៦
ជនជាតិអ៊ីស្រាអែលវាយយកក្រុងយេរីខូ
១ ពេលនោះ គេបិទទ្វារក្រុងយេរីខូយ៉ាងជិត គ្មាននរណាម្នាក់ចេញចូលបានឡើយ ព្រោះគេខ្លាចជនជាតិអ៊ីស្រាអែល។ ២ ព្រះអម្ចាស់មានព្រះបន្ទូលមកកាន់លោកយ៉ូស្វេថា៖ «មើល! យើងប្រគល់ក្រុងយេរីខូ ទាំងស្ដេច ទាំងទាហានដ៏ខ្លាំងពូកែរបស់គេមកក្នុងកណ្ដាប់ដៃអ្នកហើយ។ ៣ អ្នករាល់គ្នា និងពលទាហានទាំងអស់ត្រូវដើរព័ទ្ធជុំវិញទីក្រុង អោយបានមួយជុំក្នុងមួយថ្ងៃ។ ត្រូវធ្វើដូច្នេះ ចំនួនប្រាំមួយថ្ងៃ។ ៤ ត្រូវអោយបូជាចារ្យ ប្រាំពីរនាក់កាន់ស្នែងចៀមសំរាប់ផ្លុំម្នាក់មួយៗ ដើរខាងមុខហិបនៃសម្ពន្ធមេត្រី*។ លុះដល់ថ្ងៃទីប្រាំពីរ អ្នករាល់គ្នាត្រូវដើរជុំវិញទីក្រុងប្រាំពីរជុំ រួចអោយក្រុមបូជាចារ្យផ្លុំស្នែងចៀម។ ៥ ពេលគេផ្លុំស្នែងចៀម ហើយពេលអ្នករាល់គ្នាឮសំឡេងស្នែងប្រជាជនទាំងមូលត្រូវស្រែកយ៉ាងខ្លាំង កំពែងក្រុងមុខជារលំចុះនៅនឹងកន្លែង ហើយប្រជាជនត្រូវសំរុកចូលទៅក្នុងទីក្រុងរៀងៗខ្លួន»។
៦ លោកយ៉ូស្វេ ជាកូនរបស់លោកនូន ហៅក្រុមបូជាចារ្យមកមានប្រសាសន៍ទៅពួកគេថា៖ «សុំសែងហិបនៃសម្ពន្ធមេត្រី ហើយអោយបូជាចារ្យប្រាំពីរនាក់កាន់ស្នែងចៀមប្រាំពីរ ដើរខាងមុខហិបរបស់ព្រះអម្ចាស់»។ ៧ បន្ទាប់មក លោកមានប្រសាសន៍ទៅកាន់ប្រជាជនថា៖ «ចូរដើរព័ទ្ធជុំវិញទីក្រុង ហើយអោយពលទាហានប្រដាប់អាវុធ ដើរខាងមុខហិបរបស់ព្រះអម្ចាស់»។ ៨ ប្រជាជនធ្វើតាមប្រសាសន៍របស់លោកយ៉ូស្វេ គឺបូជាចារ្យប្រាំពីររូបដែលកាន់ស្នែងចៀមទាំងប្រាំពីរ ដើរនៅខាងមុខព្រះអម្ចាស់ នាំគ្នាចេញទៅទាំងផ្លុំស្នែង ហើយគេសែងហិបនៃសម្ពន្ធមេត្រីរបស់ព្រះអម្ចាស់ដើរតាមក្រោយ។ ៩ ពលទាហានប្រដាប់អាវុធដើរខាងមុខក្រុមបូជាចារ្យដែលផ្លុំស្នែង ហើយក៏មានពលទាហានដើរពីក្រោយហិបដែរ។ ពួកគេដើរទៅមុខតាមសំឡេងស្នែង។ ១០ លោកយ៉ូស្វេបញ្ជាទៅប្រជាជនថា៖ «កុំស្រែកជយឃោស កុំបន្លឺសំឡេង កុំនិយាយស្ដីអ្វីទាំងអស់ រហូតដល់ថ្ងៃខ្ញុំប្រាប់អ្នករាល់គ្នាអោយស្រែក នោះសឹមស្រែក»។ ១១ លោកអោយគេសែងហិបរបស់ព្រះអម្ចាស់ដើរព័ទ្ធជុំវិញទីក្រុងបានមួយជុំ រួចប្រជាជនវិលចូលជំរំវិញ ហើយសំរាកពេលយប់ នៅទីនោះទៅ។
១២ លោកយ៉ូស្វេក្រោកពីព្រលឹម ហើយក្រុមបូជាចារ្យនាំគ្នាសែងហិបព្រះអម្ចាស់សាជាថ្មី។ ១៣ បូជាចារ្យទាំងប្រាំពីរនាក់ដែលកាន់ស្នែងចៀម ដើរខាងមុខហិបព្រះអម្ចាស់ ក៏ចេញដំណើរម្ដងទៀត ទាំងផ្លុំស្នែងផង។ មានពលទាហានប្រដាប់អាវុធដើរខាងមុខ ហើយក៏មានពលទាហានដើរតាមក្រោយហិបព្រះអម្ចាស់ដែរ ពួកគេដើរទៅមុខ តាមសំឡេងស្នែង។ ១៤ នៅថ្ងៃទីពីរនោះ ពួកគេដើរព័ទ្ធជុំវិញទីក្រុងបានមួយជុំ រួចវិលចូលជំរំវិញ។ ពួកគេធ្វើដូច្នេះអស់រយៈពេលប្រាំមួយថ្ងៃ។ ១៥ នៅថ្ងៃទីប្រាំពីរ ពួកគេក្រោកពីព្រលឹមស្រាងៗ ហើយដើរព័ទ្ធជុំវិញទីក្រុងប្រាំពីរជុំតាមរបៀបដដែល គឺមានតែថ្ងៃនោះទេ ដែលពួកគេដើរព័ទ្ធជុំវិញទីក្រុងចំនួនប្រាំពីរជុំ។ ១៦ នៅជុំទីប្រាំពីរ ពេលក្រុមបូជាចារ្យផ្លុំស្នែង លោកយ៉ូស្វេបញ្ជាទៅប្រជាជនថា៖ «ចូរស្រែកជយឃោសឡើង! ដ្បិតព្រះអម្ចាស់បានប្រគល់ទីក្រុងអោយអ្នករាល់គ្នាហើយ។ ១៧ ចូរបំផ្លាញទីក្រុង និងអ្វីៗទាំងអស់ក្នុងទីក្រុងថ្វាយផ្ដាច់ដល់ព្រះអម្ចាស់ តែត្រូវទុកជីវិតអោយនាងរ៉ាហាប ជាស្រីពេស្យា និងអស់អ្នកដែលនៅក្នុងផ្ទះជាមួយនាងប៉ុណ្ណោះ ព្រោះនាងបានលាក់អ្នកស៊ើបការណ៍ ដែលយើងចាត់អោយមក។ ១៨ រីឯអ្នករាល់គ្នាវិញ ចូរប្រយ័ត្ន! កុំប៉ះពាល់របស់អ្វីដែលត្រូវបំផ្លាញនោះជាដាច់ខាត ក្រែងលោអ្នករាល់គ្នាត្រូវវិនាស ដោយប៉ះពាល់របស់ដែលត្រូវបំផ្លាញនោះ! មួយវិញទៀត បើធ្វើដូច្នោះអ្នករាល់គ្នាមុខជាធ្វើអោយមហន្តរាយ និងទុក្ខទោស កើតមានដល់អស់អ្នកដែលស្ថិតនៅក្នុងជំរំអ៊ីស្រាអែលមិនខាន។ ១៩ រីឯមាស ប្រាក់ និងវត្ថុធ្វើពីលង្ហិន ឬពីដែកទាំងអស់ ត្រូវទុកជាចំណែកថ្វាយព្រះអម្ចាស់ ហើយបញ្ចូលទៅក្នុងសម្បត្តិរបស់ព្រះអង្គ»។
២០ ប្រជាជនស្រែកជយឃោស ហើយក្រុមបូជាចារ្យក៏ផ្លុំស្នែងដែរ។ កាលប្រជាជនឮស្នូរសំឡេងស្នែងគេនាំគ្នាស្រែកឡើងយ៉ាងខ្លាំង ពេលនោះ កំពែងក្រុងក៏រលំចុះនៅនឹងកន្លែង។ ប្រជាជនសំរុកឡើងទៅមុខរៀងៗខ្លួន ហើយដណ្ដើមយកទីក្រុង។ ២១ ពួកគេបំផ្លាញអ្វីៗទាំងប៉ុន្មានដែលមាននៅក្នុងទីក្រុង ថ្វាយផ្ដាច់ដល់ព្រះអម្ចាស់ គឺប្រហារមនុស្សទាំងប្រុស ទាំងស្រី ទាំងក្មេង ទាំងចាស់ ទាំងគោ ចៀម និងលាដោយមុខដាវ។
លោកយ៉ូស្វេទុកជីវិតនាងរ៉ាហាប
២២ លោកយ៉ូស្វេមានប្រសាសន៍ទៅកាន់បុរសទាំងពីរនាក់ ដែលបានទៅស៊ើបការណ៍ នៅក្រុងយេរីខូថា៖ «ចូរទៅផ្ទះស្រីពេស្យា ហើយនាំនាង ព្រមទាំងក្រុមគ្រួសាររបស់នាងចេញមក ដូចអ្នកបានស្បថជាមួយគេ»។ ២៣ យុវបុរសទាំងពីរដែលជាអ្នកស៊ើបការណ៍ក៏ចូលទៅក្នុងផ្ទះ ហើយនាំនាងរ៉ាហាប ឪពុកម្ដាយ បងប្អូន និងអស់អ្នកដែលនៅជាមួយនាងចេញមក។ ពួកគេនាំញាតិសន្ដានទាំងអស់របស់នាងអោយចេញមកអោយនៅកន្លែងផុតពីគ្រោះថ្នាក់ក្បែរជំរំអ៊ីស្រាអែល។ ២៤ ចំណែកឯទីក្រុងវិញ ពួកគេដុតចោលជាមួយអ្វីៗទាំងអស់ដែលមាននៅក្នុងនោះ លើកលែងតែមាស ប្រាក់ និងវត្ថុធ្វើពីលង្ហិន ឬដែក ដែលគេដាក់បញ្ចូលក្នុងសម្បត្តិនៃព្រះដំណាក់របស់ព្រះអម្ចាស់។ ២៥ លោកយ៉ូស្វេបានទុកជីវិតនាងរ៉ាហាបជាស្រីពេស្យា ព្រមទាំងក្រុមគ្រួសារ និងអស់អ្នកដែលនៅជាមួយនាង ដ្បិតនាងបានលាក់បុរសទាំងពីរ ដែលលោកយ៉ូស្វេចាត់អោយមកស៊ើបការណ៍នៅក្រុងយេរីខូ។ នាងរស់នៅក្នុងចំណោមជនជាតិអ៊ីស្រាអែលរហូតដល់សព្វថ្ងៃ។
២៦ នៅគ្រានោះ លោកយ៉ូស្វេបានប្រកាសយ៉ាងឱឡារិក៖ «អ្នកណាចង់សង់ក្រុងយេរីខូនេះឡើងវិញ អ្នកនោះមុខជាត្រូវបណ្ដាសាពីព្រះអម្ចាស់! គឺបើគេហ៊ានចាក់គ្រឹះ កូនប្រុសច្បងរបស់គេនឹងត្រូវស្លាប់ ហើយបើគេហ៊ានដាក់ទ្វារក្រុង កូនពៅរបស់គេនឹងត្រូវស្លាប់»។
២៧ ព្រះអម្ចាស់គង់ជាមួយលោកយ៉ូស្វេ ហើយលោកក៏មានកេរ្តិ៍ឈ្មោះល្បីខ្ចរខ្ចាយ ក្នុងស្រុកនោះទាំងមូល។