១៥
១ ព្រះអម្ចាស់មានព្រះបន្ទូលមកខ្ញុំថា៖ «ទោះបីម៉ូសេ និងសាំយូអែល មកអង្វរយើងអោយត្រាប្រណីប្រជាជននេះក្ដី ក៏យើងមិនអត់អោនអោយពួកគេដែរ។ ចូរបណ្ដេញប្រជាជននេះអោយបាត់ពីមុខយើងទៅ! ២ ពេលគេសួរអ្នកថា “តើអោយយើងខ្ញុំទៅណា?” នោះត្រូវឆ្លើយវិញថា ព្រះអម្ចាស់មានព្រះបន្ទូលដូចតទៅ:
អ្នកណាដែលតំរូវអោយស្លាប់
អ្នកនោះត្រូវតែស្លាប់
អ្នកណាដែលតំរូវអោយស្លាប់ដោយមុខដាវ
អ្នកនោះនឹងស្លាប់ដោយមុខដាវ!
អ្នកណាដែលតំរូវអោយស្លាប់ដោយអត់ឃ្លាន
អ្នកនោះនឹងស្លាប់ដោយអត់ឃ្លាន!
អ្នកណាដែលតំរូវអោយជាប់ជាឈ្លើយ
អ្នកនោះនឹងត្រូវគេកៀរទៅជាឈ្លើយ!»។
៣ ព្រះអម្ចាស់មានព្រះបន្ទូលថា៖ «យើងនឹងប្រើគ្រោះកាចបួនយ៉ាង សំរាប់ដាក់ទោសពួកគេ គឺដាវនឹងប្រហារពួកគេ ឆ្កែនឹងខាំពួកគេអូសយកទៅ ហើយត្មាតព្រមទាំងចចកនឹងត្របាក់ស៊ី ពួកគេឥតនៅសេសសល់អ្វីឡើយ។ ៤ ពេលឃើញគ្រោះកាចទាំងនេះនគរទាំងប៉ុន្មាននៅផែនដីនឹងញ័ររន្ធត់។ ហេតុការណ៍នេះកើតឡើង ព្រោះតែអំពើអាក្រក់ទាំងប៉ុន្មាន ដែលម៉ាណាសេបុត្ររបស់ហេសេគាជាស្ដេចស្រុកយូដា បានប្រព្រឹត្តនៅក្រុងយេរូសាឡឹម។
៥ យេរូសាឡឹមអើយ គ្មាននរណាអាណិតអ្នក
គ្មាននរណាស្រណោះអ្នក
គ្មាននរណាយកចិត្តទុកដាក់ឈឺឆ្អាលនឹងអ្នកទេ
៦ ដ្បិតអ្នកបានបោះបង់ចោលយើង
- នេះជាព្រះបន្ទូលរបស់ព្រះអម្ចាស់ -
អ្នកបានបែរខ្នងដាក់យើង
ហេតុនេះហើយបានជាយើងដាក់ទោសអ្នក
យើងបំផ្លាញអ្នកអោយវិនាស
យើងលែងស្ដាយស្រណោះទៀតហើយ។
៧ យើងនឹងរែងប្រជាជននេះនៅតាមស្រុកនានា
យើងកំចាត់កំចាយពួកគេ
យើងធ្វើអោយប្រជារាស្ត្ររបស់យើងវិនាស
ដោយបាត់បង់កូនចៅ
ដ្បិតពួកគេពុំព្រមងាកចេញពី
ផ្លូវដ៏អាក្រក់របស់ខ្លួនឡើយ។
៨ យើងនឹងធ្វើអោយមានស្ត្រីមេម៉ាយច្រើនជាង
គ្រាប់ខ្សាច់នៅតាមឆ្នេរសមុទ្រទៅទៀត។
យើងនឹងនាំមហន្តរាយមកលើពួកគេ
ទាំងកណ្ដាលថ្ងៃត្រង់
គឺមកលើម្ដាយរបស់ទាហានដែលនៅក្មេង
យើងធ្វើអោយស្ត្រីនោះតក់ស្លុត ញ័ររន្ធត់។
៩ ស្ត្រីដែលបង្កើតបានកូនប្រុសប្រាំពីរនាក់
បែរជាបាត់បង់កូនអស់ ហើយអស់សង្ឃឹម
ពន្លឺរបស់នាងលិចបាត់ទៅក្នុងវេលាថ្ងៃត្រង់
នាងត្រូវបាក់មុខ និងអាម៉ាស់យ៉ាងខ្លាំង។
រីឯអ្នកដែលនៅសេសសល់
យើងនឹងប្រគល់ទៅអោយខ្មាំងសត្រូវប្រហារ
ដោយមុខដាវ»
- នេះជាព្រះបន្ទូលរបស់ព្រះអម្ចាស់។
ពាក្យត្អូញត្អែររបស់លោកយេរេមា
១០ អ្នកម្ដាយអើយ តើបង្កើតខ្ញុំមកធ្វើអ្វី
បើខ្ញុំវេទនាបែបនេះ!
អ្នកស្រុកទាំងមូលនាំគ្នាជំទាស់
ហើយរករឿងឈ្លោះជាមួយនឹងខ្ញុំ។
ខ្ញុំពុំបានជំពាក់ប្រាក់គេ
ហើយក៏គ្មាននរណាជំពាក់ប្រាក់ខ្ញុំដែរ
តែពួកគេជេរប្រទេចផ្ដាសាខ្ញុំគ្រប់ៗគ្នា។
១១ ព្រះអម្ចាស់មានព្រះបន្ទូលថា៖
«យើងបានលោះអ្នក
ដើម្បីអោយអ្នកបានសេចក្ដីសុខ
នៅគ្រាមានទុក្ខវេទនា និងគ្រាមានអាសន្ន
យើងនឹងធ្វើអោយខ្មាំងសត្រូវមកអង្វរអ្នក។
១២ គ្មាននរណាអាចកាច់បំបាក់
ដែកមកពីស្រុកខាងជើង ឬលង្ហិនបានឡើយ។
១៣ យូដាអើយ ព្រោះតែអំពើបាបទាំងប៉ុន្មាន
ដែលអ្នកប្រព្រឹត្តពាសពេញលើទឹកដីនេះ
យើងនឹងអោយខ្មាំងរឹបអូសយកទ្រព្យសម្បត្តិ
ទាំងប៉ុន្មានរបស់អ្នក។
១៤ យើងនឹងអោយខ្មាំងកៀរអ្នកទៅជាឈ្លើយ
នៅក្នុងស្រុកមួយដែលអ្នកពុំស្គាល់
ដ្បិតកំហឹងរបស់យើងកំពុងតែឆេះឆួលឡើង
ទាស់នឹងអ្នករាល់គ្នា»។
១៥ ឱព្រះអម្ចាស់អើយ ព្រះអង្គជ្រាបអ្វីៗទាំងអស់
សូមនឹកដល់ទូលបង្គំផង
សូមយាងមកជួយទូលបង្គំ
និងសងសឹកពួកអ្នកដែលបៀតបៀនទូលបង្គំ!
សូមកុំអោយទូលបង្គំត្រូវរងគ្រោះ
ដោយព្រះអង្គមានព្រះហឫទ័យអត់ធ្មត់
ចំពោះខ្មាំងសត្រូវនោះឡើយ។
សូមជ្រាបថា ព្រោះតែព្រះអង្គ
ទូលបង្គំស៊ូទ្រាំអោយគេជេរប្រមាថ។
១៦ ពេលទូលបង្គំឮព្រះបន្ទូលរបស់ព្រះអង្គ
ទូលបង្គំត្រងត្រាប់ស្ដាប់ដោយយកចិត្តទុកដាក់
ព្រះបន្ទូលរបស់ព្រះអង្គធ្វើអោយចិត្តទូលបង្គំ
ពោរពេញដោយអំណរ និងសុភមង្គល
ព្រះជាអម្ចាស់នៃពិភពទាំងមូលអើយ
ទូលបង្គំជាអ្នកបំរើផ្ទាល់របស់ព្រះអង្គ។
១៧ ទូលបង្គំពុំបានអង្គុយសប្បាយរួមជាមួយ
ពួកលេងសើចឡើយ
គឺព្រះអង្គបង្ខំទូលបង្គំអោយនៅដាច់ឡែកពីគេ
ដ្បិតទូលបង្គំពោរពេញដោយកំហឹង
រួមជាមួយព្រះអង្គដែរ។
១៨ ហេតុអ្វីបានជាទូលបង្គំចេះតែឈឺចុកចាប់
ជានិច្ចបែបនេះ?
ហេតុអ្វីបានជាមុខរបួសទូលបង្គំ
មិនព្រមជាសះដូច្នេះ?
ព្រះអង្គពិតជាធ្វើអោយទូលបង្គំខកចិត្ត
ដូចប្រភពទឹកដែលហូរមិនទៀងទាត់ឬ!
១៩ ព្រះអម្ចាស់មានព្រះបន្ទូលតបថា៖
«ប្រសិនបើអ្នកវិលត្រឡប់មករកយើង
នោះយើងនឹងអោយអ្នកវិលត្រឡប់
មកបំពេញមុខងារបំរើយើងវិញ។
ប្រសិនបើអ្នកពោលពាក្យមានខ្លឹមសារ
ជាជាងពោលពាក្យឥតបានការ
យើងនឹងប្រើអ្នកអោយនាំពាក្យរបស់យើង។
ពេលនោះ ជនជាតិយូដានឹងវិលមករកអ្នក
គឺមិនមែនអ្នកទេ ដែលនឹងទៅរកពួកគេ។
២០ យើងនឹងធ្វើអោយអ្នកប្រៀបដូចជា
កំពែងលង្ហិនដ៏មាំ នៅចំពោះមុខប្រជាជននេះ
ពួកគេនឹងនាំគ្នាវាយប្រហារអ្នក
តែពុំអាចឈ្នះអ្នកបានឡើយ
ដ្បិតយើងនៅជាមួយអ្នក
ដើម្បីសង្គ្រោះ និងរំដោះអ្នក»
- នេះជាព្រះបន្ទូលរបស់ព្រះអម្ចាស់។
២១ យើងនឹងរំដោះអ្នកអោយរួចផុតពី
កណ្ដាប់ដៃរបស់មនុស្សអាក្រក់
យើងនឹងដោះលែងអ្នកពីអំណាចរបស់
មនុស្សឃោរឃៅ។