ហាបាគូក
(ព្យាការី​ហាបាគូក)
១ នេះ​ជា​សេចក្ដី​ប្រកាស ដែល​ព្រះជាម្ចាស់​សំដែង​អោយ​ព្យាការី​ហាបាគូក​ឃើញ​ក្នុង​និមិត្តហេតុ​ដ៏​អស្ចារ្យ។
ព្យាការី​ហាបាគូក​ទូល​សួរ​ព្រះអម្ចាស់
២ ព្រះអម្ចាស់​អើយ តើ​ទូលបង្គំ​ត្រូវ​ស្រែក​អង្វរ
ព្រះអង្គ​ដល់​កាល​ណា​ទៀត
បើ​ព្រះអង្គ​មិន​ស្ដាប់​ទូលបង្គំ​ដូច្នេះ?
ទូលបង្គំ​ស្រែក​ទូល​ព្រះអង្គ​ស្ដី​អំពី
អំពើ​ឃោរឃៅ​ដែល​ពួក​គេ​ប្រព្រឹត្ត
ម្ដេច​ក៏​ព្រះអង្គ​មិន​សង្គ្រោះ​យើង​ខ្ញុំ?
៣ ហេតុ​អ្វី​បាន​ជា​ព្រះអង្គ​អោយ​ទូលបង្គំ
ឃើញ​តែ​អំពើ​អាក្រក់
ហេតុ​អ្វី​បាន​ជា​ព្រះអង្គ​ឃើញ​ការ​សង្កត់សង្កិន
ហើយ​នៅ​ស្ងៀម​ដូច្នេះ?
នៅ​ជុំវិញ​ទូលបង្គំ មាន​តែ​ការ​លួច​ប្លន់
អំពើ​ឃោរឃៅ
និង​ការ​ប្ដឹងផ្ដល់ ទាស់ទែង​គ្នា។
៤ គ្មាន​នរណា​គោរព​ក្រឹត្យវិន័យ រីឯ​យុត្តិធម៌
ក៏​គ្មាន​នរណា​ធ្វើ​តាម​ដែរ
មនុស្ស​អាក្រក់​ឈ្នះ​មនុស្ស​សុចរិត
ចៅក្រម​វិនិច្ឆ័យ​ទោស ដោយ​អយុត្តិធម៌។
ចម្លើយ​របស់​ព្រះអម្ចាស់
៥ «ចូរ​ក្រឡេក​មើល​ប្រជាជាតិ​នានា
ហើយ​នាំ​គ្នា​ងឿងឆ្ងល់ ស្រឡាំងកាំង​ទៅ!
ដ្បិត​ហេតុការណ៍​មួយ​កំពុង​តែ​កើត​មាន
នៅ​ជំនាន់​អ្នក​រាល់​គ្នា។
ប្រសិន​បើ​គ្រាន់​តែ​ឮ​គេ​និយាយ
នោះ​អ្នក​រាល់​គ្នា​រក​ជឿ​ពុំ​បាន​ឡើយ។
៦ មើល៍! យើង​នឹង​នាំ​ជន​ជាតិ​ខាល់ដេ​មក
ពួក​គេ​ជា​ជាតិ​សាសន៍​សាហាវ​កោង​កាច​បំផុត!
ពួក​គេ​ដើរ​កាត់​ផែនដី​ទាំង​មូល
ដណ្ដើម​យក​ទឹក​ដី​ពី​ជាតិ​សាសន៍​ឯ​ទៀតៗ។
៧ ពួក​គេ​ជា​មនុស្ស​គួរ​អោយ​ព្រឺ​ខ្លាច
និង​ភ័យ​ញ័រ ពួក​គេ​បង្កើត​ច្បាប់
និង​សិទ្ធិ​អំណាច​ខ្លួន​ឯង។
៨ សេះ​របស់​ពួក​គេ​បោល​លឿន​ជាង​ខ្លា​រខិន
ហើយ​ពូកែ​ជាង​ចចក​ដែល​រក​ស៊ី
នៅ​ពេល​ព្រលប់​ទៅ​ទៀត។
កងទ័ព​សេះ​របស់​ពួក​គេ​បោះពួយ​មក​ពី​ចម្ងាយ
ដូច​សត្វ​ឥន្ទ្រី​បោះពួយ​ចុះ​មក​ចាប់​រំពា។
៩ ពួក​គេ​នាំ​គ្នា​មក ដើម្បី​កំទេច​បំផ្លាញ
ទឹក​មុខ​របស់​ពួក​គេ​សាហាវ​ណាស់
ពួក​គេ​ចាប់​បាន​ឈ្លើយ​សឹក
ដែល​មាន​ចំនួន​ច្រើន​ដូច​គ្រាប់​ខ្សាច់។
១០ ពួក​គេ​ប្រមាថ​មាក់ងាយ​ស្ដេច​នានា
ចំអក​ឡកឡឺយ​ដាក់​មេ​ដឹក​នាំ​ទាំងឡាយ។
ពួក​គេ​មិន​ញញើត​នឹង​កំពែង​ក្រុង​ណា​ឡើយ
គឺ​ពួក​គេ​គ្រាន់​តែ​លើក​ទួល​ឡើង
ហើយ​វាយ​យក​បាន​ទាំង​អស់។
១១ ពេល​មាន​កម្លាំង ពួក​គេ​បន្ត​ដំណើរ​ទៅ​មុខ
ដូច​ខ្យល់​ព្យុះ ដើម្បី​ប្រព្រឹត្ត​អំពើ​ឧក្រិដ្ឋ
ពួក​គេ​ចាត់​ទុក​កម្លាំង​របស់​ខ្លួន​ជា​ព្រះ»។
ព្យាការី​ហាបាគូក​ទូល​សួរ​ព្រះអម្ចាស់​សា​ជា​ថ្មី
១២ បពិត្រ​ព្រះអម្ចាស់
ព្រះអង្គ​គង់​នៅ​តាំង​ពី​ដើម​រៀង​មក
ព្រះអង្គ​ជា​ព្រះ​នៃ​ទូលបង្គំ ជា​ព្រះ​ដ៏វិសុទ្ធ
យើង​ខ្ញុំ​នឹង​មិន​ស្លាប់​ទេ!
ព្រះអម្ចាស់ ដែល​ជា​ថ្មដា​នៃ​ទូលបង្គំ​អើយ
ព្រះអង្គ​បាន​តែងតាំង​ខ្មាំង​សត្រូវ
ដើម្បី​វិនិច្ឆ័យ​ទោស​យើង​ខ្ញុំ
ព្រះអង្គ​ពង្រឹង​កម្លាំង​ពួក​គេ
ដើម្បី​វាយ​ប្រដៅ​យើង​ខ្ញុំ។
១៣ ព្រះនេត្រ​របស់​ព្រះអង្គ​បរិសុទ្ធ​ពេក
ព្រះអង្គ​ទ្រាំ​ទត​មើល​អំពើ​អាក្រក់​មិន​បាន​ទេ
ព្រះអង្គ​ក៏​ពុំ​អាច​ទត​មើល​ការ​ជិះជាន់​បាន​ដែរ។
ហេតុ​អ្វី​បាន​ជា​ព្រះអង្គ​ទ្រាំ​ទត​មើល​ជន​ក្បត់
ហេតុ​អ្វី​បាន​ជា​ព្រះអង្គ​ធ្វើ​ព្រងើយ
ពេល​ឃើញ​មនុស្ស​អាក្រក់​បំផ្លាញ​អ្នក​ដែល
សុចរិត​ជាង​ខ្លួន?
១៤ ព្រះអង្គ​ចាត់​ទុក​មនុស្ស​លោក
ដូច​ត្រី​នៅ​ក្នុង​សមុទ្រ
ឬ​ដូច​សត្វ​លូន​វារ​ដែល​គ្មាន​មេ​កើយ។
១៥ ប្រជាជន​ទាំង​អស់​ត្រូវ​ខ្មាំង​ចាប់
ដូច​ត្រី​ជាប់​សន្ទូច និង​ជាប់​អួន។
ខ្មាំង​បង់​សំណាញ់​ចាប់​ពួក​គេ​យក​ទៅ
ទាំង​មាន​អំណរ​សប្បាយ​ដ៏​លើសលប់។
១៦ ពេល​នោះ ខ្មាំង​ធ្វើ​យញ្ញបូជា​សែន​អួន​របស់​គេ
និង​ច្រួច​ទឹក​អប់ សែន​សំណាញ់​របស់​គេ
ព្រោះ​គេ​បាន​អាហារ​ឆ្ងាញ់​យ៉ាង​បរិបូណ៌
ដោយសារ​តែ​គ្រឿង​ឧបករណ៍​ទាំង​នោះ។
១៧ តើ​ដល់​ពេល​ណា​ទើប​ពួក​គេ​ឈប់​ហូត​ដាវ
ប្រហារ​ជីវិត​ប្រជាជាតិ​នានា​ដោយ​ឥត​មេត្តា
បែប​នេះ?