ជនជាតិអ៊ីស្រាអែលធ្វើពិធីរំលឹកអំពីសម្ពន្ធមេត្រី
២៧
ថ្មនៅភ្នំអេបាល
១ លោកម៉ូសេ និងក្រុមព្រឹទ្ធាចារ្យនៃជនជាតិអ៊ីស្រាអែល បានបង្គាប់ប្រជាជនដូចតទៅ៖ «ចូរប្រតិបត្តិតាមបទបញ្ជាទាំងប៉ុន្មាន ដែលខ្ញុំបង្គាប់អ្នករាល់គ្នានៅថ្ងៃនេះ។ ២ នៅថ្ងៃដែលអ្នករាល់គ្នាឆ្លងទន្លេយ័រដាន់ចូលទៅក្នុងស្រុកដែលព្រះអម្ចាស់ ជាព្រះរបស់អ្នក ប្រទានអោយ ចូរបញ្ឈរថ្មធំៗ ហើយលាបកំបោរពណ៌ស។ ៣ ចូរចារឹកក្រឹត្យវិន័យ*ដែលខ្ញុំប្រគល់អោយលើថ្មទាំងនោះ នៅពេលអ្នកឆ្លងទៅដល់ស្រុកដែលព្រះអម្ចាស់ ជាព្រះរបស់អ្នក ប្រទានអោយ ស្របតាមព្រះបន្ទូលរបស់ព្រះអម្ចាស់ ជាព្រះនៃបុព្វបុរសរបស់អ្នក គឺស្រុកដ៏សម្បូណ៌សប្បាយ។ ៤ ពេលណាអ្នកឆ្លងទន្លេយ័រដាន់ហើយ ចូរបញ្ឈរថ្មដែលខ្ញុំបង្គាប់អោយបញ្ឈរនោះ នៅលើភ្នំអេបាល ហើយលាបកំបោរពណ៌សផង។ ៥ បន្ទាប់មក ចូរយកថ្មដែលមិនទាន់មាននរណាយកពន្លាកដាប់នៅឡើយ មកសង់អាសនៈ*មួយថ្វាយព្រះអម្ចាស់ជាព្រះរបស់អ្នក ៦ គឺត្រូវយកថ្មដែលមិនទាន់ដាប់ សង់អាសនៈរបស់ព្រះអម្ចាស់ជាព្រះរបស់អ្នក រួចយកតង្វាយដុត*ទាំងមូលមកថ្វាយព្រះអង្គ នៅលើអាសនៈនោះ។ ៧ ចូរថ្វាយយញ្ញបូជាមេត្រីភាព ហើយជប់លៀងយ៉ាងសប្បាយនៅចំពោះព្រះភក្ត្រព្រះអម្ចាស់ ជាព្រះរបស់អ្នក។ ៨ ចូរចារឹកក្រឹត្យវិន័យទាំងនេះនៅលើថ្មអោយច្បាស់ៗ»។
៩ បន្ទាប់មក លោកម៉ូសេ និងបូជាចារ្យ*លេវី ថ្លែងទៅកាន់ប្រជាជនអ៊ីស្រាអែលទាំងមូលដូចតទៅ៖ «អ៊ីស្រាអែលអើយ ចូរស្ងៀមស្ងាត់ ហើយស្ដាប់ចុះ! ថ្ងៃនេះ អ្នកក្លាយទៅជាប្រជារាស្ត្ររបស់ព្រះអម្ចាស់ ជាព្រះរបស់អ្នក។ ១០ ដូច្នេះ ចូរស្ដាប់បង្គាប់ព្រះអម្ចាស់ ជាព្រះរបស់អ្នក ហើយប្រតិបត្តិតាមបទបញ្ជា និងច្បាប់របស់ព្រះអង្គ ដែលខ្ញុំប្រគល់អោយនៅថ្ងៃនេះ»។
១១ នៅថ្ងៃដដែលនោះ លោកម៉ូសេបង្គាប់ប្រជាជនដូចតទៅ៖ ១២ «កាលណាអ្នករាល់គ្នាឆ្លងទន្លេយ័រដាន់ហើយ កុលសម្ព័ន្ធស៊ីម្មាន លេវី យូដា អ៊ីសាខារ យ៉ូសែប និងបេនយ៉ាមីន ត្រូវឈរនៅលើភ្នំការិស៊ីម ដើម្បីប្រកាសអំពីព្រះពរប្រាប់ប្រជាជន។ ១៣ រីឯកុលសម្ព័ន្ធរូបេន កាដ អេស៊ើរ សាប់យូឡូន ដាន់ និងណែបថាលី ត្រូវឈរនៅលើភ្នំអេបាល ដើម្បីប្រកាសអំពីបណ្ដាសា»។
បណ្ដាសាទាំងដប់ពីរ
១៤ «ពួកលេវីត្រូវប្រកាសប្រាប់ប្រជាជនអ៊ីស្រាអែលទាំងមូលយ៉ាងខ្លាំងៗថា:
១៥ “អ្នកណាឆ្លាក់រូបបដិមា ឬសិតធ្វើរូបព្រះក្លែងក្លាយ ដែលព្រះអម្ចាស់ស្អប់ខ្ពើម ហើយយករូបដែលជាស្នាដៃរបស់មនុស្សទៅតម្កល់ទុកនៅកន្លែងមួយ ដើម្បីថ្វាយបង្គំដោយលួចលាក់ អ្នកនោះមុខជាត្រូវបណ្ដាសាពុំខាន!”។ ប្រជាជនទាំងអស់ត្រូវឆ្លើយព្រមគ្នាថា “អាម៉ែន!”។
១៦ “អ្នកណាប្រមាថមើលងាយមាតាបិតា អ្នកនោះមុខជាត្រូវបណ្ដាសាពុំខាន!”។ ប្រជាជនទាំងអស់ត្រូវឆ្លើយព្រមគ្នាថា “អាម៉ែន!”។
១៧ “អ្នកណាបង្ខិតបង្គោលរបងចូលទៅក្នុងដីធ្លីបងប្អូនរបស់ខ្លួន អ្នកនោះមុខជាត្រូវបណ្ដាសាពុំខាន!”។ ប្រជាជនទាំងអស់ត្រូវឆ្លើយព្រមគ្នាថា “អាម៉ែន!”។
១៨ “អ្នកណាធ្វើអោយមនុស្សខ្វាក់ដើរខុសផ្លូវ អ្នកនោះមុខជាត្រូវបណ្ដាសាពុំខាន!”។ ប្រជាជនទាំងអស់ត្រូវឆ្លើយព្រមគ្នាថា “អាម៉ែន!”។
១៩ “អ្នកណារំលោភលើសិទ្ធិជនបរទេស ក្មេងកំព្រា និងស្ត្រីមេម៉ាយ អ្នកនោះមុខជាត្រូវបណ្ដាសាពុំខាន!”។ ប្រជាជនទាំងអស់ត្រូវឆ្លើយព្រមគ្នាថា “អាម៉ែន!”។
២០ “អ្នកណារួមដំណេកជាមួយប្រពន្ធចុងឪពុករបស់ខ្លួន អ្នកនោះមុខជាត្រូវបណ្ដាសាពុំខាន! ព្រោះគេបង្អាប់កិត្តិយសរបស់ឪពុកខ្លួន”។ ប្រជាជនទាំងអស់ត្រូវឆ្លើយព្រមគ្នាថា “អាម៉ែន!”។
២១ “អ្នកណារួមដំណេកជាមួយសត្វធាតុ អ្នកនោះមុខជាត្រូវបណ្ដាសាពុំខាន!”។ ប្រជាជនទាំងអស់ត្រូវឆ្លើយព្រមគ្នាថា “អាម៉ែន!”។
២២ “អ្នកណារួមដំណេកជាមួយបងប្អូនស្រីរបស់ខ្លួន ទោះបីជាបងប្អូនឪពុកមួយ ឬម្ដាយមួយក្ដី អ្នកនោះមុខជាត្រូវបណ្ដាសាពុំខាន!”។ ប្រជាជនទាំងអស់ត្រូវឆ្លើយព្រមគ្នាថា “អាម៉ែន!”។
២៣ “អ្នកណារួមដំណេកជាមួយម្ដាយក្មេករបស់ខ្លួន អ្នកនោះមុខជាត្រូវបណ្ដាសាពុំខាន!”។ ប្រជាជនទាំងអស់ត្រូវឆ្លើយព្រមគ្នាថា “អាម៉ែន!”។
២៤ “អ្នកណាលួចប្រហារជីវិតអ្នកដទៃ អ្នកនោះមុខជាត្រូវបណ្ដាសាពុំខាន!”។ ប្រជាជនទាំងអស់ត្រូវឆ្លើយព្រមគ្នាថា “អាម៉ែន!”។
២៥ “អ្នកណាទទួលសំណូក ដើម្បីប្រហារជីវិតជនស្លូតត្រង់ អ្នកនោះមុខជាត្រូវបណ្ដាសាពុំខាន!”។ ប្រជាជនទាំងអស់ត្រូវឆ្លើយព្រមគ្នាថា “អាម៉ែន!”។
២៦ “អ្នកណាមិនគោរពសេចក្ដីដែលមានចែងទុកក្នុងក្រឹត្យវិន័យនេះ ហើយមិនប្រតិបត្តិតាមទេ អ្នកនោះមុខជាត្រូវបណ្ដាសាពុំខាន!”។ ប្រជាជនទាំងអស់ត្រូវឆ្លើយព្រមគ្នាថា “អាម៉ែន!”»។