១ ចូរ​ហៅ​បង​ប្អូន​ប្រុស​របស់​អ្នក​រាល់​គ្នា​ថា “អាំមី”
ចូរ​ហៅ​បង​ប្អូន​ស្រី​របស់​អ្នក​រាល់​គ្នា​ថា
“រូហាម៉ា”​។
ជន​ជាតិ​អ៊ីស្រាអែល​ប្រៀប​បាន​នឹង​ភរិយា​ក្បត់​ចិត្ត
២ ចូរ​ចោទ​ប្រកាន់​ម្ដាយ​របស់​អ្នក​រាល់​គ្នា​ទៅ
ដ្បិត​នាង​មិន​មែន​ជា​ភរិយា​របស់​យើង​ទៀត​ទេ
ហើយ​យើង​ក៏​មិន​មែន​ជា​ប្ដី​របស់​នាង​ទៀត​ដែរ!
ចូរ​អោយ​នាង​ដក​សញ្ញា​សំគាល់​ស្រី​ពេស្យា
ចេញ​ពី​មុខ​របស់​ខ្លួន
ចូរ​អោយ​នាង​ដក​សញ្ញា​សំគាល់​ស្រី​ក្បត់​ប្ដី
ចេញ​ពី​ដើម​ទ្រូង​របស់​ខ្លួន​ទៅ!
៣ បើ​មិន​ដូច្នោះ​ទេ
យើង​នឹង​យក​សម្លៀកបំពាក់​ចេញ​ពី​នាង
ទុក​អោយ​ខ្លួន​នៅ​ទទេ
ដូច​ថ្ងៃ​ដែល​នាង​ទើប​នឹង​កើត
យើង​ធ្វើ​អោយ​នាង​ប្រៀប​បាន​នឹង
វាល​រហោស្ថាន។
យើង​ធ្វើ​អោយ​នាង​ក្លាយ​ដូច​ជា​ដី​ហួតហែង
យើង​ធ្វើ​អោយ​នាង​ស្លាប់​ដោយ​ស្រេក​ទឹក។
៤ យើង​នឹង​មិន​អាណិតអាសូរ​កូន​របស់​នាង​ទេ
ព្រោះ​កូន​ទាំង​នេះ​សុទ្ធ​តែ​ជា​កូន​ដែល​កើត​ពី
អំពើ​ពេស្យាចារ។
៥ ម្ដាយ​របស់​ពួក​គេ​ជា​ស្រី​ពេស្យា
ស្រី​ដែល​ពរ​ផ្ទៃ​ពួក​គេ
បាន​ប្រព្រឹត្ត​អំពើ​ដ៏​អាម៉ាស់
នាង​ពោល​ថា ខ្ញុំ​នឹង​រត់​តាម​គូ​ស្នេហ៍​របស់​ខ្ញុំ
ព្រោះ​អ្នក​ទាំង​នោះ​អោយ​ខ្ញុំ​មាន​បាយ​ទឹក
រោម​ចៀម និង​ក្រណាត់​ទេសឯក
សំរាប់​បិទបាំង​កាយ
ព្រម​ទាំង​ប្រេង និង​ស្រា​ផង។
៦ ហេតុ​នេះ​ហើយ​បាន​ជា​យើង​យក​បន្លា
មក​ស្រះ​ផ្លូវ​របស់​នាង
យើង​ដាក់​របង​ឃាំង​នាង
ដើម្បី​កុំ​អោយ​នាង​រក​ផ្លូវ​ឃើញ​ទៀត​ឡើយ។
៧ នាង​ខំ​រត់​តាម​គូ​ស្នេហ៍​របស់​នាង
តែ​តាម​ពួក​គេ​មិន​ទាន់​ទេ
នាង​ខំ​ដើរ​រក​ពួក​គេ តែ​រក​មិន​ឃើញ​ឡើយ។
នាង​ក៏​ពោល​ថា:
បើ​ដូច្នេះ ខ្ញុំ​នឹង​វិល​ទៅ​រក​ប្ដី​ដើម​វិញ
ដ្បិត​ពី​មុន ខ្ញុំ​សប្បាយ​ចិត្ត​ជាង​សព្វ​ថ្ងៃ​នេះ។
៨ នាង​ពុំ​បាន​យល់​ថា គឺ​យើង​ឯណេះ​ទេ
ដែល​ផ្ដល់​ស្រូវ ស្រា​ថ្មី និង​ប្រេង​អោយ​នាង
យើង​ក៏​ផ្ដល់​មាស​ប្រាក់​ជា​ច្រើន​ដល់​នាង​ដែរ
តែ​នាង​ បែរ​ជា​យក​របស់​ទាំង​នោះ​សែន
ព្រះ​បាល​ទៅ​វិញ។
៩ ហេតុ​នេះ​បាន​ជា​យើង​នឹង​វិល​មក​យក
ស្រូវ​របស់​យើង​វិញ នៅ​រដូវ​ចំរូត
យើង​នឹង​យក​ស្រា​ថ្មី​របស់​យើង​វិញ
នៅ​រដូវ​បេះ​ផ្លែ​ទំពាំងបាយជូរ
យើង​ក៏​នឹង​យក​រោម​ចៀម
និង​ក្រណាត់​ទេសឯក
សំរាប់​បិទបាំង​កាយ​នាង​ទៅ​វិញ​ដែរ។
១០ ឥឡូវ​នេះ យើង​បើក​កេរខ្មាស​នាង
នៅ​ចំពោះ​មុខ​គូ​ស្នេហ៍​របស់​នាង
គ្មាន​នរណា​អាច​រំដោះ​នាង​ពី​ដៃ​យើង​បាន​ទេ។
១១ យើង​ធ្វើ​អោយ​នាង​បាត់​បង់
ការ​សប្បាយ​ទាំង​ប៉ុន្មាន
ហើយ​ពិធី​បុណ្យ​នានា បុណ្យ​ចូល​ខែ​ថ្មី
បុណ្យ​សប្ប័ទ* និង​បុណ្យ​ដ៏​សំខាន់​ទាំង​ប៉ុន្មាន
ក៏​លែង​មាន​ទៀត​ដែរ។
១២ យើង​នឹង​បំផ្លាញ​ចំការ​ទំពាំងបាយជូរ
និង​ចំការ​ឧទុម្ពរ​របស់​នាង
ព្រោះ​នាង​ពោល​ថា ចំការ​ទាំង​នោះ
ជា​កំរៃ​ដែល​គូ​ស្នេហ៍​បាន​ប្រគល់​អោយ។
យើង​ធ្វើ​អោយ​ចំការ​ទាំង​នោះ​ក្លាយ​ទៅ​ជា​ព្រៃ
ហើយ​ត្រូវ​សត្វ​ព្រៃ​មក​ស៊ី​បង្ហិន។
១៣ យើង​ដាក់​ទោស​នាង តាម​ចំនួន​ថ្ងៃ
ដែល​នាង​បាន​ដុត​គ្រឿង​ក្រអូប​សែន
ព្រះ​បាល​ទាំងឡាយ
នាង​បាន​តុបតែង​ខ្លួន​ពាក់​ក្រវិល ពាក់​ខ្សែ​ក
រត់​តាម​គូ​ស្នេហ៍​របស់​នាង។
រីឯ​យើង​វិញ នាង​បាន​បំភ្លេច​យើង​ចោល​ហើយ
- នេះ​ជា​ព្រះបន្ទូល​របស់​ព្រះអម្ចាស់
១៤ ហេតុ​នេះ​យើង​នឹង​ទាក់ទាញ​ចិត្ត​នាង
ដោយ​នាំ​នាង​ទៅ​វាល​រហោស្ថាន
យើង​នឹង​និយាយ​លួងលោម​ចិត្ត​នាង។
១៥ ពេល​នោះ យើង​នឹង​ប្រគល់​ចំការ
ទំពាំងបាយជូរ​អោយ​នាង​វិញ។
ជ្រលង​ភ្នំ​អាកោរ​នឹង​ក្លាយ​ទៅ​ជា​ទ្វារ​នាំ​នាង​ទៅ​រក
សេចក្ដី​សង្ឃឹម។
នៅ​ទី​នោះ​នាង​នឹង​ឆ្លើយ​តប​មក​យើង
ដូច​គ្រា​នាង​នៅ​ពី​ក្មេង
គឺ​គ្រា​ដែល​នាង​ទើប​នឹង​ចេញ​ពី​ស្រុក​អេស៊ីប។
១៦ នៅ​ថ្ងៃ​នោះ​នាង​នឹង​ហៅ​យើង​ថា “ស្វាមី”
គឺ​នាង​លែង​ហៅ​យើង​ថា
“ព្រះ​ម្ចាស់​នាង​ខ្ញុំ!”​ទៀត​ហើយ
- នេះ​ជា​ព្រះបន្ទូល​របស់​ព្រះអម្ចាស់
១៧ យើង​នឹង​អោយ​នាង​លែង​បញ្ចេញ
ឈ្មោះ​ព្រះ​បាល​ទាំង​នោះ​ទៀត
គឺ​គេ​លែង​រំលឹក​ឈ្មោះ​ទាំង​នេះ​ទៀត​ហើយ។
១៨ នៅ​ថ្ងៃ​នោះ​យើង​នឹង​ចង​សម្ពន្ធមេត្រី
ជា​មួយ​សត្វ​ព្រៃ បក្សាបក្សី និង​សត្វ​លូន​វារ
ដើម្បី​ជា​ប្រយោជន៍​ដល់​ប្រជារាស្ត្រ​របស់​យើង
យើង​នឹង​កាច់​បំបាក់​ធ្នូ និង​ដាវ
មិន​អោយ​មាន​សង្គ្រាម​ក្នុង​ស្រុក​ទៀត​ទេ
គឺ​យើង​នឹង​អោយ​ពួក​គេ​ដេក​យ៉ាង​សុខ​ស្រួល។
១៩ យើង​នឹង​ដណ្ដឹង​នាង​ធ្វើ​ជា​ភរិយា
ជា​ដរាប​ត​រៀង​ទៅ
យើង​នឹង​ដណ្ដឹង​នាង​ធ្វើ​ជា​ភរិយា
ដោយ​សុចរិត និង​យុត្តិធម៌
ដោយ​ភក្ដីភាព និង​អាណិតអាសូរ។
២០ យើង​នឹង​ដណ្ដឹង​នាង​ធ្វើ​ជា​ភរិយា
ដោយ​ចិត្ត​ស្មោះស្ម័គ្រ
ហើយ​នាង​នឹង​ទទួល​ស្គាល់​ព្រះអម្ចាស់
២១ នៅ​ថ្ងៃ​នោះ​យើង​នឹង​ឆ្លើយ​តប
ពាក្យ​អង្វរ​របស់​ពួក​គេ
- នេះ​ជា​ព្រះបន្ទូល​របស់​ព្រះអម្ចាស់
យើង​នឹង​ធ្វើ​អោយ​មេឃ​បង្អុរ​ភ្លៀង
យើង​នឹង​ធ្វើ​អោយ​ដី​បង្កើត​ផល
តាម​សេចក្ដី​ត្រូវ​ការ។
២២ ផែនដី​នឹង​ធ្វើ​អោយ​មាន​ស្រូវ
ព្រម​ទាំង​ស្រា​ទំពាំងបាយជូរ​ថ្មី និង​ប្រេង
តាម​សេចក្ដី​ត្រូវ​ការ​របស់​វាល​យេសរាល។
២៣ យើង​នឹង​ព្រោះ​ពូជ​ទុក​សំរាប់​យើង​នៅ​ក្នុង​ស្រុក។
យើង​នឹង​ស្រឡាញ់​ឡូរូហាម៉ា
យើង​នឹង​ហៅ​ឡូអាំមី​ថា
“ប្រជារាស្ត្រ​របស់​យើង”
ហើយ​គេ​នឹង​ពោល​មក​យើង​ថា
“ព្រះ​នៃ​ទូលបង្គំ!”។