២៧
ទំនួញស្ដីអំពីក្រុងទីរ៉ុស
១ ព្រះអម្ចាស់មានព្រះបន្ទូលមកខ្ញុំដូចតទៅ៖ ២ «កូនមនុស្សអើយ ចូរស្មូត្រទំនួញមួយបទ ស្ដីអំពីក្រុងទីរ៉ុស! ៣ ចូរពោលទៅកាន់ក្រុងទីរ៉ុស ដែលស្ថិតនៅមាត់សមុទ្រ ហើយធ្វើជំនួញជាមួយជាតិសាសន៍នៅតាមកោះនានាថា ព្រះជាអម្ចាស់មានព្រះបន្ទូលដូចតទៅ:
ក្រុងទីរ៉ុសអើយ អ្នកពោលថា
“ខ្ញុំមានសម្រស់យ៉ាងល្អឥតខ្ចោះ”
៤ ព្រំប្រទល់របស់អ្នកលាតសន្ធឹងរហូត
ដល់កណ្ដាលសមុទ្រ
អស់អ្នកដែលសង់អ្នក បានផ្ដល់អោយអ្នក
មានសម្រស់យ៉ាងល្អឥតខ្ចោះ។
៥ ពួកគេបានយកឈើដ៏មានតម្លៃពីភ្នំសេនៀរ
មកធ្វើជាជញ្ជាំងរបស់អ្នក
ហើយយកឈើតាត្រៅពីព្រៃលីបង់
មកធ្វើជាដងក្ដោងរបស់អ្នក។
៦ ពួកគេយកឈើម៉ៃសាក់ពីស្រុកបាសាន
មកធ្វើជាច្រវា
យកឈើគ្រញូងពីកោះគីទីម
មកក្រាលជាមួយភ្លុក ធ្វើកន្លែងអង្គុយ។
៧ ក្ដោងរបស់អ្នកធ្វើពីក្រណាត់ប៉ាក់ដ៏ល្អ
មកពីស្រុកអេស៊ីប
សំរាប់អោយអ្នកប្រើជាទង់ផង។
ដំបូលរបស់អ្នកធ្វើពីក្រណាត់ពណ៌ក្រហម
និងពណ៌ស្វាយមកពីកោះគីប្រុស។
៨ អ្នកក្រុងស៊ីដូន និងអ្នកក្រុងអើវ៉ាឌ ជាអ្នកចែវ
អ្នកឯកទេសនៃក្រុងទីរ៉ុសជានាយសំពៅ។
៩ ពួកចាស់ទុំពីស្រុកកេបាល
និងអ្នកឯកទេសរបស់ពួកគេជាជាងជួសជុល។
សំពៅសមុទ្រទាំងប៉ុន្មាន និងអ្នកដើរសំពៅ
បានចូលមកឈប់សំចតនៅក្នុងអ្នក
ដើម្បីលក់ដូរទំនិញ។
១០ អ្នកស្រុកពែរ្ស អ្នកស្រុកលូឌ និងអ្នកស្រុកពូត
នាំគ្នាមកបំរើក្នុងជួរកងទ័ពរបស់អ្នក
ពួកគេជាអ្នកចំបាំងរបស់អ្នក
ពួកគេព្យួរខែល និងមួកដែកនៅក្នុងអ្នក
ព្រមទាំងផ្ដល់អោយអ្នកបានរុងរឿង។
១១ កូនចៅអើវ៉ាឌ និងពួកចំបាំងរបស់អ្នកស្ថិតនៅជុំវិញកំពែងរបស់អ្នក ហើយក៏មានទាហានយាមល្បាតនៅតាមទីតាំងទ័ពរបស់អ្នកដែរ។ ពួកគេព្យួរខែលនៅជុំវិញកំពែងរបស់អ្នក ធ្វើអោយសម្រស់របស់អ្នកបានល្អឥតខ្ចោះ។
ទីរ៉ុសជាក្រុងពាណិជ្ជកម្ម
១២ ស្រុកតើស៊ីសនាំគ្នាធ្វើជំនួញជាមួយអ្នក ពួកគេទិញរបស់របរដ៏សម្បូណ៌របស់អ្នក ពួកគេនាំប្រាក់ ដែក ស្ពាន់ និងសំណមកលក់ក្នុងផ្សាររបស់អ្នក។ ១៣ ស្រុកយ៉ាវ៉ាន ទូបាល និងមេសេករកស៊ីជាមួយអ្នក ពួកគេយកទាសករ និងវត្ថុធ្វើពីលង្ហិនមកដូរយកទំនិញរបស់អ្នក។ ១៤ អ្នកស្រុកតូការម៉ាយកសេះសំរាប់ទឹម សេះចំបាំង និងលាកាត់ មកលក់ក្នុងផ្សាររបស់អ្នក។ ១៥ ប្រជាជននៅស្រុកដេដាន់រកស៊ីជាមួយអ្នក ជំនួញរវាងកោះនានាស្ថិតនៅក្រោមការគ្រប់គ្រងរបស់អ្នក គេយកភ្លុក និងឈើគ្រញូងមកដូរទំនិញរបស់អ្នក។ ១៦ ស្រុកស៊ីរីរកស៊ីជាមួយអ្នក ដោយទិញផលិតផលរបស់អ្នកមួយចំនួនធំ ហើយពួកគេក៏យកកែវមរកត ក្រណាត់ពណ៌ស្វាយ ក្រណាត់ប៉ាក់ ក្រណាត់ទេសឯកដ៏ម៉ដ្ដ ផ្កាថ្ម និងត្បូងមកលក់ក្នុងផ្សាររបស់អ្នកដែរ។ ១៧ ស្រុកយូដា និងស្រុកអ៊ីស្រាអែលរកស៊ីជាមួយអ្នក ពួកគេយកស្រូវពីស្រុកមីនីត ម្សៅធ្វើនំ ទឹកឃ្មុំ ប្រេង និងជ័រមកលក់អោយអ្នក។ ១៨ ក្រុងដាម៉ាសរកស៊ីជាមួយអ្នក ដោយទិញផលិតផលរបស់អ្នកមួយចំនួនធំ ពួកគេទិញរបស់របរដ៏សម្បូណ៌របស់អ្នក ហើយពួកគេក៏យកស្រាពីស្រុកហេលបូន និងរោមចៀមពណ៌សមកលក់អោយអ្នកដែរ។ ១៩ ស្រុកវេដាន់ និងស្រុកយ៉ាវ៉ាន ចាប់តាំងពីស្រុកអូសាល់ រកស៊ីជាមួយអ្នក ពួកគេយកដែកថែប ព្រមទាំងកំញាន និងខ្លឹមចន្ទន៍មកលក់អោយអ្នក។ ២០ ស្រុកដេដាន់ធ្វើជំនួញជាមួយអ្នក ដោយយកប្រដាប់ប្រដាសំរាប់សេះចំបាំងមកលក់អោយអ្នក។ ២១ ស្រុកអារ៉ាប់ និងមេដឹកនាំទាំងប៉ុន្មាននៅស្រុកកេដារ នាំគ្នាលក់ដូរជាមួយអ្នក។ ឈ្មួញពីស្រុកអ្នកយកកូនចៀម ចៀមឈ្មោល និងពពែឈ្មោលទៅលក់នៅស្រុករបស់ពួកគេ។ ២២ អ្នកជំនួញពីស្រុកសេបា និងស្រុករ៉ាម៉ារកស៊ីជាមួយអ្នក ពួកគេយកគ្រឿងក្រអូបដ៏មានតម្លៃ ព្រមទាំងត្បូង និងមាសគ្រប់ប្រភេទមកលក់អោយអ្នក។ ២៣ ស្រុកខារ៉ាន កាណេ និងអេដែន អ្នកជំនួញពីស្រុកសេបា អាស្ស៊ីរី និងគីលម៉ាដនាំគ្នារកស៊ីជាមួយអ្នក ២៤ ពួកគេលក់ដូររបស់ដ៏មានតម្លៃជាមួយអ្នក គឺមានអាវពណ៌ស្វាយ ក្រណាត់ប៉ាក់ ក្រណាត់គ្រប់ប្រភេទ និងខ្សែក្រង។
ទំនួញស្ដីអំពីក្រុងទីរ៉ុស (ត)
២៥ សំពៅពីស្រុកតើស៊ីសដឹកជញ្ជូនទំនិញរបស់អ្នក
អ្នកមានទ្រព្យសម្បត្តិយ៉ាងច្រើនលើសលប់
ដូចសំពៅពេញទៅដោយទំនិញ
នៅកណ្ដាលសមុទ្រ។
២៦ ពួកអ្នកចែវនាំអ្នកអោយធ្វើដំណើរ
នៅកណ្ដាលសមុទ្រ ស្រាប់តែមាន
ខ្យល់ពីទិសខាងកើត បក់មកកំទេចអ្នក។
២៧ ទ្រព្យសម្បត្តិ ទំនិញ និងឥវ៉ាន់របស់អ្នក
ព្រមទាំងអ្នកដើរសំពៅ កម្មករសំពៅ
អ្នកជួសជុលសំពៅ អ្នកលក់ដូរ
និងទាហានចំបាំងដែលនៅជាមួយអ្នក
គឺនៅថ្ងៃដែលអ្នកវិនាស
មនុស្សទាំងអស់ដែលស្ថិតនៅក្នុងអ្នក
ក៏នឹងត្រូវលិចលង់ទៅក្នុងសមុទ្រដែរ។
២៨ ពេលឮសំរែកស្លន់ស្លោរបស់កម្មករសំពៅ
ប្រជាជននៅតាមឆ្នេរសមុទ្រនាំគ្នាញ័ររន្ធត់
២៩ អ្នកចែវសំពៅផ្សេងទៀត
នាំគ្នាចុះចេញពីសំពៅរបស់ខ្លួន
អ្នកដើរសំពៅ និងកម្មករសំពៅទាំងប៉ុន្មាន
នាំគ្នាឈរនៅលើគោក។
៣០ ពួកគេនឹងបន្លឺសំឡេងស្រណោះអ្នក
ពួកគេសោយសោកយ៉ាងជូរចត់
ពួកគេរោយធូលីដីលើក្បាលរបស់ខ្លួន
ហើយដេកននៀលនៅក្នុងផេះ។
៣១ ពួកគេកោរសក់កាន់ទុក្ខអ្នក ពួកគេស្លៀកបាវ
ហើយនាំគ្នាសោកសង្រេងយ៉ាងខ្លោចផ្សា
ដោយឈឺចាប់ក្នុងចិត្ត កើតទុក្ខស្រណោះអ្នក។
៣២ ទុក្ខលំបាកជំរុញពួកគេអោយស្មូត្រទំនួញ
និងយំអាឡោះអាល័យអ្នកទាំងពោលថា:
គ្មានក្រុងណាដូចក្រុងទីរ៉ុសទេ
គឺក្រុងនេះត្រូវវិនាសនៅកណ្ដាលសមុទ្រ!
៣៣ ពេលអ្នកដឹកទំនិញនៅតាមសមុទ្រ
ប្រជាជនជាច្រើនបានឆ្អែត។
ទ្រព្យសម្បត្តិ និងទំនិញដ៏បរិបូណ៌របស់អ្នក
បានធ្វើអោយស្ដេចជាច្រើននៅផែនដី
ក្លាយទៅជាអ្នកមាន។
៣៤ តែឥឡូវនេះ អ្នកវិនាសក្នុងសមុទ្រ
ទំនិញរបស់អ្នក ព្រមទាំងអស់អ្នកដែល
នៅក្នុងសំពៅជាមួយអ្នក
ក៏លិចលង់ដល់បាតសមុទ្រជាមួយអ្នកដែរ។
៣៥ ប្រជាជនទាំងអស់ដែលរស់នៅតាមកោះនានា
នឹងនាំគ្នាសោយសោក ព្រោះតែអ្នក
ស្ដេចរបស់ពួកគេនឹងភ័យញ័ររន្ធត់
ផ្ទៃមុខរបស់គេស្លេកស្លាំងអស់។
៣៦ អ្នកលក់ដូរក្នុងចំណោមប្រជាជាតិទាំងឡាយ
នាំគ្នាចំអកអោយអ្នក។
ពេលមនុស្សម្នាឃើញអ្នក គេភ័យតក់ស្លុត
ហើយអ្នកនឹងវិនាសបាត់បង់រហូតតទៅ!»។