១៣
ក្រឹត្យវិន័យ​ស្ដី​អំពី​ជំងឺ​សើស្បែក
១ ព្រះអម្ចាស់​មាន​ព្រះបន្ទូល​មក​កាន់​លោក​ម៉ូសេ និង​លោក​អើរ៉ុន​ថា៖ ២ «កាល​ណា​មនុស្ស​ម្នាក់​មាន​កន្ទួល​នៅ​លើ​ស្បែក កើត​ស្រែង ឬ​កើត​ភ្លឺ ហើយ​ក្លាយ​ទៅ​ជា​ជំងឺ​សើស្បែក ដូច​កើត​ឃ្លង់ គេ​ត្រូវ​នាំ​មនុស្ស​នោះ​មក​ជួប​បូជាចារ្យ*​អើរ៉ុន ឬ​កូន​ប្រុស​ណា​ម្នាក់​របស់​គាត់។ ៣ បូជាចារ្យ​ពិនិត្យ​ស្នាម​នៅ​លើ​ស្បែក ប្រសិន​បើ​រោម​ដែល​ដុះ​នៅ​ត្រង់​នោះ​ប្រែ​ជា​មាន​ពណ៌​ស រីឯ​ស្បែក​ហាក់​ដូច​ជា​ស្រុត​ចុះ បាន​សេចក្ដី​ថា អ្នក​នោះ​កើត​ឃ្លង់​ហើយ។ ក្រោយ​ពី​បាន​ពិនិត្យ​រួច បូជាចារ្យ​ត្រូវ​ប្រកាស​ថា​អ្នក​នោះ​ជា​មនុស្ស​មិន​បរិសុទ្ធ។ ៤ ប្រសិន​បើ​ជំងឺ​នោះ​គ្រាន់​តែ​ជា​ស្នាម​ភ្លឺ​ពណ៌​ស ស្បែក​មិន​ស្រុត ហើយ​រោម​ក៏​មិន​ប្រែ​ទៅ​ជា​ពណ៌​ស​ដែរ​នោះ បូជាចារ្យ​ត្រូវ​នាំ​អ្នក​ជំងឺ​អោយ​ទៅ​នៅ​ដាច់​តែ​ឯង ក្នុង​រយៈ​ពេល​ប្រាំពីរ​ថ្ងៃ។ ៥ លុះ​គំរប់​ប្រាំពីរ​ថ្ងៃ បូជាចារ្យ​ត្រូវ​ពិនិត្យ​មើល​ម្ដង​ទៀត ប្រសិន​បើ​សង្កេត​ឃើញ​ថា ស្នាម​ដែល​កើត​ឡើង​នោះ​ពុំ​បាន​ប្រែប្រួល ហើយ​មិន​រាល​ធំ​ទៅ​លើ​ស្បែក​ថែម​ទៀត​នោះ បូជាចារ្យ​ត្រូវ​អោយ​អ្នក​ជំងឺ​នៅ​ដាច់​តែ​ឯង ក្នុង​រយៈ​ពេល​ប្រាំពីរ​ថ្ងៃ​ទៀត។ ៦ នៅ​ថ្ងៃ​ទី​ប្រាំពីរ បូជាចារ្យ​ត្រូវ​ពិនិត្យ​សា​ជា​ថ្មី​ម្ដង​ទៀត ប្រសិន​បើ​ស្នាម​នោះ​ប្រែ​ជា​ស្រអាប់ ហើយ​មិន​រាល​ទៅ​លើ​ស្បែក​ទេ បូជាចារ្យ​ត្រូវ​ប្រកាស​ថា អ្នក​នោះ​ជា​មនុស្ស​បរិសុទ្ធ គឺ​គ្រាន់​តែ​កើត​ស្រែង​ប៉ុណ្ណោះ។ គាត់​ត្រូវ​បោក​សម្លៀកបំពាក់​របស់​ខ្លួន ហើយ​គាត់​បាន​បរិសុទ្ធ។ ៧ ប៉ុន្តែ ក្រោយ​ពេល​បូជាចារ្យ​ប្រកាស​ថា​គាត់​បាន​បរិសុទ្ធ​ហើយ ស្រាប់​តែ​ស្រែង​រាល​ធំ​ឡើង​ថែម​ទៀត អ្នក​នោះ​ត្រូវ​ត្រឡប់​មក​ជួប​បូជាចារ្យ​វិញ។ ៨ បូជាចារ្យ​ពិនិត្យ​ជំងឺ​របស់​គេ​សា​ជា​ថ្មី ហើយ​ពេល​គាត់​សង្កេត​ឃើញ​ស្រែង​បាន​រាល​ធំ​នៅ​លើ​ស្បែក លោក​ត្រូវ​ប្រកាស​ថា អ្នក​នោះ​ជា​មនុស្ស​មិន​បរិសុទ្ធ គឺ​កើត​ឃ្លង់។
៩ កាល​ណា​មនុស្ស​ម្នាក់​កើត​ឃ្លង់ គេ​ត្រូវ​នាំ​អ្នក​នោះ​ទៅ​ជួប​បូជាចារ្យ ១០ ហើយ​បូជាចារ្យ​ពិនិត្យ​អ្នក​ជំងឺ​នោះ។ ប្រសិន​បើ​លោក​សង្កេត​ឃើញ​មាន​កន្ទួល​ពណ៌​ស​នៅ​លើ​ស្បែក ហើយ​កន្ទួល​នោះ​ធ្វើ​អោយ​រោម​ប្រែ​ជា​មាន​ពណ៌​ស និង​មាន​សាច់​ខ្ចី​ដុះ​ចេញ​ពី​កន្ទួល ១១ នោះ​បាន​សេចក្ដី​ថា​អ្នក​ជំងឺ​កើត​រោគ​ឃ្លង់​រ៉ាំរ៉ៃ។ បូជាចារ្យ​ត្រូវ​ប្រកាស​ថា គាត់​ជា​មនុស្ស​មិន​បរិសុទ្ធ។ ក្នុង​ករណី​នេះ​បូជាចារ្យ​មិន​ចាំបាច់​អោយ​គាត់​នៅ​ដាច់​តែ​ឯង​ទេ ដ្បិត​គាត់​មិន​បរិសុទ្ធ​រួច​ទៅ​ហើយ។ ១២ ផ្ទុយ​ទៅ​វិញ ប្រសិន​បើ​បូជាចារ្យ​ឃើញ​ថា រោគ​ឃ្លង់​កើត​ពេញ​នៅ​លើ​ស្បែក ហើយ​រាលដាល​ពេញ​ខ្លួន​អ្នក​ជំងឺ តាំង​ពី​ក្បាល​ដល់​ជើង​នោះ ១៣ បូជាចារ្យ​ត្រូវ​ពិនិត្យ​មើល​ដោយ​ម៉ត់ចត់។ បើ​លោក​សង្កេត​ឃើញ​ថា​រោគ​ឃ្លង់​កើត​ពេញ​ខ្លួន​អ្នក​ជំងឺ លោក​ត្រូវ​ប្រកាស​ថា អ្នក​ជំងឺ​នេះ​ជា​មនុស្ស​បរិសុទ្ធ ដ្បិត​រូប​កាយ​របស់​គាត់​ប្រែ​ជា​មាន​ពណ៌​ស​ទាំង​អស់​ដូច្នេះ បាន​សេចក្ដី​ថា​គាត់​បរិសុទ្ធ។ ១៤ ប៉ុន្តែ នៅ​ថ្ងៃ​ណា គេ​សង្កេត​ឃើញ​មាន​សាច់​ខ្ចី​ដុះ​ចេញ​ពី​ខ្លួន​គាត់ នោះ​គាត់​នឹង​ទៅ​ជា​មិន​បរិសុទ្ធ។ ១៥ បូជាចារ្យ​ឃើញ​សាច់​ខ្ចី លោក​ត្រូវ​ប្រកាស​ថា អ្នក​នោះ​ជា​មនុស្ស​មិន​បរិសុទ្ធ ដ្បិត​សាច់​ខ្ចី​បញ្ជាក់​ពី​ភាព​មិន​បរិសុទ្ធ​ទេ ដូច្នេះ អ្នក​នោះ​កើត​ឃ្លង់​ហើយ។ ១៦ ប្រសិន​បើ​សាច់​ខ្ចី​នោះ​ប្រែ​ជា​មាន​ពណ៌​ស​វិញ អ្នក​ជំងឺ​ត្រូវ​ទៅ​ជួប​បូជាចារ្យ។ ១៧ បូជាចារ្យ​ត្រូវ​ពិនិត្យ​មើល​គាត់ ប្រសិន​បើ​ឃើញ​ថា​ដំបៅ​ប្រែ​ជា​មាន​ពណ៌​ស បូជាចារ្យ​ត្រូវ​ប្រកាស​ថា អ្នក​ជំងឺ​នោះ​ជា​មនុស្ស​បរិសុទ្ធ។
១៨ ពេល​មនុស្ស​ម្នាក់​កើត​ដំបៅ​នៅ​លើ​ស្បែក រួច​បាន​ជា​វិញ ១៩ ហើយ​ប្រសិន​បើ​ឃើញ​មាន​កន្ទួល​ពណ៌​ស ឬ​ស្នាម​ក្រហម​ព្រឿង​ៗ លេច​ឡើង​ត្រង់​កន្លែង​ដែល​កើត​ដំបៅ​នោះ អ្នក​ជំងឺ​ត្រូវ​តែ​ទៅ​ជួប​បូជាចារ្យ។ ២០ បូជាចារ្យ​ត្រូវ​ពិនិត្យ​អ្នក​ជំងឺ ប្រសិន​បើ​ស្នាម​នោះ​ខូង​ចូល​ទៅ​ក្នុង​ស្បែក ហើយ​រោម​ប្រែ​ជា​មាន​ពណ៌​ស បូជាចារ្យ​ត្រូវ​ប្រកាស​ថា អ្នក​ជំងឺ​ជា​មនុស្ស​មិន​បរិសុទ្ធ ព្រោះ​មាន​រោគ​ឃ្លង់​កើត​នៅ​កន្លែង​ដែល​មាន​ដំបៅ។ ២១ ប៉ុន្តែ បើ​បូជាចារ្យ​មិន​ឃើញ​មាន​រោម​ពណ៌​ស​នៅ​កន្លែង​ដែល​មាន​ស្នាម ហើយ​ដំបៅ​មិន​ខូង​ចូល​ទៅ​ក្នុង​ស្បែក រីឯ​ស្នាម​នៅ​លើ​ស្បែក​ក៏​មិន​ស្រអាប់​ទេ​នោះ បូជាចារ្យ​ត្រូវ​អោយ​អ្នក​ជំងឺ​នៅ​ដាច់​តែ​ឯង ក្នុង​រយៈ​ពេល​ប្រាំពីរ​ថ្ងៃ។ ២២ ប្រសិន​បើ​ស្នាម​នោះ​រាល​នៅ​លើ​ស្បែក បូជាចារ្យ​ត្រូវ​ប្រកាស​ថា អ្នក​ជំងឺ​ជា​មនុស្ស​មិន​បរិសុទ្ធ គឺ​គេ​កើត​រោគ​ឃ្លង់។ ២៣ ផ្ទុយ​ទៅ​វិញ បើ​ស្នាម​នោះ​នៅ​ដដែល គឺ​មិន​រាលដាល​ទេ បាន​សេចក្ដី​ថា​គ្រាន់​តែ​ជា​ស្នាម​ដំបៅ​ប៉ុណ្ណោះ។ បូជាចារ្យ​ត្រូវ​តែ​ប្រកាស​ថា គាត់​ជា​មនុស្ស​បរិសុទ្ធ​ទេ។
២៤ ពេល​មនុស្ស​ម្នាក់​រលាក​ស្បែក​ដោយសារ​ភ្លើង ហើយ​ត្រង់​កន្លែង​រលាក​នោះ​ប្រែ​ជា​មាន​ស្នាម​ពណ៌​ស ឬ​ពណ៌​ក្រហម​ព្រឿង ២៥ បូជាចារ្យ​ត្រូវ​ពិនិត្យ​មើល​អ្នក​ជំងឺ ប្រសិន​បើ​រោម​ប្រែ​ជា​មាន​ពណ៌​ស ហើយ​មាន​ស្នាម​ខូង​ចូល​ទៅ​ក្នុង​ស្បែក នោះ​ជា​រោគ​ឃ្លង់​កើត​ត្រង់​កន្លែង​រលាក។ ដូច្នេះ បូជាចារ្យ​ត្រូវ​ប្រកាស​ថា អ្នក​នោះ​ជា​មនុស្ស​មិន​បរិសុទ្ធ។ ២៦ ប៉ុន្តែ បើ​បូជាចារ្យ​មិន​ឃើញ​មាន​រោម​ពណ៌​ស​នៅ​កន្លែង​មាន​ស្នាម ហើយ​ដំបៅ​មិន​ខូង​ចូល​ទៅ​ក្នុង​ស្បែក រីឯ​ស្នាម​នៅ​លើ​ស្បែក​ក៏​មិន​ស្រអាប់​ទេ​នោះ បូជាចារ្យ​ត្រូវ​អោយ​អ្នក​ជំងឺ​នៅ​ដាច់​តែ​ឯង ក្នុង​រយៈ​ពេល​ប្រាំពីរ​ថ្ងៃ។ ២៧ នៅ​ថ្ងៃ​ទី​ប្រាំពីរ ពេល​បូជាចារ្យ​ពិនិត្យ​អ្នក​ជំងឺ ប្រសិន​បើ​ស្នាម​នោះ​រាល​នៅ​លើ​ស្បែក បូជាចារ្យ​ត្រូវ​ប្រកាស​ថា អ្នក​ជំងឺ​ជា​មនុស្ស​មិន​បរិសុទ្ធ គឺ​គេ​កើត​រោគ​ឃ្លង់។ ២៨ ផ្ទុយ​ទៅ​វិញ បើ​ស្នាម​នោះ​នៅ​ដដែល គឺ​មិន​រាលដាល​នៅ​លើ​ស្បែក ហើយ​ប្រែ​ទៅ​ជា​ស្រអាប់ បាន​សេចក្ដី​ថា​ជា​ស្នាម​រលាក។ បូជាចារ្យ​ត្រូវ​ប្រកាស​ថា គាត់​ជា​មនុស្ស​បរិសុទ្ធ ព្រោះ​គ្រាន់​តែ​ជា​ស្នាម​រលាក​ប៉ុណ្ណោះ។
២៩ ពេល​បុរស ឬ​ស្ត្រី​ម្នាក់ កើត​ជំងឺ​សើស្បែក​នៅ​លើ​ក្បាល ឬ​នៅ​ត្រង់​ចង្កា ៣០ បូជាចារ្យ​ត្រូវ​ពិនិត្យ​ត្រង់​កន្លែង​ដែល​ឈឺ ប្រសិន​បើ​មាន​ស្នាម​ខូង​ចូល​ទៅ​ក្នុង​ស្បែក រោម​ប្រែ​ជា​មាន​ពណ៌​លឿង ហើយ​ជ្រុះ​នៅ​សល់​រង្វើល​ៗ នោះ​បូជាចារ្យ​ត្រូវ​ប្រកាស​ថា អ្នក​ជំងឺ​ជា​មនុស្ស​មិន​បរិសុទ្ធ គឺ​កើត​អង្គែ ដែល​ជា​រោគ​ឃ្លង់​ម្យ៉ាង​នៅ​លើ​ក្បាល ឬ​នៅ​ត្រង់​ចង្កា។ ៣១ ផ្ទុយ​ទៅ​វិញ ប្រសិន​បើ​បូជាចារ្យ​សង្កេត​ឃើញ​ថា រោគ​អង្គែ​នោះ​គ្មាន​ស្នាម​ខូង​ចូល​ទៅ​ក្នុង​ស្បែក ហើយ​ក៏​គ្មាន​រោម​ពណ៌​ខ្មៅ​ទេ​នោះ លោក​ត្រូវ​អោយ​អ្នក​ជំងឺ​នៅ​ដាច់​តែ​ឯង ក្នុង​រយៈ​ពេល​ប្រាំពីរ​ថ្ងៃ។ ៣២ នៅ​ថ្ងៃ​ទី​ប្រាំពីរ បូជាចារ្យ​ត្រូវ​ពិនិត្យ​មើល​អ្នក​ជំងឺ ប្រសិន​បើ​លោក​សង្កេត​ឃើញ​ថា​ស្នាម​អង្គែ​ពុំ​បាន​រាលដាល ព្រម​ទាំង​គ្មាន​រោម​ពណ៌​លឿង ហើយ​គ្មាន​ស្នាម​ខូង​ទៅ​ចូល​ទៅ​ក្នុង​ស្បែក​ទេ​នោះ ៣៣ អ្នក​ជំងឺ​ត្រូវ​កោរ​សក់​របស់​ខ្លួន តែ​មិន​ត្រូវ​កោរ​ត្រង់​កន្លែង​កើត​អង្គែ​ឡើយ។ បូជាចារ្យ​ត្រូវ​អោយ​អ្នក​ជំងឺ​នៅ​ដាច់​តែ​ឯង ក្នុង​រយៈ​ពេល​ប្រាំពីរ​ថ្ងៃ​ទៀត។ ៣៤ លុះ​គំរប់​ពេល​ប្រាំពីរ​ថ្ងៃ​ហើយ បូជាចារ្យ​ត្រូវ​ពិនិត្យ​កន្លែង​កើត​អង្គែ​ម្ដង​ទៀត បើ​អង្គែ​មិន​រាលដាល​ទៅ​លើ​ស្បែក ហើយ​គ្មាន​ស្នាម​ខូង​ទេ បូជាចារ្យ​ត្រូវ​ប្រកាស​ថា គាត់​ជា​មនុស្ស​បរិសុទ្ធ។ គាត់​ត្រូវ​បោក​សម្លៀកបំពាក់​របស់​ខ្លួន ហើយ​គាត់​នឹង​បាន​បរិសុទ្ធ។ ៣៥ ផ្ទុយ​ទៅ​វិញ ក្រោយ​ពី​ពេល​បូជាចារ្យ​ប្រកាស​ថា​អ្នក​នោះ​ជា​មនុស្ស​បរិសុទ្ធ ស្រាប់​តែ​រោគ​អង្គែ​រាលដាល ៣៦ នោះ​បូជាចារ្យ​ត្រូវ​ពិនិត្យ​ឡើង​វិញ។ ប្រសិន​បើ​អង្គែ​នោះ​ពិត​ជា​រាលដាល​នៅ​លើ​ស្បែក​មែន បូជាចារ្យ​មិន​ចាំបាច់​រក​មើល​រោម​ពណ៌​លឿង​ទេ ដ្បិត​អ្នក​នោះ​ជា​មនុស្ស​មិន​បរិសុទ្ធ។ ៣៧ ប្រសិន​បើ​ស្នាម​អង្គែ​នៅ​ដដែល​ឥត​ប្រែប្រួល ហើយ​បើ​មាន​រោម​ពណ៌​ខ្មៅ​ដុះ​ឡើង នោះ​បាន​សេចក្ដី​ថា​រោគ​អង្គែ​ជា​សះស្បើយ​ហើយ រីឯ​អ្នក​ជំងឺ​ក៏​បរិសុទ្ធ​ដែរ។ ដូច្នេះ បូជាចារ្យ​ត្រូវ​តែ​ប្រកាស​ថា គាត់​ជា​មនុស្ស​បរិសុទ្ធ​ទេ។
៣៨ ពេល​បុរស ឬ​ស្ត្រី​ម្នាក់ មាន​ស្នាម​ពណ៌​ស​នៅ​លើ​ស្បែក ៣៩ បូជាចារ្យ​ត្រូវ​ពិនិត្យ​មើល​គាត់។ ប្រសិន​បើ​ស្នាម​ស​នៅ​លើ​ស្បែក​ប្រែ​ជា​ស្រអាប់​វិញ នោះ​គ្រាន់​តែ​ជា​រោគ​សើស្បែក​ធម្មតា​ប៉ុណ្ណោះ។ គាត់​ជា​មនុស្ស​បរិសុទ្ធ​ទេ។
៤០ កាល​ណា​បុរស​ម្នាក់​ជ្រុះ​សក់​ទៅ​ជា​ទំពែក នោះ​គេ​នៅ​ជា​មនុស្ស​បរិសុទ្ធ​ដដែល។ ៤១ ប្រសិន​បើ​គេ​ជ្រុះ​សក់​ផ្នែក​ខាង​មុខ គេ​មាន​ក្បាល​ឆក ហើយ​គេ​ក៏​នៅ​បរិសុទ្ធ​ដែរ។ ៤២ ប៉ុន្តែ បើ​ត្រង់​កន្លែង​ដែល​ទំពែក ទោះ​បី​នៅ​កណ្ដាល​ក្បាល ឬ​នៅ​ផ្នែក​ខាង​មុខ​ក្ដី គេ​ឃើញ​មាន​ស្បែក​ឡើង​ពណ៌​ក្រហម​ព្រឿង​ៗ នោះ​បាន​សេចក្ដី​ថា​គាត់​កើត​រោគ​ឃ្លង់​ហើយ។ ៤៣ បូជាចារ្យ​ត្រូវ​ពិនិត្យ​អ្នក​នោះ ប្រសិន​បើ​មាន​កន្ទួល​ពណ៌​ក្រហម​ព្រឿង​ៗ​ដូច​ជា​រោគ​ឃ្លង់ នៅ​ត្រង់​កន្លែង​ទំពែក ទោះ​បី​នៅ​កណ្ដាល​ក្បាល ឬ​នៅ​ផ្នែក​ខាង​មុខ​ក្ដី ៤៤ បាន​សេចក្ដី​ថា​គាត់​កើត​ឃ្លង់​ហើយ គាត់​ក្លាយ​ទៅ​ជា​មនុស្ស​មិន​បរិសុទ្ធ។ បូជាចារ្យ​ត្រូវ​ប្រកាស​ថា គាត់​ជា​មនុស្ស​មិន​បរិសុទ្ធ ព្រោះ​គាត់​កើត​ឃ្លង់​នៅ​លើ​ក្បាល។
៤៥ អ្នក​ដែល​កើត​ឃ្លង់​ត្រូវ​ស្លៀក​សម្លៀកបំពាក់​រហែក​ ទុក​ក្បាល​អោយ​នៅ​ទទេ ឃ្លុំ​មុខ​នៅ​ត្រង់​កន្លែង​ដែល​មាន​ពុក​មាត់ ហើយ​ស្រែក​ថា “ខ្ញុំ​ជា​មនុស្ស​មិន​បរិសុទ្ធ! ខ្ញុំ​ជា​មនុស្ស​មិន​បរិសុទ្ធ!”។ ៤៦ ក្នុង​ពេល​ដែល​គាត់​កើត​រោគ​ឃ្លង់​នោះ គាត់​ជា​មនុស្ស​មិន​បរិសុទ្ធ ដូច្នេះ គាត់​ត្រូវ​រស់​នៅ​ដាច់​ឡែក​ពី​គេ គឺ​នៅ​ខាង​ក្រៅ​ជំរំ»។
សម្លៀកបំពាក់​ដុះ​ផ្សិត
៤៧ «ប្រសិន​បើ​មាន​ស្នាម​ដុះ​ផ្សិត​​កើត​ឡើង​នៅ​លើ​សម្លៀកបំពាក់ ទោះ​បី​សម្លៀកបំពាក់​ធ្វើ​ពី​ក្រណាត់​រោម​ចៀម​ក្ដី សំពត់​ទេសឯក​ក្ដី ៤៨ ឬ​ស្នាម​លើ​ក្រណាត់ លើ​អំបោះ​រោម​ចៀម អំបោះ​ឆៅ សម្លៀកបំពាក់ និង​វត្ថុ​ធ្វើ​អំពី​ស្បែក ៤៩ ហើយ​ប្រសិន​បើ​ស្នាម​ទាំង​នោះ​ឡើង​ពណ៌​បៃតង ឬ​ពណ៌​ក្រហម​ព្រឿង​ៗ នោះ​ជា​ស្នាម​ដុះ​ផ្សិត​ហើយ។ គេ​ត្រូវ​តែ​យក​សម្លៀកបំពាក់ និង​វត្ថុ​ទាំង​នោះ​ទៅ​ជូន​បូជាចារ្យ​ពិនិត្យ។ ៥០ ក្រោយ​ពី​បាន​ពិនិត្យ​ហើយ បូជាចារ្យ​ត្រូវ​យក​វត្ថុ​ទាំង​នោះ​ទៅ​ទុក ក្នុង​រយៈ​ពេល​ប្រាំពីរ​ថ្ងៃ។ ៥១ នៅ​ថ្ងៃ​ទី​ប្រាំពីរ លោក​ត្រូវ​ពិនិត្យ​ម្ដង​ទៀត ប្រសិន​បើ​មាន​ស្នាម​រាលដាល​លើ​សម្លៀកបំពាក់ ឬ​វត្ថុ​នោះ បាន​សេចក្ដី​ថា​មាន​ដុះ​ផ្សិត​ហើយ ដូច្នេះ របស់​ទាំង​នោះ​ជា​វត្ថុ​មិន​បរិសុទ្ធ។ ៥២ បូជាចារ្យ​ត្រូវ​ដុត​សម្លៀកបំពាក់ ក្រណាត់ អំបោះ​រោម​ចៀម អំបោះ​ឆៅ និង​វត្ថុ​ធ្វើ​អំពី​ស្បែក ដែល​មាន​ដុះ​ផ្សិត​នោះ​ចោល ព្រោះ​ជា​វត្ថុ​ដុះ​ផ្សិត​មិន​អាច​បំបាត់​ឡើយ គឺ​ត្រូវ​តែ​ដុត​ចោល។ ៥៣ ក៏​ប៉ុន្តែ ប្រសិន​បើ​បូជាចារ្យ​ពិនិត្យ​មើល​ឃើញ​ថា ផ្សិត​នោះ​មិន​រាលដាល​នៅ​លើ​សម្លៀកបំពាក់ និង​លើ​វត្ថុ​ទាំង​នោះ​ទេ ៥៤ លោក​ត្រូវ​បញ្ជា​អោយ​គេ​លាង​សំអាត​វត្ថុ​ដែល​ដុះ​ផ្សិត​នោះ រួច​យក​វា​ទៅ​ទុក​ក្នុង​រយៈ​ពេល​ប្រាំពីរ​ថ្ងៃ​ទៀត។ ៥៥ ក្រោយ​ពី​លាង​សំអាត​ហើយ បូជាចារ្យ​ត្រូវ​ពិនិត្យ​មើល​វត្ថុ​ទាំង​នោះ​សា​ជា​ថ្មី។ ប្រសិន​បើ​ស្នាម​ដុះ​ផ្សិត​នៅ​តែ​ដដែល ទោះ​បី​មិន​រាលដាល​ក៏​ដោយ វត្ថុ​ទាំង​នោះ​ជា​របស់​មិន​បរិសុទ្ធ ហើយ​ត្រូវ​តែ​ដុត​វា​ចោល ព្រោះ​មាន​ដុះ​ផ្សិត​ទាំង​ខាង​ក្នុង ទាំង​ខាង​ក្រៅ។ ៥៦ ផ្ទុយ​ទៅ​វិញ ប្រសិន​បើ​បូជាចារ្យ​ពិនិត្យ​មើល​ក្រោយ​ពេល​លាង​សំអាត ហើយ​ឃើញ​ថា​ស្នាម​ដុះ​ផ្សិត​នោះ​បាន​រលុប នោះ​លោក​ត្រូវ​កាត់​ត្រង់​កន្លែង​ដែល​មាន​ស្នាម​ចេញ​ពី​សម្លៀកបំពាក់ ស្បែក ឬ​អំបោះ​នោះ។ ៥៧ ក្រោយ​មក ប្រសិន​បើ​មាន​ស្នាម​ដុះ​ផ្សិត​លេច​ឡើង​វិញ នៅ​លើ​សម្លៀកបំពាក់​ក្រណាត់​អំបោះ ឬ​លើ​វត្ថុ​អំពី​ស្បែក នោះ​មាន​ផ្សិត​បាន​កើត​ឡើង​ជា​ថ្មី​ទៀត​ហើយ។ ដូច្នេះ ត្រូវ​តែ​ដុត​វត្ថុ​ទាំង​នោះ​ចោល។ ៥៨ ពេល​ណា​គេ​បោក​សម្លៀកបំពាក់ ក្រណាត់ អំបោះ ឬ​វត្ថុ​ធ្វើ​អំពី​ស្បែក​ដែល​មាន​ដុះ​ផ្សិត ហើយ​ស្នាម​ដុះ​ផ្សិត​នោះ​រលុប​បាត់ គេ​ត្រូវ​យក​វត្ថុ​នោះ​ទៅ​បោក​ម្ដង​ទៀត ទើប​វត្ថុ​នោះ​ទៅ​ជា​បរិសុទ្ធ។
៥៩ នេះ​ជា​ច្បាប់​ស្ដី​អំពី​ស្នាម​ដុះ​ផ្សិត​នៅ​លើ​សម្លៀកបំពាក់​ធ្វើ​ពី​រោម​ចៀម ឬ​ពី​អំបោះ​ធ្មៃ នៅ​លើ​ក្រណាត់ លើ​អំបោះ​រោម​ចៀម ឬ​លើ​វត្ថុ​ធ្វើ​អំពី​ស្បែក។ ច្បាប់​នេះ​អាច​ជួយ​អោយ​គេ​សន្មត​បាន​ថា វត្ថុ​ដែល​ដុះ​ផ្សិត​នោះ​បរិសុទ្ធ ឬ​មិន​បរិសុទ្ធ»។