៣៤
បន្ទះ​ថ្ម​ថ្មី
១ ព្រះអម្ចាស់​មាន​ព្រះបន្ទូល​មក​កាន់​លោក​ម៉ូសេ​ថា៖ «ចូរ​ដាប់​ថ្ម​ពីរ​បន្ទះ​ដូច​បន្ទះ​ថ្ម​មុន​ដែរ។ យើង​នឹង​សរសេរ​សេចក្ដី​ទាំង​ប៉ុន្មាន​ដែល​មាន​ចារឹក​លើ​បន្ទះ​ថ្ម ដែល​អ្នក​បាន​ធ្វើ​អោយ​បែក លើ​បន្ទះ​ថ្ម​ថ្មី​នេះ។ ២ ចូរ​ត្រៀម​ខ្លួន​តាំង​ពី​ព្រលឹម ហើយ​ឡើង​ទៅ​លើ​ភ្នំ​ស៊ីណៃ រួច​រង់ចាំ​យើង​នៅ​លើ​កំពូល​ភ្នំ។ ៣ មិន​ត្រូវ​អោយ​នរណា​ឡើង​មក​ជា​មួយ​អ្នក មិន​ត្រូវ​អោយ​មាន​នរណា​នៅ​លើ​ភ្នំ​នេះ ហើយ​សូម្បី​តែ​ចៀម ឬ​គោ ក៏​មិន​ត្រូវ​អោយ​មក​ស៊ី​ស្មៅ​នៅ​តាម​ជើង​ភ្នំ​ដែរ»។ ៤ លោក​ម៉ូសេ​ក៏​ដាប់​ថ្ម​ពីរ​បន្ទះ ដូច​បន្ទះ​ថ្ម​មុន។ លោក​ក្រោក​ពី​ព្រលឹម ឡើង​ទៅ​លើ​ភ្នំ​ស៊ីណៃ តាម​បញ្ជា​របស់​ព្រះអម្ចាស់ ទាំង​កាន់​បន្ទះ​ថ្ម​ពីរ​នោះ​ទៅ​ជា​មួយ​ផង។
៥ ព្រះអម្ចាស់​បាន​ចុះ​មក​ក្នុង​ពពក* ហើយ​គង់​នៅ​ទី​នោះ ក្បែរ​លោក​ម៉ូសេ ទាំង​ប្រកាស​ព្រះនាម​ព្រះអម្ចាស់៦ បន្ទាប់​មក ព្រះអម្ចាស់​បាន​ឆ្លង​កាត់​ពី​មុខ​លោក​ម៉ូសេ ទាំង​ប្រកាស​ថា៖ «ព្រះអម្ចាស់ ព្រះអម្ចាស់ ជា​ព្រះ​ប្រកប​ដោយ​ព្រះហឫទ័យ​អាណិត​អាសូរ និង​ប្រណី​សន្ដោស ព្រះអង្គ​មាន​ព្រះហឫទ័យ​អត់ធ្មត់ ហើយ​ពោរពេញ​ទៅ​ដោយ​ព្រះហឫទ័យ​មេត្តា​ករុណា និង​ស្មោះស្ម័គ្រ​ជានិច្ច។ ៧ ព្រះអង្គ​សំដែង​ព្រះហឫទ័យ​មេត្តា​ករុណា រហូត​ដល់​មួយ​ពាន់​ដំណ ព្រះអង្គ​តែងតែ​អត់ទោស​ចំពោះ​កំហុស អំពើ​ទុច្ចរិត និង​អំពើ​បាប​ដែល​មនុស្ស​បាន​ប្រព្រឹត្ត តែ​ព្រះអង្គ​មិន​ចាត់​ទុក​អ្នក​មាន​កំហុស​ថា​ជា​ជន​ស្លូត​ត្រង់​ឡើយ។ អ្នក​ធ្វើ​ខុស ព្រះអង្គ​ដាក់​ទោស​គេ​ចាប់​ពី​ឪពុក​រហូត​ដល់​កូន​ចៅ​បី​បួន​តំណ!»។
៨ លោក​ម៉ូសេ​ប្រញាប់ប្រញាល់​ក្រាប​ដល់​ដី ថ្វាយបង្គំ​ព្រះអម្ចាស់៩ លោក​ទូល​ថា៖ «បពិត្រ​ព្រះអម្ចាស់! ប្រសិន​បើ​ព្រះអង្គ​គាប់​ព្រះហឫទ័យ​នឹង​ទូលបង្គំ​មែន សូម​ព្រះអង្គ​យាង​ទៅ​ជា​មួយ​យើង​ខ្ញុំ​ផង។ ប្រជាជន​ទាំង​នេះ​ជា​មនុស្ស​រឹងរូស ប៉ុន្តែ ព្រះអង្គ​អត់ទោស​ចំពោះ​កំហុស និង​អំពើ​បាប ដែល​យើង​ខ្ញុំ​បាន​ប្រព្រឹត្ត ហើយ​ព្រះអង្គ​ទទួល​យើង​ខ្ញុំ​ជា​ប្រជារាស្ត្រ​ផ្ទាល់​របស់​ព្រះអង្គ»។
ព្រះអម្ចាស់​ចង​សម្ពន្ធមេត្រី​ជា​មួយ​ជន​ជាតិ​អ៊ីស្រាអែល​សា​ជា​ថ្មី
១០ ព្រះអម្ចាស់​មាន​ព្រះបន្ទូល​ថា៖ «ឥឡូវ​នេះ យើង​ចង​សម្ពន្ធមេត្រី​ជា​មួយ​អ្នក​រាល់​គ្នា។ យើង​នឹង​សំដែង​ការ​អស្ចារ្យ អោយ​ប្រជាជន​អ៊ីស្រាអែល​ឃើញ ជា​ការ​អស្ចារ្យ​ដែល​មិន​ធ្លាប់​មាន​កាល​ពី​មុន​មក នៅ​លើ​ផែនដី និង​នៅ​ក្នុង​ចំណោម​ប្រជាជាតិ​នានា។ ប្រជាជន​នៅ​ជា​មួយ​អ្នក​នឹង​ឃើញ​ស្នា​ព្រះហស្ដ​ដ៏​គួរ​អោយ​កោត​ស្ញប់ស្ញែង ដែល​ព្រះអម្ចាស់​បាន​ធ្វើ តាម​រយៈ​អ្នក។
១១ ចូរ​យក​ចិត្ត​ទុក​ដាក់​ប្រតិបត្តិ​តាម​សេចក្ដី​ដែល​យើង​បង្គាប់​អ្នក​នៅ​ថ្ងៃ​នេះ។ យើង​នឹង​បណ្ដេញ​ជន​ជាតិ​អាម៉ូរី ជន​ជាតិ​កាណាន ជន​ជាតិ​ហេត ជន​ជាតិ​ពេរិស៊ីត ជន​ជាតិ​ហេវី និង​ជន​ជាតិ​យេប៊ូស ចេញ​ពី​មុខ​អ្នក​រាល់​គ្នា។ ១២ ចូរ​ប្រយ័ត្ន​មិន​ត្រូវ​ចង​សម្ពន្ធមិត្ត​ជា​មួយ​ប្រជាជន​នៅ​ក្នុង​ស្រុក ដែល​អ្នក​នឹង​ចូល​ទៅ​រស់​នៅ​នោះ​ឡើយ ក្រែង​លោ​ពួក​គេ​ក្លាយ​ទៅ​ជា​អន្ទាក់ ក្នុង​ចំណោម​អ្នក។ ១៣ ផ្ទុយ​ទៅ​វិញ អ្នក​រាល់​គ្នា​ត្រូវ​បំផ្លាញ​អាសនៈ​របស់​ពួក​គេ បំបាក់​ស្ដូប​របស់​ពួក​គេ ព្រម​ទាំង​ផ្ដួល​រំលំ​បង្គោល​សក្ការៈ​របស់​ពួក​គេ​ទៀត​ផង។ ១៤ មិន​ត្រូវ​ក្រាប​ថ្វាយបង្គំ​ព្រះ​ណា​ទៀត​ឡើយ ដ្បិត​យើង​ជា​ព្រះអម្ចាស់ យើង​មិន​ចង់​អោយ​អ្នក​ជំពាក់​ចិត្ត​នឹង​ព្រះ​ផ្សេង​ជា​ដាច់​ខាត។ ១៥ កុំ​ចង​សម្ពន្ធមិត្ត​ជា​មួយ​ប្រជាជន​នៅ​ស្រុក​នោះ ក្រែង​លោ​ពេល​ណា​គេ​ធ្វើ​យញ្ញបូជា​ដល់​ព្រះ​របស់​គេ គេ​នឹង​អញ្ជើញ​អ្នក​អោយ​ចូល​រួម​បរិភោគ ជា​ហេតុ​នាំ​អោយ​អ្នក​ក្បត់​ចិត្ត​យើង។ ១៦ ម្យ៉ាង​ទៀត បើ​កូន​ប្រុស​របស់​អ្នក​រៀបការ​ជា​មួយ​កូន​ស្រី​របស់​គេ ពេល​កូន​ស្រី​របស់​គេ​ថ្វាយបង្គំ​ព្រះ​របស់​ខ្លួន នោះ​នាង​ក៏​នាំ​កូន​ប្រុស​របស់​អ្នក អោយ​ក្បត់​ចិត្ត​យើង​ដែរ។
១៧ មិន​ត្រូវ​យក​លោហធាតុ​មក​សិត​ធ្វើ​ជា​រូប​ព្រះ​ឡើយ។
១៨ ត្រូវ​ធ្វើ​ពិធី​បុណ្យ​នំបុ័ង​ឥត​មេ គឺ​អ្នក​រាល់​គ្នា​ត្រូវ​បរិភោគ​នំបុ័ង​ឥត​មេ ចំនួន​ប្រាំពីរ​ថ្ងៃ នៅ​ខែ​ចេត្រ ដូច​យើង​បាន​បង្គាប់ និង​កំណត់​ទុក ព្រោះ​នៅ​ខែ​ចេត្រ​នោះ យើង​បាន​នាំ​អ្នក​ចេញ​ពី​ស្រុក​អេស៊ីប។
១៩ កូន​ប្រុស​ច្បង​ទាំង​អស់​ជា​កម្មសិទ្ធិ​របស់​យើង ហើយ​កូន​ឈ្មោល​ដំបូង​របស់​គោ និង​ចៀម​ពី​ក្នុង​ហ្វូង​សត្វ​របស់​អ្នក ក៏​ជា​កម្មសិទ្ធិ​របស់​យើង​ដែរ។ ២០ រីឯ​កូន​ដំបូង​របស់​សត្វ​លា អ្នក​ត្រូវ​យក​កូន​ចៀម​មក​លោះ បើ​អ្នក​មិន​លោះ​វា​ទេ ត្រូវ​វាយ​បំបាក់​ក​កូន​លា​នោះ។ អ្នក​ក៏​ត្រូវ​លោះ​កូន​ប្រុស​ច្បង​ទាំង​អស់​របស់​អ្នក​ដែរ។ មិន​ត្រូវ​ចូល​មក​រក​យើង ដោយ​ដៃ​ទទេ​ឡើយ។
២១ អ្នក​ត្រូវ​ធ្វើ​ការ​ប្រាំ​មួយ​ថ្ងៃ ប៉ុន្តែ នៅ​ថ្ងៃ​ទី​ប្រាំពីរ អ្នក​រាល់​គ្នា​ត្រូវ​គោរព​ថ្ងៃ​សប្ប័ទ* ទោះ​បី​នៅ​រដូវ​ភ្ជួរ​រាស់ ឬ​រដូវ​ច្រូត​កាត់​ក៏​ដោយ។
២២ អ្នក​ត្រូវ​ធ្វើ​ពិធី​បុណ្យ​ថ្ងៃ​ទី​ហាសិប* នៅ​ពេល​ចាប់​ផ្ដើម​ច្រូត​ស្រូវ ហើយ​ធ្វើ​ពិធី​បុណ្យ​ប្រមូល​ភោគផល​នៅ​ចុង​ឆ្នាំ។
២៣ ក្នុង​មួយ​ឆ្នាំ ក្នុង​ចំណោម​ប្រជាជន ប្រុសៗ​ទាំង​អស់​ត្រូវ​មក​បង្ហាញ​ខ្លួន នៅ​ចំពោះ​ព្រះភក្ត្រ​ព្រះជាអម្ចាស់​ជា​ព្រះ​របស់​ជន​ជាតិ​អ៊ីស្រាអែល​ចំនួន​បី​ដង។ ២៤ កាល​យើង​បណ្ដេញ​ជាតិ​សាសន៍​នានា​ចេញ​ពី​មុខ​អ្នក យើង​នឹង​ពង្រីក​ទឹក​ដី​របស់​អ្នក។ ក្នុង​អំឡុង​ពេល​ទាំង​បី​ដង​ក្នុង​មួយ​ឆ្នាំ ដែល​អ្នក​មក​បង្ហាញ​ខ្លួន នៅ​ចំពោះ​ព្រះភក្ត្រ​ព្រះអម្ចាស់ ជា​ព្រះ​របស់​អ្នក គ្មាន​នរណា​លោភលន់​ចង់​បាន​ដី​របស់​អ្នក​ឡើយ។
២៥ មិន​ត្រូវ​យក​នំបុ័ង​មាន​មេ មក​ថ្វាយ​ជា​មួយ​ឈាម​នៃ​យញ្ញបូជា​ឡើយ ហើយ​ក៏​មិន​ត្រូវ​រក្សា​សាច់​របស់​យញ្ញបូជា​នៃ​ពិធី​បុណ្យ​ចម្លង រហូត​ដល់​ព្រឹក​ស្អែក​ដែរ។ ២៦ ចូរ​នាំ​យក​ភោគផល​ដំបូង​បង្អស់​នៃ​ដំណាំ​របស់​អ្នក​រាល់​គ្នា មក​ថ្វាយ​ក្នុង​ដំណាក់​នៃ​ព្រះអម្ចាស់ ជា​ព្រះ​របស់​អ្នក។ មិន​ត្រូវ​ស្ងោរ​កូន​ពពែ​ក្នុង​ទឹក​ដោះ​របស់​មេ​វា​ឡើយ»។
២៧ ព្រះអម្ចាស់​មាន​ព្រះបន្ទូល​មក​កាន់​លោក​ម៉ូសេ​ថា៖ «ចូរ​កត់ត្រា​ពាក្យ​ទាំង​នេះ​ទុក ដ្បិត​ពាក្យ​ទាំង​នេះ​ជា​មូលដ្ឋាន​នៃ​សម្ពន្ធមេត្រី ដែល​យើង​ចង​ជា​មួយ​អ្នក និង​ប្រជាជន​អ៊ីស្រាអែល»។
២៨ លោក​ម៉ូសេ​ស្ថិត​នៅ​លើ​ភ្នំ​ជា​មួយ​ព្រះអម្ចាស់ អស់​រយៈ​ពេល​សែសិប​ថ្ងៃ សែសិប​យប់ ដោយ​មិន​បរិភោគ​អ្វី​ឡើយ សូម្បី​តែ​ទឹក​ក៏​លោក​មិន​បរិភោគ​ដែរ។ លោក​ចារ​ព្រះបន្ទូល​នៃ​សម្ពន្ធមេត្រី ដែល​ជា​បទ​បញ្ជា​ទាំង​ដប់​នៅ​លើ​បន្ទះ​ថ្ម។
លោក​ម៉ូសេ​ចុះ​ពី​ភ្នំ​ស៊ីណៃ
២៩ លោក​ម៉ូសេ​ចុះ​ពី​ភ្នំ​ស៊ីណៃ​មក​វិញ ដោយ​កាន់​បន្ទះ​ថ្ម​ទាំង​ពីរ​ដែល​ជា​សន្ធិសញ្ញា។ ពេល​ចុះ​ពី​ភ្នំ លោក​ពុំ​ដឹង​ថា​ផ្ទៃ​មុខ​របស់​លោក​បញ្ចេញ​រស្មី ព្រោះ​តែ​លោក​បាន​សន្ទនា​ជា​មួយ​ព្រះអម្ចាស់​នោះ​ទេ។
៣០ លោក​អើរ៉ុន និង​ជន​ជាតិ​អ៊ីស្រាអែល​ទាំង​អស់ ឃើញ​ផ្ទៃ​មុខ​របស់​លោក​ម៉ូសេ​បញ្ចេញ​រស្មី​ដូច្នេះ ពួក​គេ​មិន​ហ៊ាន​ចូល​ទៅ​ជិត​លោក​ឡើយ។
៣១ លោក​ម៉ូសេ​បាន​ហៅ​ពួក​គេ ហើយ​លោក​អើរ៉ុន និង​មេ​ដឹក​នាំ​សហគមន៍​ក៏​នាំ​គ្នា​ចូល​មក​ជិត​លោក រួច​លោក​មាន​ប្រសាសន៍​ជា​មួយ​ពួក​គេ។
៣២ បន្ទាប់​មក ជន​ជាតិ​អ៊ីស្រាអែល​ទាំង​អស់​នាំ​គ្នា​ចូល​មក​ជិត​លោក ហើយ​លោក​ក៏​ថ្លែង​ប្រាប់​ពួក​គេ​នូវ​បទ​បញ្ជា​ទាំង​ប៉ុន្មាន ដែល​ព្រះអម្ចាស់​បាន​បង្គាប់​មក​លោក​នៅ​លើ​ភ្នំ​ស៊ីណៃ។
៣៣ កាល​លោក​ម៉ូសេ​មាន​ប្រសាសន៍​ទៅ​ពួក​គេ​ចប់​សព្វ​គ្រប់​ហើយ លោក​ក៏​យក​ស្បៃ​មក​បាំង​មុខ។ ៣៤ ពេល​ណា​លោក​ម៉ូសេ​ចូល​ទៅ​គាល់​ព្រះអម្ចាស់ ដើម្បី​សន្ទនា​ជា​មួយ​ព្រះអង្គ លោក​ដោះ​ស្បៃ​មុខ រហូត​ដល់​ចេញ​មក​វិញ។ ពេល​លោក​ចេញ​មក​វិញ លោក​ក៏​នាំ​បទ​បញ្ជា​ផ្សេងៗ ដែល​លោក​បាន​ទទួល​យក​មក​ប្រាប់​ជន​ជាតិ​អ៊ីស្រាអែល។ ៣៥ ជន​ជាតិ​អ៊ីស្រាអែល​ឃើញ​ផ្ទៃ​មុខ​របស់​លោក​ម៉ូសេ​បញ្ចេញ​រស្មី លោក​ក៏​យក​ស្បៃ​មក​បាំង​មុខ រហូត​ទាល់​តែ​ដល់​ពេល​ដែល​លោក​ចូល​ទៅ​សន្ទនា​ជា​មួយ​ព្រះអម្ចាស់។