៧
អ៊ីស្រាអែលមិនត្រូវឡូកឡំជាមួយប្រជាជាតិនានា តែត្រូវញែកខ្លួនថ្វាយព្រះអម្ចាស់
១ «ពេលណាព្រះអម្ចាស់ ជាព្រះរបស់អ្នក នាំអ្នកចូលទៅក្នុងស្រុកដែលអ្នកត្រូវកាន់កាប់ ដោយបណ្ដេញប្រជាជាតិជាច្រើនចេញពីមុខអ្នក ដូចជាជនជាតិហេត ជនជាតិគើកាស៊ី ជនជាតិអាម៉ូរី ជនជាតិកាណាន ជនជាតិពេរិស៊ីត ជនជាតិហេវី និងជនជាតិយេប៊ូស គឺប្រជាជាតិទាំងប្រាំពីរដែលមានគ្នាច្រើន និងមានកម្លាំងជាងអ្នក ២ ពេលណាព្រះអម្ចាស់ ជាព្រះរបស់អ្នក ប្រគល់ពួកគេមកក្នុងកណ្ដាប់ដៃអ្នក ពេលណាអ្នកយកជ័យជំនះលើពួកគេហើយ ចូរបំផ្លាញពួកគេថ្វាយផ្ដាច់*ដល់ព្រះអម្ចាស់។ កុំចងសម្ពន្ធមេត្រីជាមួយពួកគេ ឬប្រណីសន្ដោសពួកគេឡើយ។ ៣ កុំចងស្ពានមេត្រីជាមួយជាតិសាសន៍ទាំងនេះ ដោយចំណងអាពាហ៍ពិពាហ៍ គឺមិនត្រូវលើកកូនស្រីរបស់អ្នកអោយកូនប្រុសរបស់ពួកគេ ហើយក៏មិនត្រូវដណ្ដឹងកូនស្រីរបស់ពួកគេអោយកូនប្រុសរបស់អ្នកដែរ។ ៤ បើមិនដូច្នោះទេ កូនប្រុសរបស់អ្នកមុខជាបែរចិត្តចេញឆ្ងាយពីព្រះអម្ចាស់ ទៅគោរពថ្វាយបង្គំព្រះឯទៀតៗ ជាហេតុបណ្ដាលអោយព្រះអម្ចាស់ទ្រង់ព្រះពិរោធនឹងអ្នករាល់គ្នា ហើយកំទេចអ្នកមួយរំពេច។ ៥ អ្នករាល់គ្នាត្រូវប្រព្រឹត្តចំពោះជាតិសាសន៍ទាំងនោះដូចតទៅ គឺត្រូវផ្ដួលរំលំអាសនៈរបស់ពួកគេ បំបាក់ស្ដូបរបស់ពួកគេ ត្រូវកាប់រំលំបង្គោលរបស់ព្រះអាសេរ៉ា ហើយដុតកំទេចរូបព្រះរបស់ពួកគេ។
៦ ព្រះអម្ចាស់ ជាព្រះរបស់អ្នក ចាត់ទុកអ្នកជាប្រជាជនដ៏វិសុទ្ធ។ ព្រះអម្ចាស់ ជាព្រះរបស់អ្នក បានជ្រើសរើសអ្នកពីក្នុងចំណោមជាតិសាសន៍ទាំងប៉ុន្មាននៅលើផែនដី អោយធ្វើជាប្រជារាស្ត្ររបស់ព្រះអង្គផ្ទាល់»។
ព្រះអម្ចាស់ស្មោះត្រង់នឹងសម្ពន្ធមេត្រីរបស់ព្រះអង្គ
៧ «ព្រះអម្ចាស់ស្រឡាញ់អ្នករាល់គ្នា ហើយជ្រើសរើសអ្នករាល់គ្នាដូច្នេះ មិនមែនមកពីអ្នករាល់គ្នាមានចំនួនច្រើនជាងជាតិសាសន៍ទាំងប៉ុន្មាននោះឡើយ ដ្បិតអ្នករាល់គ្នាជាជាតិសាសន៍មួយតូចជាងគេបំផុត។ ៨ ព្រះអង្គជ្រើសរើសអ្នករាល់គ្នា មកពីព្រះអង្គស្រឡាញ់អ្នករាល់គ្នា ហើយសព្វព្រះហឫទ័យគោរពតាមព្រះបន្ទូល ដែលព្រះអង្គបានសន្យាជាមួយបុព្វបុរសរបស់អ្នករាល់គ្នា។ ហេតុនេះហើយបានជាព្រះអម្ចាស់ប្រើឫទ្ធិបារមីដ៏ខ្លាំងពូកែរបស់ព្រះអង្គ ដើម្បីនាំអ្នករាល់គ្នាចេញពីស្រុកដែលអ្នករាល់គ្នាធ្វើជាទាសករ ព្រះអង្គរំដោះអ្នករាល់គ្នាអោយរួចពីកណ្ដាប់ដៃរបស់ព្រះចៅផារ៉ោន ជាស្ដេចស្រុកអេស៊ីប។ ៩ ដូច្នេះ អ្នកត្រូវទទួលស្គាល់ថា មានតែព្រះអម្ចាស់ជាព្រះរបស់អ្នកប៉ុណ្ណោះ ដែលជាព្រះដ៏ពិតប្រាកដ។ ព្រះអង្គគោរពតាមសម្ពន្ធមេត្រី*របស់ព្រះអង្គ ដោយព្រះហឫទ័យស្មោះត្រង់ ហើយសំដែងព្រះហឫទ័យមេត្តាករុណារហូតដល់មួយពាន់តំណ ចំពោះអស់អ្នកដែលស្រឡាញ់ព្រះអង្គ និងកាន់តាមបទបញ្ជារបស់ព្រះអង្គ។ ១០ ផ្ទុយទៅវិញ ព្រះអង្គដាក់ទោសអស់អ្នកដែលស្អប់ព្រះអង្គ និងធ្វើអោយពួកគេវិនាស ដោយឥតបង្អង់ឡើយ។ ១១ ដូច្នេះ អ្នកត្រូវកាន់តាមបទបញ្ជា ច្បាប់ និងវិន័យដែលខ្ញុំប្រគល់អោយអ្នកនៅថ្ងៃនេះ ដើម្បីអោយអ្នកយកទៅប្រតិបត្តិតាម។
១២ ប្រសិនបើអ្នករាល់គ្នាស្ដាប់វិន័យទាំងនេះ ហើយកាន់ និងប្រតិបត្តិតាម ព្រះអម្ចាស់ ជាព្រះរបស់អ្នក ក៏ធ្វើតាមសម្ពន្ធមេត្រីរបស់ព្រះអង្គ ព្រមទាំងសំដែងព្រះហឫទ័យមេត្តាករុណាដ៏ស្មោះស្ម័គ្រចំពោះអ្នក ដូចព្រះអង្គបានសន្យាជាមួយបុព្វបុរសរបស់អ្នកដែរ។ ១៣ ព្រះអង្គនឹងស្រឡាញ់អ្នក ប្រទានពរដល់អ្នក ហើយធ្វើអោយអ្នកកើនចំនួនច្រើនឡើង។ ព្រះអង្គនឹងប្រទានពរអោយអ្នកមានកូនចៅច្រើន អោយដីរបស់អ្នកបង្កបង្កើតផល មានស្រូវ ស្រាទំពាំងបាយជូរ និងប្រេងដ៏បរិបូណ៌។ ព្រះអង្គក៏ប្រទានអោយហ្វូងគោ និងហ្វូងចៀមរបស់អ្នក បង្កើតកូនចៅកើនចំនួនឡើងនៅក្នុងស្រុក ដែលព្រះអង្គសន្យាជាមួយបុព្វបុរសរបស់អ្នក ថានឹងប្រគល់អោយអ្នក។ ១៤ អ្នកនឹងទទួលពរលើសជាតិសាសន៍ទាំងអស់ គឺក្នុងស្រុករបស់អ្នក គ្មានបុរស ឬស្ត្រី ដែលពុំអាចបង្កើតកូន ហើយក្នុងហ្វូងសត្វរបស់អ្នក ក៏គ្មានសត្វដែលពុំអាចបង្កើតកូនដែរ។ ១៥ ព្រះអម្ចាស់នឹងកំចាត់ជំងឺទាំងអស់ចេញឆ្ងាយពីអ្នក ព្រះអង្គមិនអោយអ្នកជួបប្រទះជំងឺរាតត្បាតផ្សេងៗ ដូចអ្នកធ្លាប់ឃើញនៅស្រុកអេស៊ីបឡើយ តែព្រះអង្គអោយជំងឺទាំងនោះកើតមានដល់ខ្មាំងសត្រូវរបស់អ្នកវិញ។ ១៦ អ្នកនឹងបំផ្លាញជាតិសាសន៍ទាំងប៉ុន្មាន ដែលព្រះអម្ចាស់ ជាព្រះរបស់អ្នក ប្រគល់មកក្នុងកណ្ដាប់ដៃអ្នក។ មិនត្រូវអាណិតអាសូរពួកគេ ហើយក៏មិនត្រូវគោរពបំរើព្រះរបស់គេដែរ ព្រោះជាអន្ទាក់សំរាប់អ្នករាល់គ្នា»។
ព្រះអម្ចាស់ការពារប្រជារាស្ត្ររបស់ព្រះអង្គ
១៧ «មិនត្រូវរិះគិតក្នុងចិត្តថា “ប្រជាជាតិទាំងនោះមានចំនួនច្រើនជាងខ្ញុំ តើធ្វើដូចម្ដេចអោយខ្ញុំអាចបណ្ដេញពួកគេចេញពីទឹកដីនេះបាន?” ១៨ កុំខ្លាចពួកគេឡើយ តែត្រូវនឹកគិតអំពីហេតុការណ៍ដែលព្រះអម្ចាស់ ជាព្រះរបស់អ្នក បានប្រព្រឹត្តចំពោះព្រះចៅផារ៉ោន និងអ្នកស្រុកអេស៊ីបទាំងមូល។ ១៩ អ្នកឃើញស្រាប់ហើយថា ព្រះអម្ចាស់ ជាព្រះរបស់អ្នក បានធ្វើអោយមានគ្រោះកាចដ៏ធំៗ ព្រះអង្គសំដែងទីសំគាល់ និងឫទ្ធិបាដិហារិយ៍ ព្រមទាំងឫទ្ធិបារមី និងតេជានុភាព ដើម្បីនាំអ្នកចេញពីស្រុកអេស៊ីប។ ដូច្នេះ ព្រះអម្ចាស់ ជាព្រះរបស់អ្នក ក៏ប្រព្រឹត្តបែបនេះចំពោះជាតិសាសន៍ទាំងប៉ុន្មាន ដែលអ្នកនឹកខ្លាចដែរ។ ២០ ព្រះអម្ចាស់ ជាព្រះរបស់អ្នក នឹងចាត់សត្វឪម៉ាល់ទៅប្រហារអស់អ្នកដែលនៅសេសសល់ ហើយលាក់ខ្លួន អោយវិនាសសូន្យនៅមុខអ្នក។ ២១ កុំភ័យខ្លាចពួកគេឡើយ ដ្បិតព្រះអម្ចាស់ ជាព្រះរបស់អ្នក គង់នៅជាមួយអ្នក ព្រះអង្គជាព្រះដ៏ឧត្ដម គួរអោយស្ញែងខ្លាច។ ២២ ព្រះអម្ចាស់ ជាព្រះរបស់អ្នក ដេញកំចាត់ពួកគេចេញឆ្ងាយពីអ្នកបន្តិចម្ដងៗ។ អ្នកពុំអាចបំផ្លាញពួកគេអស់ភ្លាមៗឡើយ បើមិនដូច្នោះទេ សត្វព្រៃកើនចំនួនច្រើនឡើង ហើយធ្វើទុក្ខអ្នកជាមិនខាន។ ២៣ ប៉ុន្តែ ព្រះអម្ចាស់ ជាព្រះរបស់អ្នក នឹងប្រគល់ពួកគេមកក្នុងអំណាចអ្នក ព្រះអង្គធ្វើអោយពួកគេភ័យតក់ស្លុត ហើយវិនាសសូន្យទាំងស្រុង។ ២៤ ព្រះអង្គនឹងប្រគល់ស្ដេចរបស់ពួកគេមកក្នុងកណ្ដាប់ដៃអ្នក អ្នកនឹងលុបបំបាត់ឈ្មោះរបស់ស្ដេចទាំងនោះអស់ពីផែនដី។ អ្នកនឹងបំផ្លាញពួកគេអោយវិនាសសូន្យ គ្មាននរណាអាចតទល់នឹងអ្នកទេ។ ២៥ ត្រូវដុតកំទេចរូបព្រះរបស់ពួកគេ ដោយឥតនឹកស្ដាយមាសប្រាក់ ដែលស្ថិតនៅលើរូបទាំងនោះឡើយ។ កុំទុកវត្ថុទាំងនោះអោយសោះ ក្រែងលោវាក្លាយទៅជាអន្ទាក់ដល់អ្នក ដ្បិតព្រះអម្ចាស់ ជាព្រះរបស់អ្នក ស្អប់វត្ថុទាំងនោះណាស់។ ២៦ មិនត្រូវយករូបព្រះក្លែងក្លាយចូលក្នុងផ្ទះរបស់អ្នកឡើយ ក្រែងលោអ្នកត្រូវវិនាសទាំងស្រុងដូចរូបទាំងនោះដែរ។ ត្រូវចាត់ទុករបស់ទាំងនោះជាវត្ថុដ៏ចង្រៃគួរស្អប់ខ្ពើម ដ្បិតជាវត្ថុដែលត្រូវបំផ្លាញថ្វាយផ្ដាច់ដល់ព្រះអម្ចាស់»។