៣៧
និមិត្តហេតុអស្ចារ្យអំពីឆ្អឹងខ្មោចដែលរស់ឡើងវិញ
១ ព្រះអម្ចាស់ដាក់ព្រះហស្ដលើខ្ញុំ ព្រះវិញ្ញាណរបស់ព្រះអង្គនាំខ្ញុំទៅដាក់កណ្ដាលជ្រលងភ្នំមួយ ដែលមានឆ្អឹងខ្មោចពាសពេញ។ ២ ព្រះអង្គនាំខ្ញុំដើរចុះឡើងក្បែរឆ្អឹងទាំងនោះ។ ក្នុងជ្រលងភ្នំមានឆ្អឹងច្រើនណាស់ ហើយសុទ្ធតែស្ងួតហួតហែងទាំងអស់។ ៣ ព្រះអម្ចាស់មានព្រះបន្ទូលមកខ្ញុំថា៖ «កូនមនុស្សអើយ! តើឆ្អឹងទាំងនេះអាចរស់មកជាមនុស្សវិញបានឬទេ?»។ ខ្ញុំទូលតបថា៖ «បពិត្រព្រះជាអម្ចាស់មានតែព្រះអង្គទេដែលជ្រាប»។ ៤ ព្រះអង្គមានព្រះបន្ទូលមកខ្ញុំថា៖ «ចូរថ្លែងពាក្យក្នុងនាមយើង ប្រាប់ឆ្អឹងទាំងនេះថា: ឆ្អឹងដ៏ស្ងួតអើយ ចូរស្ដាប់ព្រះបន្ទូលរបស់ព្រះអម្ចាស់! ៥ ព្រះជាអម្ចាស់មានព្រះបន្ទូលថា “យើងនឹងបញ្ចូលខ្យល់ដង្ហើមក្នុងអ្នករាល់គ្នា នោះអ្នករាល់គ្នានឹងរស់ឡើង។ ៦ យើងនឹងអោយអ្នករាល់គ្នាមានសរសៃតភ្ជាប់គ្នា ហើយមានសាច់ដុះពីលើ ព្រមទាំងមានស្បែករុំពីក្រៅផង។ យើងនឹងដាក់ខ្យល់ដង្ហើមក្នុងអ្នករាល់គ្នា ដើម្បីអោយអ្នករាល់គ្នាមានជីវិត ហើយពេលនោះអ្នករាល់គ្នានឹងទទួលស្គាល់ថា យើងពិតជាព្រះអម្ចាស់”»។
៧ ខ្ញុំក៏ថ្លែងព្រះបន្ទូល តាមបញ្ជារបស់ព្រះអង្គ។ ក្នុងពេលដែលខ្ញុំកំពុងនិយាយនោះ ស្រាប់តែមានឮស្នូរសំឡេង គឺឆ្អឹងទាំងអស់កំរើកចូលជិតគ្នាទៅវិញទៅមក។ ៨ ខ្ញុំសង្កេតឃើញមានសរសៃនៅលើឆ្អឹង ហើយសាច់ដុះពីលើ រួចមានស្បែករុំស្រោបផង ប៉ុន្តែ មិនទាន់មានខ្យល់ដង្ហើមនៅឡើយទេ។ ៩ ព្រះអម្ចាស់មានព្រះបន្ទូលមកខ្ញុំថា៖ «កូនមនុស្សអើយ! ចូរថ្លែងពាក្យក្នុងនាមយើងប្រាប់ខ្យល់ដង្ហើម! ចូរប្រាប់ខ្យល់ដង្ហើមថា ព្រះជាអម្ចាស់មានព្រះបន្ទូលដូចតទៅ: ខ្យល់ដង្ហើមអើយ! សូមបក់មកពីទិសទាំងបួន! ហើយផ្លុំលើសាកសពទាំងនេះអោយមានជីវិតរស់ឡើង»។ ១០ ខ្ញុំថ្លែងព្រះបន្ទូលតាមបញ្ជារបស់ព្រះអម្ចាស់។ ខ្យល់ដង្ហើមក៏ចូលមកក្នុងពួកគេ ពួកគេក៏មានជីវិត ហើយក្រោកឈរឡើង ទៅជាកងទ័ពមួយដែលមានចំនួនយ៉ាងច្រើនឥតគណនា។
១១ ព្រះអង្គមានព្រះបន្ទូលមកខ្ញុំថា៖ «កូនមនុស្សអើយ! ឆ្អឹងទាំងអស់នេះជាពូជពង្សអ៊ីស្រាអែលទាំងមូល។ ពួកគេតែងពោលថា “ឆ្អឹងរបស់យើងស្ងួតហួតហែងអស់ យើងផុតសង្ឃឹមហើយ! យើងវិនាសហើយ!” ១២ ហេតុនេះចូរថ្លែងពាក្យក្នុងនាមយើងប្រាប់គេថា ព្រះជាអម្ចាស់មានព្រះបន្ទូលដូចតទៅ: ប្រជារាស្ត្ររបស់យើងអើយ! យើងនឹងបើកផ្នូររបស់អ្នករាល់គ្នា ហើយនាំអ្នករាល់គ្នាឡើងពីផ្នូរនោះ បន្ទាប់មក យើងនឹងនាំអ្នករាល់គ្នាត្រឡប់ទៅកាន់ទឹកដីអ៊ីស្រាអែលវិញ។ ១៣ ប្រជារាស្ត្ររបស់យើងអើយ! ពេលយើងបើកផ្នូរ ហើយនាំអ្នករាល់គ្នាឡើងមក នោះអ្នករាល់គ្នានឹងទទួលស្គាល់ថា យើងពិតជាព្រះអម្ចាស់មែន។ ១៤ យើងនឹងដាក់វិញ្ញាណរបស់យើងក្នុងអ្នករាល់គ្នា ដើម្បីអោយអ្នករាល់គ្នាមានជីវិត។ យើងនឹងនាំអ្នករាល់គ្នាទៅតាំងទីលំនៅលើទឹកដីរបស់ខ្លួនវិញ ពេលនោះ អ្នករាល់គ្នានឹងទទួលស្គាល់ថា យើងពិតជាព្រះអម្ចាស់មែន។ យើងនិយាយយ៉ាងណាយើងនឹងធ្វើយ៉ាងនោះ» -នេះជាព្រះបន្ទូលរបស់ព្រះអម្ចាស់។
ព្រះអម្ចាស់នឹងបង្រួបបង្រួមអ៊ីស្រាអែល និងយូដា ជានគរតែមួយ
១៥ ព្រះអម្ចាស់មានព្រះបន្ទូលមកខ្ញុំដូចតទៅ៖ ១៦ «កូនមនុស្សអើយ! ចូរយកក្ដារមួយបន្ទះមកសរសេរពីលើថា “កុលសម្ព័ន្ធយូដា និងកូនចៅអ៊ីស្រាអែលជាដៃគូនឹងគ្នា”។ ចូរយកក្ដារមួយបន្ទះទៀតមកសរសេរពីលើថា “យ៉ូសែប (គឺអេប្រាអ៊ីម) និងពូជពង្សអ៊ីស្រាអែលទាំងមូលជាដៃគូនឹងគ្នា”។ ១៧ បន្ទាប់មក ចូរយកក្ដារទាំងពីរនោះមកដាក់ភ្ជាប់គ្នា ជាបន្ទះតែមួយនៅក្នុងដៃរបស់អ្នក។ ១៨ កាលណាប្រជាជនរបស់អ្នកសួរថា “សូមពន្យល់យើងខ្ញុំផង លោកធ្វើដូច្នេះមានន័យដូចម្ដេច?” ១៩ ត្រូវប្រាប់ពួកគេវិញថា “ព្រះជាអម្ចាស់មានព្រះបន្ទូលថា បន្តិចទៀតយើងនឹងយកក្ដារជាតំណាងយ៉ូសែប(គឺអេប្រាអ៊ីម) ព្រមទាំងកុលសម្ព័ន្ធអ៊ីស្រាអែលដែលនៅជាមួយគេ ទៅដាក់ភ្ជាប់នឹងក្ដារជាតំណាងយូដា ហើយយើងនឹងផ្គុំក្ដារទាំងពីរអោយទៅជាបន្ទះតែមួយ នៅក្នុងដៃរបស់យើង។ ២០ បន្ទះក្ដារទាំងពីរដែលអ្នកសរសេរនោះ នឹងស្ថិតក្នុងដៃរបស់អ្នកនៅចំពោះមុខប្រជាជនទាំងអស់”។ ២១ ចូរប្រាប់ពួកគេថា ព្រះជាអម្ចាស់មានព្រះបន្ទូលដូចតទៅ: យើងនឹងយកជនជាតិអ៊ីស្រាអែលចេញពីចំណោមប្រជាជាតិនានាដែលពួកគេទៅរស់នៅ។ យើងនឹងប្រមូលពួកគេពីគ្រប់ទិសទី ហើយនាំពួកគេវិលត្រឡប់មកទឹកដីរបស់ខ្លួនវិញ។ ២២ យើងនឹងបង្រួបបង្រួមពួកគេជាប្រជាជាតិតែមួយ នៅក្នុងស្រុក និងនៅលើភ្នំនៃស្រុកអ៊ីស្រាអែល។ ពេលនោះ ពួកគេទាំងអស់គ្នានឹងមានស្ដេចតែមួយ គឺពួកគេលែងជាប្រជាជាតិពីរ ហើយបាក់បែកគ្នាជារាជាណាចក្រពីរទៀតដែរ។ ២៣ ពួកគេនឹងលែងប្រព្រឹត្តអំពើសៅហ្មង ដោយគោរពព្រះក្លែងក្លាយគួរស្អប់ខ្ពើម និងលែងបះបោរប្រឆាំងនឹងយើងទៀតហើយ។ យើងនឹងរំដោះពួកគេអោយចេញផុតពីគ្រប់កន្លែងដែលពួកគេរស់នៅ និងជាកន្លែងដែលពួកគេបានប្រព្រឹត្តអំពើបាប។ យើងនឹងជម្រះពួកគេអោយបានបរិសុទ្ធ ពួកគេនឹងទៅជាប្រជារាស្ត្ររបស់យើង ហើយយើងនឹងទៅជាព្រះរបស់ពួកគេ។ ២៤ ពេលនោះ ដាវីឌជាអ្នកបំរើរបស់យើង នឹងគ្រងរាជ្យលើពួកគេ ហើយពួកគេនឹងមានគង្វាលតែមួយគត់។ ពួកគេនឹងប្រព្រឹត្តតាមវិន័យរបស់យើង ពួកគេនឹងគោរព ហើយប្រតិបត្តិតាមច្បាប់របស់យើងទៀតផង។ ២៥ ពួកគេនឹងរស់នៅក្នុងស្រុកដែលយើងបានប្រគល់អោយយ៉ាកុប ជាអ្នកបំរើរបស់យើង គឺជាស្រុកដែលដូនតារបស់ពួកគេធ្លាប់រស់នៅកាលពីដើម។ ពួកគេ ព្រមទាំងកូនចៅរបស់ពួកគេនឹងរស់នៅក្នុងស្រុកនោះរហូត ហើយដាវីឌជាអ្នកបំរើរបស់យើង នឹងគ្រប់គ្រងលើពួកគេតរៀងទៅ។ ២៦ យើងនឹងចងសម្ពន្ធមេត្រី ដែលផ្ដល់សេចក្ដីសុខសាន្តជាមួយពួកគេ គឺជាសម្ពន្ធមេត្រីស្ថិតស្ថេរអស់កល្បជានិច្ច។ យើងនឹងអោយពួកគេរស់នៅក្នុងស្រុករបស់ខ្លួនវិញ អោយពួកគេកើនចំនួនច្រើនឡើង ហើយយើងនឹងតាំងទីសក្ការៈរបស់យើងនៅក្នុងចំណោមពួកគេរហូតតទៅ។ ២៧ ដំណាក់របស់យើងនឹងស្ថិតនៅជាមួយពួកគេ យើងនឹងទៅជាព្រះរបស់ពួកគេ ហើយពួកគេទៅជាប្រជារាស្ត្ររបស់យើង។ ២៨ ពេលដែលទីសក្ការៈរបស់យើង ស្ថិតនៅជាមួយពួកគេរហូតតទៅនោះ ប្រជាជាតិនានានឹងទទួលស្គាល់ថា យើងជាព្រះអម្ចាស់ដែលបានប្រោសជនជាតិអ៊ីស្រាអែលអោយទៅជាប្រជាជនដ៏វិសុទ្ធ*»។