១៧
ជន​ជាតិ​អ៊ីស្រាអែល​ខ្វះ​ទឹក
១ សហគមន៍​អ៊ីស្រាអែល​ទាំង​មូល​ចាក​ចេញ​ពី​វាល​រហោស្ថាន​ស៊ីន តាម​បង្គាប់​ព្រះអម្ចាស់។ ពួក​គេ​នាំ​គ្នា​បោះ​ជំរំ​នៅ​រេផិឌីម ប៉ុន្តែ នៅ​ទី​នោះ គ្មាន​ទឹក​សំរាប់​ប្រជាជន​បរិភោគ​ទេ។ ២ ដូច្នេះ ពួក​គេ​រក​រឿង​ឈ្លោះ​នឹង​លោក​ម៉ូសេ ទាំង​ពោល​ថា៖ «សូម​រក​ទឹក​អោយ​ពួក​យើង​ផឹក​ផង!»។ លោក​ម៉ូសេ​ឆ្លើយ​ថា៖ «ហេតុ​អ្វី​បាន​ជា​អ្នក​រាល់​គ្នា​រក​រឿង​ឈ្លោះ​នឹង​ខ្ញុំ? ហើយ​ហេតុ​អ្វី​បាន​ជា​អ្នក​រាល់​គ្នា​ល្បងល​ព្រះអម្ចាស់​ដូច្នេះ?»។ ៣ នៅ​ទី​នោះ ដោយ​ប្រជាជន​ស្រេក​ទឹក​ខ្លាំង​ពេក ពួក​គេ​នាំ​គ្នា​រអ៊ូរទាំ​ដាក់​លោក​ម៉ូសេ ទាំង​ពោល​ថា៖ «ហេតុ​អ្វី​បាន​ជា​លោក​នាំ​ពួក​យើង​ចេញ​ពី​ស្រុក​អេស៊ីប អោយ​ពួក​យើង ព្រម​ទាំង​កូន​ចៅ និង​ហ្វូង​សត្វ​របស់​ពួក​យើង​ស្លាប់​ដោយ​អត់​ទឹក​ដូច្នេះ?»។ ៤ លោក​ម៉ូសេ​ស្រែក​អង្វរ​ព្រះអម្ចាស់​ថា៖ «តើ​ទូលបង្គំ​ត្រូវ​ធ្វើ​ដូច​ម្ដេច​ចំពោះ​ប្រជាជន​នេះ? បន្តិច​ទៀត ពួក​គេ​នឹង​យក​ដុំ​ថ្ម​គប់​សម្លាប់​ទូលបង្គំ​ជា​ពុំខាន»។ ៥ ព្រះអម្ចាស់​មាន​ព្រះបន្ទូល​មក​កាន់​លោក​ម៉ូសេ​វិញ​ថា៖ «ចូរ​ដើរ​ទៅ​ខាង​មុខ​ប្រជាជន ដោយ​នាំ​ពួក​ព្រឹទ្ធាចារ្យ​របស់​ជន​ជាតិ​អ៊ីស្រាអែល​ទៅ​ជា​មួយ ហើយ​កាន់​ដំបង ដែល​អ្នក​វាយ​ទឹក​ទន្លេ​នីល ទៅ​ជា​មួយ​ផង។ ៦ នៅ​ទី​នោះ យើង​នឹង​ឈរ​ពី​មុខ​អ្នក លើ​ផ្ទាំង​ថ្ម​មួយ​នៅ​ភ្នំ​ហោរ៉ែប។ ចូរ​វាយ​ផ្ទាំង​ថ្ម​នោះ ទឹក​នឹង​ហូរ​ចេញ​មក សំរាប់​ប្រជាជន​បរិភោគ»។
លោក​ម៉ូសេ​ក៏​ធ្វើ​តាម នៅ​ចំពោះ​មុខ​ព្រឹទ្ធាចារ្យ​របស់​ជន​ជាតិ​អ៊ីស្រាអែល។ ៧ លោក​ដាក់​ឈ្មោះ​កន្លែង​នោះ​ថា ម៉ាសា និង​មេរីបា​ ដ្បិត​ជន​ជាតិ​អ៊ីស្រាអែល​រក​រឿង​ឈ្លោះ​នឹង​លោក​ម៉ូសេ ព្រម​ទាំង​ល្បងល​ព្រះអម្ចាស់ ដោយ​ពោល​ថា «តើ​ព្រះអម្ចាស់​គង់​ក្នុង​ចំណោម​ពួក​យើង​មែន ឬ​មិន​មែន?»។
ជន​ជាតិ​អាម៉ាឡេក​ប្រយុទ្ធ​ជា​មួយ​ជន​ជាតិ​អ៊ីស្រាអែល
៨ ជន​ជាតិ​អាម៉ាឡេក​​នាំ​គ្នា​មក​វាយ​ជន​ជាតិ​អ៊ីស្រាអែល​នៅ​រេផិឌីម។ ៩ លោក​ម៉ូសេ​ពោល​ទៅ​កាន់​លោក​យ៉ូស្វេ​ថា៖ «ចូរ​ជ្រើសរើស​មនុស្ស​មួយ​ចំនួន ហើយ​ចេញ​ទៅ​ច្បាំង​ជា​មួយ​ជន​ជាតិ​អាម៉ាឡេក​ចុះ។ ស្អែក ខ្ញុំ​នឹង​ឡើង​ទៅ​ឈរ​លើ​កំពូល​ភ្នំ ទាំង​កាន់​ដំបង​របស់​ព្រះជាម្ចាស់»។ ១០ លោក​យ៉ូស្វេ​ក៏​ចេញ​ទៅ​ប្រយុទ្ធ​ជា​មួយ​ជន​ជាតិ​អាម៉ាឡេក តាម​បង្គាប់​របស់​លោក​ម៉ូសេ។ ចំណែក​លោក​ម៉ូសេ លោក​អើរ៉ុន និង​លោក​ហ៊ើរ ក៏​នាំ​គ្នា​ឡើង​ទៅ​លើ​កំពូល​ភ្នំ។ ១១ កាល​ណា​លោក​ម៉ូសេ​លើក​ដៃ​ឡើង​លើ ជន​ជាតិ​អ៊ីស្រាអែល​មាន​ប្រៀប​ជាង ប៉ុន្តែ កាល​ណា​លោក​ទម្លាក់​ដៃ​ចុះ ជន​ជាតិ​អាម៉ាឡេក​មាន​ប្រៀប​ជាង។ ១២ ដោយ​ដៃ​របស់​លោក​ម៉ូសេ​ចុក​ស្រពន់ ពួក​គេ​ក៏​យក​ថ្ម​មក​ជូន​លោក​អង្គុយ។ លោក​អើរ៉ុន និង​លោក​ហ៊ើរ ទ្រ​ដៃ​លោក​ម្ខាង​ម្នាក់ ជា​ហេតុ​ធ្វើ​អោយ​លោក​ម៉ូសេ​អាច​លើក​ដៃ​បាន រហូត​ដល់​ថ្ងៃ​លិច។ ១៣ ដូច្នេះ លោក​យ៉ូស្វេ​មាន​ជ័យជំនះ​លើ​កងទ័ព​អាម៉ាឡេក ហើយ​ប្រហារ​ពួក​គេ​ដោយ​មុខ​ដាវ។
១៤ ព្រះអម្ចាស់​មាន​ព្រះបន្ទូល​មក​កាន់​លោក​ម៉ូសេ​ថា៖ «ចូរ​កត់ត្រា​ព្រឹត្តិការណ៍​នេះ​ក្នុង​ក្រាំង​មួយ ដើម្បី​ចង​ចាំ​ទុក។ ចូរ​ប្រាប់​យ៉ូស្វេ​ថា យើង​នឹង​លុប​បំបាត់​ជន​ជាតិ​អាម៉ាឡេក​អោយ​អស់​ពី​ផែនដី ឥត​អោយ​នរណា​នឹក​ចាំ​ពី​ពួក​គេ​ទៀត​ឡើយ»។
១៥ ពេល​នោះ លោក​ម៉ូសេ​សង់​អាសនៈ​មួយ រួច​ដាក់​ឈ្មោះ​ថា «ព្រះអម្ចាស់​ជា​ទង់​ជ័យ​របស់​ខ្ញុំ»។ ១៦ លោក​ប្រកាស​ថា៖ «ដោយ​ជន​ជាតិ​អាម៉ាឡេក​ហ៊ាន​លើក​ដៃ​ប្រឆាំង​នឹង​បល្ល័ង្ក​របស់​ព្រះអម្ចាស់ នោះ​ព្រះអង្គ​នឹង​ប្រយុទ្ធ​ជា​មួយ​ពួក​គេ អស់កល្ប​ជា​អង្វែង​ត​រៀង​ទៅ»។