២២
តង្វាយមិនអាចបរិភោគបាន
១ ព្រះអម្ចាស់មានព្រះបន្ទូលមកកាន់លោកម៉ូសេដូចតទៅ៖ ២ «ចូរប្រាប់អើរ៉ុន និងកូនចៅរបស់គាត់ថា ក្នុងករណីខ្លះ ពួកគេមិនអាចបរិភោគតង្វាយដ៏វិសុទ្ធ ដែលជនជាតិអ៊ីស្រាអែលថ្វាយជាសក្ការៈបូជាដល់យើងឡើយ ក្រែងលោគេបង្អាប់នាមដ៏វិសុទ្ធរបស់យើង។ យើងជាព្រះអម្ចាស់។
៣ ចូរប្រាប់ពួកគេថា: ក្នុងចំណោមពូជពង្សរបស់អ្នករាល់គ្នាគ្រប់ជំនាន់ អ្នកដែលមានភាពមិនបរិសុទ្ធ ហើយប៉ះពាល់តង្វាយដ៏វិសុទ្ធ ដែលជនជាតិអ៊ីស្រាអែលថ្វាយជាសក្ការៈបូជាដល់ព្រះអម្ចាស់ ត្រូវដកអ្នកនោះកុំអោយបំពេញមុខងារនៅចំពោះមុខយើងទៀត។ យើងជាព្រះអម្ចាស់។
៤ ក្នុងចំណោមពូជពង្សរបស់អើរ៉ុន អ្នកកើតឃ្លង់ ឬជំងឺកាមរោគ មិនអាចបរិភោគអាហារដ៏វិសុទ្ធទេ គឺលុះត្រាណាតែគេជាបរិសុទ្ធឡើងវិញ។ រីឯអ្នកដែលប៉ះពាល់នឹងមនុស្សសៅហ្មងដោយសារពាល់សាកសព ឬមនុស្សដែលហូរទឹកកាម ក៏មិនអាចបរិភោគដែរ។ ៥ អ្នកប៉ះពាល់សត្វលូនវារ ដែលបណ្ដាលអោយខ្លួនទៅជាសៅហ្មង ឬប៉ះពាល់មនុស្សណាម្នាក់ដែលមិនបរិសុទ្ធដោយប្រការណាក៏ដោយ ជាហេតុបណ្ដាលអោយខ្លួនសៅហ្មងដែរនោះ ក៏មិនអាចបរិភោគបានទេ។ ៦ អ្នកប៉ះពាល់មនុស្ស ឬសត្វមិនបរិសុទ្ធបែបនេះ ត្រូវនៅមិនបរិសុទ្ធ រហូតដល់ល្ងាច។ គេគ្មានសិទ្ធិបរិភោគអាហារដ៏វិសុទ្ធទេ លុះត្រាតែយកទឹកមកធ្វើពិធីជំរះកាយជាមុនសិន។ ៧ លុះថ្ងៃលិចផុតទៅ ទើបគេបានបរិសុទ្ធ ហើយអាចបរិភោគតង្វាយដ៏វិសុទ្ធ ជាអាហាររបស់ខ្លួនបាន។ ៨ បូជាចារ្យមិនត្រូវបរិភោគសាច់សត្វដែលងាប់ដោយជំងឺ ឬដោយសត្វព្រៃខាំឡើយ ដើម្បីកុំអោយខ្លួនត្រូវសៅហ្មង ព្រោះតែសត្វនោះ។ យើងជាព្រះអម្ចាស់។
៩ បូជាចារ្យត្រូវប្រតិបត្តិតាមឱវាទរបស់យើង ដើម្បីកុំអោយខ្លួនមានទោស ហើយស្លាប់ ព្រោះតែរំលោភលើឱវាទរបស់យើងស្ដីអំពីអាហារ។ យើងជាព្រះអម្ចាស់ដែលញែកពួកគេអោយវិសុទ្ធ។ ១០ មិនត្រូវអោយអ្នកផ្សេង ក្រៅពីក្រុមគ្រួសាររបស់បូជាចារ្យបរិភោគអាហារដ៏វិសុទ្ធឡើយ សូម្បីតែភ្ញៀវ ឬអ្នកធ្វើការអោយបូជាចារ្យ ក៏គ្មានសិទ្ធិបរិភោគអាហារដ៏វិសុទ្ធដែរ។ ១១ ផ្ទុយទៅវិញ អ្នកបំរើដែលបូជាចារ្យបានទិញមក មានសិទ្ធិបរិភោគដូចអ្នកបំរើ ដែលកើតនៅក្នុងផ្ទះរបស់បូជាចារ្យដែរ។ ១២ កូនស្រីរបស់បូជាចារ្យ ដែលរៀបការជាមួយអ្នកមិនមែនជាបូជាចារ្យ គ្មានសិទ្ធិបរិភោគអាហារដែលយកពីតង្វាយដ៏វិសុទ្ធឡើយ។ ១៣ ប៉ុន្តែ កូនស្រីរបស់បូជាចារ្យដែលជាស្ត្រីមេម៉ាយ ឬត្រូវប្ដីលែង ហើយគ្មានកូនចៅទេ ពេលនាងវិលត្រឡប់ទៅនៅជាមួយឪពុកវិញ ដូចគ្រានៅពីក្មេង នាងមានសិទ្ធិបរិភោគម្ហូបអាហាររបស់ឪពុកនាងបាន។ រីឯអ្នកក្រៅគ្មានសិទ្ធិបរិភោគម្ហូបអាហារនេះឡើយ។ ១៤ ប្រសិនបើនរណាបរិភោគតង្វាយដ៏វិសុទ្ធដោយមិនដឹងខ្លួន ត្រូវយកអាហារមកសងបូជាចារ្យ ស្របតាមតម្លៃតង្វាយនោះ ព្រមទាំងបន្ថែមមួយភាគប្រាំផង។ ១៥ បូជាចារ្យមិនត្រូវធ្វើអោយតង្វាយដ៏វិសុទ្ធ ដែលជនជាតិអ៊ីស្រាអែលយកមកថ្វាយព្រះអម្ចាស់ ក្លាយទៅជាសៅហ្មងឡើយ។ ១៦ ប្រសិនបើបូជាចារ្យបរិភោគតង្វាយដ៏វិសុទ្ធ*ដោយមិនសមរម្យ ពួកគេនឹងធ្វើអោយជនជាតិអ៊ីស្រាអែលមានទោស។ យើងជាព្រះអម្ចាស់ ដែលញែកពួកគេអោយវិសុទ្ធ»។
ការជ្រើសរើសសត្វសំរាប់ធ្វើយញ្ញបូជា
១៧ ព្រះអម្ចាស់មានព្រះបន្ទូលមកកាន់លោកម៉ូសេថា៖ ១៨ «ចូរប្រាប់អើរ៉ុន និងកូនចៅរបស់គាត់ ព្រមទាំងជនជាតិអ៊ីស្រាអែលទាំងមូលដូចតទៅ: ក្នុងចំណោមកូនចៅអ៊ីស្រាអែល ឬជនបរទេសរស់នៅក្នុងស្រុកអ៊ីស្រាអែល អ្នកណានាំយកសត្វមកថ្វាយជាតង្វាយដុតដល់ព្រះអម្ចាស់ ទោះបីតង្វាយលាបំណន់ ឬតង្វាយស្ម័គ្រចិត្តក្ដី ១៩ ដើម្បីអោយគាប់ព្រះហឫទ័យព្រះអម្ចាស់ គេត្រូវយកគោឈ្មោល កូនចៀម និងកូនពពែ ដែលល្អឥតខ្ចោះមកថ្វាយ។ ២០ មិនត្រូវថ្វាយសត្វណាមួយដែលពិការឡើយ ដ្បិតព្រះអង្គមិនសព្វព្រះហឫទ័យទទួលពីអ្នកទេ។ ២១ ប្រសិនបើនរណាម្នាក់យកគោ ឬចៀមមកថ្វាយព្រះអម្ចាស់ ជាយញ្ញបូជាមេត្រីភាព ដើម្បីលាបំណន់ ឬជាតង្វាយស្ម័គ្រចិត្ត សត្វនោះត្រូវតែល្អឥតខ្ចោះ ទើបគាប់ព្រះហឫទ័យព្រះអង្គ គឺសត្វនោះមិនត្រូវមានភាពពិការឡើយ។ ២២ មិនត្រូវថ្វាយសត្វខ្វាក់ភ្នែក ខូចជើង ឬកំបុតជើង អង្គែស៊ី កើតរមាស់ ឬកើតស្រែងឡើយ។ កុំយកសត្វរបៀបនេះធ្វើជាតង្វាយដុតលើអាសនៈ ថ្វាយព្រះអម្ចាស់អោយសោះ។ ២៣ អ្នកអាចយកគោ ឬកូនចៀម ដែលមានជើងវែងពេក ឬខ្លីពេក មកថ្វាយជាតង្វាយស្ម័គ្រចិត្តបាន តែបើជាតង្វាយលាបំណន់វិញ ព្រះអម្ចាស់មិនគាប់ព្រះហឫទ័យទទួលសត្វបែបនេះទេ។ ២៤ អ្នកមិនត្រូវយកសត្វដែលគេដំកំទេច កាត់ ឬក្រៀវពង មកថ្វាយឡើយ។ ក្នុងស្រុករបស់អ្នករាល់គ្នា កុំធ្វើរបៀបនេះអោយសោះ។ ២៥ អ្នករាល់គ្នាមិនត្រូវទទួលសត្វប្រភេទនេះពីជនបរទេស មកថ្វាយជាអាហារដល់ព្រះរបស់អ្នករាល់គ្នាឡើយ ព្រោះជាសត្វមិនគ្រប់លក្ខណៈ មកពីគេក្រៀវ។ ដូច្នេះ ព្រះអង្គមិនព្រមទទួលពីអ្នករាល់គ្នាឡើយ»។ ២៦ ព្រះអម្ចាស់មានព្រះបន្ទូលមកកាន់លោកម៉ូសេថា៖ ២៧ «គោ ចៀម ឬពពែដែលកើតមក ត្រូវនៅជាមួយមេវាចំនួនប្រាំពីរថ្ងៃ។ ចាប់ពីថ្ងៃទីប្រាំបីទៅ សត្វនោះអាចធ្វើជាតង្វាយដុត ដែលព្រះអម្ចាស់សព្វព្រះហឫទ័យនឹងទទួល។ ២៨ មិនត្រូវសម្លាប់គោ ឬចៀម ទាំងមេ ទាំងកូន ក្នុងថ្ងៃតែមួយឡើយ។ ២៩ ពេលណាអ្នករាល់គ្នាយកយញ្ញបូជាមកថ្វាយព្រះអម្ចាស់ ដើម្បីលើកតម្កើងព្រះអង្គ ត្រូវថ្វាយតាមរបៀបដែលព្រះអង្គគាប់ព្រះហឫទ័យ។ ៣០ ចូរបរិភោគសាច់របស់សត្វនោះ នៅថ្ងៃធ្វើយញ្ញបូជា គឺមិនត្រូវទុករហូតដល់ព្រឹកស្អែកឡើយ។ យើងជាព្រះអម្ចាស់។
៣១ អ្នករាល់គ្នាត្រូវកាន់ និងប្រតិបត្តិតាមបទបញ្ជារបស់យើង។ យើងជាព្រះអម្ចាស់។
៣២ អ្នករាល់គ្នាមិនត្រូវបន្ថោកនាមដ៏វិសុទ្ធ*របស់យើងឡើយ តែត្រូវអោយប្រជាជនទាំងអស់នៅស្រុកអ៊ីស្រាអែលទទួលស្គាល់ថា យើងជាព្រះដ៏វិសុទ្ធ។ យើងជាព្រះអម្ចាស់ ដែលញែកអ្នករាល់គ្នាអោយវិសុទ្ធ។ ៣៣ យើងបាននាំអ្នករាល់គ្នាចេញពីស្រុកអេស៊ីប ដើម្បីធ្វើជាព្រះរបស់អ្នករាល់គ្នា។ យើងជាព្រះអម្ចាស់»។