លិខិត​ទី​ពីរ​របស់​លោក​ប៉ូល​ផ្ញើ​ជូន
គ្រិស្ដបរិស័ទ​នៅ​ក្រុង​កូរិនថូស
សេចក្ដី​ផ្ដើម
១ ខ្ញុំ​ប៉ូល ដែល​ព្រះជាម្ចាស់​សព្វ​ព្រះហឫទ័យ​តែងតាំង​ជា​សាវ័ក*​របស់​ព្រះគ្រិស្ដយេស៊ូ ខ្ញុំ និង​លោក​ធីម៉ូថេ សូម​ជំរាប​មក​ក្រុមជំនុំ​របស់​ព្រះជាម្ចាស់​នៅ​ក្រុង​កូរិនថូស និង​ជំរាប​មក​ប្រជាជន​ដ៏វិសុទ្ធ*​ទាំង​អស់ នៅ​ស្រុក​អាខៃ​ទាំង​មូល។ ២ សូម​ព្រះជាម្ចាស់​ជា​ព្រះបិតា​របស់​យើង និង​ព្រះអម្ចាស់​យេស៊ូ​គ្រិស្ដ​ប្រទាន​ព្រះគុណ និង​សេចក្ដី​សុខសាន្ត​ដល់​បង​ប្អូន!
លោក​ប៉ូល និង​អ្នក​ជឿ​នៅ​ក្រុង​កូរិនថូស​រួម​សុខ​ទុក្ខ​ជា​មួយ​គ្នា
៣ សូម​លើក​តម្កើង​ព្រះជាម្ចាស់ ជា​ព្រះបិតា​របស់​ព្រះយេស៊ូ ជា​អម្ចាស់​នៃ​យើង។ ព្រះអង្គ​ជា​ព្រះបិតា​ប្រកប​ដោយ​ព្រះហឫទ័យ​មេត្តាករុណា និង​ជា​ព្រះ​ដែល​ជួយ​សំរាល​ទុក្ខ​គ្រប់​បែប​យ៉ាង​ទាំង​អស់។ ៤ ព្រះអង្គ​សំរាល​ទុក្ខ​យើង នៅ​ពេល​យើង​មាន​ទុក្ខ​វេទនា​សព្វ​បែប​យ៉ាង ដើម្បី​អោយ​យើង​អាច​សំរាល​ទុក្ខ​អស់​អ្នក​ដែល​មាន​ទុក្ខ​វេទនា ព្រោះ​ព្រះជាម្ចាស់​ប្រទាន​អោយ​យើង​ផ្ទាល់​បាន​ធូរ​ស្បើយ​រួច​ហើយ​ដែរ។ ៥ យើង​រួម​ទុក្ខ​លំបាក​ផ្សេងៗ​ជា​មួយ​ព្រះគ្រិស្ដ​កាន់​តែ​ច្រើន​យ៉ាង​ណា យើង​ក៏​បាន​ធូរ​ស្រាល​ពី​ទុក្ខ​តាម​រយៈ​ព្រះគ្រិស្ដ កាន់​តែ​ច្រើន​យ៉ាង​នោះ​ដែរ។ ៦ បើ​យើង​ត្រូវ​រង​ទុក្ខ​វេទនា គឺ​ដើម្បី​អោយ​ព្រះអង្គ​សំរាល​ទុក្ខ និង​សង្គ្រោះ​បង​ប្អូន។ បើ​យើង​បាន​ធូរ​ស្បើយ​ក្នុង​ចិត្ត​ហើយ​នោះ គឺ​ដើម្បី​អោយ​បង​ប្អូន​បាន​ធូរ​ស្បើយ​ក្នុង​ចិត្ត ធ្វើ​អោយ​បង​ប្អូន​អាច​ស៊ូ​ទ្រាំ​នឹង​ទុក្ខ​លំបាក​ផ្សេងៗ​ដូច​យើង​ដែរ។ ៧ ដូច្នេះ កាល​ណា​យើង​គិត​ពី​បង​ប្អូន យើង​មាន​សង្ឃឹម​យ៉ាង​មុតមាំ​ដោយ​ដឹង​ថា បង​ប្អូន​រង​ទុក្ខ​លំបាក​រួម​ជា​មួយ​យើង​យ៉ាង​ណា បង​ប្អូន​ក៏​នឹង​បាន​ធូរ​ស្រាល រួម​ជា​មួយ​យើង​យ៉ាង​នោះ​ដែរ។
៨ បង​ប្អូន​អើយ យើង​ចង់​អោយ​បង​ប្អូន​ជ្រាប​យ៉ាង​ច្បាស់​អំពី​ទុក្ខ​វេទនា​ដែល​កើត​មាន​ដល់​យើង​នៅ​ស្រុក​អាស៊ី​នេះ។ យើង​បាន​រង​ទុក្ខ​យ៉ាង​ខ្លាំង​ហួស​ពី​កម្លាំង​ដែល​យើង​អាច​ទ្រាំ​បាន រហូត​ដល់​យើង​អស់​សង្ឃឹម​ថា​នឹង​រស់​រាន​មាន​ជីវិត​ត​ទៅ​មុខ​ទៀត​ផង។ ៩ យើង​នឹក​ក្នុង​ចិត្ត​ថា គេ​នឹង​ដាក់​ទោស​យើង​ដល់​ស្លាប់។ រឿង​នេះ​កើត​ឡើង ដើម្បី​កុំ​អោយ​យើង​ពឹង​ផ្អែក​លើ​ខ្លួន​ឯង គឺ​ពឹង​ផ្អែក​លើ​ព្រះជាម្ចាស់ ដែល​ប្រោស​មនុស្ស​ស្លាប់​អោយ​រស់​ឡើង​វិញ។ ១០ ព្រះអង្គ​បាន​រំដោះ​យើង​អោយ​រួច​ផុត​ពី​ការ​ស្លាប់​ដ៏​សែន​វេទនា​នេះ ហើយ​ព្រះអង្គ​ក៏​នឹង​រំដោះ​យើង​ត​ទៅ​មុខ​ទៀត​ដែរ។ ពិត​មែន​ហើយ​យើង​សង្ឃឹម​ថា ព្រះអង្គ​នឹង​រំដោះ​យើង​ទៀត​ជា​មិន​ខាន។ ១១ រីឯ​បង​ប្អូន​វិញ បង​ប្អូន​ក៏​បាន​ជួយ​យើង ដោយ​ទូលអង្វរ​ព្រះជាម្ចាស់។ ហេតុ​នេះ ព្រះអង្គ​ប្រោសប្រណី​ដល់​យើង ដោយ​មាន​គ្នា​ច្រើន​ទូលអង្វរ ហើយ​ក៏​នឹង​មាន​គ្នា​ជា​ច្រើន​អរ​ព្រះគុណ​ព្រះអង្គ​អំពី​យើង​ដែរ។
គំរោងការ​របស់​លោក​ប៉ូល
១២ សតិ​សម្បជញ្ញៈ​របស់​យើង​បាន​បញ្ជាក់​ប្រាប់​យើង​ថា ឥរិយាបថ​ដែល​យើង​ប្រកាន់​យក​ក្នុង​លោក​នេះ​ពិត​ជា​ត្រូវ​មែន ជា​ពិសេស របៀប​ដែល​យើង​ប្រព្រឹត្ត​ចំពោះ​បង​ប្អូន​ដោយ​ចិត្ត​ស្មោះ​សរ​ និង​ដោយ​សុទ្ធ​ចិត្ត​ចេញ​មក​ពី​ព្រះជាម្ចាស់។ យើង​មិន​បាន​ធ្វើ​តាម​ប្រាជ្ញា​របស់​លោកីយ៍​ទេ​តែ​ធ្វើ​តាម​ព្រះគុណ​របស់​ព្រះជាម្ចាស់​វិញ ត្រង់​នេះ​ហើយ​ដែល​ធ្វើ​អោយ​យើង​បាន​ខ្ពស់​មុខ។ ១៣ យើង​មិន​សរសេរ​សេចក្ដី​ណា​ផ្សេង​ទៀត​មក​ជូន​បង​ប្អូន ក្រៅ​ពី​សេចក្ដី​ដែល​បង​ប្អូន​អាន និង​យល់​ស្រាប់​ហើយ​នោះ​ឡើយ។ ខ្ញុំ​សង្ឃឹម​ថា បង​ប្អូន​មុខ​ជា​យល់​សេចក្ដី​នេះ​ជាក់​ច្បាស់​សព្វ​គ្រប់​មិន​ខាន ១៤ ដូច​បង​ប្អូន​យល់​មួយ​ផ្នែក​រួច​មក​ហើយ​ថា យើង​បាន​ធ្វើ​អោយ​បង​ប្អូន​ខ្ពស់​មុខ ហើយ​បង​ប្អូន​ក៏​នឹង​ធ្វើ​អោយ​យើង​ខ្ពស់​មុខ​នៅ​ថ្ងៃ​ព្រះអម្ចាស់យេស៊ូ​នៃ​យើង​ទ្រង់​យាង​មក​នោះ​ដែរ។ ១៥ ដោយ​ខ្ញុំ​មាន​សេចក្ដី​សង្ឃឹម​ដ៏​មុតមាំ​នេះ​ហើយ បាន​ជា​ខ្ញុំ​មាន​បំណង​ចង់​មក​រក​បង​ប្អូន​ជា​មុន​សិន ដើម្បី​អោយ​ព្រះជាម្ចាស់​ប្រោសប្រណី​បង​ប្អូន​សា​ជា​ថ្មី​ម្ដង​ទៀត។ ១៦ បន្ទាប់​មក ខ្ញុំ​នឹង​ចាក​ចេញ​ពី​បង​ប្អូន​ឆ្ពោះ​ទៅ​ស្រុក​ម៉ាសេដូន ហើយ​វិល​ពី​ស្រុក​ម៉ាសេដូន​មក​រក​បង​ប្អូន​វិញ ដើម្បី​អោយ​បង​ប្អូន​ជួយ​ខ្ញុំ​បន្ត​ដំណើរ​ទៅ​ស្រុក​យូដា​ទៀត។ ១៧ ខ្ញុំ​សំរេច​ចិត្ត​ធ្វើ​ដូច្នេះ តើ​ខ្ញុំ​សំរេច​ដោយ​ឥត​បើ​គិត​ឬ? ឬ​មួយ​គំរោងការ​របស់​ខ្ញុំ​កើត​មក​ពី​គំនិត​លោកីយ៍ បាន​ជា​ខ្ញុំ​និយាយ​បាត​ដៃ​ជា​ខ្នង​ដៃ​ ដូច្នេះ? ១៨ មាន​ព្រះជាម្ចាស់​ជា​សាក្សី​ស្រាប់​ហើយ យើង​មិន​និយាយ​មក​កាន់​បង​ប្អូន ដោយ​ពោល​ពាក្យ​ប្រែប្រួល​បាត​ដៃ​ជា​ខ្នង​ដៃ​នោះ​ទេ ១៩ ដ្បិត​ព្រះគ្រិស្ដយេស៊ូ​ជា​ព្រះបុត្រា​របស់​ព្រះជាម្ចាស់​ដែល​យើង​ប្រកាស គឺ​ទាំង​ខ្ញុំ ទាំង​លោក​ស៊ីលវ៉ាន និង​លោក​ធីម៉ូថេ​ប្រកាស​ក្នុង​ចំណោម​បង​ប្អូន​នោះ ព្រះអង្គ​មិន​ប្រែប្រួល​បាត​ដៃ​ជា​ខ្នង​ដៃ​សោះ​ឡើយ នៅ​ក្នុង​ព្រះអង្គ​មាន​តែ​ពាក្យ​សច្ចៈ​ប៉ុណ្ណោះ។ ២០ ព្រះគ្រិស្ដ​បាន​ធ្វើ​អោយ​ព្រះបន្ទូល​សន្យា​ទាំង​ប៉ុន្មាន​របស់​ព្រះជាម្ចាស់​បាន​សំរេច​សព្វ​គ្រប់​ទាំង​អស់។ ហេតុ​នេះ​ហើយ​បាន​ជា​យើង​ពោល​ពាក្យ«អាម៉ែន*»ទៅ​កាន់​ព្រះជាម្ចាស់ តាម​រយៈ​ព្រះគ្រិស្ដ ដើម្បី​លើក​តម្កើង​សិរីរុងរឿង​របស់​ព្រះអង្គ។ ២១ គឺ​ព្រះជាម្ចាស់​ហើយ ដែល​ប្រទាន​អោយ​យើង និង​បង​ប្អូន​មាន​ជំនឿ​ខ្ជាប់ខ្ជួន​លើ​ព្រះគ្រិស្ដ ព្រម​ទាំង​បាន​ចាក់​ប្រេង​លើ​យើង​ផង ២២ ហើយ​ព្រះអង្គ​ក៏​បាន​ដៅ​សញ្ញា​សំគាល់​របស់​ព្រះអង្គ​លើ​យើង និង​ប្រទាន​ព្រះវិញ្ញាណ​មក​បញ្ចាំ​ចិត្ត​យើង​ផង​ដែរ។
២៣ ខ្ញុំ​សូម​ជំរាប​បង​ប្អូន ដោយ​មាន​ព្រះជាម្ចាស់​ជា​សាក្សី​ថា ហេតុ​ដែល​ខ្ញុំ​មិន​ទាន់​បាន​ទៅ​ក្រុង​កូរិនថូស​នោះ គឺ​មក​ពី​ខ្ញុំ​យោគយល់​ដល់​បង​ប្អូន (បើ​មិន​ពិត​ទេ​សូម​ព្រះអង្គ​ផ្ដាច់​ជីវិត​ខ្ញុំ​ចុះ)។ ២៤ យើង​មិន​ចង់​ត្រួតត្រា​លើ​ជំនឿ​របស់​បង​ប្អូន​ទេ ដ្បិត​ជំនឿ​របស់​បង​ប្អូន​មាំមួន​រួច​ស្រេច​ទៅ​ហើយ យើង​គ្រាន់​តែ​ចង់​ធ្វើ​ការ​រួម​ជា​មួយ​បង​ប្អូន ដើម្បី​អោយ​បង​ប្អូន​មាន​អំណរ​តែ​ប៉ុណ្ណោះ។