៥
១ ព្យាការីហាកាយ និងព្យាការីសាការីជាកូនរបស់លោកអ៊ីដោ បាននាំព្រះបន្ទូលរបស់ព្រះនៃជនជាតិអ៊ីស្រាអែល ទៅថ្លែងប្រាប់ជនជាតិយូដានៅក្រុងយេរូសាឡឹម និងនៅស្រុកយូដា។ ២ គ្រានោះ លោកសូរ៉ូបាបិល ជាកូនរបស់លោកសាលធាល និងលោកយេសួរ ជាកូនរបស់លោកយ៉ូសាដាក ក៏នាំគ្នាងើបឡើង សង់ព្រះដំណាក់របស់ព្រះជាម្ចាស់ឡើងវិញ ដោយមានព្យាការីរបស់ព្រះជាម្ចាស់ជួយគាំទ្រផង។
៣ គ្រាដដែលនោះលោកថាថ្នាយ ជាទេសាភិបាលនៅតំបន់ប៉ែកខាងលិចទន្លេអឺប្រាត និងលោកសេថារ-បូសណាយព្រមទាំងសហការី នាំគ្នាមកជួបជនជាតិយូដាហើយសួរថា៖ «តើនរណាអនុញ្ញាតអោយអ្នករាល់គ្នាសង់ដំណាក់នេះ ព្រមទាំងជួសជុលជញ្ជាំងឡើងវិញ។ ៤ ចូរស្រង់ឈ្មោះអស់អ្នកដែលចូលរួមក្នុងការសង់នេះអោយយើងមក!»។ ៥ ប៉ុន្តែ ព្រះជាម្ចាស់តាមការពារអស់លោកព្រឹទ្ធាចារ្យនៃជនជាតិយូដា។ ក្នុងពេលដែលគេបញ្ជូនសំណុំរឿងថ្វាយព្រះចៅដារីយូស ហើយរង់ចាំចម្លើយវិញនោះ គេមិនបានបញ្ឈប់ការសាងសង់ទេ។
៦ សារដែលលោកថាថ្នាយជាទេសាភិបាល និងលោកសេថារ-បូសណាយ ព្រមទាំងពួករាជការជាសហការីរបស់ពួកគេ នៅតំបន់ប៉ែកខាងលិចទន្លេអឺប្រាត ផ្ញើថ្វាយព្រះចៅដារីយូស ៧ មានសេចក្ដីដូចតទៅ៖ «សូមថ្វាយចំពោះព្រះចៅដារីយូស សូមព្រះករុណាប្រកបដោយសេចក្ដីសុខចំរើន!
៨ សូមព្រះករុណាជ្រាបថាយើងខ្ញុំបានទៅស្រុកយូដា ហើយទៅដល់ព្រះដំណាក់របស់ព្រះដ៏ប្រសើរឧត្ដម។ ពួកគេយកថ្មធំៗមកសង់ព្រះដំណាក់ និងយកឈើមកស៊កក្នុងជញ្ជាំងធ្វើជាធ្នឹម។ គេធ្វើកិច្ចការនេះយ៉ាងម៉ត់ចត់ ហើយរីកចំរើនយ៉ាងឆាប់រហ័សទៀតផង។
៩ យើងខ្ញុំបានសួរពួកព្រឹទ្ធាចារ្យថា “តើនរណាអនុញ្ញាតអោយអ្នករាល់គ្នាសង់ដំណាក់នេះ ព្រមទាំងជួសជុលជញ្ជាំងឡើងវិញ?”។ ១០ យើងខ្ញុំក៏បានសួរឈ្មោះពួកគេដែរ ដើម្បីស្រង់ឈ្មោះអស់អ្នកដែលដឹកនាំកិច្ចការនោះ យកមកថ្វាយព្រះករុណា។ ១១ ពួកគេឆ្លើយមកយើងខ្ញុំថា “ពួកយើងជាអ្នកបំរើរបស់ព្រះនៃស្ថានបរមសុខ* និងផែនដី ពួកយើងសង់ព្រះដំណាក់នេះឡើងវិញ គឺព្រះដំណាក់ដែលស្ដេចមួយអង្គដ៏ប្រសើរឧត្ដម នៃជនជាតិអ៊ីស្រាអែលបានសង់តាំងពីយូរលង់ណាស់មកហើយ។ ១២ ប៉ុន្តែ ដូនតារបស់ពួកយើង បានធ្វើអោយព្រះនៃស្ថានបរមសុខទ្រង់ព្រះពិរោធ ហើយព្រះអង្គក៏ប្រគល់ពួកគេទៅក្នុងកណ្ដាប់ដៃរបស់ព្រះចៅនេប៊ូក្នេសា ជាជនជាតិខាល់ដេដេ និងជាស្ដេចស្រុកបាប៊ីឡូន។ ព្រះចៅនេប៊ូក្នេសាបានបំផ្លាញព្រះដំណាក់នេះ ហើយកៀរប្រជាជនទៅស្រុកបាប៊ីឡូន។ ១៣ ប៉ុន្តែ នៅឆ្នាំទីមួយនៃរជ្ជកាលព្រះចៅស៊ីរូស ជាស្ដេចស្រុកបាប៊ីឡូន ស្ដេចបានបញ្ជាអោយសង់ព្រះដំណាក់របស់ព្រះជាម្ចាស់ឡើងវិញ។ ១៤ កាលពីមុនព្រះចៅនេប៊ូក្នេសាបានរឹបអូសយកគ្រឿងបរិក្ខារអំពីមាស និងប្រាក់ពីព្រះវិហាររបស់ព្រះជាម្ចាស់ នៅក្រុងយេរូសាឡឹម ទៅដាក់ក្នុងវិហារនៅក្រុងបាប៊ីឡូន។ ក្រោយមកព្រះចៅស៊ីរូសយកគ្រឿងបរិក្ខារទាំងនោះ ចេញពីវិហារនៅក្រុងបាប៊ីឡូន ប្រគល់អោយលោកសេសបាសារ ដែលស្ដេចបានតែងតាំងជាទេសាភិបាលរបស់អាណាខេត្តយូដា។ ១៥ ស្ដេចក៏បានបង្គាប់អោយលោកយកគ្រឿងបរិក្ខារទាំងនេះ ទៅដាក់ក្នុងព្រះវិហារក្រុងយេរូសាឡឹមវិញ ហើយសង់ព្រះដំណាក់របស់ព្រះជាម្ចាស់ នៅកន្លែងដើមឡើងវិញ។ ១៦ ដូច្នេះ លោកសេសបាសារបានមកក្រុងយេរូសាឡឹម ព្រមទាំងបានចាក់គ្រឹះព្រះដំណាក់របស់ព្រះជាម្ចាស់។ ចាប់តាំងពីពេលនោះមក គេនៅតែសង់ព្រះដំណាក់ តែមិនទាន់បានចប់សព្វគ្រប់នៅឡើយ”។
១៧ ឥឡូវនេះ ប្រសិនបើព្រះករុណាគាប់ព្រះហឫទ័យ សូមអោយគេស្រាវជ្រាវក្នុងឯកសាររបស់រាជទ្រព្យនៃស្ដេចស្រុកបាប៊ីឡូនដើម្បីបញ្ជាក់ថា ព្រះចៅស៊ីរូសពិតជាបានចេញបញ្ជាអោយសាងសង់ព្រះដំណាក់របស់ព្រះជាម្ចាស់ នៅក្រុងយេរូសាឡឹមមែនឬយ៉ាងណារួចសូមព្រះករុណាផ្ញើសេចក្ដីសំរេចអំពីរឿងនេះមកយើងខ្ញុំផង»។