ទុក្ខ​វេទនា​របស់​អ្នក​ក្រុង​យេរូសាឡឹម
១ ម្ដេច​ក៏​មាស​ប្រែ​ជា​ស្រអាប់
ហើយ​មាស​ដ៏​សុទ្ធ​ប្រែ​ជា​បាត់​រស្មី​ដូច្នេះ!
ថ្ម​ព្រះវិហារ​នៅ​រប៉ាត់រប៉ាយ​គ្រប់​ទី​កន្លែង
តាម​ដង​ផ្លូវ​ទាំង​អស់!
 
២ ប្រជាជន​នៃ​ក្រុង​ស៊ីយ៉ូន​មាន​តម្លៃ​ណាស់
គឺ​មាន​តម្លៃ​ដូច​មាស។
ម្ដេច​ក៏​អ្នក​ទាំង​នោះ​ត្រូវ​គេ​ចាត់​ទុក​ដូច​ជា
ក្អម​ដី​ដែល​ជា​ស្នាដៃ​របស់​ជាង​ស្មូន​ដូច្នេះ!
៣ សូម្បី​តែ​ឆ្កែ​ព្រៃ​ក៏​ចេះ​បំបៅ​កូន​របស់​វា​ដែរ
រីឯ​ប្រជាជន​របស់​ខ្ញុំ​វិញ
គេ​បែរ​ជា​មាន​ចិត្ត​សាហាវ​ចំពោះ​កូន​របស់​ខ្លួន
ដូច​សត្វ​អូទ្រុស​នៅ​វាល​រហោស្ថាន។
៤ កូន​តូចៗ​របស់​គេ​ស្រេក​ទឹក​ខះ​ក
ក្មេងៗ​នាំ​គ្នា​យំ​ទារ​រក​បាយ
តែ​គ្មាន​នរណា​យក​អ្វី​មក​បញ្ចុក​វា​ទេ។
៥ អស់​អ្នក​ដែល​ធ្លាប់​តែ​មាន​អាហារ​ឆ្ងាញ់ៗ
បរិភោគ បែរ​ជា​ដាច់​ពោះ​ស្លាប់​នៅ​តាម​ផ្លូវ
អស់​អ្នក​ដែល​ធ្លាប់​តែ​ស្លៀក​ពាក់​យ៉ាង​រុង​រឿង
តាំង​ពី​ក្មេង​មក
បែរ​ជា​នាំ​គ្នា​កាយ​សំរាម​រក​អាហារ​បរិភោគ។
៦ ប្រជាជន​របស់​ខ្ញុំ​មាន​កំហុស​ធ្ងន់​ជាង
អ្នក​ក្រុង​សូដុម​ដែល​ត្រូវ​វិនាស​យ៉ាង​ទាន់ហន់
ដោយ​គ្មាន​នរណា​ប្រហារ​នោះ​ទៅ​ទៀត។
៧ ពួក​មេ​ដឹក​នាំ​ធ្លាប់​តែ​ជា​មនុស្ស​បរិសុទ្ធ​ឥត​ខ្ចោះ
ហើយ​ស​ជាង​សំឡី​ទៅ​ទៀត
ពួក​គេ​មាន​រូប​កាយ​ល្អ​ស្អាត​ជាង​ផ្កា​ថ្ម
ហើយ​ផ្ទៃ​មុខ​ភ្លឺ​ដូច​កែវមរកត។
៨ ប៉ុន្តែ ឥឡូវ​នេះ មុខ​ពួក​គេ​ប្រែ​ជា​ខ្មៅ​ដូច​ធ្យូង
នៅ​តាម​ផ្លូវ គ្មាន​នរណា​មើល​ពួក​គេ​ស្គាល់​ទេ
ពួក​គេ​ស្គម​សល់​តែ​ស្បែក និង​ឆ្អឹង
ហើយ​ស្បែក​របស់​គេ​ស្ងួត​ដូច​សំបក​ឈើ។
៩ អ្នក​ស្លាប់​ដោយ​មុខ​ដាវ​មាន​សំណាង
ជាង​អ្នក​ស្លាប់​ដោយ​អត់​អាហារ
ដែល​វិនាស​បន្តិច​ម្ដងៗ ព្រោះ​គ្មាន​អ្វី​បរិភោគ។
១០ នៅ​ពេល​មហន្តរាយ​មក​ដល់
ស្ត្រី​ដែល​ធ្លាប់​តែ​មាន​ចិត្ត​អាណិត​មេត្តា
បែរ​ជា​នាំ​គ្នា​ស្ងោរ​កូន​ឯង​បរិភោគ​ទៅ​វិញ។
១១ ព្រះអម្ចាស់​ក្រេវក្រោធ​ដល់​កំរិត
ព្រះអង្គ​បាន​ជះ​ព្រះពិរោធ
ព្រះអង្គ​បង្កាត់​ភ្លើង​ដុត​ក្រុង​ស៊ីយ៉ូន
អោយ​ឆេះ​រហូត​ដល់​គ្រឹះ។
១២ ស្ដេច​ទាំងឡាយ​នៅ​លើ​ផែនដី
ព្រម​ទាំង​មនុស្សម្នា​ក្នុង​លោក​ទាំង​មូល
ពិបាក​ជឿ​ថា បច្ចាមិត្ត​អាច​ចូល​មក​ក្នុង
ក្រុង​យេរូសាឡឹម​បាន​យ៉ាង​នេះ។
 
១៣ ហេតុការណ៍​នេះ​កើត​ឡើង
ព្រោះ​តែ​អំពើ​បាប​របស់​ពួក​ព្យាការី
និង​កំហុស​របស់​ពួក​បូជាចារ្យ
ដែល​ប្រហារ​ជីវិត​មនុស្ស​សុចរិត​នៅ​ក្នុង​ទីក្រុង!
១៤ អ្នក​ទាំង​នោះ​ដើរ​តែលតោល​នៅ​តាម​ផ្លូវ
ដូច​មនុស្ស​ខ្វាក់
ខ្លួន​ប្រាណ​របស់​គេ​ប្រឡាក់​ទៅ​ដោយ​ឈាម
សូម្បី​តែ​សម្លៀកបំពាក់​របស់​ពួក​គេ
ក៏​គ្មាន​នរណា​ហ៊ាន​ប៉ះពាល់​ដែរ។
១៥ អ្នក​ឯ​ទៀតៗ​ស្រែក​ដាក់​អ្នក​ទាំង​នោះ​ថា:
ជន​មិន​បរិសុទ្ធ​អើយ ចូរ​ចៀស​ចេញ​ទៅ!
ចៀស! ចូរ​ចៀស​អោយ​ឆ្ងាយ​ទៅ!
កុំ​ប៉ះពាល់​អោយ​សោះ!
ពួក​គេ​រត់​ភៀស​ខ្លួន
ពី​ប្រជាជាតិ​មួយ​ទៅ​ប្រជាជាតិ​មួយ
តែ​គ្មាន​នរណា​ទទួល​ពួក​គេ
អោយ​ស្នាក់​អាស្រ័យ​ឡើយ។
១៦ ព្រះអម្ចាស់​ផ្ទាល់​បាន​កំចាត់កំចាយ​ពួក​គេ
ព្រះអង្គ​លែង​រវីរវល់​នឹង​ពួក​គេ។
គ្មាន​នរណា​គោរព​ពួក​បូជាចារ្យ
ឬ​អាណិត​មេត្តា​មនុស្ស​ចាស់​ជរា​ឡើយ។
 
១៧ យើង​ទន្ទឹង​រង់ចាំ​រហូត​ដល់​ផ្សា​ភ្នែក
តែ​មិន​ឃើញ​មាន​នរណា​មក​សង្គ្រោះ​សោះ
យើង​ឃ្លាំ​មើល​ហើយ​ឃ្លាំ​មើល​ទៀត
តែ​គ្មាន​ប្រជាជាតិ​ណា​មួយ​សង្គ្រោះ​យើង​ទេ។
១៨ សត្រូវ​នាំ​គ្នា​ពួន​ស្ទាក់​ចាំ​ប្រហារ​យើង
សូម្បី​តែ​នៅ​តាម​ផ្លូវ​ក្នុង​ក្រុង​របស់​យើង
ក៏​យើង​ដើរ​មិន​បាន​ផង។
ថ្ងៃ​ដែល​យើង​ត្រូវ​ស្លាប់ ជិត​មក​ដល់
យើង​ជិត​អស់​អាយុ
ថ្ងៃ​ដែល​យើង​ត្រូវ​ស្លាប់ មក​ដល់​ហើយ!
១៩ អ្នក​ដែល​ប្រហារ​យើង នាំ​គ្នា​ដេញ​តាម​យើង
លឿន​ជាង​សត្វ​ឥន្ទ្រី​ហោះ​ហើរ​នៅ​លើ​មេឃ
ពួក​គេ​ដេញ​តាម​យើង​នៅ​លើ​ភ្នំ
ពួក​គេ​ចាំ​ស្ទាក់​យើង​នៅ​វាល​រហោស្ថាន។
២០ យើង​ធ្លាប់​ពោល​ថា
ដោយសារ​ម្លប់​ត្រជាក់ត្រជុំ​នៃ​ព្រះមហាក្សត្រ
យើង​នឹង​រស់​នៅ​ក្នុង​ចំណោម
ប្រជាជាតិ​ទាំងឡាយ។
ប៉ុន្តែ ឥឡូវ​នេះ​ព្រះមហាក្សត្រ
ដែល​ជា​ម្ចាស់​ជីវិត​របស់​យើង
គឺ​ស្ដេច​ដែល​ព្រះអម្ចាស់​បាន​ចាក់​ប្រេង​អភិសេក
ទ្រង់​ជាប់​ឃុំឃាំង​ក្នុង​រណ្ដៅ​របស់​ពួក​គេ។
២១ ប្រជាជន​ស្រុក​អេដុម ប្រជាជន​ស្រុក​អ៊ូស​អើយ
ចូរ​សប្បាយ​ចិត្ត ចូរ​រីករាយ​ទៅ!
ដ្បិត​អ្នក​ត្រូវ​ទទួល​ពែង​នៃ​ទុក្ខ​លំបាក​នេះ​ដែរ
អ្នក​នឹង​ស្រវឹង ហើយ​នៅ​ខ្លួន​ទទេ។
២២ ប្រជាជន​ក្រុង​ស៊ីយ៉ូន​អើយ
អ្នក​ទទួល​ទោស​ដល់​កំរិត​ហើយ
គ្មាន​នរណា​កៀរ​អ្នក​យក​ទៅ​ជា​ឈ្លើយ​ទៀត​ទេ
រីឯ​ប្រជាជន​ស្រុក​អេដុម​វិញ
ព្រះអម្ចាស់​នឹង​ធ្វើ​ទណ្ឌកម្ម​ពួក​គេ
ស្រប​តាម​អំពើ​ដែល​គេ​ប្រព្រឹត្ត
គឺ​ព្រះអង្គ​លាត​ត្រដាង​អំពើ​បាប​របស់​ពួក​គេ។