២៤
ឧទុម្ពរពីរល្អី
១ ក្រោយពេលដែលព្រះចៅនេប៊ូក្នេសា ជាស្ដេចស្រុកបាប៊ីឡូន កៀរព្រះបាទយេកូនាស ជាបុត្ររបស់ព្រះបាទយេហូយ៉ាគីម ស្ដេចស្រុកយូដា ព្រមទាំងពួកមន្ត្រីរបស់ជនជាតិយូដា ពួកជាងឈើ និងជាងដែកពីក្រុងយេរូសាឡឹមយកទៅក្រុងបាប៊ីឡូន ព្រះអម្ចាស់បានបង្ហាញអោយខ្ញុំឃើញឧទុម្ពរ*ពីរល្អីដែលគេដាក់នៅខាងមុខព្រះវិហាររបស់ព្រះអម្ចាស់។ ២ ល្អីមួយមានដាក់ផ្លែឧទុម្ពរល្អៗ ដូចផ្លែដែលគេបេះនៅដើមរដូវ ល្អីមួយទៀតមានសុទ្ធតែផ្លែឧទុម្ពរស្អុយ ដែលពុំអាចបរិភោគបានឡើយ។ ៣ ព្រះអម្ចាស់មានព្រះបន្ទូលមកខ្ញុំថា៖ «យេរេមាអើយ តើអ្នកឃើញអ្វីខ្លះ?»។ ខ្ញុំទូលព្រះអង្គវិញថា៖ «ទូលបង្គំឃើញផ្លែឧទុម្ពរ។ មួយចំនួនជាផ្លែដ៏ល្អៗ មួយចំនួនទៀតជាផ្លែអាក្រក់ ដែលពុំអាចបរិភោគបាន»។
៤ ព្រះអម្ចាស់មានព្រះបន្ទូលមកខ្ញុំដូចតទៅ៖ ៥ «ព្រះអម្ចាស់ ជាព្រះនៃជនជាតិអ៊ីស្រាអែល មានព្រះបន្ទូលថា: មនុស្សម្នាចូលចិត្តផ្លែឧទុម្ពរល្អយ៉ាងណា យើងក៏ពេញចិត្តនឹងជនជាតិយូដាដែលយើងបានបណ្ដេញចេញពីទីនេះ អោយគេកៀរទៅជាឈ្លើយនៅស្រុកខាល់ដេយ៉ាងនោះដែរ។ ៦ យើងពេញចិត្តនឹងពួកគេ ហើយនឹងនាំពួកគេអោយវិលត្រឡប់មកកាន់ទឹកដីនេះវិញ យើងនឹងបណ្ដុះបណ្ដាលពួកគេហើយមិនបំផ្លាញពួកគេទេ យើងនឹងដាំពួកគេ ហើយមិនរំលើងពួកគេចោលទៀតឡើយ។ ៧ យើងនឹងប្រគល់ចិត្តថ្មីមួយដល់គេ ដើម្បីអោយគេអាចស្គាល់ថា យើងជាព្រះអម្ចាស់។ ពួកគេនឹងធ្វើជាប្រជារាស្ត្ររបស់យើង យើងធ្វើជាព្រះរបស់ពួកគេ ហើយពួកគេនាំគ្នាវិលមករកយើងវិញដោយចិត្តស្មោះ»។
៨ ព្រះអម្ចាស់មានព្រះបន្ទូលថា៖ «យើងនឹងប្រព្រឹត្តចំពោះសេដេគាជាស្ដេចស្រុកយូដា ពួកមន្ត្រី និងអ្នកក្រុងយេរូសាឡឹមដែលនៅសេសសល់ ហើយរស់នៅក្នុងស្រុកនេះ ព្រមទាំងអ្នកដែលរស់នៅក្នុងស្រុកអេស៊ីប ដូចមនុស្សបោះចោលផ្លែឧទុម្ពរស្អុយ ពុំអាចបរិភោគបានយ៉ាងនោះដែរ។ ៩ យើងនឹងធ្វើអោយនគរទាំងប៉ុន្មាននៅលើផែនដីភ័យតក់ស្លុត ដោយឃើញពួកគេវេទនាបែបនេះ។ គ្រប់ទីកន្លែងដែលយើងកំចាត់កំចាយពួកគេអោយទៅនៅ មនុស្សម្នានឹងមាក់ងាយ ចំអកអោយពួកគេ ព្រមទាំងយកឈ្មោះពួកគេទៅជេរប្រមាថ និងដាក់បណ្ដាសាគ្នាទៀតផង។ ១០ យើងនឹងធ្វើអោយពួកគេវិនាសដោយមុខដាវ ដោយទុរ្ភិក្ស និងដោយជំងឺអាសន្នរោគ រហូតដល់ពួកគេបាត់សូន្យពីទឹកដី ដែលយើងប្រគល់អោយពួកគេ និងដូនតារបស់ពួកគេ»។