អែសរ៉ា
មាតុភូមិនិវត្តន៍ក្រាមការដឹកនាំរបស់លោកសូរូបាបិល
១
ព្រះចៅស៊ីរូសអនុញ្ញាតអោយសង់ព្រះវិហារឡើងវិញ
១ ក្នុងឆ្នាំទីមួយ នៃរជ្ជកាលព្រះចៅស៊ីរូស ជាស្ដេចស្រុកពែរ្ស ព្រះអម្ចាស់បានជំរុញព្រះហឫទ័យព្រះចៅស៊ីរូស អោយចេញសេចក្ដីប្រកាស និងរាជក្រឹត្យក្នុងអាណាចក្ររបស់ស្ដេចទាំងមូល ស្របតាមព្រះបន្ទូលដែលព្រះអង្គបានថ្លែងតាមរយៈលោកយេរេមា មានសេចក្ដីដូចតទៅ៖
២ «ព្រះចៅស៊ីរូសជាស្ដេចស្រុកពែរ្ស មានរាជឱង្ការដូចតទៅ: ព្រះអម្ចាស់ ជាព្រះនៃស្ថានបរមសុខ បានប្រគល់នគរទាំងអស់នៅលើផែនដីមកអោយយើងគ្រប់គ្រង។ ព្រះអង្គបញ្ជាអោយយើងសង់ព្រះដំណាក់មួយ នៅក្រុងយេរូសាឡឹមក្នុងស្រុកយូដាថ្វាយព្រះអង្គ។ ៣ ក្នុងចំណោមអ្នករាល់គ្នា អ្នកណាជាប្រជារាស្ត្ររបស់ព្រះអង្គ សូមអោយអ្នកនោះវិលទៅកាន់ក្រុងយេរូសាឡឹម ក្នុងស្រុកយូដាវិញ ហើយសង់ព្រះដំណាក់របស់ព្រះអម្ចាស់ ជាព្រះនៃជនជាតិអ៊ីស្រាអែល គឺជាព្រះដែលគង់នៅក្រុងយេរូសាឡឹម។ សូមអោយព្រះរបស់គេគង់នៅជាមួយគេ។ ៤ ជនជាតិអ៊ីស្រាអែលដែលនៅសេសសល់ ទោះបីរស់នៅទីណាក៏ដោយ ប្រជាជននៅទីនោះត្រូវតែផ្ដល់វិភាគទានដល់ពួកគេជាប្រាក់ មាស ទ្រព្យសម្បត្តិ និងសត្វ ព្រមទាំងថ្វាយតង្វាយស្ម័គ្រចិត្ត សំរាប់ព្រះដំណាក់របស់ព្រះជាម្ចាស់ នៅក្រុងយេរូសាឡឹមផង»។
៥ ពេលនោះ ពួកមេក្រុមគ្រួសារនៃកុលសម្ព័ន្ធយូដា និងកុលសម្ព័ន្ធបេនយ៉ាមីន ក្រុមបូជាចារ្យ ក្រុមលេវី គឺអស់អ្នកដែលព្រះជាម្ចាស់ជំរុញចិត្ត នាំគ្នាក្រោកឡើង រៀបចំខ្លួនទៅសង់ព្រះដំណាក់របស់ព្រះអម្ចាស់នៅក្រុងយេរូសាឡឹម។ ៦ អ្នកជិតខាងរបស់ពួកគេ យករបស់របរធ្វើពីប្រាក់ ពីមាស ព្រមទាំងទ្រព្យសម្បត្តិ សត្វ និងវត្ថុដ៏មានតម្លៃគ្រប់យ៉ាងមកជួយឧបត្ថម្ភពួកគេ ហើយក៏មានតង្វាយស្ម័គ្រចិត្តថែមទៀតផង។
៧ គ្រឿងបរិក្ខារផ្សេងៗនៃព្រះដំណាក់របស់ព្រះអម្ចាស់ ដែលព្រះចៅនេប៊ូក្នេសារឹបអូសពីក្រុងយេរូសាឡឹម យកមកដាក់ក្នុងវិហារនៃព្រះរបស់ខ្លួននោះ ព្រះចៅស៊ីរូសប្រគល់មកវិញ។ ៨ ព្រះចៅស៊ីរូសបញ្ជាអោយលោកមីត្រាដាត ជាអ្នកទទួលខុសត្រូវលើរាជ្យទ្រព្យ យករបស់ទាំងនោះប្រគល់ជូនលោកសេសបាសារ ជាមេដឹកនាំរបស់ជនជាតិយូដា។ ៩ គ្រឿងបរិក្ខារទាំងនោះមានដូចតទៅ: ចានមាសចំនួនសាមសិប ចានប្រាក់ចំនួនមួយពាន់ កាំបិតចំនួនម្ភៃប្រាំបួន ១០ ពែងមាសចំនួនសាមសិប ពែងប្រាក់គុណភាពលេខពីរចំនួនបួនរយដប់ និងវត្ថុផ្សេងៗទៀតចំនួនមួយពាន់។ ១១ សរុបទាំងអស់វត្ថុធ្វើពីមាស និងប្រាក់មានចំនួនប្រាំពាន់បួនរយ។ លោកសេសបាសារបាននាំវត្ថុទាំងនោះទៅជាមួយ នៅពេលជនជាតិអ៊ីស្រាអែលដែលជាប់ជាឈ្លើយ ចាកចេញពីក្រុងបាប៊ីឡូនវិលត្រឡប់ទៅក្រុងយេរូសាឡឹមវិញ។