១៥
ទឹក​ដី​របស់​កុលសម្ព័ន្ធ​យូដា
១ ទឹក​ដី​ដែល​ជា​ចំណែក​របស់​កុលសម្ព័ន្ធ​យូដា តាម​អំបូរ​របស់​ពួក​គេ មាន​ដូច​ត​ទៅ: ទិស​ខាង​ត្បូង លាត​សន្ធឹង​រហូត​ដល់​ព្រំប្រទល់​ស្រុក​អេដុម ដែល​មាន​វាល​រហោស្ថាន​ស៊ីន នៅ​ខាង​ត្បូង​បំផុត។ ២ ព្រំប្រទល់​ខាង​ត្បូង​នេះ លាត​សន្ធឹង ចាប់​តាំង​ពី​ចុង​សមុទ្រ​អំបិល គឺ​ជ្រោយ​ដែល​នៅ​ខាង​វាល​រហោស្ថាន​ណេកិប ៣ រហូត​ទៅ​ដល់​ខាង​ត្បូង​ផ្លូវ​ដែល​ឆ្លង​កាត់​ច្រក​ភ្នំ​អាក្រាប៊ីម និង​វាល​រហោស្ថាន​ស៊ីន ហើយ​ឡើង​ទៅ​ដល់​ខាង​ត្បូង​ស្រុក​កាដេស-បារនា រួច​បន្ត​ទៅ​ដល់​ហេតស្រូន ឡើង​ទៅ​ដល់​អាដា និង​បត់​ទៅ​ការកា។ ៤ ទឹក​ដី​នោះ​លាត​សន្ធឹង​បន្ត​ទៅ​ទៀត ចាប់​ពី​អាសម៉ូន រហូត​ដល់​ទឹក​ធ្លាក់​នៅ​ស្រុក​អេស៊ីប ហើយ​ទៅ​ទល់​នឹង​សមុទ្រ​មេឌីទែរ៉ាណេ។ នេះ​ហើយ​ជា​ព្រំប្រទល់​ខាង​ត្បូង​របស់​កុលសម្ព័ន្ធ​យូដា។ ៥ រីឯ​ព្រំប្រទល់​ខាង​កើត​វិញ លាត​សន្ធឹង​ចាប់​តាំង​ពី​សមុទ្រ​អំបិល រហូត​ដល់​ចុង​ទន្លេ​យ័រដាន់។ ព្រំប្រទល់​ខាង​ជើង​លាត​សន្ធឹង​ចាប់​តាំង​ពី​ឈូង​សមុទ្រ ដែល​នៅ​ខាង​ចុង​ទន្លេ​យ័រដាន់ ៦ ឡើង​រហូត​ទៅ​ដល់​បេត-ហុកឡា កាត់​តាម​ខាង​ជើង​បេតអារ៉ាបា ហើយ​ឡើង​ទៅ​ដល់​ផ្ទាំង​ថ្ម​បូហាន។ លោក​បូហាន​ត្រូវ​ជា​កូន​របស់​លោក​រូបេន។ ៧ ព្រំប្រទល់​នេះ​ក៏​ឡើង​ទៅ​ដល់​ក្រុង​ដេបៀរ ដោយ​កាត់​តាម​ជ្រលង​ភ្នំ​អាគ័រ រួច​បែរ​ទៅ​ខាង​ជើង​ក្បែរ​គីលកាល់ ដែល​នៅ​ទល់​មុខ​នឹង​ផ្លូវ​ឡើង​ទៅ​អាឌូមីម ខាង​ត្បូង​ទឹក​ធ្លាក់។ បន្ទាប់​មក ព្រំប្រទល់​នេះ ឡើង​ទៅ​ជិត​ប្រភព​ទឹក​អេន-សេម៉េស ហើយ​ទៅ​ដល់​អេន-រ៉ូកែល ៨ រួច​ឡើង​ទៅ​ដល់​ជ្រលង​ភ្នំ​បេនហ៊ីនុម ដែល​នៅ​ជំរាល​ខាង​ត្បូង​នៃ​ក្រុង​យេប៊ូស ពោល​គឺ​ក្រុង​យេរូសាឡឹម​ឡើង​រហូត​ទៅ​ដល់​កំពូល​ភ្នំ ដែល​នៅ​ខាង​លិច​ជ្រលង​ភ្នំ​ហ៊ីនុម និង​នៅ​ចុង​ខាង​ជើង​ជ្រលង​ភ្នំ​រេផែម។ ៩ ព្រំប្រទល់​ចេញ​ពី​កំពូល​ភ្នំ​នោះ ឆៀង​ទៅ​រក​ប្រភព​ទឹក​ណិបតា ហើយ​បន្ត​ទៅ​ដល់​ក្រុង​នានា​នៃ​តំបន់​ភ្នំ​អេប្រូន បត់​ទៅ​តាម​ក្រុង​បាឡា ពោល​គឺ​ក្រុង​គារយ៉ាត-យារីម។ ១០ ពី​បាឡា​ព្រំប្រទល់​នេះ​បត់​ទៅ​ខាង​លិច ដល់​ភ្នំ​សៀរ ដោយ​កាត់​តាម​ជំរាល​ខាង​ជើង​នៃ​ភ្នំ​យារីម ពោល​គឺ​ភ្នំ​កេសាឡូន ហើយ​ចុះ​ទៅ​ដល់​បេតសេម៉េស ដោយ​កាត់​តាម​ធីមណា ១១ រួច​ទៅ​ដល់​ខាង​ជើង​ជំរាល​ភ្នំ​អេក្រូន បត់​ទៅ​រក​ស៊ីក្រូន កាត់​តាម​ភ្នំ​បាឡា រហូត​ទៅ​ដល់​យ៉ាប់នាល និង​សមុទ្រ​មេឌីទែរ៉ាណេ។ ១២ រីឯ​ព្រំប្រទល់​ខាង​លិច គឺ​សមុទ្រ​មេឌីទែរ៉ាណេ និង​តំបន់​ឆ្នេរ​សមុទ្រ។ នេះ​ហើយ​ជា​ព្រំប្រទល់​ជុំវិញ​ទឹក​ដី​របស់​កូន​ចៅ​យូដា តាម​អំបូរ​របស់​គេ។
លោក​កាលែប​វាយ​យក​ក្រុង​ហេប្រូន និង​ក្រុង​ដេបៀរ
១៣ រីឯ​លោក​កាលែប​ជា​កូន​របស់​លោក​យេភូនេ​វិញ គេ​បាន​ចែក​ទឹក​ដី​មួយ​ចំណែក​ក្នុង​ចំណោម​ជន​ជាតិ​យូដា​ជូន​លោក ស្រប​តាម​បទ​បញ្ជា​ដែល​ព្រះអម្ចាស់​បាន​បង្គាប់​មក​លោក​យ៉ូស្វេ។ ទឹក​ដី​នោះ គឺ​ក្រុង​ហេប្រូន​ដែល​ពី​ដើម​មាន​ឈ្មោះ​ថា គារយ៉ាត-អើបា -លោក​អើបា​ត្រូវ​ជា​ឪពុក​របស់​លោក​អណាក់។ ១៤ លោក​កាលែប​បាន​ដណ្ដើម​យក​ទឹក​ដី​នោះ ពី​ពូជពង្ស​ទាំង​បី​របស់​លោក​អណាក់ គឺ​អំបូរ​សេសាយ អំបូរ​អហ៊ីម៉ាន និង​អំបូរ​តាលម៉ាយ។ ១៥ បន្ទាប់​មក លោក​បាន​ឡើង​ពី​ទី​នោះ ទៅ​វាយ​លុក​អ្នក​ក្រុង​ដេបៀរ។ កាល​ពី​ដើម ក្រុង​ដេបៀរ​នេះ មាន​ឈ្មោះ​ថា​គារយ៉ាត-សេភើរ។ ១៦ លោក​កាលែប​មាន​ប្រសាសន៍​ថា៖ «អ្នក​ណា​វាយ​យក​ក្រុង​គារយ៉ាត-សេភើរ​បាន ខ្ញុំ​នឹង​លើក​នាង​អាក់សា កូន​ស្រី​របស់​ខ្ញុំ អោយ​ធ្វើ​ជា​ប្រពន្ធ»។ ១៧ លោក​អូធ្នាល ជា​កូន​របស់​លោក​កេណាស ហើយ​ត្រូវ​ជា​ក្មួយ​របស់​លោក​កាលែប វាយ​យក​ក្រុង​នោះ​បាន។ លោក​កាលែប​ក៏​លើក​នាង​អាក់សា ជា​កូន​ស្រី​របស់​លោក​អោយ​គាត់​ធ្វើ​ជា​ប្រពន្ធ។ ១៨ កាល​នាង​បាន​ចូល​មក​រួម​រស់​ជា​មួយ​លោក​អូធ្នាល​ជា​ប្ដី​ហើយ នាង​ក៏​បបួល​ប្ដី​អោយ​ទាមទារ​យក​ដី​ស្រែ​ពី​ឪពុក។ ពេល​នាង​ចុះ​ពី​លើ​ខ្នង​សត្វ​លា លោក​កាលែប​សួរ​នាង​ថា៖ «តើ​កូន​មាន​ការ​អ្វី?»។ ១៩ នាង​ឆ្លើយ​តប​ថា៖ «សូម​លោក​ឪពុក​មេត្តា​អនុគ្រោះ​កូន​ផង ដ្បិត​ដី​ដែល​លោក​ឪពុក​បាន​ចែក​អោយ​កូន នៅ​ខាង​ត្បូង​នោះ គ្មាន​ទឹក​ទេ ដូច្នេះ សូម​ចែក​អណ្ដូង​អោយ​កូន​ផង!»។ លោក​កាលែប​ក៏​ចែក​អណ្ដូង​ទឹក​ដែល​នៅ​ខាង​លើ និង​នៅ​ខាង​ក្រោម​អោយ​នាង។
ស្រុក​ភូមិ​របស់​កុលសម្ព័ន្ធ​យូដា
២០ ទឹក​ដី​ដែល​ជា​មត៌ក​របស់​កុលសម្ព័ន្ធ​យូដា តាម​អំបូរ​របស់​ពួក​គេ​មាន​ដូច​ត​ទៅ: ២១ ក្រុង​នានា​ដែល​ស្ថិត​នៅ​ចុង​ខាង​ត្បូង នៃ​ទឹក​ដី​របស់​កូន​ចៅ​យូដា ជិត​ព្រំប្រទល់​ស្រុក​អេដុម ក្នុង​វាល​រហោស្ថាន​ណេកិប​មាន: កាបសៀល អេឌើរ យ៉ាគើរ ២២ គីណា ឌីម៉ូណា អាដាដា ២៣ កេដែស ហាសោរ អ៊ីថ្នាន ២៤ ស៊ីភ តេលែម បេអាឡូត ២៥ ហាសោរ-ហាដាថា កេរីយ៉ូត-ហេតស្រូន (គឺ​ហាសោរ) ២៦ អាម៉ាម សេម៉ា ម៉ូឡាដា ២៧ ហាត់សារ-កាដដា ហេសម៉ូន បេតផាលែត ២៨ ហាត់សារ-សូអាល បៀរសេបា ប៊ីសយ៉ុតយ៉ា ២៩ បាឡា អ៊ីយ៉ីម អាត់សែម ៣០ អែលថូឡាត កេសៀល ហោម៉ា ៣១ ស៊ីគឡាក់ មាដម៉ាណា សាន-សាណា ៣២ ល្បាអូត ស៊ីលហ៊ីម អាយីន និង​រ៉ីមម៉ូន។ សរុប​ទាំង​អស់​មាន​ម្ភៃ​ប្រាំ​បួន​ក្រុង និង​ភូមិ​ឯ​ទៀតៗ​ដែល​នៅ​ជិត​ខាង។
៣៣ រីឯ​ក្រុង​ទាំងឡាយ​ដែល​ស្ថិត​នៅ​តាម​តំបន់​វាល​ទំនាប មាន: អែសថោល សូរ៉ាស់ អាសណា ៣៤ សាណូអា អេន-កានីម តាពួរ អេណាម ៣៥ យ៉ារមូត អាឌូឡាំ សូគរ អាសេកា ៣៦ ស្អារ៉ែម អាឌីថែម កេដេរ៉ា និង​ក្ដេរ៉ូថែម គឺ​មាន​ទាំង​អស់​ដប់បួន​ក្រុង និង​ភូមិ​ឯ​ទៀតៗ​ដែល​នៅ​ជិត​ខាង។
៣៧ បន្ទាប់​មក មាន: សេណាន ហាដាសា មីគដាល-កាដ ៣៨ ឌីលាន មីសប៉ា យ៉ុគធាល ៣៩ ឡាគីស បូសកាត់ អេក្លូន ៤០ កាបូន ឡាម៉ាស គីតលីស ៤១ កេដេរ៉ូត បេតដាកូន ណាអាម៉ា និង​ម៉ាកេដា គឺ​មាន​ទាំង​អស់​ដប់​ប្រាំ​មួយ​ក្រុង និង​ភូមិ​ឯ​ទៀតៗ​ដែល​នៅ​ជិត​ខាង។ ៤២ បន្ទាប់​មក មាន: លីបណា អេធើរ អាសាន ៤៣ យីបថា អាសណា នេស៊ីប ៤៤ កៃឡា អាកស៊ីប និង​ម៉ារីសា គឺ​មាន​ទាំង​អស់​ប្រាំ​បួន​ក្រុង និង​ភូមិ​ដែល​នៅ​ជុំវិញ។
៤៥ បន្ទាប់​មក មាន: ក្រុង​អេក្រូន និង​ស្រុក​ភូមិ​នៅ​ជុំវិញ ៤៦ ព្រម​ទាំង​ក្រុង និង​ភូមិ​ទាំង​ប៉ុន្មាន​នៅ​ជុំវិញ​ក្រុង​អាសដូឌ​ផង គឺ​ចាប់​ពី​ក្រុង​អេក្រូន រហូត​ដល់​សមុទ្រ​មេឌីទែរ៉ាណេ ៤៧ ក្រុង​អាសដូឌ និង​ស្រុក​ភូមិ​នៅ​ជុំវិញ ក្រុង​កាសា និង​ស្រុក​ភូមិ​នៅ​ជុំវិញ រហូត​ដល់​ទឹក​ធ្លាក់​នៅ​ស្រុក​អេស៊ីប និង​ឆ្នេរ​សមុទ្រ​មេឌីទែរ៉ាណេ។
៤៨ រីឯ​ក្រុង​ទាំងឡាយ ដែល​ស្ថិត​នៅ​តាម​តំបន់​ភ្នំ មាន: សាមៀរ យ៉ាតទៀរ សូគរ ៤៩ ដាណា គារយ៉ាត សានណា (គឺ​ដេបៀរ) ៥០ អាណាប អែសធេម៉ូរ អានីម ៥១ កូសែន ហូឡូន និង​គីឡោ គឺ​មាន​ទាំង​អស់​ដប់​មួយ​ក្រុង ព្រម​ទាំង​ភូមិ​ឯ​ទៀតៗ​ដែល​នៅ​ជិត​ខាង។ ៥២ បន្ទាប់​មក មាន: អារ៉ាប ឌូម៉ា អែសអៀន ៥៣ យ៉ានិម បេត-តាពូអា អាផេកា ៥៤ ហិមកា គារយ៉ាត-អើបា (គឺ​ហេប្រូន) និង​ស៊ីអោរ គឺ​មាន​ទាំង​អស់​ប្រាំ​បួន​ក្រុង ព្រម​ទាំង​ភូមិ​ឯ​ទៀតៗ​ដែល​នៅ​ជិត​ខាង។
៥៥ បន្ទាប់​មក មាន: ម៉ាអូន កើមែល ស៊ីភ យូថា ៥៦ យេសរាល យ៉ុកឌាម សាណូអា ៥៧ កាអ៊ីន គីបៀរ និង​ធីមណា គឺ​មាន​ទាំង​អស់​ដប់​ក្រុង ព្រម​ទាំង​ភូមិ​ឯ​ទៀតៗ​ដែល​នៅ​ជិត​ខាង។
៥៨ បន្ទាប់​មក មាន: ហាល់ហ៊ូល បេតសើរ កេដោរ ៥៩ ម៉ារ៉ាត បេតអាណូត និង​អែលទិកុន គឺ​មាន​ទាំង​អស់​ប្រាំ​មួយ​ក្រុង ព្រម​ទាំង​ភូមិ​ឯ​ទៀតៗ​ដែល​នៅ​ជិត​ខាង។ ៦០ បន្ទាប់​មក មាន: គារយ៉ាត-បាល (គឺ​គៀរីយ៉ាត-យារីម) និង​រ៉ាបាត គឺ​មាន​ទាំង​អស់​ក្រុង​ពីរ ព្រម​ទាំង​ភូមិ​ឯ​ទៀតៗ​ដែល​នៅ​ជិត​ខាង​ផង។
៦១ រីឯ​ក្រុង​ទាំងឡាយ ដែល​ស្ថិត​នៅ​វាល​រហោស្ថាន​មាន: បេតអារ៉ាបា មីតឌីន សេកាកា ៦២ នីបសាន អៀហា មេឡាក់ និង​អេន-គេឌី គឺ​មាន​ទាំង​អស់​ដប់ប្រាំ​មួយ​ក្រុង ព្រម​ទាំង​ភូមិ​ឯ​ទៀតៗ​ដែល​នៅ​ជិត​ខាង​ផង។
៦៣ កូន​ចៅ​យូដា​ពុំ​អាច​បណ្ដេញ​ជន​ជាតិ​យេប៊ូស​ដែល​រស់​នៅ​ក្រុង​យេរូសាឡឹម​ចេញ​បាន​ឡើយ។ ហេតុ​នេះ ជន​ជាតិ​យេប៊ូស​រស់​នៅ​ជា​មួយ​កូន​ចៅ​យូដា នៅ​ក្រុង​យេរូសាឡឹម​រហូត​ដល់​សព្វ​ថ្ងៃ។​