៣
យញ្ញបូជាមេត្រីភាព
១ «ប្រសិនបើនរណាម្នាក់យកគោមកថ្វាយជាយញ្ញបូជាមេត្រីភាព ទោះបីគោនោះឈ្មោល ឬញីក្ដី គេត្រូវយកគោដ៏ល្អឥតខ្ចោះមកថ្វាយព្រះអម្ចាស់។ ២ គេត្រូវដាក់ដៃលើក្បាលគោនោះ ហើយចាក់កវានៅត្រង់មាត់ទ្វារនៃពន្លាជួបព្រះអម្ចាស់។ ពួកបូជាចារ្យដែលជាកូនរបស់លោកអើរ៉ុន ប្រោះឈាមគោនោះទៅលើជ្រុងទាំងបួនរបស់អាសនៈ។ ៣ យញ្ញបូជាមេត្រីភាពមួយចំណែក ត្រូវថ្វាយជាតង្វាយដុតចំពោះព្រះអម្ចាស់ គឺខ្លាញ់ដែលជាប់នឹងពោះវៀន និងខ្លាញ់ទាំងអស់នៅលើពោះវៀន ៤ ក្រលៀនទាំងពីរ និងខ្លាញ់ដែលជាប់ក្រលៀន រហូតដល់ចង្កេះ ព្រមទាំងអ្វីៗជាប់នឹងថ្លើមដែលគេផ្ដាច់ចេញមកជាមួយក្រលៀន។ ៥ បូជាចារ្យជាកូនរបស់លោកអើរ៉ុន ដុតចំណែកទាំងនោះនៅលើអាសនៈ រួមជាមួយនឹងតង្វាយដុតទាំងមូល នៅលើគំនរអុសដែលកំពុងឆេះ។ នេះជាយញ្ញបូជា ដែលមានក្លិនឈ្ងុយជាទីគាប់ព្រះហឫទ័យព្រះអម្ចាស់។
៦ ប្រសិនបើតង្វាយដែលគេយកមកថ្វាយនោះជាចៀម គេត្រូវយកចៀមឈ្មោល ឬញីល្អឥតខ្ចោះមកថ្វាយព្រះអម្ចាស់ ទុកជាយញ្ញបូជាមេត្រីភាព។ ៧ ប្រសិនបើតង្វាយរបស់គេជាកូនចៀម គេត្រូវយកវាមកថ្វាយនៅចំពោះព្រះភក្ត្រព្រះអម្ចាស់។ ៨ គេត្រូវដាក់ដៃលើក្បាលសត្វដែលជាតង្វាយរបស់ខ្លួន ហើយចាក់កវានៅមុខពន្លាជួបព្រះអម្ចាស់។ បន្ទាប់មក ពួកបូជាចារ្យដែលជាកូនរបស់លោកអើរ៉ុន យកឈាមប្រោះទៅលើជ្រុងទាំងបួនរបស់អាសនៈ។ ៩ យញ្ញបូជាមេត្រីភាពមួយចំណែក ត្រូវថ្វាយជាតង្វាយដុតចំពោះព្រះអម្ចាស់ គឺខ្លាញ់ កន្ទុយទាំងមូលដែលកាត់ផ្ដាច់ចេញពីឆ្អឹងខ្នង ខ្លាញ់ដែលជាប់នឹងពោះវៀន និងខ្លាញ់ទាំងអស់នៅលើពោះវៀន ១០ ក្រលៀនទាំងពីរ និងខ្លាញ់ដែលជាប់ក្រលៀន រហូតដល់ចង្កេះ ព្រមទាំងអ្វីៗជាប់នឹងថ្លើមដែលគេផ្ដាច់ចេញមកជាមួយក្រលៀន។ ១១ បូជាចារ្យដុតចំណែកទាំងនោះនៅលើអាសនៈ។ នេះជាអាហារដែលគេដុតថ្វាយព្រះអម្ចាស់។
១២ ប្រសិនបើតង្វាយរបស់គេជាពពែញី គេត្រូវយកវាមកថ្វាយ នៅចំពោះព្រះភក្ត្រព្រះអម្ចាស់។ ១៣ គេត្រូវដាក់ដៃលើក្បាលសត្វ ដែលជាតង្វាយរបស់ខ្លួន ហើយចាក់កវានៅមុខពន្លាជួបព្រះអម្ចាស់។ បន្ទាប់មក ពួកបូជាចារ្យដែលជាកូនរបស់លោកអើរ៉ុន យកឈាមប្រោះទៅលើជ្រុងទាំងបួនរបស់អាសនៈ។ ១៤ តង្វាយមួយចំណែកត្រូវថ្វាយជាតង្វាយដុតចំពោះព្រះអម្ចាស់ គឺខ្លាញ់ដែលជាប់នឹងពោះវៀន និងខ្លាញ់ទាំងអស់នៅលើពោះវៀន ១៥ ក្រលៀនទាំងពីរ និងខ្លាញ់ដែលជាប់ក្រលៀនរហូតដល់ចង្កេះ ព្រមទាំងអ្វីៗជាប់នឹងថ្លើម ដែលគេផ្ដាច់ចេញមកជាមួយក្រលៀន។ ១៦ បូជាចារ្យដុតចំណែកទាំងនោះនៅលើអាសនៈ។ នេះជាអាហារដុតដែលមានក្លិនឈ្ងុយ។ ខ្លាញ់ទាំងអស់ជាចំណែករបស់ព្រះអម្ចាស់។
១៧ នេះជាច្បាប់ដែលអ្នករាល់គ្នាត្រូវអនុវត្តតាម គ្រប់ជំនាន់រហូតតទៅ គឺអ្នករាល់គ្នាមិនត្រូវបរិភោគខ្លាញ់ ឬឈាមសត្វសោះឡើយ ទោះបីអ្នករាល់គ្នាទៅរស់នៅកន្លែងណាក៏ដោយ»។