១៨
ព្យាការីអេលីយ៉ាជួបព្រះបាទអហាប់
១ ច្រើនថ្ងៃកន្លងផុតទៅ គឺនៅឆ្នាំទីបីនៃការរាំងស្ងួត ព្រះអម្ចាស់មានព្រះបន្ទូលមកកាន់ព្យាការីអេលីយ៉ាថា៖ «ចូរទៅជួបស្ដេចអហាប់ចុះ! យើងនឹងបង្អុរភ្លៀងមកលើផែនដី»។ ២ លោកអេលីយ៉ាក៏ចូលទៅគាល់ព្រះបាទអហាប់។
ពេលនោះ មានកើតទុរ្ភិក្សយ៉ាងខ្លាំងនៅក្រុងសាម៉ារី។ ៣ ព្រះបាទអហាប់បានអោយគេទៅអញ្ជើញលោកអូបាឌា ជាអ្នកទទួលខុសត្រូវក្នុងវាំងមក -លោកអូបាឌាជាមនុស្សគោរពកោតខ្លាចព្រះអម្ចាស់ណាស់។ ៤ នៅគ្រាដែលម្ចាស់ក្សត្រីយេសិបិលសម្លាប់ពួកព្យាការី*របស់ព្រះអម្ចាស់ លោកអូបាឌានាំព្យាការីមួយរយនាក់ទៅពួននៅក្នុងរអាងភ្នំ គាត់ចែកពួកគេជាពីរក្រុម ក្នុងមួយក្រុមមានហាសិបនាក់ ហើយគាត់បានផ្គត់ផ្គង់ស្បៀងអាហារ និងទឹកផង។ ៥ ព្រះបាទអហាប់មានរាជឱង្ការទៅកាន់លោកអូបាឌាថា៖ «សូមលោកធ្វើដំណើរទៅមើលតាមប្រភពទឹក និងតាមស្ទឹងទាំងអស់នៅក្នុងស្រុក ក្រែងលោយើងរកបានស្មៅ សំរាប់សេះ និងលាដើម្បីអោយវានៅរស់ ហើយចៀសវាងសម្លាប់សត្វទាំងនេះ»។ ៦ ដូច្នេះ ពួកគេក៏ចែកតំបន់គ្នា ព្រះបាទអហាប់ធ្វើដំណើរតាមផ្លូវមួយ រីឯលោកអូបាឌាធ្វើដំណើរតាមផ្លូវមួយទៀត។
៧ ក្នុងពេលដែលលោកអូបាឌាធ្វើដំណើរ លោកអេលីយ៉ាបានជួបនឹងគាត់។ លោកអូបាឌាមើលលោកអេលីយ៉ាស្គាល់ គាត់ក៏ក្រាបចុះអោនមុខដល់ដី ហើយពោលថា៖ «លោកម្ចាស់ពិតជាលោកអេលីយ៉ាឬ?» ៨ លោកអេលីយ៉ាឆ្លើយថា៖ «គឺខ្ញុំនេះហើយ! សូមទៅទូលព្រះរាជាថា អេលីយ៉ាមកដល់ហើយ!»។ ៩ លោកអូបាឌាពោលថា៖ «តើខ្ញុំប្របាទប្រព្រឹត្តអ្វីខុស បានជាលោកប្រគល់ខ្ញុំប្របាទ ទៅក្នុងកណ្ដាប់ដៃរបស់ព្រះបាទអហាប់ ដើម្បីអោយស្ដេចសម្លាប់ខ្ញុំប្របាទដូច្នេះ? ១០ ខ្ញុំប្របាទសូមជំរាបលោក ក្នុងនាមព្រះអម្ចាស់ដែលមានព្រះជន្មគង់នៅជាព្រះរបស់លោកថា: ព្រះរាជាចាត់គេអោយទៅតាមរកលោក នៅគ្រប់ប្រជាជាតិ និងគ្រប់នគរ។ កាលមានគេឆ្លើយថា លោកមិននៅទីនោះទេ ស្ដេចតែងតែអោយនគរ ឬប្រជាជាតិនោះស្បថថា គេមិនបានឃើញលោកមែន។ ១១ ឥឡូវនេះ លោកប្រើខ្ញុំប្របាទអោយទៅទូលព្រះរាជាថា លោកអញ្ជើញមកហើយ! ១២ ប៉ុន្តែ ក្នុងពេលខ្ញុំប្របាទចេញទៅនោះ ប្រសិនបើព្រះវិញ្ញាណរបស់ព្រះអម្ចាស់មកលើកលោកយកទៅកន្លែងមួយដែលខ្ញុំប្របាទមិនដឹង ហើយបើព្រះបាទអហាប់រកលោកពុំឃើញ ដូចខ្ញុំប្របាទរាយការណ៍ថ្វាយទេ នោះស្ដេចមុខជាសម្លាប់ខ្ញុំប្របាទពុំខាន ថ្វីដ្បិតតែខ្ញុំប្របាទគោរពកោតខ្លាចព្រះអម្ចាស់ តាំងពីក្មេងមកក៏ដោយ។ ១៣ គ្មាននរណាជំរាបលោកម្ចាស់ពីកិច្ចការទាំងប៉ុន្មានដែលខ្ញុំប្របាទបានធ្វើទេឬ? ពេលម្ចាស់ក្សត្រីយេសិបិលសម្លាប់ពួកព្យាការីរបស់ព្រះអម្ចាស់ ខ្ញុំប្របាទបាននាំព្យាការីមួយរយនាក់ទៅពួនក្នុងរអាងភ្នំ។ ពួកគេមានពីរក្រុមក្នុងមួយក្រុមមានហាសិបនាក់ ហើយខ្ញុំប្របាទបានផ្គត់ផ្គង់ស្បៀងអាហារ និងទឹកដល់ពួកគេផង។ ១៤ ឥឡូវនេះ បើលោកប្រើខ្ញុំប្របាទអោយទៅទូលព្រះរាជាថា លោកអញ្ជើញមកហើយ នោះស្ដេចមុខជាសម្លាប់ខ្ញុំប្របាទពុំខាន!»។ ១៥ លោកអេលីយ៉ាមានប្រសាសន៍ថា៖ «ខ្ញុំសូមជំរាបលោក ក្នុងនាមព្រះអម្ចាស់នៃពិភពទាំងមូល ដែលមានព្រះជន្មគង់នៅ និងជាព្រះដែលខ្ញុំគោរពបំរើថា ថ្ងៃនេះខ្ញុំនឹងជួបព្រះបាទអហាប់»។
១៦ លោកអូបាឌាចូលទៅគាល់ព្រះបាទអហាប់ ហើយរាយការណ៍ថ្វាយស្ដេច។ ព្រះបាទអហាប់ក៏យាងទៅជួបលោកអេលីយ៉ា។ ១៧ កាលស្ដេចឃើញលោកអេលីយ៉ាហើយ ទ្រង់ក៏មានរាជឱង្ការថា៖ «គឺលោកហ្នឹងហើយដែលនាំអោយអ៊ីស្រាអែលរងគ្រោះ!»។ ១៨ លោកអេលីយ៉ាតបថា៖ «ទូលបង្គំមិនបាននាំអោយអ៊ីស្រាអែលរងគ្រោះឡើយ គឺព្រះករុណា និងរាជវង្សវិញទេតើ ដែលបង្កអោយមានគ្រោះកាចនេះ ព្រោះព្រះករុណាបោះបង់ចោលបទបញ្ជារបស់ព្រះអម្ចាស់ទៅគោរពបំរើព្រះបាល។ ១៩ ឥឡូវនេះ សូមប្រមូលប្រជាជនអ៊ីស្រាអែលទាំងមូល អោយមកជួបទូលបង្គំនៅលើភ្នំកើមែល ហើយអោយព្យាការីរបស់ព្រះបាល ទាំងបួនរយហាសិបនាក់ និងព្យាការីរបស់ព្រះអាសេរ៉ាទាំងបួនរយនាក់ ដែលបរិភោគរួមតុនឹងម្ចាស់ក្សត្រីយេសិបិលមកជាមួយដែរ»។
ព្យាការីអេលីយ៉ា និងពួកព្យាការីរបស់ព្រះបាល ប្រជែងគ្នានៅលើភ្នំកើមែល
២០ ព្រះបាទអហាប់បានចាត់គេអោយកោះហៅប្រជាជនអ៊ីស្រាអែលទាំងមូល ព្រមទាំងប្រមូលពួកព្យាការីរបស់ព្រះបាល អោយមកជួបជុំគ្នានៅលើភ្នំកើមែល។ ២១ លោកអេលីយ៉ាចូលទៅជិតប្រជាជនទាំងមូល រួចមានប្រសាសន៍ថា៖ «តើអ្នករាល់គ្នានៅស្ទាក់ស្ទើរដល់កាលណាទៀត? ប្រសិនបើព្រះអម្ចាស់ជាព្រះពិតប្រាកដមែន ចូរគោរពបំរើព្រះអង្គចុះ ហើយប្រសិនបើព្រះបាលជាព្រះវិញ ចូរគោរពព្រះបាលទៅ!»។ ពេលនោះ ប្រជាជនពុំបានឆ្លើយតបអ្វីឡើយ។ ២២ លោកអេលីយ៉ាមានប្រសាសន៍ទៅកាន់ប្រជាជនទៀតថា៖ «ក្នុងចំណោមព្យាការីរបស់ព្រះអម្ចាស់ នៅសល់តែខ្ញុំម្នាក់គត់ រីឯព្យាការីរបស់ព្រះបាលវិញ មានដល់ទៅបួនរយហាសិបនាក់។ ២៣ ចូរយកគោបាពីរក្បាលមក ហើយសូមអស់លោកព្យាការីជ្រើសរើសយកគោមួយក្បាលរួចកាប់ជាដុំៗ ដាក់លើគំនរអុស តែមិនបង្កាត់ភ្លើងទេ។ រីឯខ្ញុំវិញ ខ្ញុំនឹងរៀបចំគោមួយក្បាលទៀត ដាក់លើគំនរអុសតែមិនបង្កាត់ភ្លើងទេ។ ២៤ បន្ទាប់មក ចូរអង្វររកព្រះនាមនៃព្រះរបស់អ្នករាល់គ្នា រីឯខ្ញុំវិញ ខ្ញុំអង្វររកព្រះនាមព្រះអម្ចាស់ដែរ។ ព្រះណាឆ្លើយតបដោយធ្វើអោយមានភ្លើងឆេះ គឺព្រះនោះហើយដែលជាព្រះដ៏ពិតប្រាកដ»។ ប្រជាជនទាំងមូលឆ្លើយថា៖ «យល់ព្រម»។
២៥ លោកអេលីយ៉ាមានប្រសាសន៍ទៅកាន់ពួកព្យាការីរបស់ព្រះបាលថា៖ «ចូរជ្រើសរើសយកគោបាមួយក្បាលសំរាប់អស់លោក ហើយចាប់ផ្ដើមមុនចុះ ដ្បិតអស់លោកមានគ្នាច្រើន។ ចូរអង្វររកព្រះនាមនៃព្រះរបស់អស់លោក ប៉ុន្តែ កុំបង្កាត់ភ្លើងឡើយ»។ ២៦ ពួកគេយកគោបាមួយក្បាលមករៀបចំ រួចចាប់ផ្ដើមអង្វររកព្រះនាមរបស់ព្រះបាល តាំងពីព្រលឹម រហូតដល់ថ្ងៃត្រង់ដោយពោលថា៖ «ឱព្រះបាលអើយ សូមមេត្តាឆ្លើយតបមកយើងខ្ញុំផង!»។ ប៉ុន្តែ គ្មានឮសូរសំឡេង ឬចម្លើយអ្វីសោះ។ ពួកគេរាំជុំវិញអាសនៈដែលពួកគេបានសង់។ ២៧ លុះដល់ថ្ងៃត្រង់ លោកអេលីយ៉ាក៏ចំអកទៅពួកគេថា៖ «ចូរខំប្រឹងស្រែកអោយខ្លាំងឡើង ដ្បិតព្រះបាលជាព្រះ ហេតុនេះហើយបានជាទ្រង់កំពុងជាប់រវល់ ឬមានកិច្ចការអ្វីហើយ ឬកំពុងតែធ្វើដំណើរ ឬប្រហែលជាផ្ទំលក់។ ដូច្នេះ ត្រូវដាស់ព្រះអង្គអោយតើនឡើង!»។ ២៨ ពួកគេស្រែកអង្វរកាន់តែខ្លាំងឡើងៗ ហើយយកចុងដាវ និងចុងលំពែងឆូតលើសាច់ តាមទម្លាប់របស់គេ ទាល់តែឈាមហូរពេញខ្លួន។ ២៩ លុះដល់ថ្ងៃជ្រេបន្តិច ពួកគេនាំគ្នាទាយរហូតដល់ពេលថ្វាយសក្ការៈបូជាវេលាល្ងាច។ ប៉ុន្តែ គ្មានឮសំឡេង គ្មានចម្លើយ ឬទីសំគាល់អ្វីឡើយ។
៣០ លោកអេលីយ៉ាមានប្រសាសន៍ទៅកាន់ប្រជាជនទាំងមូលថា៖ «ចូរនាំគ្នាចូលមកជិតខ្ញុំ!»។ ប្រជាជនទាំងមូលក៏ចូលទៅជិតលោក។ លោកអេលីយ៉ាសង់អាសនៈរបស់ព្រះអម្ចាស់ ដែលគេរំលំចោលឡើងវិញ។ ៣១ លោកយកថ្មដប់ពីរដុំ តាមចំនួនកុលសម្ព័ន្ធកូនចៅរបស់លោកយ៉ាកុប។ គឺលោកយ៉ាកុបនេះហើយ ដែលព្រះអម្ចាស់មានព្រះបន្ទូលថា «អ្នកនឹងមានឈ្មោះថាអ៊ីស្រាអែល»។ ៣២ លោកអេលីយ៉ាយកថ្មទាំងដប់ពីរដុំសង់អាសនៈមួយថ្វាយព្រះនាមព្រះអម្ចាស់ រួចលោកក៏ជីកចង្អូរជុំវិញអាសនៈនោះ ដែលមានចំណុះអាចដាក់ទឹកបានពីរប៉ោត។ ៣៣ លោករៀបអុសដាក់លើអាសនៈ រួចកាប់គោជាដុំៗដាក់ពីលើអុសនោះ។ ៣៤ លោកមានប្រសាសន៍ថា៖ «ចូរដងទឹកបួនក្អម ចាក់លើតង្វាយដុតទាំងមូល និងលើអុសនេះ»។ គេក៏ធ្វើតាមបង្គាប់របស់លោក។ បន្ទាប់មក លោកមានប្រសាសន៍ថា៖ «ចូរដងទឹកមកចាក់ម្ដងទៀត»។ គេក៏ធ្វើតាមបង្គាប់របស់លោក។ រួចហើយលោកមានប្រសាសន៍ជាលើកទីបីថា៖ «ចូរដងទឹកមកចាក់ម្ដងទៀត»។ គេធ្វើតាមបង្គាប់របស់លោកជាលើកទីបី។ ៣៥ ទឹកហូរជុំវិញអាសនៈ ហើយចង្អូរក៏មានទឹកពេញដែរ។
៣៦ លុះដល់ពេលថ្វាយសក្ការៈបូជាវេលាល្ងាច លោកអេលីយ៉ាចូលមកជិតអាសនៈ ហើយទូលថា៖ «បពិត្រព្រះអម្ចាស់ ជាព្រះរបស់លោកអប្រាហាំ លោកអ៊ីសាក និងលោកអ៊ីស្រាអែល នៅថ្ងៃនេះ សូមបង្ហាញអោយប្រជាជនដឹងថា ព្រះអង្គពិតជាព្រះនៃជនជាតិអ៊ីស្រាអែល ហើយទូលបង្គំជាអ្នកបំរើរបស់ព្រះអង្គ។ សូមអោយពួកគេឃើញថា ទូលបង្គំធ្វើការទាំងនេះ តាមបញ្ជារបស់ព្រះអង្គ។ ៣៧ ព្រះអម្ចាស់អើយ សូមមេត្តាឆ្លើយតបមកទូលបង្គំផង ដើម្បីអោយប្រជាជននេះទទួលស្គាល់ថា ព្រះអង្គពិតជាព្រះអម្ចាស់ ជាព្រះដ៏ពិតប្រាកដ មានតែព្រះអង្គទេ ដែលអាចនាំចិត្តពួកគេ អោយវិលមករកព្រះអង្គវិញបាន»។
៣៨ ខណៈនោះ ស្រាប់តែភ្លើងរបស់ព្រះអម្ចាស់ធ្លាក់ចុះមក ឆេះតង្វាយដុតទាំងមូល ព្រមទាំងអុស ថ្ម ដី និងធ្វើអោយទឹកនៅក្នុងចង្អូររីងស្ងួតផង។ ៣៩ កាលប្រជាជនទាំងមូលឃើញដូច្នេះ ក៏នាំគ្នាក្រាបថ្វាយបង្គំ អោនមុខដល់ដីហើយពោលថា៖ «គឺព្រះអម្ចាស់ហើយជាព្រះដ៏ពិតប្រាកដ!»។ ៤០ លោកអេលីយ៉ាមានប្រសាសន៍ទៅពួកគេថា៖ «ចូរនាំគ្នាចាប់ព្យាការីរបស់ព្រះបាល កុំអោយនរណាម្នាក់រត់រួចឡើយ!»។ ប្រជាជនក៏ចាប់ព្យាការីរបស់ព្រះបាល ហើយលោកអេលីយ៉ាបញ្ជាអោយនាំពួកគេទៅកាន់ជ្រោះគីសូន រួចលោកក៏អារកព្យាការីទាំងអស់នៅទីនោះទៅ។
ភ្លៀងបង្អុរចុះមកសាជាថ្មី
៤១ លោកអេលីយ៉ាទូលព្រះបាទអហាប់ថា៖ «សូមព្រះករុណាយាងសោយព្រះស្ងោយ ដ្បិតទូលបង្គំ ឮសូរសន្ធឹកភ្លៀងជិតមកដល់ហើយ»។ ៤២ ព្រះបាទអហាប់ក៏យាងទៅសោយព្រះស្ងោយ។ រីឯលោកអេលីយ៉ាវិញ លោកឡើងទៅលើកំពូលភ្នំកើមែល ហើយថ្វាយបង្គំព្រះអម្ចាស់ដោយអោនក្បាលនៅចន្លោះជង្គង់ទាំងពីរ។ ៤៣ លោកប្រាប់អ្នកបំរើរបស់លោកថា៖ «ចូរឡើងទៅ ហើយសម្លឹងឆ្ពោះទៅសមុទ្រ!»។ អ្នកបំរើនោះក៏ឡើងទៅហើយសម្លឹងមើល រួចឆ្លើយថា៖ «ខ្ញុំប្របាទមិនឃើញអ្វីទេ!»។ លោកអេលីយ៉ាប្រាប់អ្នកបំរើ អោយឡើងទៅមើលដូច្នេះចំនួនប្រាំពីរដង។ ៤៤ នៅលើកទីប្រាំពីរ អ្នកបំរើជំរាបលោកអេលីយ៉ាថា៖ «ខ្ញុំប្របាទឃើញមានពពកមួយដុំតូចប៉ុនបាតដៃ ឡើងពីសមុទ្រមក»។ លោកអេលីយ៉ាមានប្រសាសន៍ថា៖ «ចូរទៅទូលព្រះបាទអហាប់អោយទឹមរាជរថ ហើយយាងចុះពីភ្នំទៅ ដើម្បីកុំអោយភ្លៀងធ្លាក់ទាន់»។ ៤៥ ពេលនោះ មានពពកកាន់តែខ្លាំងក្រាស់ៗ ហើយខ្យល់ក៏បក់មក រួចភ្លៀងបង្អុរមកយ៉ាងខ្លាំងដែរ។ ព្រះបាទអហាប់យាងឡើងរាជរថ ចូលទៅក្រុងយេសរាល។ ៤៦ លោកអេលីយ៉ាយកក្រណាត់ក្រវាត់ចង្កេះ ស្រាប់តែលោកពោរពេញដោយឫទ្ធិបារមីរបស់ព្រះអម្ចាស់ ហើយលោកក៏រត់ពីមុខរាជរថព្រះបាទអហាប់ រហូតដល់ច្រកចូលក្រុងយេសរាល។