១០
ជ័យជំនះ​លើ​ស្ដេច​របស់​ជន​ជាតិ​អាម៉ូរី
១ ព្រះបាទ​អដូនី-សេដេក ជា​ស្ដេច​ក្រុង​យេរូសាឡឹម​ទទួល​ដំណឹង​ថា លោក​យ៉ូស្វេ​ដណ្ដើម​យក​បាន​ក្រុង​អៃ និង​បំផ្លាញ​ថ្វាយ​ផ្ដាច់​ដល់​ព្រះអម្ចាស់ ហើយ​លោក​ក៏​ប្រព្រឹត្ត​ចំពោះ​អ្នក​ក្រុង​អៃ និង​ស្ដេច​របស់​គេ ដូច​លោក​បាន​ប្រព្រឹត្ត​ចំពោះ​អ្នក​ក្រុង​យេរីខូ និង​ស្ដេច​របស់​គេ​ដែរ។ ស្ដេច​ក៏​ទទួល​ដំណឹង​ថា អ្នក​ស្រុក​គីបៀន​បាន​សុំ​សន្តិភាព​ពី​ជន​ជាតិ​អ៊ីស្រាអែល ព្រម​ទាំង​រស់​នៅ​ក្នុង​ចំណោម​ពួក​គេ​ផង។ ២ ដំណឹង​នេះ​បាន​ធ្វើ​អោយ​អ្នក​ក្រុង​យេរូសាឡឹម​ភ័យ​ខ្លាច​យ៉ាង​ខ្លាំង ព្រោះ​ក្រុង​គីបៀន​ជា​ក្រុង​មួយ​ដ៏​ធំ ប្រៀប​បាន​នឹង​មហា​រាជធានី​មួយ ពោល​គឺ​ធំ​ជាង​ក្រុង​អៃ ហើយ​ទាហាន​នៅ​ក្រុង​នោះ​សុទ្ធ​តែ​ខ្លាំង​ពូកែ​ទៀត​ផង។ ៣ ព្រះបាទ​អដូនី-សេដេក ជា​ស្ដេច​ក្រុង​យេរូសាឡឹម​ផ្ញើ​រាជសារ​ទៅ​ព្រះបាទ​ហូហាំ ជា​ស្ដេច​ក្រុង​ហេប្រូន ព្រះបាទ​ពារ៉ាម ជា​ស្ដេច​ក្រុង​យ៉ារមូត ព្រះបាទ​យ៉ាភា ជា​ស្ដេច​ក្រុង​ឡាគីស និង​ព្រះបាទ​ដេបៀរ​ជា​ស្ដេច​ក្រុង​អេក្លូន​ថា៖ ៤ «សូម​ស្ដេច​យាង​មក ហើយ​ជួយ​ទូលបង្គំ​វាយ​ក្រុង​គីបៀន​ផង ព្រោះ​ពួក​គេ​សុំ​សន្តិភាព​ពី​យ៉ូស្វេ និង​ជន​ជាតិ​អ៊ីស្រាអែល»។
៥ ស្ដេច​របស់​ជន​ជាតិ​អាម៉ូរី​ទាំង​ប្រាំ​អង្គ គឺ​ស្ដេច​ក្រុង​យេរូសាឡឹម ស្ដេច​ក្រុង​ហេប្រូន ស្ដេច​ក្រុង​យ៉ារមូត ស្ដេច​ក្រុង​ឡាគីស និង​ស្ដេច​ក្រុង​អេក្លូន បាន​ពួតដៃ​គ្នា​លើក​ទ័ព​ទាំង​អស់​ទៅ​ឡោមព័ទ្ធ​ក្រុង​គីបៀន ហើយ​វាយ​ក្រុង​នោះ។ ៦ អ្នក​ស្រុក​គីបៀន​ចាត់​គេ​អោយ​ទៅ​ជំរាប​លោក​យ៉ូស្វេ​នៅ​ជំរំ​គីលកាល់​ថា៖ «សូម​កុំ​បោះ​បង់​ចោល​យើង​ខ្ញុំ​ប្របាទ​ឡើយ! សូម​អញ្ជើញ​មក​រំដោះ​យើង​ខ្ញុំ​ជា​ប្រញាប់ សូម​ជួយ​សង្គ្រោះ​យើង​ខ្ញុំ​ផង ដ្បិត​ស្ដេច​ទាំង​ប៉ុន្មាន​របស់​ជន​ជាតិ​អាម៉ូរី ដែល​នៅ​ស្រុក​ភ្នំ បាន​រួម​គ្នា​ប្រឆាំង​នឹង​យើង​ខ្ញុំ»។
៧ លោក​យ៉ូស្វេ​ក៏​នាំ​កងទ័ព​ទាំង​មូល​ចេញ​ពី​គីលកាល់ ដោយ​មាន​កង​ទាហាន​ដ៏​អង់អាច​របស់​លោក​មក​ជា​មួយ​ផង។ ៨ ព្រះអម្ចាស់​មាន​ព្រះបន្ទូល​មក​កាន់​លោក​យ៉ូស្វេ​ថា៖ «កុំ​ខ្លាច​អ្វី​ឡើយ ដ្បិត​យើង​ប្រគល់​ពួក​គេ​មក​ក្នុង​កណ្ដាប់​ដៃ​របស់​អ្នក​ហើយ! គ្មាន​នរណា​អាច​តទល់​នឹង​អ្នក​បាន​ទេ»។ ៩ លោក​យ៉ូស្វេ​ធ្វើ​ដំណើរ​ពី​គីលកាល់​ទៅ​អស់​មួយ​យប់ ហើយ​វាយ​សំរុក​ពួក​គេ ដោយ​មិន​អោយ​ដឹង​ខ្លួន​ជា​មុន​ឡើយ។ ១០ ព្រះអម្ចាស់​ធ្វើ​អោយ​ជន​ជាតិ​អាម៉ូរី​បាក់​ទ័ព នៅ​ចំពោះ​មុខ​ជន​ជាតិ​អ៊ីស្រាអែល។ ពួក​គេ​បរាជ័យ​យ៉ាង​ធ្ងន់ធ្ងរ​នៅ​ក្រុង​គីបៀន ហើយ​ជន​ជាតិ​អ៊ីស្រាអែល​ដេញ​ពី​ក្រោយ​ពួក​គេ​តាម​ផ្លូវ​ឡើង​ទៅ​ភូមិ​បេតហូរ៉ូន ព្រម​ទាំង​វាយ​ប្រហារ​ពួក​គេ រហូត​ទៅ​ដល់​ភូមិ​អាសេកា និង​ភូមិ​ម៉ាកេដា។ ១១ ពេល​ជន​ជាតិ​អាម៉ូរី​បាក់​ទ័ព រត់​នៅ​មុខ​ជន​ជាតិ​អ៊ីស្រាអែល ហើយ​នៅ​ពេល​ដែល​គេ​កំពុង​តែ​ចុះ​ពី​ភូមិ​បេតហូរ៉ូន​ទៅ​នោះ ព្រះអម្ចាស់​បាន​ធ្វើ​អោយ​មាន​គ្រាប់​ព្រឹល​ធំៗ​ធ្លាក់​ពី​លើ​មេឃ​មក​លើ​ពួក​គេ រហូត​ទៅ​ដល់​ភូមិ​អាសេកា អ្នក​ដែល​ស្លាប់​ដោយសារ​គ្រាប់​ព្រឹល មាន​ចំនួន​ច្រើន​ជាង​អ្នក​ដែល​ស្លាប់​ដោយ​មុខ​ដាវ​របស់​ជន​ជាតិ​អ៊ីស្រាអែល​ទៅ​ទៀត។
១២ នៅ​ថ្ងៃ​ដែល​ព្រះអម្ចាស់ ប្រទាន​អោយ​ជន​ជាតិ​អ៊ីស្រាអែល​មាន​ជ័យជំនះ​លើ​ជន​ជាតិ​អាម៉ូរី លោក​យ៉ូស្វេ​ទូល​ទៅ​ព្រះអម្ចាស់ ហើយ​មាន​ប្រសាសន៍​នៅ​ចំពោះ​មុខ​ប្រជាជន​អ៊ីស្រាអែល​ថា៖
«ព្រះអាទិត្យ​អើយ ចូរ​ឈប់​ស្ងៀម
នៅ​លើ​ក្រុង​គីបៀន​ទៅ!
ព្រះ​ច័ន្ទ​អើយ ចូរ​ឈប់​ស្ងៀម
នៅ​លើ​ជ្រលង​ភ្នំ​អៃយ៉ាឡូន​ទៅ»។
១៣ ពេល​នោះ ព្រះអាទិត្យ​ក៏​ឈប់​ស្ងៀម
ហើយ​ព្រះច័ន្ទ​ក៏​នៅ​ស្ងៀម​ដែរ
រហូត​ទាល់​តែ​ប្រជាជាតិ​អ៊ីស្រាអែល​វាយ​ឈ្នះ
ខ្មាំង​សត្រូវ​របស់​ខ្លួន។
ហេតុការណ៍​ទាំង​នេះ​មាន​ចែង​ទុក​ក្នុង​ក្រាំង «ជន​សុចរិត»​ គឺ​ព្រះ​អាទិត្យ​ឈប់​ស្ងៀម​នៅ​លើ​មេឃ ហើយ​ក្នុង​រយៈ​ពេល​ជិត​មួយ​ថ្ងៃ​នោះ ព្រះអាទិត្យ​មិន​ប្រញាប់​លិច​ទេ។ ១៤ តាំង​ពី​ដើម​រៀង​មក ហើយ​ត​ទៅ​មុខ​ទៀត​មិន​ដែល​មាន​ថ្ងៃ​ណា​ដូច​ថ្ងៃ​នោះ​ឡើយ គឺ​ព្រះអម្ចាស់​ធ្វើ​តាម​សំណូម​ពរ​របស់​មនុស្ស​ម្នាក់ ដ្បិត​ព្រះអម្ចាស់​បាន​ច្បាំង​រួម​ជា​មួយ​ជន​ជាតិ​អ៊ីស្រាអែល។
១៥ បន្ទាប់​មក លោក​យ៉ូស្វេ និង​ប្រជាជន​អ៊ីស្រាអែល​ទាំង​មូល​នាំ​គ្នា​វិល​ត្រឡប់​ទៅ​ជំរំ​នៅ​គីលកាល់​វិញ។
លោក​យ៉ូស្វេ​ចាប់​បាន​ស្ដេច​ជន​ជាតិ​អាម៉ូរី​ទាំង​ប្រាំ​អង្គ
១៦ ស្ដេច​ជន​ជាតិ​អាម៉ូរី​ទាំង​ប្រាំ​អង្គ បាន​រត់​ទៅ​ពួន​ក្នុង​រូង​ភ្នំ​នៅ​ម៉ាកេដា។ ១៧ មាន​គេ​ទៅ​រាយការណ៍​ជូន​លោក​យ៉ូស្វេ​ថា ស្ដេច​ទាំង​ប្រាំ​អង្គ​នោះ​ពួន​ក្នុង​រូង​ភ្នំ​នៅ​ម៉ាកេដា។ ១៨ លោក​យ៉ូស្វេ​មាន​ប្រសាសន៍​ថា៖ «ចូរ​ប្រមៀល​ផ្ទាំង​ថ្ម​ដ៏​ធំ​បិទ​មាត់​រូង ហើយ​ដាក់​ទាហាន​អោយ​ចាំ​យាម​នៅ​ទី​នោះ​ផង។ ១៩ រីឯ​អ្នក​រាល់​គ្នា​វិញ ត្រូវ​ដេញ​តាម​ខ្មាំង​សត្រូវ​កុំ​ឈប់​អោយ​សោះ។ ត្រូវ​វាយ​គេ​ពី​ខាង​ក្រោយ កុំ​ទុក​អោយ​ពួក​គេ​ចូល​ទៅ​ក្នុង​ក្រុង​របស់​ខ្លួន​បាន​ឡើយ ដ្បិត​ព្រះអម្ចាស់​ជា​ព្រះ​របស់​អ្នក​រាល់​គ្នា​ប្រគល់​ពួក​គេ​មក​ក្នុង​កណ្ដាប់​ដៃ​អ្នក​រាល់​គ្នា​ហើយ»។ ២០ លោក​យ៉ូស្វេ និង​ជន​ជាតិ​អ៊ីស្រាអែល បាន​វាយ​ប្រហារ​ជន​ជាតិ​អាម៉ូរី​អោយ​បរាជ័យ​យ៉ាង​ធ្ងន់​ស្ទើរ​តែ​ផុត​ពូជ ប៉ុន្តែ មាន​ពួក​គេ​ខ្លះ​បាន​រត់​រួច​ចូល​ទៅ​ក្នុង​ក្រុង​នានា​ដែល​មាន​កំពែង​ការពារ។ ២១ បន្ទាប់​មក កងទ័ព​អ៊ីស្រាអែល​ទាំង​មូល វិល​ត្រឡប់​មក​ជំរំ​ដោយ​សុខសាន្ត ពួក​គេ​ជួប​នឹង​លោក​យ៉ូស្វេ​នៅ​ម៉ាកេដា។ ចាប់​ពី​ពេល​នោះ​មក​គ្មាន​នរណា​ម្នាក់​នៅ​ស្រុក​នោះ​ហ៊ាន​រអ៊ូរទាំ​ទាស់​នឹង​ជន​ជាតិ​អ៊ីស្រាអែល​ទៀត​ឡើយ។
២២ បន្ទាប់​មក លោក​យ៉ូស្វេ​មាន​ប្រសាសន៍​ថា៖ «ចូរ​បើក​មាត់​រូង ហើយ​នាំ​ស្ដេច​ទាំង​ប្រាំ​នោះ​ចេញ​មក​ជួប​ខ្ញុំ»។ ២៣ គេ​ក៏​បើក​មាត់​រូង ហើយ​នាំ​ស្ដេច​ទាំង​ប្រាំ​អង្គ គឺ​ស្ដេច​ក្រុង​យេរូសាឡឹម ស្ដេច​ក្រុង​ហេប្រូន ស្ដេច​ក្រុង​យ៉ារមូត ស្ដេច​ក្រុង​ឡាគីស និង​ស្ដេច​ក្រុង​អេក្លូន ចេញ​មក​ជួប​លោក។ ២៤ កាល​គេ​នាំ​ស្ដេច​ទាំង​ប្រាំ​អង្គ​ចេញ​មក​ជួប​លោក​យ៉ូស្វេ ហើយ​លោក​ក៏​ហៅ​កងទ័ព​អ៊ីស្រាអែល​ទាំង​មូល​មក ហើយ​ហៅ​នាយ​ទាហាន​ដែល​រួម​ប្រយុទ្ធ​ជា​មួយ​លោក​អោយ​ចូល​មក​ជិត និង​យក​ជើង​ជាន់​ក​ស្ដេច​ទាំង​នោះ។ ពួក​នាយ​ទាហាន​ក៏​នាំ​គ្នា​ចូល​មក ហើយ​ជាន់​ក​ស្ដេច​ទាំង​នោះ។ ២៥ លោក​យ៉ូស្វេ​មាន​ប្រសាសន៍​ទៅ​កាន់​ពួក​គេ​ថា៖ «កុំ​ភ័យ​ខ្លាច​អ្វី កុំ​អស់​សង្ឃឹម​ឡើយ។ ចូរ​មាន​កម្លាំង និង​ទឹក​ចិត្ត​ក្លាហាន​ឡើង ដ្បិត​ព្រះអម្ចាស់​នឹង​ប្រព្រឹត្ត​ចំពោះ​ខ្មាំង​សត្រូវ​ទាំង​អស់​របស់​អ្នក​រាល់​គ្នា​បែប​នេះ​ឯង!»។ ២៦ លោក​យ៉ូស្វេ​ប្រហារ​ជីវិត​ស្ដេច​ទាំង​នោះ ហើយ​យក​ទៅ​ព្យួរ​ក​នៅ​នឹង​ដើម​ឈើ​ប្រាំ​ដើម។ សព​ស្ដេច​ទាំង​នោះ​នៅ​ជាប់​នឹង​ដើម​ឈើ​រហូត​ដល់​ល្ងាច។ ២៧ ពេល​ថ្ងៃ​លិច លោក​យ៉ូស្វេ​បញ្ជា​អោយ​គេ​យក​សាកសព​ចុះ​ពី​ដើម​ឈើ ទៅ​បោះ​ចោល​ក្នុង​រូង​ភ្នំ ដែល​ស្ដេច​ទាំង​នោះ​បាន​ពួន។ គេ​យក​ផ្ទាំង​ថ្ម​ធំ​មក​បិទ​មាត់​រូង ហើយ​ផ្ទាំង​ថ្ម​ទាំង​នោះ​ស្ថិត​នៅ​រហូត​មក​ដល់​សព្វ​ថ្ងៃ។
លោក​យ៉ូស្វេ​ដណ្ដើម​យក​ក្រុង​នានា​នៅ​ទិស​ខាង​ត្បូង
២៨ នៅ​ថ្ងៃ​ដដែល​នោះ លោក​យ៉ូស្វេ​វាយ​យក​ក្រុង​ម៉ាកេដា ហើយ​ប្រហារ​ជីវិត​អ្នក​ក្រុង​នោះ ទាំង​ស្ដេច​ទាំង​ប្រជាជន គឺ​លោក​បាន​បំផ្លាញ​មនុស្ស​នៅ​ក្នុង​ក្រុង​នោះ​អស់​គ្មាន​នរណា​ម្នាក់​រួច​ជីវិត​ឡើយ។ លោក​ប្រព្រឹត្ត​ចំពោះ​ស្ដេច​ក្រុង​ម៉ាកេដា​ដូច​លោក​បាន​ប្រព្រឹត្ត​ចំពោះ​ស្ដេច​ក្រុង​យេរីខូ​ដែរ។
២៩ លោក​យ៉ូស្វេ និង​ប្រជាជន​អ៊ីស្រាអែល​ទាំង​មូល ចាក​ចេញ​ពី​ក្រុង​ម៉ាកេដា ឆ្ពោះ​ទៅ​ក្រុង​លីបណា ហើយ​វាយ​លុក​ក្រុង​នោះ។ ៣០ ព្រះអម្ចាស់​ក៏​បាន​ប្រគល់​ក្រុង​លីបណា និង​ស្ដេច​របស់​គេ​មក​ក្នុង​កណ្ដាប់​ដៃ​របស់​ជន​ជាតិ​អ៊ីស្រាអែល​ដែរ។ កងទ័ព​អ៊ីស្រាអែល​ប្រហារ​ជីវិត​អ្នក​ក្រុង​នោះ​ដោយ​មុខ​ដាវ ឥត​ទុក​នរណា​ម្នាក់​អោយ​រួច​ជីវិត​ទេ។ លោក​យ៉ូស្វេ​ប្រព្រឹត្ត​ចំពោះ​ស្ដេច​ក្រុង​លីបណា ដូច​លោក​បាន​ប្រព្រឹត្ត​ចំពោះ​ស្ដេច​ក្រុង​យេរីខូ​ដែរ។
៣១ បន្ទាប់​មក លោក​យ៉ូស្វេ និង​ប្រជាជន​អ៊ីស្រាអែល​ទាំង​មូល ចាក​ចេញ​ពី​ក្រុង​លីបណា​ឆ្ពោះ​ទៅ​ក្រុង​ឡាគីស ហើយ​បោះ​ទ័ព​នៅ​មុខ​ក្រុង​ដើម្បី​វាយ​លុក​ក្រុង​នោះ។ ៣២ ព្រះអម្ចាស់​បាន​ប្រគល់​ក្រុង​ឡាគីស មក​ក្នុង​កណ្ដាប់​ដៃ​របស់​ជន​ជាតិ​អ៊ីស្រាអែល កងទ័ព​អ៊ីស្រាអែល​វាយ​យក​ក្រុង​នោះ​បាន​នៅ​ថ្ងៃ​ទី​ពីរ ហើយ​ប្រហារ​ជីវិត​អ្នក​ក្រុង​ទាំង​អស់​ដោយ​មុខ​ដាវ ដូច​ពួក​គេ​បាន​ប្រព្រឹត្ត​ចំពោះ​ក្រុង​លីបណា​ដែរ។ ៣៣ ពេល​នោះ ព្រះបាទ​ហោរ៉ាម ជា​ស្ដេច​ក្រុង​កេស៊ើរ​បាន​ឡើង​ទៅ​ជួយ​ក្រុង​ឡាគីស ប៉ុន្តែ លោក​យ៉ូស្វេ​វាយ​ប្រហារ​ទាំង​ស្ដេច ទាំង​ប្រជាជន​របស់​ស្ដេច​នោះ ឥត​ទុក​អោយ​អ្នក​ណា​ម្នាក់​រួច​ជីវិត​ឡើយ។
៣៤ បន្ទាប់​មក​ទៀត​លោក​យ៉ូស្វេ និង​ប្រជាជន​អ៊ីស្រាអែល​ទាំង​មូល​ចាក​ចេញ​ពី​ក្រុង​ឡាគីស​ឆ្ពោះ​ទៅ​ក្រុង​អេក្លូន ហើយ​បោះ​ទ័ព​នៅ​មុខ​ក្រុង​ដើម្បី​វាយ​លុក​ក្រុង​នោះ។ ៣៥ នៅ​ថ្ងៃ​ដដែល ពួក​គេ​វាយ​យក​បាន​ទីក្រុង ហើយ​ប្រហារ​ជីវិត​អ្នក​ក្រុង​ទាំង​អស់​ដោយ​មុខ​ដាវ ដូច​គេ​បាន​ប្រព្រឹត្ត​ចំពោះ​ក្រុង​ឡាគីស​ដែរ។ ៣៦ លោក​យ៉ូស្វេ និង​ប្រជាជន​អ៊ីស្រាអែល​ទាំង​មូល ឡើង​ពី​ក្រុង​អេក្លូន​ឆ្ពោះ​ទៅ​ក្រុង​ហេប្រូន ហើយ​វាយ​លុក​ក្រុង​នោះ។ ៣៧ គេ​វាយ​យក​បាន​ទីក្រុង ហើយ​ប្រហារ​ជីវិត​អ្នក​ក្រុង និង​ស្ដេច​ព្រម​ទាំង​មនុស្សម្នា​ដែល​រស់​នៅ​តាម​ភូមិ​នានា​នៅ​ជាយ​ក្រុង​នោះ​ផង​ដែរ។ លោក​យ៉ូស្វេ​បាន​បំផ្លាញ​ក្រុង​នោះ​ទាំង​មូល ឥត​ទុក​អោយ​នរណា​ម្នាក់​រួច​ជីវិត​ឡើយ គឺ​លោក​ប្រព្រឹត្ត​ចំពោះ​ពួក​គេ ដូច​លោក​បាន​ប្រព្រឹត្ត​ចំពោះ​ក្រុង​អេក្លូន​ដែរ។
៣៨ លោក​យ៉ូស្វេ និង​ប្រជាជន​អ៊ីស្រាអែល​ទាំង​មូល​ងាក​ទៅ​រក​ក្រុង​ដេបៀរ ហើយ​វាយ​លុក​ក្រុង​នោះ។ ៣៩ លោក​វាយ​យក​ក្រុង​នោះ ហើយ​ចាប់​បាន​ស្ដេច ព្រម​ទាំង​ដណ្ដើម​យក​ភូមិ​នានា​ដែល​នៅ​ជាប់​នឹង​ក្រុង​នោះ​ផង។ កងទ័ព​អ៊ីស្រាអែល​ប្រហារ​ជីវិត​មនុស្ស​ទាំង​អស់​ដែល​រស់​នៅ​ទី​នោះ​ដោយ​មុខ​ដាវ ឥត​ទុក​អោយ​នរណា​ម្នាក់​រួច​ជីវិត​ឡើយ។ លោក​យ៉ូស្វេ​ប្រព្រឹត្ត​ចំពោះ​ក្រុង​ដេបៀរ ព្រម​ទាំង​ស្ដេច​របស់​គេ ដូច​លោក​បាន​ប្រព្រឹត្ត​ចំពោះ​ក្រុង​ហេប្រូន និង​ក្រុង​លីបណា​ព្រម​ទាំង​ស្ដេច​របស់​គេ​ដែរ។
៤០ លោក​យ៉ូស្វេ​វាយ​លុក​ស្រុក​នោះ​ទាំង​មូល គឺ​វាយ​យក​តំបន់​ភ្នំ តំបន់​ណេកិប​តំបន់​វាល​ទំនាប និង​តំបន់​ជំរាល​ភ្នំ​ព្រម​ទាំង​ប្រហារ​ជីវិត​ស្ដេច​របស់​គេ​ទៀត​ផង។ លោក​មិន​ទុក​អោយ​នរណា​ម្នាក់​រួច​ជីវិត​ឡើយ គឺ​បំផ្លាញ​អ្វីៗ​ទាំង​អស់​ដែល​មាន​ជីវិត ថ្វាយ​ផ្ដាច់​ដល់​ព្រះអម្ចាស់ ស្រប​តាម​ព្រះបន្ទូល​ដែល​ព្រះអម្ចាស់​ជា​ព្រះ​នៃ​ជន​ជាតិ​អ៊ីស្រាអែល​បាន​បង្គាប់។ ៤១ លោក​យ៉ូស្វេ​វាយ​លុក​ចាប់​តាំង​ពី​កេដេស-បារនា រហូត​ដល់​ក្រុង​កាសា និង​ចាប់​ពី​តំបន់​កូសែន​ទាំង​មូល​រហូត​ដល់​ក្រុង​គីបៀន។ ៤២ លោក​យ៉ូស្វេ​វាយ​យក​ស្រុក​ទាំង​នោះ ហើយ​ចាប់​បាន​ស្ដេច​របស់​គេ​ក្នុង​គ្រា​តែ​មួយ ព្រោះ​ព្រះអម្ចាស់ ជា​ព្រះ​នៃ​ជន​ជាតិ​អ៊ីស្រាអែល រួម​ប្រយុទ្ធ​ជា​មួយ​អ៊ីស្រាអែល។ ៤៣ បន្ទាប់​មក លោក​យ៉ូស្វេ និង​ប្រជាជន​អ៊ីស្រាអែល​ទាំង​មូល វិល​ត្រឡប់​មក​ជំរំ​នៅ​គីលកាល់​វិញ។