៣៧
លោកយេរេមាជាប់ឃុំឃាំង
១ ព្រះចៅនេប៊ូក្នេសាជាស្ដេចស្រុកបាប៊ីឡូន បានលើកព្រះបាទសេដេគា បុត្ររបស់ព្រះបាទយ៉ូសៀសអោយឡើងគ្រងរាជ្យលើស្រុកយូដា ជំនួសស្ដេចយេកូនាជាបុត្ររបស់ព្រះបាទយេហូយ៉ាគីម។ ២ នៅគ្រានោះ ទាំងស្ដេច ទាំងនាម៉ឺន ទាំងប្រជាជននៅក្នុងស្រុក គ្មាននរណាម្នាក់ស្ដាប់ព្រះបន្ទូលដែលព្រះអម្ចាស់ថ្លែងតាមរយៈព្យាការីយេរេមាឡើយ។
៣ ព្រះបាទសេដេគាចាត់លោកយេហ៊ូកាល ជាកូនរបស់លោកសេលេមា និងលោកបូជាចារ្យសេផានា ជាកូនរបស់លោកម៉ាសេយ៉ា អោយទៅជួបព្យាការីយេរេមាហើយប្រាប់ថា៖ «ចូរទូលអង្វរព្រះអម្ចាស់ជាព្រះនៃយើង សូមព្រះអង្គប្រណីសន្ដោសយើងផង»។ ៤ គ្រានោះលោកយេរេមាមានសេរីភាពរស់នៅជាមួយប្រជាជននៅឡើយ គឺគេពុំទាន់ឃុំឃាំងលោកទេ។
៥ កងទ័ពខាល់ដេដែលឡោមព័ទ្ធក្រុងយេរូសាឡឹមឮដំណឹងថា កងទ័ពរបស់ព្រះចៅផារ៉ោនលើកគ្នាចេញពីស្រុកអេស៊ីបមក ពួកគេក៏ដកថយពីក្រុងយេរូសាឡឹម។ ៦ ពេលនោះ ព្រះអម្ចាស់មានព្រះបន្ទូលមកកាន់ព្យាការីយេរេមាដូចតទៅ៖ ៧ «ព្រះអម្ចាស់ ជាព្រះនៃជនជាតិអ៊ីស្រាអែលមានព្រះបន្ទូលថា: ចូរទៅប្រាប់ស្ដេចដែលបានចាត់អ្នករាល់គ្នាអោយមកសួរយើងថា “កងទ័ពស្ដេចផារ៉ោនដែលចេញមកជួយអ្នករាល់គ្នានោះ នឹងវិលត្រឡប់ទៅស្រុករបស់គេវិញ គឺស្រុកអេស៊ីប ៨ ហើយជនជាតិខាល់ដេ នឹងវិលមកវាយលុកក្រុងនេះសាជាថ្មី គេនឹងដណ្ដើមយកក្រុងនេះ ហើយដុតកំទេចចោលទៀតផង”។ ៩ ព្រះអម្ចាស់មានព្រះបន្ទូលទៀតថា “កុំបញ្ឆោតចិត្តខ្លួនឯង ដោយនឹកស្មានថា ពួកខាល់ដេដកទ័ពចេញពីអ្នករាល់គ្នារហូតនោះឡើយ ដ្បិតគេមិនចាកចេញទៅទេ។ ១០ ទោះបីអ្នករាល់គ្នាធ្វើអោយកងទ័ពខាល់ដេទាំងមូលដែលមកច្បាំងនឹងអ្នករាល់គ្នា ត្រូវបរាជ័យនៅសល់តែអ្នករបួសក្ដី ក៏ពួកគេអាចក្រោកឡើងចាកចេញពីជំរំរបស់ខ្លួន មកដុតកំទេចក្រុងនេះបានដែរ”»។
១១ កាលកងទ័ពខាល់ដេដកថយពីក្រុងយេរូសាឡឹម ដើម្បីចៀសវាងការប៉ះទង្គិចនឹងកងទ័ពរបស់ព្រះចៅផារ៉ោន ១២ លោកយេរេមាមានបំណងចេញពីក្រុងយេរូសាឡឹម ធ្វើដំណើរទៅស្រុកបេនយ៉ាមីន ដើម្បីទទួលដីជាចំណែកមត៌កក្នុងចំណោមបងប្អូនរបស់លោក។ ១៣ ពេលលោកមកដល់មាត់ទ្វារក្រុង ឈ្មោះទ្វារបេនយ៉ាមីន មេបញ្ជាការកងរក្សាក្រុងឈ្មោះយារីយ៉ា ជាកូនរបស់លោកសេលេមា និងជាចៅរបស់លោកហាណានាស្ថិតនៅទីនោះ។ គាត់ចាប់ព្យាការីយេរេមាទាំងពោលថា៖ «អ្នកឯងទៅចូលដៃជាមួយពួកខាល់ដេ!»។ ១៤ លោកយេរេមាតបថា៖ «មិនពិតទេ! ខ្ញុំមិនចូលដៃជាមួយពួកខាល់ដេឡើយ»។ ប៉ុន្តែ លោកយារីយ៉ាមិនព្រមស្ដាប់ពាក្យលោកទេ គាត់ចាប់លោកយេរេមានាំទៅជួបពួកមន្ត្រី។ ១៥ ពួកមន្ត្រីខឹងនឹងលោកយេរេមាជាខ្លាំង ពួកគេវាយលោក ហើយឃុំលោកក្នុងទីឃុំឃាំងនៅផ្ទះលោកយ៉ូណាថានជាស្មៀនហ្លួង ដ្បិតគេបានប្រើផ្ទះនេះជាទីឃុំឃាំង។ ១៦ នៅទីបញ្ចប់គេឃុំលោកយេរេមានៅក្នុងអណ្ដូងក្រោមដី ដែលគេប្រើជាគុកងងឹត ហើយលោកជាប់នៅទីនោះយ៉ាងយូរ។
១៧ ព្រះបាទសេដេគាចាត់គេអោយទៅហៅលោកមក ហើយសាកសួរលោកជាសម្ងាត់នៅក្នុងវាំងថា៖ «តើលោកបានទទួលព្រះបន្ទូលណាមួយពីព្រះអម្ចាស់ឬទេ?»។ លោកយេរេមាតបថា៖ «ក្រាបទូល! ព្រះករុណានឹងត្រូវធ្លាក់ទៅក្នុងកណ្ដាប់ដៃរបស់ស្ដេចស្រុកបាប៊ីឡូន»។ ១៨ លោកយេរេមាទូលព្រះបាទសេដេគាទៀតថា៖ «តើទូលបង្គំបានប្រព្រឹត្តអ្វីខុសចំពោះព្រះករុណា ឬខុសចំពោះពួកនាម៉ឺន និងប្រជាជននេះ បានជាគេយកទូលបង្គំមកឃុំឃាំងដូច្នេះ? ១៩ តើពួកព្យាការីដែលបានប្រកាសប្រាប់ព្រះករុណា និងប្រជាជនថា “ស្ដេចស្រុកបាប៊ីឡូននឹងមិនមកប្រហារអ្នករាល់គ្នា ឬឈ្លានពានស្រុកនេះ” ទៅណាបាត់អស់ហើយ? ២០ បពិត្រព្រះករុណាជាអម្ចាស់ សូមទ្រង់មេត្តាសណ្ដាប់ពាក្យអង្វរកររបស់ទូលបង្គំសិន សូមកុំអោយទូលបង្គំវិលទៅផ្ទះលោកស្មៀនយ៉ូណាថានទៀតឡើយ បើមិនដូច្នោះទេ ទូលបង្គំពិតជាត្រូវស្លាប់មិនខាន!»។ ២១ ព្រះបាទសេដេគាក៏បញ្ជាអោយគេឃុំលោកយេរេមាទុកនៅក្នុងបន្ទាយកងរក្សាស្ដេច ហើយអោយគេយកនំបុ័ងពីហាងនៅតាមផ្លូវមកជូនលោកពិសា រហូតទាល់តែក្នុងក្រុងទាំងមូល លែងមាននៅសល់នំបុ័ងទៀត។ ដូច្នេះ លោកយេរេមាក៏ស្នាក់នៅក្នុងបន្ទាយកងរក្សាស្ដេច។