១ ព្រះអម្ចាស់​មាន​ព្រះបន្ទូល​មក​កាន់​លោក​ម៉ូសេ​ថា៖ «យើង​នឹង​ធ្វើ​អោយ​អ្នក​បាន​ដូច​ជា​ព្រះ នៅ​ចំពោះ​មុខ​ស្ដេច​ផារ៉ោន រីឯ​អើរ៉ុន ជា​បង​របស់​អ្នក នឹង​ប្រៀប​ដូច​ជា​ព្យាការី​របស់​អ្នក។ ២ អ្នក​នឹង​ប្រាប់​អើរ៉ុន​នូវ​សេចក្ដី​ទាំង​ប៉ុន្មាន ដែល​យើង​បង្គាប់​ដល់​អ្នក ហើយ​គាត់​នាំ​យក​សេចក្ដី​ទាំង​នោះ​ទៅ​ប្រាប់​ស្ដេច​ផារ៉ោន ដើម្បី​ស្ដេច​អនុញ្ញាត​អោយ​កូន​ចៅ​អ៊ីស្រាអែល​ចាក​ចេញ​ពី​ស្រុក​អេស៊ីប។ ៣ រីឯ​យើង​វិញ យើង​នឹង​ធ្វើ​អោយ​ស្ដេច​ផារ៉ោន​មាន​ចិត្ត​រឹងរូស យើង​នឹង​បង្ហាញ​ឫទ្ធិបាដិហារិយ៍ និង​ទី​សំគាល់​ដ៏​អស្ចារ្យ​ជា​ច្រើន​នៅ​ស្រុក​អេស៊ីប។ ៤ ស្ដេច​ផារ៉ោន​នឹង​មិន​ស្ដាប់​អ្នក​ទាំង​ពីរ​ទេ។ យើង​នឹង​វាយ​ប្រហារ​ស្រុក​អេស៊ីប យើង​នឹង​ដាក់​ទោស​គេ​យ៉ាង​ធ្ងន់ៗ ហើយ​នាំ​អ៊ីស្រាអែល ជា​ប្រជារាស្ត្រ​របស់​យើង ចាក​ចេញ​ពី​ស្រុក​អេស៊ីប ដោយ​មាន​របៀប​រៀប​រយ​ដូច​កងទ័ព​មួយ។ ៥ ពេល​ណា​យើង​វាយ​ប្រហារ​ស្រុក​អេស៊ីប ហើយ​នាំ​កូន​ចៅ​អ៊ីស្រាអែល​ចេញ​ពី​ស្រុក​នោះ ជន​ជាតិ​អេស៊ីប​នឹង​ទទួល​ស្គាល់​ថា យើង​ជា​ព្រះអម្ចាស់»។ ៦ លោក​ម៉ូសេ និង​លោក​អើរ៉ុន​ធ្វើ​តាម​ព្រះបញ្ជា​របស់​ព្រះអម្ចាស់​សព្វ​គ្រប់​ទាំង​អស់។ ៧ នៅ​ពេល​លោក​ទាំង​ពីរ​ទៅ​គាល់​ព្រះចៅ​ផារ៉ោន​នោះ លោក​ម៉ូសេ​មាន​អាយុ​ប៉ែតសិប​ឆ្នាំ លោក​អើរ៉ុន​មាន​អាយុ​ប៉ែតសិប​បី​ឆ្នាំ។
ព្រះចៅ​ផារ៉ោន​មិន​ព្រម​ស្ដាប់​លោក​ម៉ូសេ និង​លោក​អើរ៉ុន
៨ ព្រះអម្ចាស់​មាន​ព្រះបន្ទូល​ទៅ​លោក​ម៉ូសេ និង​លោក​អើរ៉ុន​ថា៖ ៩ «ប្រសិន​បើ​ស្ដេច​ផារ៉ោន​ទាមទារ​អោយ​អ្នក​សំដែង​បាដិហារិយ៍​នោះ ត្រូវ​ប្រាប់​អើរ៉ុន​ថា “ចូរ​យក​ដំបង​របស់​បង បោះ​ទៅ​ខាង​មុខ​ស្ដេច​ផារ៉ោន” ដំបង​នោះ​នឹង​ក្លាយ​ទៅ​ជា​ពស់»។ ១០ លោក​ម៉ូសេ និង​លោក​អើរ៉ុន​ក៏​ទៅ​គាល់​ព្រះចៅ​ផារ៉ោន ហើយ​ធ្វើ​តាម​សេចក្ដី​ដែល​ព្រះអម្ចាស់​បាន​បង្គាប់​មក​ពួក​លោក។ លោក​អើរ៉ុន​បោះ​ដំបង​នៅ​មុខ​ព្រះចៅ​ផារ៉ោន និង​ពួក​មន្ត្រី ហើយ​ដំបង​ក៏​ក្លាយ​ទៅ​ជា​ពស់។ ១១ ប៉ុន្តែ ព្រះចៅ​ផារ៉ោន​ហៅ​ពួក​អ្នក​ប្រាជ្ញ និង​ពួក​គ្រូ​ធ្មប់​របស់​ស្រុក​អេស៊ីប​មក ហើយ​ពួក​គេ​ក៏​ប្រើ​មន្តអាគម ធ្វើ​បាន​ដូច​គ្នា។ ១២ ពួក​គេ​ម្នាក់ៗ​បោះ​ដំបង​របស់​ខ្លួន ហើយ​ដំបង​ទាំង​នោះ​ក្លាយ​ជា​ពស់ ប៉ុន្តែ ដំបង​របស់​លោក​អើរ៉ុន​បាន​លេប​ដំបង​របស់​ពួក​គេ​អស់។ ១៣ ព្រះចៅ​ផារ៉ោន​នៅ​តែ​មាន​ព្រះហឫទ័យ​រឹង​ចចេស ដូច​ព្រះអម្ចាស់​មាន​ព្រះបន្ទូល​ទុក​ស្រាប់ គឺ​ស្ដេច​មិន​ព្រម​ស្ដាប់​លោក​ម៉ូសេ និង​លោក​អើរ៉ុន​ទេ។
គ្រោះ​កាច​ទី​មួយ: ទឹក​ក្លាយ​ជា​ឈាម
១៤ បន្ទាប់​មក ព្រះអម្ចាស់​មាន​ព្រះបន្ទូល​មក​កាន់​លោក​ម៉ូសេ​ថា៖ «ស្ដេច​ផារ៉ោន​មានះ​ណាស់ ហើយ​មិន​អនុញ្ញាត​អោយ​ប្រជាជន​ចេញ​ទៅ​ទេ។ ១៥ ដូច្នេះ ព្រឹក​ឡើង ចូរ​អ្នក​ទៅ​ជួប​ស្ដេច​ផារ៉ោន នៅ​ពេល​ស្ដេច​ចុះ​ទៅ​មាត់​ទន្លេ​នីល។ ចូរ​កាន់​ដំបង​ដែល​បាន​ក្លាយ​ជា​ពស់​នោះ​ទៅ​ជា​មួយ​ផង។ ១៦ ចូរ​ប្រាប់​ស្ដេច​ផារ៉ោន​ថា: ព្រះអម្ចាស់ ជា​ព្រះ​នៃ​ជន​ជាតិ​ហេប្រឺ ចាត់​ទូលបង្គំ​អោយ​មក​ទូល​ព្រះករុណា​ថា “ចូរ​បើក​អោយ​ប្រជារាស្ត្រ​របស់​យើង​ចេញ​ទៅ​គោរព​បំរើ​យើង នៅ​វាល​រហោស្ថាន!” ប៉ុន្តែ រហូត​មក​ដល់​ពេល​នេះ ព្រះករុណា​មិន​ព្រម​ស្ដាប់​ទេ។ ១៧ ហេតុ​នេះ ព្រះអម្ចាស់​មាន​ព្រះបន្ទូល​ថា “ម្ដង​នេះ អ្នក​នឹង​ទទួល​ស្គាល់​ថា យើង​ពិត​ជា​ព្រះអម្ចាស់​មែន”។ “ទូលបង្គំ​នឹង​យក​ដំបង​ដែល​ទូលបង្គំ​កាន់​វាយ​ទឹក​ទន្លេ​នីល ហើយ​ទឹក​នេះ​នឹង​ក្លាយ​ទៅ​ជា​ឈាម។ ១៨ ត្រី​ទាំង​អស់​នៅ​ក្នុង​ទន្លេ​នីល​នឹង​ត្រូវ​វិនាស ទឹក​ទន្លេ​នឹង​ធុំ​ក្លិន​ស្អុយ ជន​ជាតិ​អេស៊ីប​មិន​អាច​ផឹក​ទឹក​នេះ​បាន​ទៀត​ឡើយ”»។ ១៩ ព្រះអម្ចាស់​មាន​ព្រះបន្ទូល​មក​កាន់​លោក​ម៉ូសេ​ដូច​ត​ទៅ​នេះ៖ «ចូរ​ប្រាប់​អើរ៉ុន​ថា: សូម​បង​យក​ដំបង​របស់​បង ហើយ​លើក​ដៃ​វាយ​ទឹក​របស់​ស្រុក​អេស៊ីប គឺ​ទន្លេ ព្រែក បឹង ត្រពាំង ដើម្បី​អោយ​ទឹក​ទាំង​នោះ​ក្លាយ​ទៅ​ជា​ឈាម។ ឈាម​នឹង​មាន​ពាសពេញ​ក្នុង​ស្រុក​អេស៊ីប សូម្បី​តែ​នៅ​ក្នុង​ធុង និង​ក្នុង​ពាង​ក៏​មាន​ឈាម​ដែរ»។
២០ លោក​ម៉ូសេ និង​លោក​អើរ៉ុន ធ្វើ​តាម​បញ្ជា​របស់​ព្រះអម្ចាស់ គឺ​លោក​អើរ៉ុន​លើក​ដំបង​វាយ​ទឹក​ទន្លេ​នីល នៅ​ចំពោះ​ព្រះភក្ត្រ​របស់​ព្រះចៅ​ផារ៉ោន និង​នៅ​ចំពោះ​មុខ​នាម៉ឺន​សព្វ​មុខ​មន្ត្រី ហើយ​ទឹក​ទន្លេ​នីល​ទាំង​ប៉ុន្មាន​ក៏​ក្លាយ​ទៅ​ជា​ឈាម។ ២១ ត្រី​ទាំង​ប៉ុន្មាន​នៅ​ក្នុង​ទន្លេ​នីល​ត្រូវ​វិនាស​អស់ ទឹក​ទន្លេ​ធុំ​ក្លិន​ស្អុយ ហើយ​ជន​ជាតិ​អេស៊ីប​មិន​អាច​ផឹក​ទឹក​បាន​ឡើយ ក្នុង​ស្រុក​ទាំង​មូល​មាន​សុទ្ធ​តែ​ឈាម។ ២២ ប៉ុន្តែ គ្រូ​ធ្មប់​ជាតិ​អេស៊ីប​ក៏​ប្រើ​មន្តអាគម ធ្វើ​បាន​ដូច​គ្នា។ ហេតុ​នេះ ព្រះចៅ​ផារ៉ោន​នៅ​តែ​មាន​ព្រះហឫទ័យ​រឹង​ចចេស មិន​ព្រម​ស្ដាប់​លោក​ម៉ូសេ និង​លោក​អើរ៉ុន ដូច​ព្រះអម្ចាស់​មាន​ព្រះបន្ទូល​ទុក​ស្រាប់។ ២៣ ព្រះចៅ​ផារ៉ោន​ត្រឡប់​ចូល​ទៅ​ក្នុង​វាំង​វិញ ដោយ​មិន​យក​ព្រះហឫទ័យ​ទុក​ដាក់​នឹង​ការ​ទាំង​នោះ​ឡើយ។ ២៤ ប្រជាជន​អេស៊ីប​ទាំង​អស់​នាំ​គ្នា​ជីក​អណ្ដូង​នៅ​តាម​មាត់​ទន្លេ​នីល ដើម្បី​យក​ទឹក​ស្អាត ព្រោះ​គេ​មិន​អាច​ផឹក​ទឹក​ទន្លេ​នីល​បាន​ទេ។ ២៥ ក្រោយ​ពី​ព្រះអម្ចាស់​វាយ​ទឹក​ទន្លេ​នីល​បាន​ប្រាំពីរ​ថ្ងៃ