៤
១ ដ្បិតថ្ងៃដែលយើងវិនិច្ឆ័យទោស
ជិតមកដល់ហើយ
ថ្ងៃនោះប្រៀបបាននឹងភ្លើងដ៏សន្ធោសន្ធៅ។
មនុស្សព្រហើន មនុស្សប្រព្រឹត្តអំពើអាក្រក់
នឹងប្រៀបដូចជាចំបើង។
ថ្ងៃនោះនឹងឆេះកំទេចពួកគេ
ឥតទុកអោយនៅសេសសល់អ្វីឡើយ
- នេះជាព្រះបន្ទូលរបស់ព្រះអម្ចាស់
នៃពិភពទាំងមូល។
២ រីឯអ្នករាល់គ្នាដែលកោតខ្លាចនាមយើងវិញ
ការសង្គ្រោះរបស់យើងនឹងលេចមក
ដូចព្រះអាទិត្យរះ លើអ្នករាល់គ្នា
ទាំងប្រោសអោយអ្នករាល់គ្នា
បានជាសះស្បើយផង។
អ្នករាល់គ្នានឹងមានសេរីភាព
អ្នករាល់គ្នាលោតយ៉ាងសប្បាយ
ដូចគោដែលចេញពីក្រោល។
៣ នៅថ្ងៃដែលយើងកំណត់ទុក
អ្នករាល់គ្នានឹងដើរជាន់មនុស្សអាក្រក់
ពួកគេនឹងប្រៀបដូចជាផេះ
នៅក្រោមបាតជើងរបស់អ្នករាល់គ្នា។
នេះជាព្រះបន្ទូលរបស់ព្រះអម្ចាស់
នៃពិភពទាំងមូល។
៤ ចូរនឹកដល់ក្រឹត្យវិន័យរបស់ម៉ូសេ
ជាអ្នកបំរើរបស់យើង
ព្រមទាំងច្បាប់ និងវិន័យផ្សេងៗ
ដែលយើងបានប្រគល់អោយ
ជនជាតិអ៊ីស្រាអែលទាំងមូលនៅភ្នំហូរែប។
៥ ចំណែកឯយើងវិញ
យើងនឹងចាត់ព្យាការីអេលីយ៉ាអោយមក
មុនថ្ងៃរបស់ព្រះអម្ចាស់ ជាថ្ងៃដ៏ឧត្ដុង្គឧត្ដម
គួរអោយស្ញែងខ្លាច។
៦ គាត់នឹងបង្វែរចិត្តឪពុកទៅរកកូន
ហើយបង្វែរចិត្តកូនទៅរកឪពុក។
ដូច្នេះ យើងនឹងមិនមកបំផ្លាញស្រុករបស់
អ្នករាល់គ្នាអោយវិនាសសូន្យឡើយ»៕