ព្រះអម្ចាស់​ដាក់​ទោស​ក្រុង​យេរូសាឡឹម
១ ម្ដេច​ក៏​ព្រះអម្ចាស់​ទ្រង់​ព្រះពិរោធ​ខ្លាំង​ដូច្នេះ!
ព្រះអង្គ​ធ្វើ​អោយ​ពពក​អាប់អួរ
គ្រប​បាំង​លើ​ក្រុង​ស៊ីយ៉ូន
ព្រះអង្គ​ធ្វើ​អោយ​ភាព​ថ្កុំថ្កើង​របស់​អ៊ីស្រាអែល
ធ្លាក់​ពី​លើ​មេឃ​ចុះ​មក​ផែនដី!
នៅ​ថ្ងៃ​ទ្រង់​ព្រះពិរោធ
ព្រះអង្គ​មិន​នឹក​ឃើញ​ថា ក្រុង​ស៊ីយ៉ូន​ជា
កំណល់​កល់​ព្រះបាទា​របស់​ព្រះអង្គ​ទេ។
២ ព្រះអម្ចាស់​បាន​កំទេច​ទី​លំនៅ​ទាំង​ប៉ុន្មាន
របស់​លោក​យ៉ាកុប ដោយ​ឥត​ត្រា​ប្រណី។
ក្នុង​ពេល​ព្រះអង្គ​ក្រេវក្រោធ
ព្រះអង្គ​រំលំ​កំពែង​ក្រុង​របស់​ស្រុក​យូដា។
ព្រះអង្គ​បាន​បន្ទាប​បន្ថោក​នគរ
និង​មេ​ដឹក​នាំ​របស់​នគរ​នេះ។
៣ ក្នុង​ពេល​ព្រះអង្គ​ទ្រង់​ព្រះពិរោធ​យ៉ាង​ខ្លាំង
ព្រះអង្គ​បាន​បំបាក់​កម្លាំង​របស់​អ៊ីស្រាអែល
ព្រះអង្គ​លែង​ជួយ​ពួក​គេ
អោយ​តទល់​នឹង​ខ្មាំង​សត្រូវ​ទៀត​ហើយ។
ព្រះអង្គ​បាន​ធ្វើ​អោយ​ភ្លើង​ឆាបឆេះ​គ្រប់​ទិសទី
នៅ​ក្នុង​ស្រុក​របស់​លោក​យ៉ាកុប។
៤ ព្រះអង្គ​យឹត​ធ្នូ​ដូច​គូ​សត្រូវ
ព្រះអង្គ​លើក​ព្រះហស្ដ​ប្រហារ​ដូច​បច្ចាមិត្ត
ព្រះអង្គ​កំទេច​អ្វីៗ​ទាំង​អស់​ដែល​មាន​តម្លៃ
សំរាប់​យើង
ព្រះអង្គ​ជះ​ព្រះពិរោធ​មក​លើ​ក្រុង​ស៊ីយ៉ូន
ដូច​ភ្លើង​ឆេះ​រាលដាល។
៥ ព្រះអម្ចាស់​ធ្វើ​ដូច​ជា​ខ្មាំង​សត្រូវ
ព្រះអង្គ​លេប​បំបាត់​អ៊ីស្រាអែល
ព្រះអង្គ​លេប​បំបាត់​វិមាន
ព្រះអង្គ​កំទេច​បន្ទាយ​ទាំង​ប៉ុន្មាន​របស់​ស្រុក​នេះ
ព្រះអង្គ​ធ្វើ​អោយ​ប្រជាជន​យូដា​សោក​សង្រេង
និង​យំ​ថ្ងូរ​ឥត​មាន​ពេល​ល្ហែ។
៦ ព្រះអង្គ​កំទេច​ស្រុក​ទាំង​មូល​ដែល​ជា​ចំការ
របស់​ព្រះអង្គ
ព្រះអង្គ​កំទេច​ព្រះដំណាក់ និង​ព្រះពន្លា
របស់​ព្រះអង្គ។
ព្រះអម្ចាស់​ធ្វើ​អោយ​ប្រជាជន​នៅ​ក្រុង​ស៊ីយ៉ូន
លែង​នឹក​នា​ដល់​ពិធី​បុណ្យ និង​ថ្ងៃ​សប្ប័ទ*។
ដោយសារ​ព្រះពិរោធ​របស់​ព្រះអង្គ
ព្រះអង្គ​ធ្វើ​អោយ​ស្ដេច និង​បូជាចារ្យ​ត្រូវ​អាម៉ាស់។
៧ ព្រះអម្ចាស់​បោះ​បង់​ចោល​អាសនៈ​របស់​ព្រះអង្គ
ព្រះអង្គ​ស្អប់​ខ្ពើម​ទីសក្ការៈ​របស់​ព្រះអង្គ
ព្រះអង្គ​បណ្ដោយ​ខ្មាំង​សត្រូវ​រំលំ​កំពែង​ក្រុង
ពួក​គេ​នាំ​គ្នា​ស្រែក​ជយឃោស
នៅ​ក្នុង​ព្រះដំណាក់​របស់​ព្រះអម្ចាស់
ដូច​នៅ​ថ្ងៃ​ធ្វើ​ពិធី​បុណ្យ​ធំ​មួយ។
៨ ព្រះអម្ចាស់​សំរេច​រំលំ​កំពែង​ក្រុង​ស៊ីយ៉ូន
ព្រះអង្គ​វាស់​កំពែង​នេះ
ហើយ​ព្រះអង្គ​មិន​ដក​ព្រះហស្ដ​មក​វិញ​ទេ
ដរាប​ណា​ទាល់​តែ​បំផ្លាញ​អស់​ជា​មុន​សិន
ព្រះអង្គ​បាន​ធ្វើ​អោយ​ប៉ម និង​កំពែង​ក្រុង
រំលំ​គរ​លើ​គ្នា។
៩ ព្រះអង្គ​កំទេច​ទ្វារ​ក្រុង​អោយ​ស្រុត
កប់​ទៅ​ក្នុង​ដី
ព្រម​ទាំង​បំបាក់​រនុក​ទៀត​ផង។
ស្ដេច និង​មន្ត្រី ត្រូវ​គេ​កៀរ​ទៅ​ជា​ឈ្លើយ
ក្នុង​ចំណោម​ប្រជាជាតិ​ទាំងឡាយ
ក្រឹត្យវិន័យ​លែង​មាន​ទៀត​ហើយ
សូម្បី​តែ​ពួក​ព្យាការី ក៏​លែង​និមិត្ត
ឃើញ​ការ​អស្ចារ្យ​ពី​ព្រះអម្ចាស់​ទៀត​ដែរ។
១០ ព្រឹទ្ធាចារ្យ​របស់​ក្រុង​ស៊ីយ៉ូន
នាំ​គ្នា​អង្គុយ​ផ្ទាល់​នឹង​ដី និយាយ​ស្ដី​លែង​កើត
ពួក​គេ​រោយ​ធូលី​ដី​លើ​ក្បាល
ហើយ​ស្លៀក​បាវ​កាន់​ទុក្ខ។
ស្រី​ក្រមុំ​នៅ​ក្រុង​យេរូសាឡឹម
នាំ​គ្នា​ដើរ​អោន​មុខ​យ៉ាង​អាម៉ាស់។
១១ ខ្ញុំ​យំ​ទាល់​តែ​ហើម​ភ្នែក
ចិត្ត​ខ្ញុំ​ខ្លោចផ្សា ថ្លើម​ប្រមាត់​ខ្ញុំ​ក៏​ខ្ទេចខ្ទាំ
ព្រោះ​តែ​មហន្តរាយ​នៃ​ប្រជាជន​របស់​ខ្ញុំ។
កូន​ក្មេង និង​ទារក​ដេក​ដួល​នៅ​តាម​ផ្លូវ
ក្នុង​បុរី​នេះ។
១២ ពួក​វា​យំ​ទារ​អាហារ និង​ទឹក​ពី​ម្ដាយ
ពួក​វា​ដេក​ដួល​នៅ​តាម​ផ្លូវ​ក្នុង​ទីក្រុង
ដូច​អ្នក​របួស
ហើយ​ផុត​ដង្ហើម​នៅ​លើ​ទ្រូង​ម្ដាយ។
 
១៣ ក្រុង​ស៊ីយ៉ូន​អើយ
តើ​ខ្ញុំ​មាន​ពាក្យ​អ្វី​នឹង​ថ្លែង​ទៀត
នាង​ក្រមុំ​ស៊ីយ៉ូន​អើយ
តើ​ខ្ញុំ​អាច​យក​អ្វី​មក​ប្រៀប​ផ្ទឹម
ដើម្បី​សំរាល​ទុក្ខ​នាង​បាន?
ដ្បិត​មហន្តរាយ​របស់​នាង​ធំ​ដូច​មហាសាគរ
តើ​នរណា​អាច​ព្យាបាល​នាង​បាន?
១៤ ពួក​ព្យាការី​របស់​នាង​បាន​នាំ​សុបិន​និមិត្ត
ឥត​បាន​ការ និង​ឥត​ខ្លឹមសារ​មក​ប្រាប់​នាង
ពួក​គេ​ពុំ​បាន​បង្ហាញ​អំពើ​អាក្រក់​របស់​នាង
ដើម្បី​ស្ដារ​ស្រុក​របស់​នាង​ឡើង​វិញ​ឡើយ
ផ្ទុយ​ទៅ​វិញ ពួក​គេ​នាំ​តែ​សុបិន​និមិត្ត
ឥត​បាន​ការ​មក​បញ្ឆោត​នាង។
១៥ អស់​អ្នក​ដែល​ដើរ​កាត់​តាម​នេះ
គេ​នឹង​នាំ​គ្នា​ទះ​ដៃ ហួច និង​គ្រវី​ក្បាល
ចំអក​អោយ​ប្រជាជន​ក្រុង​យេរូសាឡឹម
ទាំង​ពោល​ថា “នេះ​ឬ​ទីក្រុង​ដែល​គេ​ធ្លាប់​តែ
សរសើរ​ថា​ស្អាត​បំផុត និង​សប្បាយ​បំផុត
នៅ​លើ​ផែនដី?”។
១៦ ខ្មាំង​សត្រូវ​ទាំង​ប៉ុន្មាន​នឹង​នាំ​គ្នា​ប្រមាថ​នាង
ពួក​គេ​គ្រហឹម បញ្ចេញ​ចង្កូម​ទាំង​ពោល​ថា
“យើង​បាន​ត្របាក់​លេប​វា​ហើយ!
ថ្ងៃ​យើង​ទន្ទឹង​រង់ចាំ​នោះ មក​ដល់​ហើយ
យើង​បាន​ឃើញ​ផ្ទាល់​នឹង​ភ្នែក​ហើយ”!
 
១៧ ព្រះអម្ចាស់​សំរេច​តាម​គំរោងការ​របស់​ព្រះអង្គ
ព្រះអង្គ​ធ្វើ​តាម​ព្រះបន្ទូល​ដែល​ព្រះអង្គ​ថ្លែង​ទុក
តាំង​ពី​យូរលង់​ណាស់​មក​ហើយ
ព្រះអង្គ​បាន​កំទេច​នាង ឥត​ត្រាប្រណី
ព្រះអង្គ​បាន​ធ្វើ​អោយ​ខ្មាំង​សត្រូវ​អរ​សប្បាយ
ដោយ​ឃើញ​នាង​បរាជ័យ
ព្រះអង្គ​ប្រទាន​កម្លាំង
អោយ​បច្ចាមិត្ត​របស់​នាង។
១៨ កំពែង​ក្រុង​ស៊ីយ៉ូន​អើយ
ចូរ​ស្រែក​អង្វរ​ព្រះអម្ចាស់​យ៉ាង​អស់​ពី​ចិត្ត
ចូរ​បង្ហូរ​ទឹក​ភ្នែក​អោយ​ហូរ​ដូច​ទឹក​ទន្លេ
ចូរ​យំ​ទាំង​ថ្ងៃ​ទាំង​យប់
ឥត​ស្រាកស្រាន្ត​សោះ​ឡើយ។
១៩ ចូរ​ក្រោក​ឡើង!
ចូរ​បន្លឺ​សំឡេង មួយ​យប់​ទល់​ភ្លឺ!
ចូរ​ថ្លែង​ទុក្ខ​ព្រួយ​ថ្វាយ​ព្រះអម្ចាស់
ដោយ​ឥត​លាក់លៀម​អ្វី​ឡើយ
ចូរ​លើក​ដៃ​អង្វរ​ព្រះអង្គ
សូម​ទ្រង់​ប្រណី​សន្ដោស​ជីវិត​ក្មេងៗ
ដែល​ដេក​ដួល​នៅ​តាម​ផ្លូវ​ព្រោះ​អត់​ឃ្លាន។
២០ ព្រះអម្ចាស់​អើយ ហេតុ​អ្វី​បាន​ជា​ព្រះអង្គ
ដាក់​ទោស​យើង​ខ្ញុំ​ដល់​ថ្នាក់​នេះ
សូម​ទត​មើល​ចុះ!
ស្ត្រីៗ​នាំ​គ្នា​ស៊ី​កូន​ដ៏​ជា​ទី​ស្រឡាញ់​របស់​ខ្លួន!
ពួក​បូជាចារ្យ និង​ពួក​ព្យាការី ត្រូវ​គេ​សម្លាប់
នៅ​ក្នុង​ទីសក្ការៈ​របស់​ព្រះអម្ចាស់។
២១ ក្មេង​ជំទង់ និង​ចាស់ៗ​ដួល​ស្លាប់​នៅ​តាម​ផ្លូវ
ក្រមុំ កំលោះ​របស់​ខ្ញុំ​ម្ចាស់ ស្លាប់​ដោយ​មុខ​ដាវ
នៅ​ថ្ងៃ​ព្រះអង្គ​ទ្រង់​ព្រះពិរោធ
ព្រះអង្គ​ប្រហារ​ជីវិត​ពួក​គេ​ឥត​ត្រា​ប្រណី។
២២ ព្រះអង្គ​បាន​ហៅ​ការ​ព្រឺ​ខ្លាច​ពី​គ្រប់​ទី​កន្លែង
មក​គ្រប​សង្កត់​លើ​ខ្ញុំ​ម្ចាស់
ដូច​ហៅ​ខ្មាំង​មក​ចូល​រួម​នៅ​ថ្ងៃ​មាន​ពិធី​បុណ្យ។
នៅ​ថ្ងៃ​ព្រះអង្គ​ទ្រង់​ព្រះពិរោធ
គ្មាន​នរណា​ម្នាក់​គេច​ខ្លួន​រួច​ជីវិត​ឡើយ។
ប្រជាជន​ដែល​ខ្ញុំ​ម្ចាស់​ចិញ្ចឹម​បី​បាច់
ត្រូវ​ខ្មាំង​សត្រូវ​ប្រហារ​អស់​គ្មាន​សល់។