១១
ព្រះអម្ចាស់ជួយអ៊ីស្រាអែលនៅស្រុកអេស៊ីប និងនៅវាលរហោស្ថាន
១ «ត្រូវស្រឡាញ់ព្រះអម្ចាស់ជាព្រះរបស់អ្នក ហើយចូរស្ដាប់តាមបង្គាប់ កាន់តាមច្បាប់ វិន័យ និងបទបញ្ជារបស់ព្រះអង្គជានិច្ច។ ២ ថ្ងៃនេះ ចូរធ្វើតាមការណែនាំរបស់ព្រះអម្ចាស់ ជាព្រះរបស់អ្នករាល់គ្នា ព្រមទាំងភាពដ៏ឧត្ដុង្គឧត្ដម ឫទ្ធិបារមី និងតេជានុភាពរបស់ព្រះអង្គ។ កូនចៅរបស់អ្នករាល់គ្នាមិនបានស្គាល់ និងឃើញស្នាព្រះហស្ដរបស់ព្រះអម្ចាស់ទេ។ ៣ អ្នករាល់គ្នាក៏បានឃើញទីសំគាល់ និងការអស្ចារ្យផ្សេងៗ ដែលព្រះអង្គធ្វើនៅស្រុកអេស៊ីប ប្រឆាំងនឹងព្រះចៅផារ៉ោន ជាស្ដេចស្រុកអេស៊ីប និងប្រជាជនក្នុងស្រុកនោះទាំងមូលដែរ។ ៤ ព្រះអង្គបានប្រហារកងទ័ពអេស៊ីប ទាំងកងពលសេះ ទាំងរទេះចំបាំង ដោយធ្វើអោយទឹកសមុទ្រកក់ គ្របពីលើពួកគេ នៅពេលពួកគេដេញតាមអ្នករាល់គ្នា។ ព្រះអម្ចាស់បានធ្វើអោយគេបរាជ័យ រហូតមកដល់សព្វថ្ងៃ។ ៥ ព្រះអង្គបានជួយអ្នករាល់គ្នានៅវាលរហោស្ថាន រហូតទាល់តែអ្នករាល់គ្នាមកដល់ទីនេះ។ ៦ ព្រះអង្គបានប្រហារដាថាន និងអប៊ីរ៉ាម ជាកូនរបស់អេលាប ក្នុងកុលសម្ព័ន្ធរូបេន ដោយអោយដីស្រូបពួកគេ ទាំងក្រុមគ្រួសារ ទាំងតង់ត៍ និងអស់អ្នកដែលសមគំនិតជាមួយពួកគេ នៅចំពោះមុខជនជាតិអ៊ីស្រាអែលទាំងមូល។ ៧ អ្នករាល់គ្នាបានឃើញផ្ទាល់នឹងភ្នែកនូវការអស្ចារ្យដ៏ធំៗ ដែលព្រះអម្ចាស់បានធ្វើ។ ៨ ដូច្នេះ ត្រូវកាន់តាមបទបញ្ជាទាំងប៉ុន្មាន ដែលខ្ញុំប្រគល់អោយអ្នករាល់គ្នានៅថ្ងៃនេះ ដើម្បីអោយអ្នករាល់គ្នាមានកម្លាំងទៅចាប់យកស្រុក ដែលអ្នករាល់គ្នាត្រូវឆ្លងទៅកាន់កាប់ជាកម្មសិទ្ធិ ៩ ហើយអោយអ្នករាល់គ្នាមានអាយុយឺនយូរនៅក្នុងស្រុក ដែលព្រះអម្ចាស់បានសន្យាប្រទានអោយបុព្វបុរសរបស់អ្នករាល់គ្នា និងអ្នករាល់គ្នាដែលជាពូជពង្ស គឺស្រុកដ៏សម្បូណ៌សប្បាយ»។
ព្រះអម្ចាស់យកព្រះហឫទ័យទុកដាក់នឹងទឹកដីសន្យា
១០ «ស្រុកដែលអ្នករាល់គ្នាចូលទៅកាន់កាប់នេះមិនដូចស្រុកអេស៊ីបដែលអ្នករាល់គ្នាចាកចេញមកនោះទេ។ នៅស្រុកអេស៊ីប ពេលអ្នករាល់គ្នាសាបព្រោះគ្រាប់ពូជហើយ ត្រូវបាចទឹកបញ្ចូលស្រែ ដូចស្រោចច្បារដំណាំដែរ។ ១១ រីឯស្រុកដែលអ្នករាល់គ្នាចូលទៅកាន់កាប់ជាស្រុកមានភ្នំ និងជ្រលងភ្នំ ហើយមានភ្លៀងស្រោចស្រពដីស្រែចំការ។ ១២ ព្រះអម្ចាស់ ជាព្រះរបស់អ្នក យកព្រះហឫទ័យទុកដាក់នឹងស្រុកនោះ គឺចាប់ពីដើមឆ្នាំរហូតដល់ចុងឆ្នាំ ព្រះអម្ចាស់ ជាព្រះរបស់អ្នក មើលថែទាំស្រុកនោះជានិច្ច។
១៣ ប្រសិនបើអ្នករាល់គ្នាកាន់តាមបទបញ្ជា ដែលខ្ញុំប្រគល់អោយអ្នករាល់គ្នាថ្ងៃនេះ ប្រសិនបើអ្នករាល់គ្នាស្រឡាញ់ព្រះអម្ចាស់ ជាព្រះរបស់អ្នករាល់គ្នា ហើយគោរពបំរើព្រះអង្គអស់ពីចិត្ត អស់ពីគំនិត ១៤ “យើងនឹងប្រទានអោយមានភ្លៀងធ្លាក់មកលើស្រុករបស់អ្នករាល់គ្នា តាមរដូវកាល គឺភ្លៀងនៅដើមរដូវ និងភ្លៀងនៅចុងរដូវ។ ពេលនោះ អ្នកនឹងប្រមូលបានភោគផល គឺស្រូវស្រាទំពាំងបាយជូរថ្មី និងប្រេង។ ១៥ យើងនឹងធ្វើអោយស្មៅដុះនៅតាមវាលស្មៅ សំរាប់ហ្វូងសត្វរបស់អ្នកដែរ។ ដូច្នេះ អ្នកមានអាហារបរិភោគយ៉ាងបរិបូណ៌”។
១៦ ចូរប្រយ័ត្ន កុំបណ្ដោយអោយចិត្តរបស់អ្នករាល់គ្នាវង្វេងចេញពីព្រះអម្ចាស់ ទៅគោរពបំរើ និងក្រាបថ្វាយបង្គំព្រះដទៃឡើយ។ ១៧ បើមិនដូច្នេះទេ ព្រះអម្ចាស់មុខជាព្រះពិរោធទាស់នឹងអ្នករាល់គ្នា ព្រះអង្គនឹងបង្ខាំងមេឃ មិនអោយបង្អុរភ្លៀង រីឯដីក៏មិនបង្កើតភោគផល ហើយអ្នករាល់គ្នាមុខជាត្រូវវិនាសយ៉ាងឆាប់ៗ នៅក្នុងស្រុកដ៏ល្អដែលព្រះអម្ចាស់ប្រទានមកអ្នករាល់គ្នា។
១៨ ត្រូវទុកអោយព្រះបន្ទូលដែលខ្ញុំថ្លែងប្រាប់ដក់នៅក្នុងចិត្ត ក្នុងគំនិតរបស់អ្នករាល់គ្នាជានិច្ច។ ត្រូវចងព្រះបន្ទូលទាំងនេះជាសញ្ញា ជាប់នៅដៃ ហើយដាក់នៅលើថ្ងាសរបស់អ្នករាល់គ្នា។ ១៩ ចូរបង្រៀនកូនចៅរបស់អ្នករាល់គ្នាអំពីព្រះបន្ទូលនេះ គឺត្រូវនិយាយអោយវាស្ដាប់ ពេលអ្នកនៅផ្ទះ ពេលអ្នកធ្វើដំណើរ ពេលអ្នកចូលដំណេក និងពេលក្រោកពីដំណេក។ ២០ ចូរសរសេរព្រះបន្ទូលនេះនៅលើក្របទ្វារផ្ទះរបស់អ្នក និងលើក្លោងទ្វារក្រុង។ ២១ ធ្វើដូច្នេះ អ្នករាល់គ្នា ព្រមទាំងកូនចៅរបស់អ្នករាល់គ្នានឹងមានអាយុវែង ក្នុងស្រុកដែលព្រះអម្ចាស់សន្យាយ៉ាងម៉ឺងម៉ាត់ថា ប្រគល់អោយបុព្វបុរសរបស់អ្នករាល់គ្នា គឺអ្នករាល់គ្នានឹងមានអាយុវែង ដូចផ្ទៃមេឃស្ថិតនៅលើផែនដី។
២២ ប្រសិនបើអ្នករាល់គ្នាកាន់ និងប្រតិបត្តិតាមយ៉ាងដិតដល់ នូវបទបញ្ជាទាំងប៉ុន្មានដែលខ្ញុំប្រគល់អោយ ប្រសិនបើអ្នករាល់គ្នាស្រឡាញ់ព្រះអម្ចាស់ ជាព្រះរបស់អ្នករាល់គ្នា ព្រមទាំងដើរតាមមាគ៌ាទាំងប៉ុន្មានរបស់ព្រះអង្គ ហើយជំពាក់ចិត្តលើព្រះអង្គ ២៣ ព្រះអម្ចាស់នឹងបណ្ដេញប្រជាជាតិទាំងនេះចេញពីមុខអ្នករាល់គ្នា អ្នករាល់គ្នានឹងចាប់យកស្រុករបស់ប្រជាជាតិនានា ដែលមានគ្នាច្រើន និងមានកម្លាំងខ្លាំងជាងអ្នករាល់គ្នាមកធ្វើជាកម្មសិទ្ធិ។ ២៤ អ្នករាល់គ្នាដាក់បាតជើងលើកន្លែងណា ដីកន្លែងនោះនឹងបានទៅជាកម្មសិទ្ធិរបស់អ្នករាល់គ្នា។ ព្រំប្រទល់របស់អ្នករាល់គ្នាលាតសន្ធឹងចាប់ពីវាលរហោស្ថាន រហូតដល់ស្រុកលីបង់ និងពីទន្លេអឺប្រាតរហូតដល់សមុទ្រមេឌីទែរ៉ាណេ។ ២៥ គ្មាននរណាម្នាក់អាចតទល់នឹងអ្នករាល់គ្នាឡើយ ព្រះអម្ចាស់ ជាព្រះរបស់អ្នករាល់គ្នា នឹងធ្វើអោយប្រជាជននៅក្នុងស្រុកទាំងប៉ុន្មាន ដែលអ្នករាល់គ្នាឆ្លងកាត់ ភិតភ័យ និងកោតខ្លាចអ្នករាល់គ្នា ដូចព្រះអង្គមានព្រះបន្ទូលសន្យា។
២៦ ឥឡូវនេះ ខ្ញុំដាក់ព្រះពរ និងបណ្ដាសានៅមុខអ្នករាល់គ្នា ដើម្បីអោយអ្នករាល់គ្នាជ្រើសរើស។ ២៧ ប្រសិនបើអ្នករាល់គ្នាប្រតិបត្តិតាមបទបញ្ជារបស់ព្រះអម្ចាស់ ជាព្រះរបស់អ្នករាល់គ្នា ដែលខ្ញុំប្រគល់អោយអ្នករាល់គ្នា នៅថ្ងៃនេះ អ្នករាល់គ្នាមុខជាទទួលព្រះពរ។ ២៨ ប្រសិនបើអ្នករាល់គ្នាមិនប្រតិបត្តិតាមបទបញ្ជារបស់ព្រះអម្ចាស់ ជាព្រះរបស់អ្នករាល់គ្នា ប្រសិនបើអ្នករាល់គ្នាងាកចេញពីមាគ៌ាដែលខ្ញុំបង្ហាញដល់អ្នករាល់គ្នានៅថ្ងៃនេះទៅជំពាក់ចិត្តនឹងព្រះដទៃ ដែលអ្នករាល់គ្នាពុំស្គាល់ នោះអ្នករាល់គ្នាមុខជាទទួលបណ្ដាសាមិនខាន។
២៩ ពេលណាព្រះអម្ចាស់ ជាព្រះរបស់អ្នក នាំអ្នកចូលទៅក្នុងស្រុកដែលអ្នកត្រូវកាន់កាប់ នោះអ្នកត្រូវប្រកាសអំពីព្រះពរនៅលើភ្នំកេរិស៊ីម និងបណ្ដាសានៅលើភ្នំអេបាល។ ៣០ ភ្នំទាំងពីរស្ថិតនៅត្រើយខាងនាយទន្លេយ័រដាន់ គឺនៅតាមផ្លូវទៅទិសខាងលិច ក្នុងទឹកដីរបស់ជនជាតិកាណាន ដែលរស់នៅតាមតំបន់វាលទំនាបអារ៉ាបា ទល់មុខនឹងគីលកាល់ ជិតដើមជ្រៃម៉ូរេ។ ៣១ អ្នករាល់គ្នាត្រូវឆ្លងទន្លេយ័រដាន់នេះទៅចាប់យកស្រុកដែលព្រះអម្ចាស់ ជាព្រះរបស់អ្នករាល់គ្នា ប្រគល់អោយ រួចហើយត្រូវតាំងទីលំនៅក្នុងស្រុកដែលអ្នករាល់គ្នាចាប់យកនោះ។
៣២ អ្នករាល់គ្នាត្រូវកាន់ ហើយប្រតិបត្តិតាមច្បាប់ និងវិន័យទាំងប៉ុន្មាន ដែលខ្ញុំប្រគល់អោយអ្នករាល់គ្នានៅថ្ងៃនេះ»។