៣៤
ព្រះបន្ទូលប្រឆាំងនឹងអ្នកដឹកនាំអ៊ីស្រាអែល
១ ព្រះអម្ចាស់មានព្រះបន្ទូលមកខ្ញុំដូចតទៅ៖ ២ «កូនមនុស្សអើយ ចូរថ្លែងពាក្យក្នុងនាមយើងប្រឆាំងនឹងអ្នកដឹកនាំអ៊ីស្រាអែលទៅ! ចូរថ្លែងពាក្យក្នុងនាមយើង ប្រាប់អ្នកដឹកនាំទាំងនោះថា ព្រះជាអម្ចាស់មានព្រះបន្ទូលដូចតទៅ: អ្នកដឹកនាំអ៊ីស្រាអែលអើយអ្នករាល់គ្នាត្រូវវេទនាហើយ ដ្បិតអ្នករាល់គ្នាគិតតែពីប្រយោជន៍ផ្ទាល់ខ្លួន។ ធម្មតាពួកគង្វាលតែងតែមើលថែរក្សាហ្វូងចៀម ៣ រីឯអ្នករាល់គ្នាវិញ អ្នករាល់គ្នាមិនបានមើលថែទាំហ្វូងចៀមទេ អ្នករាល់គ្នាគិតតែពីយកទឹកដោះមកផឹក កាត់រោមចៀមមកធ្វើជាសម្លៀកបំពាក់ ហើយសម្លាប់ចៀមធាត់ៗធ្វើជាអាហារ។ ៤ អ្នករាល់គ្នាពុំបានជួយចៀមដែលខ្សោយអោយមានកម្លាំង អ្នករាល់គ្នាពុំបានព្យាបាលចៀមឈឺ ឬរុំរបួសអោយចៀមរបួសទេ។ អ្នករាល់គ្នាពុំបាននាំចៀមវង្វេងអោយត្រឡប់មកវិញ ហើយក៏មិនដើររកចៀមដែលបាត់ដែរ។ ផ្ទុយទៅវិញ អ្នករាល់គ្នាបែរជាប្រើអំណាចជិះជាន់សង្កត់សង្កិនពួកគេ។ ៥ ចៀមទាំងនោះត្រូវខ្ចាត់ខ្ចាយ រត់បែកខ្ញែកគ្នា ហើយត្រូវសត្វសាហាវដេញចាប់ស៊ី ព្រោះគ្មាននរណាឃ្វាល។ ៦ ហ្វូងចៀមរបស់យើងវង្វេងទៅគ្រប់ទីកន្លែង តាមភ្នំតូច ភ្នំធំ បែកខ្ញែកគ្នាពាសពេញស្រុក តែគ្មាននរណារវីរវល់ថែទាំ គ្មាននរណាដើររកវាឡើយ»។
៧ ហេតុនេះអ្នកដឹកនាំអ៊ីស្រាអែលអើយ ចូរស្ដាប់ព្រះបន្ទូលរបស់ព្រះអម្ចាស់! ៨ ព្រះជាអម្ចាស់ជាព្រះដ៏មានព្រះជន្មគង់នៅ មានព្រះបន្ទូលដូចតទៅ៖ «ហ្វូងចៀមរបស់យើងត្រូវគេលួចប្លន់ ត្រូវសត្វព្រៃចាប់ស៊ី ព្រោះតែគ្មាននរណាឃ្វាល រីឯពួកអ្នកដែលយើងប្រើអោយឃ្វាលមិនរវីរវល់ដើររកហ្វូងចៀមរបស់យើងទេ គឺពួកគេគិតតែពីរកប្រយោជន៍ផ្ទាល់ខ្លួន ឥតគិតឃ្វាលហ្វូងចៀមឡើយ»។ ៩ ហេតុនេះអ្នកដឹកនាំអើយ ចូរស្ដាប់ព្រះបន្ទូលរបស់ព្រះអម្ចាស់! ១០ ព្រះជាអម្ចាស់មានព្រះបន្ទូលថា៖ «យើងនឹងដាក់ទោសពួកគង្វាលទាំងនោះ យើងនឹងដកហ្វូងចៀមយើងចេញពីកណ្ដាប់ដៃរបស់គេមកវិញ។ យើងនឹងលែងអោយពួកគេឃ្វាលហ្វូងចៀមរបស់យើង ដើម្បីរកផលប្រយោជន៍ផ្ទាល់ខ្លួនទៀតហើយ យើងនឹងបេះហ្វូងចៀមរបស់យើងពីមាត់គេ លែងអោយគេស៊ីដូចមុនទៀត»។
ព្រះអម្ចាស់នឹងឃ្វាលហ្វូងចៀមរបស់ព្រះអង្គ
១១ ព្រះជាអម្ចាស់មានព្រះបន្ទូលថា៖ «ចាប់ពីពេលនេះតទៅយើងនឹងតាមរកហ្វូងចៀមរបស់យើង ហើយមើលថែទាំវាដោយយើងផ្ទាល់។ ១២ យើងនឹងតាមរកហ្វូងចៀមរបស់យើង ដូចគង្វាលតាមរកហ្វូងចៀមរបស់ខ្លួនដែលបែកខ្ញែកដែរ។ យើងនឹងប្រមូលចៀមរបស់យើងពីគ្រប់កន្លែងដែលវាខ្ចាត់ខ្ចាយទៅ នៅថ្ងៃមេឃងងឹត និងចុះអាប់។ ១៣ យើងនឹងនាំប្រជាជនរបស់យើងចេញពីចំណោមជាតិសាសន៍នានា យើងនឹងប្រមូលពួកគេពីគ្រប់ស្រុក អោយមករស់នៅលើទឹកដីរបស់ខ្លួនវិញ។ យើងនឹងឃ្វាលពួកគេនៅតាមតំបន់ភ្នំនៃស្រុកអ៊ីស្រាអែល តាមជ្រលងដងអូរ និងគ្រប់ទីកន្លែងដែលអាចរស់នៅបាន។ ១៤ យើងនឹងឃ្វាលចៀមរបស់យើងនៅកន្លែងដែលសម្បូណ៌ស្មៅខៀវខ្ចី ពួកគេនឹងស្នាក់អាស្រ័យនៅតាមភ្នំខ្ពស់ៗនៃស្រុកអ៊ីស្រាអែល។ នៅទីនោះពួកគេនឹងសំរាក ហើយរកស៊ីតាមវាលស្មៅដ៏ខៀវខ្ចី។ ១៥ យើងនឹងឃ្វាលហ្វូងចៀមរបស់យើង យើងនឹងអោយវាសំរាក - នេះជាព្រះបន្ទូលរបស់ព្រះជាអម្ចាស់។ ១៦ យើងនឹងស្វែងរកចៀមដែលបាត់ យើងនឹងនាំចៀមវង្វេងអោយត្រឡប់មកវិញ យើងនឹងរុំរបួសអោយចៀមរបួស ហើយព្យាបាលចៀមឈឺអោយជាមានកម្លាំងឡើងវិញ។ រីឯចៀមធាត់ៗ មានកម្លាំងមាំមួនយើងនឹងដកវាចេញ។ យើងនឹងឃ្វាលហ្វូងចៀមរបស់យើងដោយយុត្តិធម៌»។
១៧ ព្រះជាអម្ចាស់មានព្រះបន្ទូលថា៖ «អ្នករាល់គ្នាជាចៀមរបស់យើងអើយ បន្តិចទៀតយើងវិនិច្ឆ័យរវាងចៀមនឹងចៀម រវាងចៀមឈ្មោលនឹងពពែឈ្មោល។ ១៨ ហេតុអ្វីបានជាក្នុងចំណោមអ្នករាល់គ្នា មានអ្នកខ្លះមិនស្កប់ចិត្តនឹងរកស៊ីនៅកន្លែងរបស់ខ្លួនដែលសម្បូណ៌ស្មៅ តែបែរជាទៅជាន់ឈ្លីកន្លែងឯទៀតៗដូច្នេះ? ហេតុអ្វីបានជាអ្នករាល់គ្នា មិនស្កប់ចិត្តនឹងផឹកទឹកថ្លា តែបែរជាយកជើងកូរទឹកអោយល្អក់ដូច្នេះ? ១៩ ចៀមឯទៀតៗរបស់យើងស៊ីស្មៅដែលអ្នករាល់គ្នាជាន់ឈ្លី ហើយផឹកទឹកដែលអ្នករាល់គ្នាបានធ្វើអោយល្អក់!»។
២០ ហេតុនេះហើយបានជាព្រះជាអម្ចាស់ មានព្រះបន្ទូលថា៖ «យើងនឹងវិនិច្ឆ័យរវាងចៀមធាត់នឹងចៀមស្គមដោយខ្លួនយើងផ្ទាល់! ២១ អ្នករាល់គ្នាយកស្មា និងយកខ្លួនទៅបុកចៀមដែលខ្សោយ ហើយយកស្នែងវ័ធដេញពួកគេចេញទៅបាត់អស់។ ២២ យើងនឹងសង្គ្រោះចៀមរបស់យើង ដើម្បីកុំអោយគេលួចប្លន់ទៀត ហើយយើងវិនិច្ឆ័យរវាងចៀមនឹងចៀម។ ២៣ យើងនឹងធ្វើអោយមានគង្វាលតែមួយគត់ងើបឡើង ដើម្បីមើលថែទាំពួកគេ គឺដាវីឌជាអ្នកបំរើរបស់យើងនឹងធ្វើជាគង្វាលមើលថែទាំពួកគេ។ ២៤ រីឯយើងជាព្រះអម្ចាស់យើងនឹងធ្វើជាព្រះរបស់ពួកគេ ដាវីឌជាអ្នកបំរើរបស់យើងនឹងធ្វើជាមេដឹកនាំនៅក្នុងចំណោមពួកគេ។ នេះជាពាក្យរបស់យើងជាព្រះអម្ចាស់។
២៥ យើងនឹងចងសម្ពន្ធមេត្រី ដែលផ្ដល់សេចក្ដីសុខសាន្តដល់ពួកគេ យើងនឹងកំចាត់សត្វសាហាវចេញអោយអស់ពីទឹកដីនេះ។ ហ្វូងចៀមរបស់យើងនឹងស្នាក់នៅយ៉ាងសុខសាន្តក្នុងវាលរហោស្ថាន ហើយដេកយ៉ាងសុខស្រួលនៅក្នុងព្រៃ។ ២៦ យើងនឹងអោយពរពួកគេ ព្រមទាំងស្រុកភូមិដែលនៅជុំវិញភ្នំរបស់យើង ហើយធ្វើអោយភ្លៀងធ្លាក់ចុះមកតាមរដូវកាល ជាភ្លៀងដែលនាំពរមកជាមួយផង។ ២៧ ដើមឈើនៅតាមចំការនឹងបង្កើតផលផ្លែ ហើយទឹកដីនឹងផ្ដល់ភោគផល។ ពួកគេនឹងរស់យ៉ាងសុខសាន្តនៅលើទឹកដីរបស់ខ្លួន។ ពេលណាយើងយកនឹមចេញពីពួកគេ ហើយរំដោះពួកគេអោយរួចផុតពីកណ្ដាប់ដៃរបស់អស់អ្នកដែលចាប់ពួកគេធ្វើជាទាសករ ពេលនោះ ពួកគេនឹងទទួលស្គាល់ថា យើងពិតជាព្រះអម្ចាស់។ ២៨ ប្រជាជាតិនានានឹងលែងបំផ្លិចបំផ្លាញពួកគេទៀតហើយ សត្វព្រៃក៏នឹងលែងហែកពួកគេស៊ីទៀតដែរ ពួកគេនឹងរស់នៅយ៉ាងសុខសាន្តនៅក្នុងស្រុក ឥតមាននរណាបំភ័យពួកគេឡើយ។ ២៩ យើងនឹងប្រគល់ចំការដែលមានជីជាតិល្អបំផុតអោយពួកគេ ពួកគេនឹងលែងជួបទុរ្ភិក្សនៅក្នុងស្រុក ហើយក៏លែងត្រូវអាម៉ាស់នៅចំពោះមុខប្រជាជាតិនានាទៀតដែរ។ ៣០ ពួកគេនឹងទទួលស្គាល់ថា យើងជាព្រះអម្ចាស់ ជាព្រះរបស់ពួកគេ យើងស្ថិតនៅជាមួយពួកគេ ហើយពួកគេគឺពូជពង្សអ៊ីស្រាអែលជាប្រជារាស្ត្ររបស់យើង - នេះជាព្រះបន្ទូលរបស់ព្រះជាអម្ចាស់។ ៣១ អ្នករាល់គ្នាជាចៀមនៅក្នុងវាលស្មៅរបស់យើង អ្នករាល់គ្នាជាមនុស្សដែលយើងថែរក្សា ហើយយើងជាព្រះរបស់អ្នករាល់គ្នា» - នេះជាព្រះបន្ទូលរបស់ព្រះជាអម្ចាស់។