២៦
ព្រះពរ និងបណ្ដាសា
១ «អ្នករាល់គ្នាមិនត្រូវធ្វើរូបព្រះក្លែងក្លាយ មិនត្រូវធ្វើរូបបដិមា ឬស្ដូប ហើយក៏មិនត្រូវបញ្ឈរថ្មរចនានៅក្នុងស្រុករបស់អ្នករាល់គ្នា សំរាប់ថ្វាយបង្គំឡើយ ដ្បិតយើងជាព្រះអម្ចាស់ ជាព្រះរបស់អ្នករាល់គ្នា។
២ ចូរប្រារព្ធពិធីបុណ្យសប្ប័ទរបស់យើង ហើយគោរពទីសក្ការៈរបស់យើង ដ្បិតយើងជាព្រះអម្ចាស់។
៣ ប្រសិនបើអ្នករាល់គ្នាកាន់តាមច្បាប់របស់យើង ហើយគោរព និងប្រតិបត្តិតាមបទបញ្ជារបស់យើង ៤ នោះយើងនឹងធ្វើអោយមានភ្លៀងធ្លាក់មកលើស្រុករបស់អ្នករាល់គ្នា តាមរដូវកាល។ ដីនឹងផ្ដល់ភោគផល ហើយដើមឈើក៏ផ្ដល់ផ្លែដែរ។ ៥ អ្នករាល់គ្នានឹងបោកបែនស្រូវ រហូតដល់ពេលបេះផ្លែទំពាំងបាយជូរ ហើយអ្នករាល់គ្នានឹងបេះផ្លែទំពាំងបាយជូរ រហូតដល់ពេលសាបព្រោះ។ អ្នករាល់គ្នាមានអាហារបរិភោគយ៉ាងបរិបូណ៌ ហើយរស់នៅក្នុងស្រុករបស់ខ្លួនយ៉ាងសុខសាន្ត។ ៦ យើងនឹងធ្វើអោយស្រុករបស់អ្នករាល់គ្នាមានសុខសន្តិភាព អ្នករាល់គ្នានឹងសំរាកយ៉ាងសុខស្រួល គ្មាននរណាមកធ្វើអោយភ័យខ្លាចឡើយ។ យើងកំចាត់សត្វសាហាវអោយអស់ពីក្នុងស្រុករបស់អ្នករាល់គ្នា ហើយក៏គ្មានសង្គ្រាមកើតមាននៅស្រុករបស់អ្នករាល់គ្នាដែរ។ ៧ អ្នករាល់គ្នាដេញតាមខ្មាំងសត្រូវ ពួកគេនឹងដួលស្លាប់ដោយមុខដាវនៅមុខអ្នករាល់គ្នា។ ៨ អ្នករាល់គ្នាតែប្រាំនាក់នឹងដេញប្រហារសត្រូវមួយរយនាក់ ហើយអ្នករាល់គ្នាមួយរយនាក់នឹងដេញប្រហារសត្រូវមួយម៉ឺននាក់។ ខ្មាំងសត្រូវនឹងដួលស្លាប់ដោយមុខដាវ នៅមុខអ្នករាល់គ្នា។ ៩ យើងនឹងសំដែងចិត្តមេត្តាចំពោះអ្នករាល់គ្នា ហើយធ្វើអោយអ្នករាល់គ្នាបង្កើតកូនចៅ និងកើនចំនួនច្រើនឡើង។ យើងនឹងរក្សាសម្ពន្ធមេត្រី*ដែលយើងបានចងជាមួយអ្នករាល់គ្នា។ ១០ អ្នករាល់គ្នានឹងបរិភោគស្រូវចាស់ បន្ទាប់មក អ្នករាល់គ្នាយកស្រូវចាស់ចេញពីជង្រុក ដើម្បីដាក់ស្រូវថ្មីវិញ។ ១១ យើងនឹងរស់នៅកណ្ដាលចំណោមអ្នករាល់គ្នា យើងនឹងមិនឃ្លាតឆ្ងាយពីអ្នករាល់គ្នាឡើយ។ ១២ យើងនឹងស្ថិតនៅកណ្ដាលចំណោមអ្នករាល់គ្នា ដើម្បីធ្វើជាព្រះរបស់អ្នករាល់គ្នា ហើយអោយអ្នករាល់គ្នាធ្វើជាប្រជារាស្ត្ររបស់យើង។ ១៣ យើងជាព្រះអម្ចាស់ ជាព្រះរបស់អ្នករាល់គ្នា យើងបាននាំអ្នករាល់គ្នាចាកចេញពីស្រុកអេស៊ីប ដើម្បីកុំអោយអ្នករាល់គ្នាធ្វើជាទាសករនៅស្រុកនោះទៀតឡើយ។ យើងបានកាច់បំបាក់នឹមដែលស្ថិតនៅលើអ្នករាល់គ្នា ហើយអោយអ្នករាល់គ្នាដើរដោយខ្ពស់មុខ។
១៤ ប៉ុន្តែ ប្រសិនបើអ្នករាល់គ្នាមិនស្ដាប់តាមយើង ហើយមិនប្រតិបត្តិតាមបទបញ្ជាទាំងប៉ុន្មានរបស់យើងទេ ១៥ ប្រសិនបើអ្នករាល់គ្នាបោះបង់ចោលច្បាប់របស់យើង ហើយមិនរវីរវល់នឹងវិន័យរបស់យើង គឺមិនប្រតិបត្តិតាមបទបញ្ជាទាំងប៉ុន្មានរបស់យើង ព្រមទាំងផ្ដាច់សម្ពន្ធមេត្រីរបស់យើង ១៦ យើងនឹងប្រព្រឹត្តចំពោះអ្នករាល់គ្នាដូចតទៅ: យើងនឹងធ្វើអោយអ្នករាល់គ្នាជួបគ្រោះភ័យ គឺជំងឺរ៉ាំរ៉ៃ និងជំងឺគ្រុន ដែលធ្វើអោយអ្នករាល់គ្នាស្រវាំងភ្នែក និងគ្រាំគ្រាចិត្ត។ អ្នករាល់គ្នាសាបព្រោះ តែមិនបានផលអ្វីទេ ដ្បិតខ្មាំងនឹងមកស៊ីបង្ហិនអស់។ ១៧ យើងប្រឆាំងនឹងអ្នករាល់គ្នា ហើយខ្មាំងសត្រូវនឹងមានជ័យជំនះលើអ្នករាល់គ្នា អស់អ្នកដែលស្អប់អ្នករាល់គ្នានឹងត្រួតត្រាលើអ្នករាល់គ្នា ហើយទោះបីគ្មាននរណាដេញតាមក្ដី ក៏អ្នករាល់គ្នារត់គេចខ្លួនដែរ។
១៨ ទោះបីយ៉ាងនេះក្ដី ប្រសិនបើអ្នករាល់គ្នានៅតែពុំព្រមស្ដាប់យើងទេ យើងនឹងដាក់ទោសអ្នករាល់គ្នាខ្លាំងជាងនេះប្រាំពីរដង ព្រោះតែអំពើបាបដែលអ្នករាល់គ្នាប្រព្រឹត្ត។ ១៩ យើងនឹងបំបាក់អំនួត ដែលនាំអោយអ្នករាល់គ្នាទុកចិត្តលើកម្លាំងខ្លួនឯង។ យើងនឹងធ្វើអោយមេឃរាំងស្ងួត ធ្វើអោយដីបែកក្រហែង។ ២០ អ្នករាល់គ្នាខំប្រឹងធ្វើការ តែមិនបានផលអ្វីទេ ព្រោះដីមិនផ្ដល់ភោគផល ហើយដើមឈើក៏គ្មានផ្លែដែរ។
២១ ប្រសិនបើអ្នករាល់គ្នានៅតែជំទាស់នឹងយើង ហើយមិនព្រមស្ដាប់យើងទេ យើងនឹងវាយអ្នករាល់គ្នាខ្លាំងជាងនេះប្រាំពីរដង ស្របតាមអំពើបាបដែលអ្នករាល់គ្នាប្រព្រឹត្ត។ ២២ យើងនឹងអោយសត្វព្រៃមកយាយីអ្នករាល់គ្នា វានឹងប្រហារកូនចៅរបស់អ្នករាល់គ្នា វានឹងបំផ្លាញហ្វូងសត្វរបស់អ្នករាល់គ្នា ហើយធ្វើអោយអ្នករាល់គ្នានៅសល់ចំនួនតិចតួច រហូតដល់ផ្លូវរបស់អ្នករាល់គ្នាគ្មានមនុស្សដើរ។
២៣ ទោះបីយ៉ាងនេះក្ដី ប្រសិនបើអ្នករាល់គ្នាមិនព្រមកែខ្លួនតាមការប្រដៅរបស់យើង ហើយនៅតែមានចិត្តមានះប្រឆាំងនឹងយើង ២៤ យើងក៏ប្រឆាំងនឹងអ្នករាល់គ្នាវិញដែរ យើងវាយអ្នករាល់គ្នាប្រាំពីរដងខ្លាំងជាងនេះ ព្រោះតែអំពើបាបដែលអ្នករាល់គ្នាប្រព្រឹត្ត។ ២៥ យើងនឹងធ្វើអោយសង្គ្រាមកើតឡើងនៅក្នុងស្រុករបស់អ្នករាល់គ្នា ព្រោះអ្នករាល់គ្នាបានផ្ដាច់សម្ពន្ធមេត្រី។ ពេលអ្នករាល់គ្នាជួបជុំគ្នានៅតាមទីក្រុង យើងនឹងធ្វើអោយជំងឺរាតត្បាតកើតមានក្នុងចំណោមអ្នករាល់គ្នា ហើយអ្នករាល់គ្នានឹងធ្លាក់ទៅក្នុងកណ្ដាប់ដៃរបស់ខ្មាំងសត្រូវ។ ២៦ ពេលណាយើងធ្វើអោយអ្នករាល់គ្នាខ្វះខាតម្ហូបអាហារ ស្ត្រីដប់នាក់នឹងដុតនំបុ័ងនៅក្នុងឡតែមួយ។ គេនឹងចែករបបនំបុ័ងអោយអ្នករាល់គ្នា អ្នករាល់គ្នានឹងបរិភោគ តែមិនឆ្អែតឡើយ។
២៧ ទោះបីយ៉ាងនេះក្ដី បើអ្នករាល់គ្នាមិនព្រមស្ដាប់យើង ហើយមានចិត្តមានះប្រឆាំងនឹងយើង ២៨ យើងក៏ប្រឆាំងនឹងអ្នករាល់គ្នាវិញយ៉ាងខ្លាំងដែរ។ យើងនឹងវាយប្រដៅអ្នករាល់គ្នាប្រាំពីរដងខ្លាំងជាង ព្រោះតែអំពើបាបដែលអ្នករាល់គ្នាប្រព្រឹត្ត។ ២៩ អ្នករាល់គ្នានឹងបរិភោគសាច់កូនប្រុស កូនស្រីរបស់ខ្លួន។ ៣០ យើងនឹងកំទេចកន្លែងសក្ការៈរបស់អ្នករាល់គ្នានៅតាមទួលខ្ពស់ៗ យើងនឹងផ្ដួលរំលំបង្គោលសក្ការៈរបស់អ្នករាល់គ្នា យើងនឹងអោយសាកសពរបស់អ្នករាល់គ្នា ដួលដេកជាមួយកំទេចរូបព្រះក្លែងក្លាយរបស់អ្នករាល់គ្នា។ ហើយយើងឃ្លាតចេញពីអ្នករាល់គ្នា។ ៣១ យើងនឹងកំទេចក្រុងរបស់អ្នករាល់គ្នាអោយក្លាយទៅជាទីស្មសាន យើងនឹងបំផ្លាញទីសក្ការៈរបស់អ្នករាល់គ្នា ហើយយើងមិនស្រងក្លិននៃគ្រឿងក្រអូបរបស់អ្នករាល់គ្នាទៀតឡើយ។ ៣២ យើងនឹងបំផ្លាញស្រុករបស់អ្នករាល់គ្នា ធ្វើអោយខ្មាំងសត្រូវដែលមករស់នៅក្នុងស្រុកនោះស្រឡាំងកាំង។ ៣៣ យើងនឹងកម្ចាត់កម្ចាយអ្នករាល់គ្នា អោយទៅនៅក្នុងចំណោមប្រជាជាតិនានា យើងនឹងយកដាវដេញតាមពីក្រោយអ្នករាល់គ្នា។ ស្រុករបស់អ្នករាល់គ្នានឹងនៅស្ងាត់ជ្រងំ ហើយក្រុងរបស់អ្នករាល់គ្នានឹងគ្មាននរណារស់នៅ។
៣៤ ស្រុកទេសនឹងបានសំរាក ក្នុងពេលដែលអ្នករាល់គ្នាត្រូវខ្មាំងចាប់យកទៅជាឈ្លើយសឹក។ ទឹកដីនឹងបានសំរាកជំនួសឆ្នាំសប្ប័ទ ដែលអ្នករាល់គ្នាពុំបានគោរព។ ៣៥ ក្នុងពេលស្រុកស្ងាត់ជ្រងំនោះ ទឹកដីនឹងបានសំរាក ដ្បិតកាលអ្នករាល់គ្នារស់នៅក្នុងស្រុក ដីពុំបានសំរាកទេ ព្រោះអ្នករាល់គ្នាមិនគោរពឆ្នាំសប្ប័ទសោះឡើយ។ ៣៦ រីឯអស់អ្នកដែលរួចពីស្លាប់ ហើយត្រូវខ្មាំងចាប់ទៅជាឈ្លើយនោះ យើងនឹងធ្វើអោយចិត្តរបស់គេភ័យបាក់ស្បាត សូម្បីតែសំឡេងស្លឹកឈើជ្រុះក៏ធ្វើអោយគេភ័យ ហើយរត់ដូចរត់គេចពីមុខដាវ។ ពួកគេនឹងដួលស្លាប់ ដោយគ្មាននរណាដេញតាមពីក្រោយ។ ៣៧ ពួកគេនឹងជំពប់ដួលគរលើគ្នាដូចដួលនៅមុខដាវ ដោយឥតមាននរណាដេញតាមក្រោយឡើយ។ អ្នករាល់គ្នាពុំអាចតទល់នឹងខ្មាំងសត្រូវទេ។ ៣៨ អ្នករាល់គ្នានឹងវិនាសនៅក្នុងស្រុករបស់ប្រជាជាតិនានា ហើយគេនឹងបញ្ចុះសពអ្នករាល់គ្នា នៅក្នុងទឹកដីរបស់ខ្មាំងសត្រូវ។ ៣៩ ក្នុងចំណោមអ្នករាល់គ្នា អស់អ្នកដែលរួចពីស្លាប់ នឹងត្រូវវិនាសនៅក្នុងទឹកដីរបស់ខ្មាំងសត្រូវ ព្រោះតែអំពើបាបរបស់ខ្លួន និងអំពើបាបរបស់ដូនតា។
៤០ ពេលពួកគេទទួលសារភាពកំហុសរបស់ខ្លួន និងកំហុសរបស់ដូនតាខ្លួន ហើយទទួលសារភាពថា គេមិនបានស្មោះត្រង់ចំពោះយើង ព្រមទាំងមានចិត្តមានះប្រឆាំងនឹងយើង ៤១ ពេលពួកគេយល់ថា យើងបានប្រឆាំងនឹងពួកគេ ហើយនាំពួកគេទៅរស់នៅលើទឹកដីរបស់ខ្មាំង ពួកគេដែលធ្លាប់តែមានចិត្តរឹងរូស បែរជាអោនលំទោន និងយល់ព្រមទទួលទណ្ឌកម្ម។ ៤២ ពេលនោះ យើងនឹងនឹកដល់សម្ពន្ធមេត្រី ដែលយើងបានចងជាមួយយ៉ាកុប អ៊ីសាក និងអប្រាហាំ ហើយយើងក៏នឹកដល់ទឹកដីរបស់ពួកគេដែរ។ ៤៣ ក្នុងពេលពួកគេមិនរស់នៅក្នុងស្រុក គឺពេលដែលទឹកដីស្ងាត់ជ្រងំនោះ ទឹកដីនឹងបានសំរាកដូចនៅឆ្នាំសប្ប័ទ។ ពួកគេទទួលទណ្ឌកម្ម ព្រោះគេបានបោះបង់ចោលវិន័យរបស់យើង និងបែកចិត្តចេញពីច្បាប់របស់យើង។ ៤៤ ប៉ុន្តែ ពេលពួកគេរស់នៅក្នុងស្រុករបស់ខ្មាំង យើងនឹងមិនបោះបង់ចោលពួកគេ ហើយយើងក៏មិនបែកចិត្តចេញឆ្ងាយពីពួកគេ រហូតដល់ទៅលុបបំបាត់ពួកគេទាំងស្រុង ឬផ្ដាច់សម្ពន្ធមេត្រីជាមួយពួកគេដែរ ដ្បិតយើងជាព្រះអម្ចាស់ ជាព្រះរបស់ពួកគេ។ ៤៥ យើងនឹងជួយពួកគេ ដោយនឹកដល់សម្ពន្ធមេត្រី ដែលយើងបានចងជាមួយដូនតារបស់ពួកគេ កាលពីមុន ក្នុងពេលយើងបាននាំដូនតារបស់ពួកគេចាកចេញពីស្រុកអេស៊ីប នៅចំពោះមុខប្រជាជាតិនានា ដើម្បីអោយយើងធ្វើជាព្រះរបស់គេ។ យើងជាព្រះអម្ចាស់»។
៤៦ នេះជាច្បាប់ ព្រមទាំងវិន័យ និងក្រឹត្យវិន័យដែលព្រះអម្ចាស់ប្រទានមកជនជាតិអ៊ីស្រាអែលតាមរយៈលោកម៉ូសេ នៅលើភ្នំស៊ីណៃ។