ព្រះវិញ្ញាណ​យាង​មក​សណ្ឋិត​លើ​ពួក​សិស្ស
១ នៅ​បុណ្យ​ថ្ងៃ​ទី​ហាសិប ពួក​សិស្ស​បាន​រួម​ប្រជុំ​ទាំង​អស់​គ្នា​ នៅ​កន្លែង​តែ​មួយ។ ២ រំពេច​នោះ ស្រាប់​តែ​មាន​ឮ​ស្នូរ​សន្ធឹក​ពី​លើ​មេឃ ដូច​ខ្យល់​បក់​បោក​យ៉ាង​ខ្លាំង​ពេញ​ក្នុង​ផ្ទះ​ដែល​គេ​នៅ។ ៣ ពួក​សិស្ស​បាន​ឃើញ​ហាក់​ដូច​ជា មាន​អណ្ដាត​ភ្លើង​បែក​ចេញ​ពី​គ្នា ចុះ​មក​សណ្ឋិត​លើ​ពួក​គេ​ម្នាក់ៗ។ ៤ អ្នក​ទាំង​នោះ​បាន​ពោរពេញ​ដោយ​ព្រះវិញ្ញាណ​ដ៏វិសុទ្ធ* ហើយ​ចាប់​ផ្ដើម​និយាយ​ភាសា​ផ្សេងៗ​ពី​គ្នា តាម​ព្រះវិញ្ញាណ​ប្រោស​ប្រទាន​អោយ។
៥ ពេល​នោះ មាន​ជន​ជាតិ​យូដា ជា​អ្នក​គោរព​ប្រណិប័តន៍​ព្រះជាម្ចាស់ មក​ពី​ប្រទេស​នានា ក្នុង​ពិភព​លោក​ទាំង​មូល ស្នាក់​នៅ​ក្រុង​យេរូសាឡឹម​ដែរ។ ៦ ពេល​ស្នូរ​សន្ធឹក​លាន់​ឮ​យ៉ាង​ខ្លាំង​ដូច្នោះ មហាជន​នាំ​គ្នា​រត់​មក​មើល ហើយ​ភ្ញាក់​ផ្អើល​ក្រៃលែង ព្រោះ​ម្នាក់ៗ​បាន​ឮ​ពួក​សិស្ស​និយាយ​ភាសា​របស់​ខ្លួន។ ៧ អ្នក​ទាំង​នោះ​ងឿងឆ្ងល់​ខ្លាំង​ណាស់ គេ​ស្ងើច​សរសើរ​ទាំង​ពោល​ថា៖ «អ្នក​ដែល​កំពុង​និយាយ​នេះ សុទ្ធ​តែ​ជា​អ្នក​ស្រុក​កាលីឡេ​ទេ​តើ។ ៨ ចុះ​ហេតុ​ដូច​ម្ដេច​បាន​ជា​យើង​ឮ​គេ​និយាយ​ភាសា​របស់​យើង​រៀងៗ​ខ្លួន​ទៅ​វិញ​ដូច្នេះ? ៩ គឺ​ទាំង​អ្នក​ស្រុក​ផាថុស ស្រុក​មេឌី ស្រុក​អេឡាំ ទាំង​អ្នក​ស្រុក​មេសូប៉ូតាមា ស្រុក​យូដា ស្រុក​កាប៉ាដូគា ស្រុក​ប៉ុនតុស ស្រុក​អាស៊ី ១០ ស្រុក​ព្រីគា ស្រុក​ប៉ាមភីលា ស្រុក​អេស៊ីប ស្រុក​លីប៊ី​ដែល​នៅ​ក្បែរ​ស្រុក​គីរេន និង​អស់​អ្នក​មក​ពី​ក្រុង​រ៉ូម ១១ ទាំង​ជន​ជាតិ​យូដា ទាំង​អ្នក​ចូល​សាសនា​យូដា ទាំង​អ្នក​មក​ពី​កោះ​ក្រែត ទាំង​ជន​ជាតិ​អារ៉ាប់ យើង​បាន​ឮ​គេ​ថ្លែង​អំពី​ស្នា​ព្រះហស្ដ​ដ៏​អស្ចារ្យ​របស់​ព្រះជាម្ចាស់ ជា​ភាសា​យើង​ទាំង​អស់​គ្នា​ផ្ទាល់!»។ ១២ អ្នក​ទាំង​នោះ​ងឿងឆ្ងល់​ខ្លាំង​ណាស់ មិន​ដឹង​គិត​យ៉ាង​ណា គេ​សួរ​គ្នា​ទៅ​វិញ​ទៅ​មក​ថា៖ «តើ​ហេតុការណ៍​នេះ មាន​ន័យ​ដូច​ម្ដេច?»។ ១៣ ប៉ុន្តែ មាន​អ្នក​ខ្លះ​ទៀត​បែរ​ជា​និយាយ​ចំអក​ថា៖ «ពួក​អស់​ហ្នឹង​សុទ្ធ​តែ​ស្រវឹង​ស្រា​ទេ​តើ!»។
សុន្ទរកថា​របស់​លោក​ពេត្រុស
១៤ លោក​ពេត្រុស​ក៏​ក្រោក​ឈរ​ឡើង​ជា​មួយ​សាវ័ក​ដប់​មួយ​រូប​ទៀត ហើយ​មាន​ប្រសាសន៍​ទៅ​កាន់​បណ្ដាជន​ថា៖ «បង​ប្អូន​យូដា និង​បង​ប្អូន​ទាំង​អស់​ដែល​ស្នាក់​នៅ​ក្រុង​យេរូសាឡឹម​អើយ! សូម​បង​ប្អូន​ជ្រាប ហើយ​ផ្ទៀង​ត្រចៀក​ស្ដាប់​ពាក្យ​របស់​ខ្ញុំ។ ១៥ អ្នក​ទាំង​នេះ​មិន​មែន​ស្រវឹង​ស្រា​ដូច​បង​ប្អូន​ស្មាន​នោះ​ទេ ព្រោះ​ទើប​តែ​ម៉ោង​ប្រាំ​បួន​ព្រឹក​ប៉ុណ្ណោះ!។ ១៦ ហេតុការណ៍​នេះ​កើត​មាន ស្រប​តាម​សេចក្ដី​ដែល​ព្យាការី*​យ៉ូអែល​បាន​ថ្លែង​ទុក​មក​ថា៖
១៧ “ព្រះជាម្ចាស់​មាន​ព្រះបន្ទូល​ថា
នៅ​គ្រា​ចុង​ក្រោយ​បង្អស់
យើង​នឹង​យក​វិញ្ញាណ​យើង​មក​ចាក់​បង្ហូរ
លើ​មនុស្ស​លោក​ផង​ទាំង​ពួង។
កូន​ប្រុស​កូន​ស្រី​របស់​អ្នក​រាល់​គ្នា
នឹង​ថ្លែង​ព្រះបន្ទូល
ពួក​យុវជន​នឹង​និមិត្ត​ឃើញ​ការ​អស្ចារ្យ
ហើយ​ពួក​ចាស់​ទុំ​របស់​អ្នក​រាល់​គ្នា
នឹង​យល់​សុបិន​និមិត្ត។
១៨ នៅ​គ្រា​នោះ យើង​ពិត​ជា​យក​វិញ្ញាណ​យើង
មក​ចាក់​បង្ហូរ​លើ​អ្នក​បំរើ​ទាំង​ប្រុស​ទាំង​ស្រី
របស់​យើង ហើយ​គេ​នឹង​ថ្លែង​ព្រះបន្ទូល។
១៩ យើង​នឹង​សំដែង​ឫទ្ធិបាដិហារិយ៍​នៅ​លើ​មេឃ
សំដែង​ទី​សំគាល់​ផ្សេងៗ​នៅ​លើ​ផែនដី
គឺ​មាន​ឈាម មាន​ភ្លើង និង​មាន​កំសួល​ផ្សែង។
២០ ព្រះអាទិត្យ​នឹង​ប្រែ​ទៅ​ជា​ងងឹត​បាត់​រស្មី
ព្រះច័ន្ទ​នឹង​ប្រែ​ទៅ​ជា​ឈាម
នៅ​មុន​ថ្ងៃ​ព្រះអម្ចាស់​យាង​មក
គឺ​ជា​ថ្ងៃ​ដ៏​រុងរឿង​ឧត្ដុង្គឧត្ដម
២១ ពេល​នោះ អ្នក​ណា​អង្វរ​រក​ព្រះនាម​ព្រះអម្ចាស់
អ្នក​នោះ​នឹង​ទទួល​ការ​សង្គ្រោះ”​»។
២២ បង​ប្អូន​អ៊ីស្រាអែល​អើយ សូម​ស្ដាប់​ពាក្យ​នេះ​ចុះ! ព្រះជាម្ចាស់​បាន​រ៉ាប់​រង​ទទួល​លោក​យេស៊ូ ជា​អ្នក​ភូមិ​ណាសារ៉ែត នៅ​មុខ​បង​ប្អូន​ទាំង​អស់​គ្នា ដោយ​ព្រះអង្គ​បាន​សំដែង​ការ​អស្ចារ្យ ឫទ្ធិបាដិហារិយ៍ និង​ទី​សំគាល់​ផ្សេងៗ នៅ​កណ្ដាល​ចំណោម​បង​ប្អូន តាម​រយៈ​លោក​ដូច​បង​ប្អូន​ជ្រាប​ស្រាប់​ហើយ។ ២៣ បង​ប្អូន​បាន​ចាប់​បញ្ជូន​លោក​យេស៊ូ​នេះ ទៅ​អោយ​ពួក​ជន​ពាល​ឥត​សាសនា​ឆ្កាង​លោក ដូច​ព្រះជាម្ចាស់​បាន​កំណត់​ទុក ដោយ​ព្រះអង្គ​ទ្រង់​ញាណ​ជា​មុន។ ២៤ ព្រះជាម្ចាស់​បាន​ប្រោស​លោក​អោយ​រស់​ឡើង​វិញ ទ្រង់​ដោះ​លែង​លោក​អោយ​រួច​ពី​ទុក្ខ​លំបាក​នៃ​សេចក្ដី​ស្លាប់ ព្រោះ​សេចក្ដី​ស្លាប់​មិន​អាច​ឃុំ​លោក​ទុក​បាន​ឡើយ។ ២៥ ព្រះបាទ​ដាវីឌ​មាន​រាជឱង្ការ​អំពី​លោក​យេស៊ូ​នេះ​ថា៖
«ទូលបង្គំ​បាន​ឃើញ​ព្រះអម្ចាស់
នៅ​មុខ​ទូលបង្គំ​ជានិច្ច
ព្រោះ​ព្រះអង្គ​គង់​នៅ​ខាង​ស្ដាំ​ទូលបង្គំ
មិន​អោយ​ទូលបង្គំ​ត្រូវ​ញាប់ញ័រ​ឡើយ។
២៦ ហេតុ​នេះ​ហើយ​បាន​ជា​ចិត្ត​ទូលបង្គំ​រីករាយ
ទូលបង្គំ​ពោល​ពាក្យ​ដោយ​អំណរ​ដ៏​លើសលប់
ហើយ​សូម្បី​តែ​រូប​កាយ​របស់​ទូលបង្គំ
ក៏​នឹង​សំរាក​ដោយ​សេចក្ដី​សង្ឃឹម​ដែរ
២៧ ដ្បិត​ព្រះអង្គ​នឹង​មិន​បោះ​បង់​ព្រលឹង​ទូលបង្គំ
ចោល​នៅ​ក្នុង​ស្ថាន​មនុស្ស​ស្លាប់​ឡើយ
ហើយ​ព្រះអង្គ​ក៏​មិន​បណ្ដោយ​អោយ
សព​អ្នក​បំរើ​របស់​ព្រះអង្គ​ត្រូវ​រលួយ​ដែរ។
២៨ ព្រះអង្គ​បាន​បង្ហាញ​អោយ​ទូលបង្គំ​ស្គាល់​ផ្លូវ
ឆ្ពោះ​ទៅ​កាន់​ជីវិត
ព្រះអង្គ​នឹង​ប្រទាន​អោយ​ទូលបង្គំ
មាន​សុភមង្គល​ដ៏​ពេញលេញ
ដោយ​ព្រះអង្គ​គង់​ជា​មួយ​ទូលបង្គំ»​។
២៩ «បង​ប្អូន​អើយ! ខ្ញុំ​សូម​ជំរាប​បង​ប្អូន​អោយ​បាន​ច្បាស់​អំពី​ព្រះបាទ​ដាវីឌ ជា​បុព្វបុរស*​របស់​យើង​នោះ​ថា ព្រះអង្គ​បាន​សោយ​ទិវង្គត​ផុត​ទៅ​ហើយ គេ​បាន​បញ្ចុះ​ព្រះសព​របស់​ព្រះអង្គ រីឯ​ផ្នូរ​របស់​ព្រះអង្គ​ក៏​ស្ថិត​នៅ​ជា​មួយ​យើង​រហូត​ដល់​សព្វ​ថ្ងៃ​ដែរ។ ៣០ ដោយ​ព្រះបាទ​ដាវីឌ​ជា​ព្យាការី​មួយ​រូប​ទ្រង់​ជ្រាប​ថា ព្រះជាម្ចាស់​បាន​សន្យា​យ៉ាង​ម៉ឺងម៉ាត់​ជា​មួយ​ព្រះអង្គ​ថា នឹង​ប្រទាន​អោយ​ព្រះរាជវង្ស​របស់​ទ្រង់​មួយ​អង្គ ឡើង​ស្នង​រាជ្យ។ ៣១ ព្រះបាទ​ដាវីឌ​បាន​ឈ្វេង​យល់​ជា​មុន​ថា ព្រះគ្រិស្ដ*​មាន​ព្រះជន្ម​រស់​ឡើង​វិញ គឺ​ទ្រង់​មាន​រាជឱង្ការ​ថា ព្រះជាម្ចាស់​ពុំ​ទុក​ព្រះគ្រិស្ដ​ចោល​នៅ​ក្នុង​ស្ថាន​មនុស្ស​ស្លាប់​ទេ ហើយ​ក៏​មិន​ទុក​អោយ​សព​ព្រះអង្គ​ត្រូវ​រលួយ​ដែរ។ ៣២ ព្រះជាម្ចាស់​បាន​ប្រោស​លោក​យេស៊ូ​នេះ​អោយ​រស់​ឡើង​វិញ យើង​ខ្ញុំ​ទាំង​អស់​គ្នា​ជា​សាក្សី។ ៣៣ ព្រះជាម្ចាស់​បាន​លើក​លោក​យេស៊ូ​ឡើង​ដោយ​ឫទ្ធិបារមី​របស់​ព្រះអង្គ។ លោក​យេស៊ូ​បាន​ទទួល​ព្រះវិញ្ញាណ​ដ៏វិសុទ្ធ​ពី​ព្រះបិតា តាម​ព្រះបន្ទូល​សន្យា​ហើយ​ចាក់​បង្ហូរ​ព្រះវិញ្ញាណ​នេះ​មក​លើ​យើង​ខ្ញុំ ដូច​បង​ប្អូន​បាន​ឃើញ​បាន​ឮ​ស្រាប់។ ៣៤ ព្រះបាទ​ដាវីឌ​មិន​បាន​យាង​ឡើង​ទៅ​ស្ថាន​បរមសុខ*​ទេ តែ​ព្រះអង្គ​មាន​រាជឱង្ការ​ថាៈ
“ព្រះអម្ចាស់​មាន​ព្រះបន្ទូល​ទៅ​កាន់
ព្រះអម្ចាស់​របស់​ខ្ញុំ​ថា សូម​គង់​ខាង​ស្ដាំ​យើង
៣៥ ទំរាំ​ដល់​យើង​បង្ក្រាប​ខ្មាំង​សត្រូវ​របស់​ព្រះអង្គ
មក​ដាក់​ក្រោម​ព្រះបាទា​របស់​ព្រះអង្គ”
៣៦ ហេតុ​នេះ សូម​អោយ​ជន​ជាតិ​អ៊ីស្រាអែល​ទាំង​មូល​ដឹង​ជាក់​ច្បាស់​ថា លោក​យេស៊ូ​នេះ ដែល​បង​ប្អូន​បាន​ឆ្កាង ព្រះជាម្ចាស់​បាន​តែងតាំង​លោក​ឡើង​ជា​ព្រះអម្ចាស់ និង​ជា​ព្រះគ្រិស្ដ*​ហើយ»។
ក្រុម​គ្រិស្ដបរិស័ទ​ដំបូង​បង្អស់
៣៧ កាល​បណ្ដាជន​បាន​ឮ​សេចក្ដី​ទាំង​នេះ ពួក​គេ​រំជួល​ចិត្ត​ជា​ខ្លាំង ហើយ​សួរ​លោក​ពេត្រុស និង​សាវ័ក​ឯ​ទៀតៗ​ថា៖ «បង​ប្អូន​អើយ! តើ​អោយ​យើង​ខ្ញុំ​ធ្វើ​ដូច​ម្ដេច?»។ ៣៨ លោក​ពេត្រុស​មាន​ប្រសាសន៍​ទៅ​គេ​ថា៖ «សូម​បង​ប្អូន​កែ​ប្រែ​ចិត្ត​គំនិត ហើយ​ម្នាក់ៗ​ត្រូវ​ទទួល​ពិធី​ជ្រមុជ​ទឹក* ក្នុង​ព្រះនាម​ព្រះយេស៊ូគ្រិស្ដ*​ទៅ ដើម្បី​ព្រះជាម្ចាស់​លើកលែង​ទោស​បង​ប្អូន​អោយ​រួច​ពី​បាប* ហើយ​បង​ប្អូន​នឹង​ទទួល​ព្រះវិញ្ញាណ​ដ៏វិសុទ្ធ ដែល​ជា​អំណោយ​ទាន​របស់​ព្រះជាម្ចាស់ ៣៩ ដ្បិត​ព្រះអង្គ​មាន​ព្រះបន្ទូល​សន្យា​នេះ ចំពោះ​បង​ប្អូន​ទាំង​អស់​គ្នា ចំពោះ​កូន​ចៅ​របស់​បង​ប្អូន និង​ចំពោះ​អស់​អ្នក​ដែល​នៅ​ឆ្ងាយៗ​ទាំង​ប៉ុន្មាន​ដែរ តាម​តែ​ព្រះអម្ចាស់​ជា​ព្រះ​របស់​យើង​ត្រាស់​ហៅ»។ ៤០ លោក​ពេត្រុស​បាន​ពន្យល់​បញ្ជាក់ និង​ដាស់​តឿន​ពួក​គេ ដោយ​ពាក្យពេចន៍​ជា​ច្រើន​ទៀត គឺ​លោក​មាន​ប្រសាសន៍​ថា៖ «សូម​បង​ប្អូន​ទទួល​ការ​សង្គ្រោះ អោយ​រួច​ផុត​ពី​មនុស្ស​អាក្រក់​សម័យ​នេះ»។
៤១ អស់​អ្នក​ដែល​យល់​ព្រម​ទទួល​ពាក្យ​របស់​លោក ក៏​ទទួល​ពិធី​ជ្រមុជ​ទឹក* ហើយ​នៅ​ថ្ងៃ​នោះ មាន​មនុស្ស​ប្រមាណ​បី​ពាន់​នាក់ ចូល​មក​រួម​ក្នុង​ក្រុម​សិស្ស*។ ៤២ សិស្ស​ទាំង​នោះ​ព្យាយាម​ស្ដាប់​សេចក្ដី​បង្រៀន​របស់​ក្រុម​សាវ័ក* រួម​រស់​ជា​មួយ​គ្នា​ជា​បង​ប្អូន ធ្វើ​ពិធី​កាច់​នំបុ័ង* និង​ព្យាយាម​អធិស្ឋាន។ ៤៣ មនុស្សម្នា​កោត​ស្ញប់ស្ញែង​គ្រប់ៗ​គ្នា ដ្បិត​ក្រុម​សាវ័ក​បាន​សំដែង​ឫទ្ធិបាដិហារិយ៍ និង​ធ្វើ​ទី​សំគាល់​ផ្សេងៗ​ជា​ច្រើន។ ៤៤ អស់​អ្នក​ដែល​បាន​ជឿ​លើ​ព្រះអម្ចាស់ មាន​ចិត្ត​គំនិត​តែ​មួយ ហើយ​យក​របស់​របរ​ដែល​ខ្លួន​មាន មក​ដាក់​រួម​គ្នា​ទាំង​អស់។ ៤៥ គេ​លក់​ទ្រព្យសម្បត្តិ និង​អ្វីៗ​ជា​របស់​ខ្លួន​យក​ប្រាក់​មក​ចែក​គ្នា​តាម​សេចក្ដី​ត្រូវ​ការ​របស់​ពួក​គេ​ម្នាក់ៗ។ ៤៦ ជា​រៀង​រាល់​ថ្ងៃ គេ​រួម​ចិត្ត​គំនិត​គ្នា​ព្យាយាម​ចូល​ព្រះវិហារ* ធ្វើ​ពិធី​កាច់​នំបុ័ង​នៅ​តាម​ផ្ទះ ព្រម​ទាំង​បរិភោគ​អាហារ​ជា​មួយ​គ្នា​យ៉ាង​សប្បាយ​រីករាយ និង​ដោយ​ចិត្ត​ស្មោះ​សរ​ផង។ ៤៧ គេ​នាំ​គ្នា​សរសើរ​តម្កើង​ព្រះជាម្ចាស់ ហើយ​ប្រជាជន​ទាំង​មូល​គោរព​រាប់​អាន​ពួក​គេ​ទាំង​អស់​គ្នា។ ព្រះអម្ចាស់​បន្ថែម​ចំនួន​អ្នក​ដែល​ព្រះអង្គ​បាន​សង្គ្រោះ មក​ក្នុង​ក្រុម​របស់​គេ​ជា​រៀង​រាល់​ថ្ងៃ។