ៉ាងម៉ដ្ត លាយនឹងប្រេង ឬជានំក្រៀបឥតដំបែលាបដោយប្រេងក៏បាន។   
 ៥ ឬបើថ្វាយដង្វាយម្សៅដែលបានចំអិនក្នុងពុម្ព នោះត្រូវឲ្យធ្វើពីម្សៅយ៉ាងម៉ដ្តឥតដំបែលាយដោយប្រេង   ៦ ត្រូវបេះនំនោះជាដុំៗ ហើយចាក់ប្រេងពីលើ នេះហើយជាដង្វាយម្សៅ។   
 ៧ បើថ្វាយម្សៅដែលចៀននឹងខ្ទះ នោះត្រូវឲ្យធ្វើពីម្សៅយ៉ាងម៉ដ្ត លាយដោយប្រេង   ៨ ឯដង្វាយម្សៅដែលបានធ្វើបែបយ៉ាងនេះ នោះត្រូវនាំយកទៅឯព្រះយេហូវ៉ា ត្រូវប្រគល់ដល់សង្ឃម្នាក់ ហើយត្រូវឲ្យសង្ឃនោះយកទៅឯអាសនា   ៩ រួចត្រូវយក១ចំណែកនៃដង្វាយម្សៅនោះទុកជាទីរំឭក ទៅដុតលើអាសនា គឺជាដង្វាយដុតសំរាប់ជាក្លិនឈ្ងុយដល់ព្រះយេហូវ៉ា   ១០ ឯដង្វាយម្សៅដែលនៅសល់ នោះនឹងបានជារបស់សំរាប់អើរ៉ុន និងពួកកូនលោកវិញ ជារបស់បរិសុទ្ធបំផុត ក្នុងអស់ទាំងតង្វាយ ដែលដុតថ្វាយព្រះយេហូវ៉ា។   
 ១១ រីឯដង្វាយម្សៅណាដែលឯងរាល់គ្នានឹងថ្វាយដល់ព្រះយេហូវ៉ា នោះត្រូវឲ្យលាយដោយដំបែឡើយ ដ្បិតមិនត្រូវដុតដំបែ ឬទឹកឃ្មុំ ទុកជាដង្វាយថ្វាយដល់ព្រះយេហូវ៉ាទេ   ១២ របស់ទាំង២នោះ ត្រូវថ្វាយដល់ព្រះយេហូវ៉ាទុកជាផលដំបូងវិញ តែមិនត្រូវដុតនៅលើអាសនា សំរាប់ជាក្លិនឈ្ងុយឡើយ   ១៣ ហើយអស់ទាំងដង្វាយម្សៅដែលឯងថ្វាយ នោះត្រូវបង់អំបិលផង ក៏មិនត្រូវឲ្យខាននឹងដាក់អំបិលនៃសេចក្តីសញ្ញារបស់ព្រះនៃឯង ក្នុងដង្វាយម្សៅឡើយ ត្រូវតែបង់អំបិលចុះក្នុងគ្រប់ទាំងដង្វាយរបស់ឯង។   
 ១៤ ហើយបើយកផលដំបូង មកថ្វាយជាដង្វាយម្សៅដល់ព្រះយេហូវ៉ា នោះត្រូវថ្វាយគួរស្រូវថ្មីដែលលីង ហើយបុកទុកជាដង្វាយផលដំបូង   ១៥ ត្រូវចាក់ប្រេង ហើយដាក់កំញានពីលើ នេះហើយជាដង្វាយម្សៅ   ១៦ សង្ឃម្នាក់នឹងយកស្រូវ បុក១ចំណែកនឹងប្រេងខ្លះ ហើយនឹងកំញានទាំងអស់ ពីដង្វាយនោះ ដុតថ្វាយទុកជាទីរំឭក នេះជាដង្វាយដុតថ្វាយព្រះយេហូវ៉ា។